កំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ដៃជាមួយនឹងកំពង់ផែ QINZHOU របស់ចិនសម្រួលការដឹកជញ្ជូនផ្លូវទឹក
- 2014-09-16 22:48:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ដៃជាមួយនឹងកំពង់ផែ QINZHOU របស់ចិនសម្រួលការដឹកជញ្ជូនផ្លូវទឹក
ចន្លោះមិនឃើញ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង កំព់ងផែ QINZHOU តំបន់ស្វយ័ត GAUGXI ZHAUNG នៃសាធារណរដ្ឋប្រជាមានិតចិនបានចុះកិច្ចព្រមព្រៀងស្ដីពីការបង្កើតទំនាក់ទំនង សម្ព័ន្ធមេត្រីភាព រវាងគ្នា ក្នុងទិសដៅធ្វើយ៉ាងណាសម្រួលការដឹកជញ្ជូនតាមផ្លូវទឹករវាងប្រទេសទាំងពីរក៏ដូចការដឹកជញ្ជូនផ្លូវទឹកអាស៊ាន-ចិន។
សូមចុចអាន៖ ពិព័រណ៍អាស៊ាន-ចិនលើកទី ១១ ឆ្នាំ ២០១៤ បានបើកជាផ្លូវការហើយ
ការចុះហត្ថលេខាព្រមព្រៀងនេះត្រូវបានធ្វើឡើងរវាងឯកឧត្ដម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងលោក Lixin Yuan ចៅហ្វាយក្រុងស៊ីងចូវ នៃតំបន់ស្វយ័ត ក្រុងក្វាងស៊ី នៅទីក្រុងណាននីង ប្រទេសចិន។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្រោយពិធីចុះហត្ថលេខា ឯកឧត្ដម លូ គឹមឈន់ បានលើកឡើងថា នេះគឺជាការជំរុញ ការកសាងជោគវាសនា សហគមន៍ អាស៊ាន ចិន និងដើម្បីពង្រីកភាពជាដៃគូតាមដែនសមុទ្រ និងកសាងរួមគ្នានូវ ផ្លូវនាវាចរមួយ ដែលមានភាពរលូនល្អ នៅសតវត្សទី ២១។ ម្យ៉ាងដើម្បីអនុវត្តកិច្ចព្រមព្រៀង ដែលសម្រេចដោយថ្នាក់ដឹកនាំរដ្ឋ នៃបណ្ដាប្រទេសចិន-អាស៊ានស្តីពីការសម្របសម្រួលការតភ្ជាប់ និង ការពង្រីកភាពពិតប្រាកដ នៃកិច្ចសហប្រតិបត្តិការតាមដែនសមុទ្រ។
"កាលណាយើងនិយាយអំពីការដឹកជញ្ជូន គឺត្រូវផ្សារភ្ជាប់នឹងកំពង់ផែ។ ដូច្នេះនេះគឺជាការផ្ដួចផ្ដើមដ៏ល្អបំផុត និងជាការចាប់ផ្ដើមមួយនូវកិច្ចសហប្រតិបត្តិការរវាងកំពង់ផែព្រះសីហនុ និង កំពង់ផែ QINZHOU។ ខ្ញុំគិតថា ល្អទាំងសេដ្ឋកិច្ចជាតិយើងផង និងសេដ្ឋកិច្ចក្នុងតំបន់ផង ហើយនៅពេលឆាប់ៗខាងមុខ កំពង់ផែទាំងពីរនឹងមានការផ្លាស់ប្ដូរបេសកជនរវាងកំពង់ផែទាំងពីរ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការល្អ”។
ទាក់ទងទៅនឹងការដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា ឯកឧត្ដម លូគឹម ឈន់ បានបញ្ជាក់ថា ការដឹកជញ្ជូនតាមផ្លូវអាកាសមានប្រមាណ ១០% ឯការដឹកជញ្ជូនទំនិញតាមផ្លូវទឹក គឺរហូតដល់ទៅ ៩០%៕
សូមចុចអាន៖ ពិព័រណ៍អាស៊ាន-ចិនឆ្នាំនេះ មានជិត ៥០០០ ស្តង់
មៃ សុខលីម រាយការណ៍ពីប្រទេសចិន
រូបថត៖ ទូរសព្ទដៃ