ឧកញ៉ា ឃ្លោក ចង់​បាន​ងារ​មួយ​បន្ថែម​ទៀត

  • 2015-08-27 15:06:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កំប្លែង​នាយ ឃ្លោក ដែល​បាន​​ឡើង​ងារ ឯកឧត្ដម ហើយ​ទើប​តែ​ទទួល​បាន​​ងារ​ជា ឧកញ៉ា មួយ​បន្ថែម​ទៀត​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ប្រាប់ Sabay ថា លោក​ចង់​បាន​ងារ​មួយ​បន្ថែម​ទៀតនៅ​ក្នុង​សមាគម​សិល្បករ​ខ្មែរ។

 

 

មូលហេតុ​ដែល​នាំ​ឲ្យឧកញ៉ា ឃ្លោក ចង់​បានមុខងារ​មួយ​ទៀត​នៅ​ក្នុងសមាគម​សិល្បករ​ខ្មែរ ក៏​ព្រោះ​តែនាយ​ចង់​ចូល​​រួម​ជា​មួយ​សមាគម ដើម្បី​ជួយ​ដល់​សិល្បករ​សិល្ប​ការិនី​ចាស់ៗ ដែល​កំពុង​ជួប​បញ្ហា​ជីវភាព ឬសុខភាព​ជា​ដើម។ "ខ្ញុំ​បច្ចុប្បន្ន​អាច​មាន​លទ្ធភាព​ជួយ​ពួក​គាត់ តែ​ខ្ញុំ​ចង់​ឲ្យ​សមាគម​តែង​តាំងតំណែង​អ្វី​មួយ​ឲ្យ​សម​ទៅ​​នឹង​កិត្តិយស​ខ្ញុំ ទើប​ខ្ញុំ​ចូល​រួម​ជា​មួយ "។ ឧកញ៉ា ឃ្លោក លើក​ឡើង។

 

តំណែង​ដែល លោក ឧកញ៉ា ឃ្លោក ចង់​បាន​នោះ មិន​មែន​ជា​ប្រធាន​ឬ​អនុប្រធាន​សមាគម​សិល្បករ​នោះឡើយ។ ផ្អែក​តាម​ការ​លើក​ឡើង​របស់​អតីត​​តារា​កំប្លែង​ក្នុង​ក្រុម​នាយ​កុយ​នេះ គឺ​លោកចង់​ធ្វើ​ប្រធាន​កិត្តិយសក្នុង​សមាគម​សិល្បករ​ខ្មែរ ។ "ត្រឹម​ប្រធាន កិត្តិយស​អី​បាន​ហើយ ខ្ញុំ​ពេញ​ចិត្ត​ទៅ​ជួយ" ។ នាយ​ឃ្លោក បញ្ជាក់​បន្ថែម។

 

ជុំវិញ​​ការ​លើក​​ឡើង​​នេះ លោក សុះ ម៉ាច ប្រធាន​សិល្បករ​ខ្មែរ​បាន​សម្ដែងអារម្មណ៍​​សប្បាយ​រីករាយ​ជា​ខ្លាំង នៅ​ពេល​ដែល​ទទួល​ដំណឹង​នេះ ដោយ​លោក​ប្រាប់​ថានឹង​ទាក់​ទង​ទៅ​នាយ​ឃ្លោក​ផ្ទាល់​ដើម្បី​បញ្ជាក់​លំអិត​បន្ថែម​ទៀត។ "ខ្ញុំ​កំពុង​តែ​ត្រូវ​ការ​អ្នក​ជួយ​ផង រឿង​នេះ​ខ្ញុំ​នឹង​យកដាក់​​ប្រជុំជា​មួយ​ក្រុមប្រឹក្សាភិបាល ដើម្បី​សម្រេច​នៅ​សប្ដាហ៍​ក្រោយ ហើយ​ខ្ញុំ​គិត​ថា ក្រុមប្រឹក្សា​នឹង​ធ្វើ​តាម​សំណើ​​របស់​គាត់"។ លោក សុះ ម៉ាច ថ្លែង។

 

 

បច្ចុប្បន្ន​តំណែង​ជាប្រធាន​កិត្តិយស​​សមាគម​សិល្បករ​ខ្មែរ​​ដែល នាយ ឃ្លោក​ ចង់​បាន​នេះ ស្ថិត​នៅ​លើ​លោក អៀង ស៊ីធុល។ តែ​បើ​តាម​ការ​បញ្ជាក់​លោក សុះ ម៉ាច ឆាប់ៗ​នេះ​ក្រុមប្រឹក្សាភិបាល​សមាគម​សិល្បករ គ្រោង​រើរុះ និងបន្ថែមតំណែង​មួយ​ចំនួន​ទៀត​ក្នុង​សមាគម។

 

ប្រសិន​បើ នាយ ឃ្លោក ព្រម​ចូល​ជា​មួយ​សមាគម​សិល្បករ​ពិត​មែន​នេះ នាយ​​អាច​មក​កាន់​តួនាទី​​អនុប្រធាន​កិត្តិយស ត្បិត​អី​តំណែង​នេះ នៅ​មិន​ទាន់​មាន​អ្នក​មក​កាន់​នៅ​ឡើយ។ ចំពោះ​​តំណែង​ថ្មីដែល​សមាគម​គ្រោង​បង្កើត​នោះ គឺទីប្រឹក្សា​សមាគម​សិល្បករ ដែល​តំណែង​នេះ លោក សុះ ម៉ាច បញ្ជាក់​ថា ត្រូវ​មនុស្ស​ដែល​មាន​សមត្ថភាព​ច្រើន​មក​ធ្វើ​ការ​ជា​មួយ។

ចម្លើយ​ពិត​ថា ឧកញ៉ា ឃ្លោក នឹង​ទទួល​បាន​តំណែង​អ្វី​ជាក់​ច្បាស់​ពី​សមាគម​​សិល្បករ​ខ្មែរ​នោះ នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ ដោយ​រង់ចាំលោក សុះ ម៉ាច ទៅ​ជួប​​ចរចាជា​មួយនាយ​ឃ្លោក​សិន៕

 

អានអត្ថបទ៖  សាន ផានិត ត្រូវប៉ាន់​នៅ​មណ្ឌលគីរី អានអត្ថបទ៖  ភាពយន្ត​បុរាណ​ខ្មែរ ២ សាច់រឿង​ស្រដៀងគ្នា​នឹង​រឿង​ហូលីវូដ

 

អត្ថបទ៖ ខុត សីហា

អត្ថបទថ្មី