សាន ផានិត ត្រូវប៉ាន់​នៅ​មណ្ឌលគីរី

  • 2015-08-26 20:30:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​បទ ​"ទូរសព្ទ​ប្រាប់​ផង" សាន ផានិត ​ធ្លាប់​ធ្លាក់​ខ្លួន​ដុន​ដាប​នា​ពេល​កន្លង បច្ចុប្បន្ន​នេះ​ចាប់​ផ្ដើម​មាន​ជីវភាព​ប្រសើរ​ជាង​មុន​ហើយ ដោយ​លោក​កំពុង​តែ​កាក់កប​ជា​មួយ​ការងារ និង​មុខ​ជំនួញ​លើទឹក​ដី​ខេត្ត មណ្ឌលគីរី ជា​ទី​ដែល​លោក​ និងភរិយា​រស់​នៅ​បច្ចុប្បន្ន ។

 

 

មុខ​ជំនួញ​​ និង​ការងារ ដែល លោក សាន ផានិត កំពុង​តែ​ធ្វើ​លើ​ទឹក​ដី​ភូមិ​ភាគ ឦសាន​នៃ​ប្រទេស​កម្ពុជា​​នេះ​មាន ហាង​លក់​សំលៀកបំពាក់ ជូន​ភ្ញៀវ​ដើរ​លេង ព្រម​ទាំង​មាន​រថយន្ត ផង​ដែរ ។

 

តារា​ចម្រៀង​ធ្លាប់​សាង​កេរ្តិ៍ឈ្មោះ​ដល់​ចំណុច​កំពូល​​រូប​នេះ​ បាន​រៀប​រាប់​ឲ្យ​ដឹង​ថា ចាប់​ផ្ដើម​មក​រស់​នៅ​លើ​ទឹក​ដី​ខេត្ត មណ្ឌលគីរី​ភ្លាម ដំបូង​​ឡើយ​បាន​ធ្វើ​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​ឲ្យ​អង្គការ​មួយ និង​បើក​ហាង​​លក់​សំលៀក​បំពាក់​មួយ​​កន្លែង​ក្បែរ​នោះ ដោយ​​ឲ្យ​ភរិយា​ជា​អ្នក​មើល​ការ​ខុសត្រូវ។ ធ្វើ​ជា​គ្រូបង្រៀន​បាន​មួយ​រយៈ​ពេល​ខ្លី លោក​ក៏​បាន​​ផ្លាស់​មក​ធ្វើ​ការ​ឲ្យ​រមណីយដ្ឋាន និង​សណ្ឋាគារ​លើ​​ភ្នំ​ ដែល​ថៅកែ​​រមណីយដ្ឋាន​នេះ​ គឺ​ជា​បងប្អូន​ធម៌​នឹង​គ្នា។

 

"កន្លែង​ខ្ញុំ​ធ្វើ​រាល់​ថ្ងៃ​ហ្នឹង មាន រីសត​ផង ទិញ​លក់​ដី​ផង ខ្ញុំ​ធ្វើ​ឲ្យ​គាត់ ខ្ញុំ​មាន​ភាគ​​លាភ ហើយ​មាន​គម្រោង​ទិញ​ដី​កន្លែង​ខ្លះ ខ្ញុំ​មាន​ភាគ​ហ៊ុន​តិច​​តួច​ផង​ដែរ" សាន ផានិត បញ្ជាក់​បន្ថែម។

 

 

បច្ចុប្បន្ន​នេះ សាន ផានិត មាន​នាទី​ជា​អ្នក​គ្រប់គ្រង​ទូទៅ​នៃ "រមណីយដ្ឋាន និង​សណ្ឋាគារ​លើ​​ភ្នំ" ជា​មួយ​គ្នា​នោះ លោក​ក៏​ជា​អ្នក​ជូន​ភ្ញៀវ​ដើរ​លេង ហើយ​មាន​រថយន្ត​​ផ្ទាល់​ខ្លួន​១គ្រឿង​សម្រាប់​ជួល​ឲ្យ​ភ្ញៀវ​ផង​ដែរ។ "ឡាន​នេះ​ខ្ញុំ​ទើប​តែ​ទិញ​ពី​បង ថ្លៃ​២ម៉ឺន ហើយ​ខ្ញុំ​ជួល​ឲ្យ​ភ្ញៀវ​១ថ្ងៃ ៧០ បូក​ទាំង​ខ្ញុំ​ជូន​ភ្ញៀវ​ដើរ​លេង​ផង បាន១ថ្ងៃ​១០០ អី​ចឹង​ដែរ" លោក សាន ផានិត រៀប​រាប់​ពី​ចំណូល​ដែល​រក​បាន។

 

ចំពោះ ហាង​លក់​សំលៀកបំពាក់​​ដែលមាន​​យីហោ ​" តារា​ភ្នំពេញ​លេខ១" ភរិយា​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​វិញ លោក​ប្រាប់​ថា អាច​រក​បាន​​ចន្លោះ​ពី៣០ម៉ឺន ទៅ ៥០ម៉ឺន​រៀល ក្នុង​មួយ​ថ្ងៃ​ផង​ដែរ។ ជា​មធ្យម អតីត​តារា​ចម្រៀង​ប្រចាំ​រស្មី​ស្ទឹង​សង្កែ​រូប​នេះ​និយាយ​ថា អាច​រក​ចំណូល​ជូន​ក្រុម​គ្រួសារ​បាន​១០០០ ជាង​ទៅ ២០០០ ដុល្លារ ក្នុង​មួយ​ខែ។

 

នៅ​ពេល​ដែល​ជីវិត​ចាប់​ផ្ដើម​មាន​ការ​រីកចម្រើន​ជា​បន្តបន្ទាប់​​លើ​ទឹក​ដី មណ្ឌលគីរី​បែប​នេះ តារា​ចម្រៀង​​ធ្លាប់​មាន​ប្រវត្តិ​ប្រើប្រាស់​គ្រឿង​ញៀន ប៉ុន្តែ​អាច​កាត់​ផ្ដាច់​​បាន​​ដោយ​ជោគជ័យ​រូប​​នេះ មិន​ចង់​ទៅ​រកស៊ី​ឯណា​ឆ្ងាយ​ពី​ខេត្ត​មួយ​នេះ​ឡើយ ដោយ​លោក​លើក​ឡើង​ថា ទឹក​ដី​មណ្ឌលគីរី​ គឺ​ជា​ឱកាស​មាស​សម្រាប់​លោក​បច្ចុបុ្បន្ន​នេះ។

 

 

 

ហាង​លក់​សំលៀក​បំពាក់​ សាន ផានិត និង​ភរិយា(រូប​ថត៖ FB សាន ផានិត)

 

ដោយ​ឡែក ពាក់ព័ន្ធ​ទៅ​នឹង​អាជីព​សិល្បៈ​ឯណេះ​វិញ តារា​ចម្រៀង​​ទើប​ទទួល​បាន​កូន​ប្រុស​វ័យ​ជាង​៣ខែរូប​នេះ​ មិន​បោះបង់​អាជីព​ដែល​ធ្វើ​ឲ្យ​មហាជន​​​ស្គាល់​លោក​ឡើយ ក្នុង​នោះ ដើម្បី​ឲ្យ​ទស្សនិកជន​នៅ​ចាំ​មុខ ជា​រឿយៗ ​លោក​តែង​តែ​ឡើង​ច្រៀង​នៅ​តាម​ស្ថានីយ​ទូរទស្សន៍​ជា​បន្តបន្ទាប់ តាម​ការ​​អញ្ជើញ​​ពី​អ្នក​គ្រប់​គ្រង​កម្មវិធី៕

 

អានអត្ថបទ៖  ប៉ុបពីថា ​ផ្លាស់ប្ដូរ​សង្សារ​ច្រើនគឺមាន​មូលហេតុ អានអត្ថបទ៖  ម្ដាយ អូនម៉ី ​ព្រួយ​បារម្ភ​រឿង​ការ​សិក្សារបស់​កូន អត្ថបទ៖ ខុត សីហា

អត្ថបទថ្មី