Floyd ​មាន​ស្រី​ផ្គើន​ចង់​វាយ​ ហើយ​គេ​ថា​​អាច​ផ្ដួល​អ្នក​ប្រដាល់​រួប​នេះ​បាន​ទៀត​ផង​

  • 2015-08-30 17:09:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មិន​ដែល​ចាញ់​ Floyd Mayweather ​និង​អ្នក​​ប្រដាល់​ក្នុង​ទ្រុង​​ស្រី​ Ronda Rousey ​បាន​បន្ត​ឌឺដង​ដាក់​គ្នា​ ក្រោយ​ប៉ះ​សំដី​គ្នា​កាល​ពី​សប្ដាហ៍​មុន។

 

 

ការ​ប៉ះ​សម្ដី​​គ្នា​នេះ​បាន​កើត​ឡើង​នៅ​ពេល​ Rousey​ និយាយ​ថា​ តាម​ពិត​ក្នុង​មួយ​វិនាទី​ នាង​រក​លុយ​បាន​ច្រើន​ជាង​ Floyd ​ដែល​រក​បាន​ក្នុង​មួយ​វិនាទី​ទៅទៀត។ ​នៅ​ថ្ងៃ​បន្ទាប់​ Floyd ​បាន​ចេញ​មក​ថ្លែង​ថា៖ "នាង​គ្មាន​ថ្ងៃ​ណា​អាច​ស្មើ​នឹង​ខ្ញុំ​បាន​ឡើយ"។

 

Rousey គឺ​ជា​អ្នក​ប្រដាល់​ក្នុង​ទ្រុង​ស្រី​ ដ៏​ល្បី​ឈ្មោះ​មួយ​រួប។ ​កន្លង​មក​ នាង​បាន​ទាំង​ឈ្នះ​ពាន​ ជា​អ្នក​ប្រដាល់​ស្រី​ល្អ​បំផុត​ និង​ពាន​អត្តពលិក​ស្រី​ល្អ​ផ្ដាច់។

 

ក្នុង​កិច្ច​សម្ភាសន៍​ឲ្យ​សារព័ត៌មាន​​មួយ​ Rousey ​បាន​លើក​ជា​ចម្ងល់​ថា​៖ "តើ​ Floyd ​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​ បើ​ត្រូវ​ឡើង​វាយ​ជាមួយ​មនុស្ស​ស្រី​នៅ​ថ្ងៃ​ណា​មួយ?”។

 

Rousey ​បាន​បន្ត​ទៀត​ថា៖ "ខ្ញុំ​ចូល​ចិត្ត​មើល​គាត់​ធ្វើ​ពុត​ថា​មិន​ស្គាល់​ខ្ញុំ​ជា​នរណា"​ ជា​ការ​ឆ្លើយ​តប​ទៅ​លើ​ពាក្យ​សម្ដី​ដែល​ Floyd ​និយាយ​កន្លង​មក​ថា៖ "​មិន​ដែល​ស្គាល់​ថា​ [Rousey]​ ជា​នរណា​នោះ​ទេ"។

 

Brian Michelino​ គ្រូ​ប្រដាល់​​មួយ​រូប​នៅ​ក្នុង​ទីក្រុង​ញីវយ៉ក​ រៀប​រាប់​ថា​ បច្ចេកទេស​វាយ​របស់​ Rousey​ អាច​នឹង​យក​ឈ្នះ​ Floyd ​បាន​ក្នុង​កម្មវិធី​ប្រដាល់​ក្នុង​ទ្រុង​ ដោយសារ​ការ​ប្រដាល់​ប្រភេទ​នេះ​អនុញ្ញាត​ឲ្យ​ប្រើ​ទាំង​ជើង​ ទាំង​ដៃ​ និង​វាយ​បាន​ពេល​ដួល​ទៅ​លើ​តាបទី​ទៀត​ផង។

 

ប៉ុន្តែ​អ្នក​ប្រដាល់​ស្រី​ទម្ងន់​ធ្ងន់​លំដាប់​ពិភពលោក​ Sonya Lamonakis​ បាន​ប្រាប់​ដល់​សារព័ត៌មាន​ Business Insider ​ថា​៖ "Floyd ​អាច​វាយ​ Rousey​ ឲ្យ​សន្លប់​តែ​ក្នុង​រយៈពេល​​៣​វិនាទី"។

 

Bruce Silverglade ​ម្ចាស់​កន្លែង​ហាត់​ប្រដាល់​ក្នុង​ទីក្រុង​ញីវយ៉ក​ដែរ​ ដែល​បង្ហាត់​អ្នក​ប្រដាល់​ស្រី​​ដំបូង​គេ​បង្អស់​នៅ​សហរដ្ឋអាមេរិក​ ឲ្យ​ដឹង​ថា៖ "ស្ត្រី​ជា​អត្តពលិក​ដ៏​ល្អ​ និង​មាន​បច្ចេកទេស​ឡូយ​ ប៉ុន្តែ​អ្វី​ដែល​មិន​អំណោយ​ផល​ឱ្យ​គឺ​ផ្នែក​រាង​កាយ។ រាងកាយ​បុរស​គឺ​រឹង​មាំ​ពិបាក​ក្នុង​ការ​ផ្ដួល​ណាស់​សម្រាប់​នារី"។

 

 

ចុះ​បើ​ការ​ប្រកួត​នេះ​អាច​មាន​មែន​ តើ​អ្នក​យក​ខាង​ណា?

 

-ចុច​អាន៖ Floyd ​សូម្បី​តែ​ហ្វឹកហាត់​ក៏​ប្រើ​ដៃ​ម្ខាង​ឱប​លុយ​ដែរ

 

ប្រភព៖  yahoo