ក្រោយមាន​រឿង​ជាមួយ ចំរុង ឥឡូវ​ អ៊ិន សុភិន ឲ្យ​​​​កូន​ស្រី​ការ​ជាមួយ​ ប៉ែន តុលា ចុង​ឆ្នាំ​ជា​កំហិត

  • 2015-08-31 20:40:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​មាន​បញ្ហា​ជាមួយ​នឹង​ ប៉ែន​ ចំរុង​ ប៉ុន្មាន​ថ្ងៃ​មុន អ៊ិន​ សុភិន​ ចាងហ្វាង​ផលិតកម្ម​មហាហង្ស​​បង្ខំ​កូន​ស្រី​ឲ្យ​ការ​ជាមួយ ប៉ែន តុលា អតីត​គូ​ដណ្ដឹង​កូន​ស្រី​ចុង​ឆ្នាំ​នេះ​ជា​កំហិត ក្នុង​នោះ​លោក​ប្រាប់​ថា​​អត់​ខ្វល់​​ទោះ​ក្នុង​លក្ខខណ្ឌ​​អ្វី​ក៏​ដោយ​​​​។​

 

 

​អ៊ិន សុភិន បង្ហើប​ដូច្នេះ ខណៈ​នៅ​ក្នុង​ថ្ងៃ​ធ្វើ​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​២៧​សីហា​កន្លង​ទៅ ដែល​គ្រា​នោះ​លោក​បាន​និយាយ​សរសើរ​ តារា​សម្តែង​ ប៉ែន​ តុលា ​​ថា​ជា​មនុស្ស​ល្អ​ និង​​នៅ​តែ​ចាំ​​ព្រម​ធ្វើ​គ្រប់​បែប​យ៉ាង​​ដើម្បី​ ដាលីស ផ្ទុយ​ពី​ ប៉ែន ចំរុង  ដែល​មិន​បាន​ធ្វើ​អ្វី​មួយ​សម្រាប់​គ្រួសារ​លោកសោះ តែ​​មាន​តែ​ការ​កេង​ប្រវ័ញ្ច​ពី​លោក​ជានិច្ច​ទៀត។ ដូច្នេះ​ហើយ លោក​នៅ​តែ​​បន្ត​ឆន្ទៈ​ថា ​​ចង់​ពួក​គេ​រៀប​ការ​ជាមួយ​គ្នា​​ជា​និច្ច។

 

 

 

"បើ​ចំរុង​ គេ​ស្រលាញ់​កូន​ខ្ញុំ​ពិត​ គេ​ច្បាស់​ជា​ហ៊ាន​លះ​បង់​អ្វី​គ្រប់​យ៉ាង​ដើម្បី​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ ទោះ​មិន​បាន​លះ​បង់​លុយ​កាក់ ​ក៏​លះ​បង់​កម្លាំង​កាយ​ចិត្ត​ដែរ។ ​​ប៉ុន្តែ​ ចំរុង ​វិញ​មាន​គំនិត​ចង់​តែ​កេង​ប្រវ័ញ្ច​ពី​ខ្ញុំ​ជា​និច្ច​​តាំង​ពី​ពេល​វេលា​ លុយ​កាក់​ ព្រម​ទាំង​មើល​ងាយ​គ្រួសារ​ខ្ញុំ​ទៀត​ផង​"។

 

ចាងហ្វាង​ខាង​លើ​បន្ថែម​ទៀត​ថា​៖ ​" មិន​ដូច​ តុលា​ ទោះ​បី​ជា​ពួក​យើង​បាន​ផ្តាច់​ពាក្យ​ក៏​ដោយ ​ប៉ុន្តែ​គេ​នៅ​តែ​មក​ជួយ​មើល​ខុស​ត្រូវ​​ផលិត​កម្ម​ពេល​ដែល​ទៅ​ចុះ​ថត​នៅ​ទី​ណា​មួយ​ ឬ​ក៏​មាន​ការ​សម្ពោធ​រឿង​គឺ​ តុលា តែង​តែ​មក​ជួយ​ជានិច្ច"។​

 

ដូច្នេះ​ហើយ លោក​សម្រេច​ថា នឹង​ឲ្យ​កូន​ស្រី​រៀបការ​ជាមួយ​តារា​ប្រុស​រូប​នេះ ចុង​ឆ្នាំ​នេះ​ជា​កំហិត ដោយ​មិន​ខ្វល់​ថា​មាន​បញ្ហា​អ្វី​ឡើយ។ យ៉ាង​ណា​មិញ​ ភិន​ សុដាលីស​ បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​ធ្វើ​ការ​ប្រឆាំង​​នឹង​ឪពុក​របស់​នាង​ ដោយ​​​ប្រាប់​ថា​ដាច់​ខាត​​​មិន​រៀប​ការ​ជាមួយ​ ប៉ែន តុលា ឡើយ ដោយ​សម្អាង​​ថា​ អតីត​គូ​ដណ្ដឹង​រូប​នេះ ​ជា​មនុស្ស​ធ្លាប់​​រៀបការ ​​​​និង​ម្យ៉ាង​ប្រើ​អំពើ​ហិង្សា​មក​លើ​រូប​នាង​​ទៀត​ក្រោយ​ពេល​ភ្ជាប់​ពាក្យ​រួច។

 

“ ខ្ញុំ​មិន​អាច​រួម​រស់​ជាមួយ​ តុលា បាន​ទេ​...រាល់​ថ្ងៃ​ប៉ា​ដាក់​សំពាធ​មក​លើ​​ខ្ញុំ​គ្រប់​គ្រាន់​ហើយ​ រហូត​ខ្ញុំ​ក្លាយ​ជា​មនុស្ស​កើត​ជំងឺ​ផ្លូវ​​ចិត្ត​ហើយ​ពួក​គាត់​អត់​ទទួល​​យក​ភាព​ឈឺ​ចាប់​របស់​ខ្ញុំ​ទេ​​...ជា​ចុង​ក្រោយ​ខ្ញុំ​ចង់​សួរ​ថា​ តើ​រវាង​កូន​ស្រី​បង្កើត​ខ្លួន​ឯង​ជាមួយ​នឹង​ ​អ្នក​ដទៃ​តើ​ប៉ា​ជ្រើស​យក​មួយ​ណា?"។​​​ ដាលីស ថ្លែង។

 

នាង​បន្ត​ទៀតថា កន្លង​មក​នាង​បាន​តាម​ការ​ផ្ចុង​ផ្ដើម​របស់​អ្នក​មាន​គុណម្ដងហើយ តែ​ឃើញ​ថា​ខុស។ ដូច្នេះ​ពីពេល​នេះ នាង​សុំ​សម្រេច​ចិត្ត​ខ្លួន​ឯង​ម្ដង ព្រោះ​នាង​មាន​វ័យ​សមល្មម​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ខ្លួន​ឯងបាន​ហើយ។

 

​រឿង​រ៉ាវ​ផ្ទុះ​ជម្លោះ​រវាង​ចាងហ្វាង​ផលិត​កម្ម​មហា​ហង្ស​ជា​មួយ​​​ ប៉ែន ចំរុង​ បានកើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២៧​ សីហា សប្ដាហ៍​​មុន​ ដោយ​ អ៊ិន សុភិន បាន​បើក​សន្និសីទ​បង្ហាញ​ថា លោក​មាន​ទំនាស់ រហូត​ដល់​ប្រើ​ហិង្សា​​ជាមួួ​យ​តារា​ប្រុស​រូប​នេះ​ថែម​ទៀត​ផង ​ក្រោយ​ពី​ដឹង​ថា​កូន​ស្រី​ខ្លួន​លួច​មាន​ទំនាក់​ទំនង​ជាមួយ​គ្នា​។ ត្រលប់​ទៅ​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មិនា ឆ្នាំ​២០១៣ ភិន សុដាលីស និង​ ប៉ែន​ តុលា ​បាន​ភ្ជាប់​ពាក្យ​ជាមួយ​គ្នា​យ៉ាង​​ឱឡារិក។ ​ប៉ុន្តែ​ក្រោយ​មក​មិន​ទាន់​បាន​មួយ​ឆ្នាំ​ស្រួល​បួល​ផង​ ពួក​គេ​​ក៏​បាន​បែក​គ្នា​វិញ។ ដោយ​ឡែក​​មូលហេតុពេល​នោះ គឺ​ដឹង​ត្រឹម​តែថា ពួក​គេ​​​​មាន​​រឿង​រ៉ាវ​រកាំ​រកូស​នឹង​គ្នា៕

 

រឿង​រ៉ាវឪពុក​ ភិន សុដាលីស​ ទាត់​៣​ជើង​ ប៉ែន​ ចំរុង ទាក់​ទង​អត់​បាន​តែ​បង​ប្រុស​និយាយ​ជំនួស

 

ផ្ទុះ​រឿងឪពុក​ ភិន សុដាលីស​ ទាត់ ប៉ែន ចំរុង ៣​ជើង​យប់​មិញ

 

 

អត្ថបទ​៖ ថា​ ម៉ាលីដា

អត្ថបទពេញនិយម