តារា​ច្រើន​ដួង​ទទួល​ប័ណ្ណ​សរសើរ​ពី​ការ​អប់រំ​ចរាចរណ៍

  • 2015-08-31 17:49:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ តារា​កំប្លែង​ និង​តារា​សម្ដែង​ជា​ច្រើន​ដួង​របស់​កម្ពុជា បាន​ទទួល​ប័ណ្ណ​សរសើរ បន្ទាប់​ពី​ពួក​គេ​ស្ម័គ្រចិត្ត​ចូល​រួម​យុទ្ធនាការ​ស្ដី​ពី “រួម​គ្នា​គោរព​និង​អនុវត្តន៍​ច្បាប់​ចរាចរណ៍​នៅ​កម្ពុជា”។

 

 

 

យុទ្ធនាការ​ស្ដី​ពី “រួម​គ្នា​គោរព​ និង​អនុវត្តន៍​ច្បាប់​ចរាចរណ៍​នៅ​កម្ពុជា” ដែល​​ផ្ចុងផ្ដើម​ដោយ Home Media សហការ​ជាមួយ​ក្រសួង​ព័ត៌មាន ក្រសួង​មហាផ្ទៃ និង​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូនមាន​តារា​ចូល​រួម​​​ជា​ច្រើន ក្នុង​នោះ​មាន​ដូច​ជា លោក ខេមរៈ សិរីមន្ត លោក ខាន់ ជែមស៍  នាយ ចាប ចៀន កញ្ញា អ៊ុន អាលីហ្សា ជា​ដើម  ដោយ​សិល្បករ​សិល្ប​ការិនី ទាំង​អស់​ដែល​បាន​ចូល​រួម ពួក​គេ​មិន​បាន​​​គិត​ប្រាក់​នោះ​ឡើយ។ ដូច្នេះ​ហើយ​ពួក​គេ​ទទួល​បាន​ប័ណ្ណ​សរសើរ​ម្នាក់​មួយ​ៗ។

 

គ្រប់​ខ្លឹម​សារ​នៃ​បទ​ចម្រៀង ក៏​ដូច​ជា​ពាក្យ​ពេចន៍​ទាំង​អស់​ដែល​ពួក​​គេ​​​ចូល​រួម សុទ្ធតែ​​បាន​លើក​ឡើង ទាក់ទង​នឹង​ការ​​អប់រំ​ចរាចរណ៍​ទាំង​អស់។ លោក ខេមរៈ សិរីមន្ត ​ដែល​ធ្លាប់​រងគ្រោះ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍ បាន​​ស្នើ​ពលរដ្ឋ​ទាំង​អស់ ធ្វើ​​ចរាចរណ៍​តាម​ដង​ផ្លូវ ត្រូវ​តែ​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​​បាន​​ល្អ​បំផុត  ជា​ពិសេស​ សម្រាប់​​អ្នក​ជិះ​ម៉ូតូ ត្រូវ​តែ​ពាក់​មួក​សុវត្ថិភាព​ឲ្យ​បាន​ត្រឹម​ត្រូវ​ជា​ដាច់​ខាត។

 

"ជីវិត​មនុស្ស​​យើង​មិន​មាន​លក់​នៅ​លើ​ទីផ្សារ​ឡើយ ​រឿង​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ បើ​ហ៊ាន​ប្រហែស​តែ​មួយ​ភ្លែត​នេះ ច្បាស់​ជា​មាន​មហន្តរាយ​ធំ​ជាក់​ជា​មុន​ខាន ដូច​នេះ​សូម​គោរព​ច្បាប់​​ឲ្យ​បាន​ទាំង​អស់​គ្នា "សិរីមន្ត ថ្លែង​ទៅ​កាន់​ទស្សនិកជន​នៅ​មុខ​មហោស្រព​កោះពេជ្រ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ បន្ទាប់​ពី​លោក​ច្រៀង​បទ "គ្រោះ​ថ្នាក់​ចរាចរណ៍" របស់​លោក​ចប់ ។

 

 

តាម​ការ​លើ​ឡើង​របស់ Home Media យុទ្ធនាការ​ស្ដី​ពី “រួម​គ្នា​គោរព​ និង​អនុវត្តន៍​ច្បាប់​ចរាចរណ៍​នៅ​កម្ពុជា”  បាន​ធ្វើ​ឡើង​តាំង​តែ​ពី​ដើម​​ឆ្នាំ​២០១៥ ។ យុទ្ធនាការ​មួយ​នេះ​ក្រោម​រូបភាព​នៃការ​ធ្វើ​សិក្ខាសាលា និង​ការ​ប្រគំតន្ត្រី​តាម​បណ្ដា​ខេត្ត និង​ចុះ​អប់រំ​ច្បាប់​ចរាចរណ៍ នៅ​តាម​សហគមន៍​ជា​ដើម។ជា​មួយ​គ្នា​នោះ​មាន​ពលរដ្ឋ​ជា​ច្រើន​ម៉ឺន​នាក់ ត្រូវ​បាន​ទទួល​ពី​ការ​អប់រំ​យុទ្ធនាការ​នោះ។

 

តាម​របាយការណ៍​ដែល​ចេញ​ដោយ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ឆ្នាំ២០១៤ ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើត​មាន​​ចំនួន ៤ ៦៤៥ ករណី ដោយមាន​​ជន​រង​គ្រោះ​​​ចំនួន ​​១៥ ៣១៥ នាក់។ ក្នុង​ចំណោម​​​​ជន​រង​គ្រោះ​សរុប ​មាន​អ្នក​ស្លាប់​ចំនួន ២ ២២៦ នាក់​ និង​របួសធ្ងន់ ​៦ ០០៥ នាក់ (គិត​ជា​​មធ្យម​ភាគ​មាន​អ្នក​ស្លាប់​ច្រើន​ជាង ៦នាក់ និង​របួស​ធ្ងន់​ជិត ១៧​នាក់​​​​​ក្នុង​​មួយ​ថ្ងៃ)។ ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង ១៤% និង​អ្នករបួស​ធ្ងន់ ​បាន​កើន​ឡើង ៦% បើ​ធៀប​នឹង​ឆ្នាំ​ ២០១៣។ តាម​ការ​វាយ​តម្លៃ​​​ពី​​ក្រុម​អ្នក​ជំនាញ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​ធ្វើ​ឲ្យ​កម្ពុជា ខាត​​បង់​រហូត​ដល់​ទៅ៣០០ លាន​ដុល្លារ​អាមេរិក​ក្នុង​១ឆ្នាំ៕

 

 

 

 

 

 

អានអត្ថទ៖ រក​ឃើញ​ម្ចាស់​ពាន​ឯក​មហោស្រព​តន្ត្រី​ និង​ចម្រៀង​សកល​ថ្នាក់​ជាតិ​ ២០១៥

 

អានអត្ថទ៖  ដឹង PeyPey Dy ស៊ី​ថ្លៃ១រឿង​ ប៉ុន្មាន​អត់?

 

អត្ថបទ៖ ខុត សីហា