បាតុភូតចន្ទគ្រាស​ និង Supermoon នឹង​កើត​មាន​ចុង​ខែ​នេះ

  • 2015-09-02 20:45:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​បាតុភូត​​ចន្ទគ្រាស​ និង​បាតុភូតព្រះ​ចន្ទ​ពណ៌​ក្រហម​​ពេញ​វង់​ធំ (Supermoon) នឹង​កើត​មាន​ឡើង​​ព្រម​គ្នា​​ដ៏​កម្រ​ នា​ចុង​ខែ​កញ្ញា​​​នេះ​។ ​

 

ទី​ភ្នាក់​ងារ​អវកាស​ណាសា បាន​ឲ្យ​ដឹង​ថា​​បាតុភូត​​នេះ នឹង​កើត​មាន​នៅ​​ថ្ងៃ​ទី​២៨ ខែ​កញ្ញា វេលា​ម៉ោង ១១:១១យប់ (Eastern Time) ត្រូវ​នឹង​ម៉ោង ១០:១១នាទី​ព្រឹក​ថ្ងៃ​បន្ទាប់​​នៅ​កម្ពុជា។ យ៉ាង​ណា​ក្ដី បណ្ដា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​មិន​អាច​មើល​ឃើញ​បាន​ទេ ពោល​គឺ​មាន​តែ​នៅ​តំបន់​អាមេរិក​ខាង​ត្បូង អាមេរិក​ខាង​ជើង អាហ្រ្វិក អាស៊ីខាងលិច តំបន់​ប៉ាស៊ីហ្វិក​ភាគ​ខាង​កើត និង​តំបន់​អឺរ៉ុប​ប៉ុណ្ណោះ​ដែល​អាច​មើល​ឃើញ។

 

 

បាតុភូត Supermoon នេះ​​នឹង​អាច​ឲ្យ​​គេ​ឃើញ​ព្រះ​ចន្ទ​មាន​ទំហំ​ធំ​ជាង​មុន​១៤​ភាគ​រយ និង​ភ្លឺ​ច្បាស់​ជាង​មុន។ ជា​មួយ​គ្នា​នេះ​​​ ក៏​នឹង​កើត​មាន​បាតុភូត​ចន្ទគ្រាស​​​ព្រម​គ្នា​ផង​ដែរ ដោយ​ព្រះចន្ទ​ដើរ​ស្ថិត​នៅ​​ក្រោយ​​ភព​ផែន​ដី​​​នៅ​ពេល​ដែល​​​ព្រះ​អាទិត្យ​ចាំង​ពន្លឺ​មក។ ​ព្រះចន្ទ​​​នឹង​មាន​ពន្លឺ​ពណ៌​ក្រហម​​ឈាម​ ដោយ​ទទួល​ពន្លឺ​​​ជះ​​សល់​ពី​​​​​ការ​បាំង​នៃ​ស្រមោល​​​​ភព​ផែន​ដី​។​​ ចំណែក​បាតុភូត​ព្រះចន្ទ​ពេញ​វង់​ធំ​ ឬ​​ Supermoon គឺ​​កើត​ឡើង​ដោយ​សារ​គន្លង​ព្រះ​ចន្ទ​មាន​រាង​ជា​អេលីប ដូច​នេះ​​នៅ​ពេល​ដែល​ព្រះចន្ទ​​​ពេញ​វង់​​ដើរ​ដល់​ចំណុច​​​កៀក​បំផុត​​​ ក្បែរ​​ភព​ផែន​ដី​ ​វា​នឹង​បង្ហាញ​ឲ្យ​យើង​ឃើញ​ថា​​ព្រះចន្ទ​មាន​​​​ទំហំ​ធំ​ប្លែក​ពី​ធម្មតា។

 

ទីភ្នាក់ងារ​​អវកាស​ណាសា​បាន​បញ្ជាក់​ថាបាតុភូត​​កម្រ​នេះ​បាន​កើត​មាន​លើក​ចុង​ក្រោយ តាំង​តែ​ពី​ឆ្នាំ​១៩៨២​មក​ម្ល៉េះ ហើយ​វា​នឹង​មិន​​កើត​មាន​ទៀត​នោះ​ទេ​រហូត​ដល់​ឆ្នាំ​២០៣៣៕​​​​​​

 

  ចុច​អាន៖​ វិធី​ផ្ដិត​យក​រូបភាព​ដ៏​ស្រស់​ស្អាត​របស់​ព្រះចន្ទ​

  ​ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ abcnews, dailymail​​​​​​