ធ្លាយ​ដំណឹង អ៊ិន សុភិន ប្រគល់​គម្រោង​សង់​អគារ​៦លានដុល្លារ​ឲ្យ ប៉ែន តុលា

  • 2015-09-04 18:50:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោង​សាង​សង់ Apartment  ដែល​មាន​តម្លៃ​រហូត​ដល់​ទៅ ៦លានដុល្លារ ត្រូវ​បាន​លោក អ៊ិន សុភិន ចាងហ្វាង​ផលិតកម្ម​មហាហង្ស​ប្រគល់​ទៅ​ឲ្យ លោក ប៉ែន តុលា គូដណ្ដឹង កញ្ញា ភិន សុដាលីស ជា​អ្នក​មើល​ការ​ខុស​ត្រូវ។

 

 

ផ្អែក​តាម​ការ​បញ្ជាក់​ពី​ លោក អ៊ិន សុភិន ប្រាប់ Sabay នៅ​ព្រឹក​នេះ គម្រោង​​​សាង​សង់ Apartment​ ខាង​លើ ត្រូវ​បាន​លោក​​ប្រគល់​ឲ្យ  ប៉ែន តុលា ជា​អ្នក​មើល​​ការ​ខុស​ត្រូវ​សាង​សង់ តាំង​តែ​មិន​ទាន់​មាន​រឿង​ក្នុង​ក្រុម​គ្រួសារ​មក​ម្ល៉េះ។ បច្ចុប្បន្ន​​ គម្រោង​មួយ​នេះ កំពុង​តែ​រង់ចាំ​លិខិត​អនុញ្ញាត​សាងសង់​ពី​​មន្ទីរ​នគររូបនីយកម្ម​ និង​សំណង់។  "ឯកសារ​យើង​បាន​ដាក់​ទៅ​​ខាង​​​មន្ទីរ​នគររូបនីយកម្ម​ និង​សំណង់​អស់​ហើយ​ ប្រហែល​១ខែ​ទៀត​យើង​ចាប់​ផ្ដើម​សាង​សង់​ហើយ" លោក អ៊ិន សុភិន ថ្លែង។

 

លោក អ៊ិន សុភិន បាន​បន្ត​ថា Apartment មួយ​នេះ​​ លោក​ធ្វើ​លក្ខណៈ​ផ្កាយ៥ លើ​​ទឹកដី​ខ័ណ្ឌ សែនសុខ ជិត​ផ្ទះ​វិឡា ដែល​លោក​កំពុង​រស់​នៅ​បច្ចុប្បន្ន។ ចំពោះ​ទំហំ​អគារ​ គឺ ២០ គុណ ៥០ ម៉ែត្រ  កម្ពស់​១៤ជាន់​​​បូក​ទាំង​ដំបូល បើ​គិត​ទាំង​​ការ​បំពាក់​គ្រឿង​សង្ហារិម​​ផ្សេងៗ​ផង​នោះ ចំណាយ​ប្រហែល៦ លាន​ដុល្លារ​ឯណោះ។

 

ទោះ​បី​ជា​បច្ចុប្បន្ន​​​​ទំនាក់​ទំនង​​របស់ ភិន សុដាលីស និង លោក ប៉ែន តុលា មានពាក់​ព័ន្ធ​ជាមួយ​ លោក ប៉ែន ចំរ៉ុង ក៏​មិន​អាច​បង្អង់​នៃ​គម្រោង​សាងសង់​នេះ​បាន​ឡើយ។ តាម​ការ​លើក​ឡើង​របស់ចាងហ្វាង​ផលិតកម្ម​​​រូប​នេះ លោក​​នៅ​តែ​ដាក់​សេចក្ដី​ទុកចិត្ត​ទៅ​លើ ប៉ែន តុលា ដដែល។ Apartment ​នេះ គ្រោង​បញ្ចប់​ការ​សាងសង់​នៅ​រយៈ​ពេល​២ឆ្នាំ ហើយ​ក្រោយ​ពី​ដាក់​ជួល លោក អ៊ិន សុភិន រំពឹង​ថា  និង​​រក​ចំណូល​ឲ្យ​ក្រុមហ៊ុន​របស់​លោក​​​រាប់​សែន​ដុល្លារ ជា​រៀង​រាល់​ខែជាក់​ជា​មិន​ខាន។

 

ក្រៅ​ពី​គ្រោង​សាង​សង់ Apartment  ខាង​លើ  មាន​ក្រុម​ហ៊ុន​​ទិញ​លក់​ជួល​អចលនទ្រព្យ​មួយ​ទៀត ត្រូវ​បាន​លោក អិន សុភិន ប្រគល់​ទៅ​ឲ្យ​លោក ប៉ែន តុលា ​ជួយ​មើល​ការ​ខុសត្រូវ​ផង​ដែរ។ ជា​មួយ​គ្នា​នោះ គួ​ដណ្ដឹង ភិន សុដាលីស ក៏​មាន​ក្រុមហ៊ុន​​ដឹក​ជញ្ជូន​ផ្ទាល់​ខ្លួន​មួយ​ទៀត​ផង។ ជា​មធ្យម លោក ប៉ែន តុលា ទទួល​បាន​ប្រាក់​ជាង ១០០០ដុល្លារ ពី​ថ្លៃ​ការងារ។ នេះ​បើ​តាម​​ការ​លើក​ឡើងរបស់​លោក​អ៊ិន សុភិន។

 

 

ចាងហ្វាង​ផលិតកម្ម​មហាហង្ស បញ្ជាក់​ជា​ចុង​ក្រោយ​ថា ទោះ​បី​ជា​ទៅ​ថ្ងៃ​អនាគត ប៉ែន តុលា មិន​បាន​ក្លាយ​ទៅ​ជា​កូន​ប្រសាតាម​ការ​គ្រោង​ទុក្ខ​បែប​ណា​ក្ដី ក៏​លោក​នៅ​តែ​បន្តចាត់​ទុក​ជា​កូន​ចិញ្ចឹម​ដដែល ហើយ​ប្រសិន​បើលោក ប៉ែន តុលា ចង់​ជ្រើស​គូ​អនាគត​ថ្មី លោក​​ធានា​ចាត់ចែង​ឲ្យ​ទាំង​អស់៕

 

អានអត្ថបទ៖ ប៉ែន តុលា ជម្រះ​បញ្ជី​ជា​មួយ ភិន សុដាលីស

 

អានអត្ថបទ៖ ក្រោយមាន​រឿង​ជាមួយ ចំរុង ឥឡូវ​ អ៊ិន សុភិន ឲ្យ​​​​កូន​ស្រី​ការ​ជាមួយ​ ប៉ែន តុលា ចុង​ឆ្នាំ​ជា​កំហិត

 

អត្ថបទ៖ ខុត សីហា