អ្នក​ច្បាប់​ពន្យល់​ពី​​​​​​ការ​ធ្វើ​កិច្ច​សន្យា​លក់-ទិញ​ជា​លាយ​លក្ខណ៍​អក្សរ​​​​ប្រកប​ដោយ​សុវត្ថិភាព

  • 2015-09-09 16:17:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ទិញ​លក់​របស់របរ​​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​រាប់​តាំង​​ពី​​ ​ម៉ូតូ​​​ ឡាន​​រហូត​ដល់​ផ្ទះ​​តែង​មាន​ជា​ប្រចាំ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​កម្ពុជា។ ​​ប្រជាពលរដ្ឋ​​មួយ​ចំនួន​​មាន​ការ​យល់​ដឹង​ពី​តម្លៃ ​និង​អត្ថប្រយោជន៍​នៃ​ការ​ធ្វើ​កិច្ច​សន្យា​​​លក់-ទិញ​ជា​លាយលក្ខណ៍អក្សរ​​ ​ព្រម​ទាំង​ធ្វើ​ឡើង​បាន​ត្រឹមត្រូវ​តាមច្បាប់ និង​នីតិវិធី​ជា​ធរមាន​ ​តែ​មួយ​ចំនួន​មិន​ទាន់​បាន​យល់​ច្បាស់​ពី​ចំណុច​នេះ​នៅ​ឡើយ។ ​​​លោក​ នាក់ ​សើគីរីន ​​សារការី​​​ មក​ពី​​​មន្ទីរ​សារការី​សេដ្ឋាវិទូ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​​ដែល​មាន​​បទ​ពិសោធន៍​​ផ្នែក​ច្បាប់​​​ស្រាប់​ទៅ​លើ​បញ្ហា​នេះ​​នឹង​​​ពន្យល់​​​ពី​អត្ថប្រយោជន៍​នៃ​ការ​ធ្វើ​កិច្ចសន្យា​លក់-ទិញ​ជា​លាយលក្ខណ៍អក្សរ​ ​​និង​នីតិវិធី​នៃ​ការ​ផ្ទេរ​កម្មសិទ្ធិ​ ដោយសង្ខេប​ និង​យ៉ាង​សាមញ្ញ ​ដើម្បី​មាន​ភាព​ងាយ​ស្រួល​យល់​សម្រាប់​អ្នក​អាន​ទូទៅ ។

 
 

លោក​ នាក់ ​សើគីរីន ​​សារការី​​​ មក​ពី​​​មន្ទីរ​សារការី​សេដ្ឋាវិទូ​

 

​​ដំបូង​ ​​​អ្នក​ច្បាប់​វ័យ​ក្មេង​​ពន្យល់​​​​ពី​សារៈសំខាន់​នៃ​ការ​ធ្វើ​កិច្ចសន្យា​លក់-ទិញ​ជា​លាយ​លក្ខណ៍​អក្សរ​​ថា ​​​​​អាច​​ជួយ​ធានា​នូវ​សន្តិសុខ​ទាំង​ភាគី​អ្នក​ទិញ​ ​និង​ភាគី​អ្នក​លក់ សម្រាប់​ជា​ភស្តុតាង​នៅ​ពេល​មាន​ជម្លោះ​​​ណា​មួយ​កើត​ឡើង។ ​​​​លោក​លើក​ឧទាហរណ៍​ថា ​ភាគី​ក​​​​​ ​និង​ភាគី​ខ ​​ជា​​មនុស្ស​ស្គាល់​គ្នា​​​ធ្វើ​ការ​ទិញ-លក់​ម៉ូតូ​ដោយ​​កិច្ចសន្យា​ផ្ទាល់មាត់ គ្មាន​សាក្សី ដោយ​មិន​បាន​ធ្វើ​ឡើង​ជា​លាយលក្ខណ៍អក្សរ​ និង​មិនបាន​ផ្ទេរ​កម្ម​សិទ្ធិ​ត្រឹមត្រូវ។ ​​​​​បើ​ទោះ​ជា​បាន​ព្រមព្រៀង​គ្នា​ក្ដី​ តែ​ឈ្មោះ​កម្មសិទ្ធិករ​ គឺ​នៅ​តែ​ជា​ឈ្មោះ​របស់​ភាគី​ក​ដែល​ជា​អ្នក​លក់​ដដែល។ ប្រសិនបើ​ភាគី​ខ​ជ្រុះ​បាត់​កាតគ្រី​ ហើយ​​ត្រូវ​ភាគី​ក​រើស​បាន​​ និង​​​ទាមទារ​ថា​ម៉ូតូ​ជា​ក​ម្មសិទ្ធិ​របស់​ខ្លួន ​នោះ​ភាគី​ខ​គ្មាន​ភស្តុតាង​ដើម្បី​បញ្ជាក់​ទេ​ ព្រោះ​ឈ្មោះ​ដើម​​នៃ​ប័ណ្ណ​​កម្មសិទ្ធិ​នៅ​ឈ្មោះ​ភាគី​ក​នៅ​ឡើយ។ ​នេះ​ជា​បញ្ហា​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ​មួយ។ ​

 

​​ក្រៅ​ពី​ធានា​សន្តិសុខ​ដល់​ភាគី​អ្នក​ទិញ ​​​លិខិត​លក់-ទិញ ​និង​ផ្ទេរ​កម្មសិទ្ធិ​​ក៏​ជួយ​ការពារ​ហានិភ័យ​ដល់​ភាគី​អ្នក​លក់​ដែរ។ ​ឧទាហរណ៍​ក្នុង​ករណី​ អ្នក​ទិញ​​​​​​បាន​ប្រើប្រាស់​ម៉ូតូ​នោះ​ធ្វើ​សកម្មភាព​លួច​ឆក់​ប្លន់​ ដោយ​ទុក​ម៉ូតូ​ចោល​រត់​យក​រួច​ខ្លួន ​នោះ​សមត្ថកិច្ច​នឹង​​ស្វែង​រក​ឈ្មោះ​ម្ចាស់​ដើម​ម៉ូតូ​​ដើម្បី​សាកសួរ ចាប់​ខ្លួន ​ឃុំឃាំង ​និង​ផ្ដន្ទា​ទោស​ជាដើម។ ​​បើ​សិន​ជា​ភាគី​ម្ចាស់​ម៉ូតូ​​មាន​សាក្សី​ ​មាន​លិខិត​ស្នាម​គ្រប់គ្រាន់​នោះ​មិន​បញ្ហា​ទេ ​តែ​បើ​​មិន​មាន​នឹង​ត្រូវ​ប្រឈម​នឹង​ការ​ចោទប្រកាន់​ជាអាទិ៍​ ​​។ ហើយ​ទម្រាំ​រក​ឃើញ​ថា​គ្មាន​ទោស ​គាត់​បាន​ខាតបង់​ពេលវេលា​​​អស់​ជា​ច្រើន​រួច​ទៅ​ហើយ។​ ជា​រួម​ ​បើ​មាន​លិខិត​លក់-ទិញ ​និង​ផ្ទេរ​កម្មសិទ្ធិ​ត្រឹមត្រូវ​គាត់​មិន​ចាំបាច់​ត្រូវ​ខាតបង់​ពេល​វេលា ​និង​​ឈឺក្បាល​លើ​បញ្ហា​នេះ​ទេ។ ​​​

អ្នក​ច្បាប់​ដដែល​ណែនាំ​ថា ​​ចំពោះ​ការ​​ធ្វើ​លិខិត​លក់-ទិញ​​​​គួរ​បំពេញ​លក្ខខណ្ឌ​ទម្រង់​ឱ្យ​បាន​ត្រឹមត្រូវ ជា​​ពិសេស​​ ការ​លក់-ទិញ​អចលនទ្រព្យ។ ​ អនុលោម​តាម ​ក្រម​រដ្ឋប្បវេណី​ថ្មី​របស់​កម្ពុជា​ ឆ្នាំ​២០០៧​ កិច្ចសន្យា​លក់-ទិញ​អចលនទ្រព្យ​ចាំបាច់​ត្រូវ​ធ្វើ​ឡើង​ដោយ​លិខិត​យថាភូត​របស់​សារការី​ទើប​អាច​ទទួល​បាន​អនុភាព​តាម​ផ្លូវច្បាប់។

 

​លោក​បាន​រៀបរាប់​នៃ​នីតិវិធី​​លក់-ទិញ ​និង​ការ​ផ្ទេរ​កម្ម​សិទ្ធិ​ដោយ​សង្ខេប​​ដូច​ខាងក្រោម៖​

 

ចំពោះ​អចលនទ្រព្យ ​(មាន​ប័ណ្ណ​កម្ម​សិទ្ធិ​​​សំគាល់​ម្ចាស់​អចលនទ្រព្យ)៖

- ការ​ស្វែង​រក​ការ​បញ្ជាក់​អំពី​ម្ចាស់​កម្មសិទ្ធិ​ពិត​ប្រាកដ​ និង​ការ​មាន​បន្ទុក​លើក​អចលនទ្រព្យ ។

- ការ​ធ្វើ​កិច្ច​សន្យា​លក់-ទិញ​ជា​គោលការណ៍​ដោយ​លិខិត​យថាភូត​ដោយ​បញ្ជាក់​អំពី​ដំណាក់​​​​​កាល​​នៃ​ការ​ទូទាត់​លុយ ​និង​ការ​បំពេញ​បែបបទ ​និង​នីតិវិធី​ផ្ទេរ​កម្មសិទ្ធិ ​ជាដើម ។

- ​បំពេញ​បែបបទ​ផ្ទេរ​កម្មសិទ្ធិ ​ដោយធ្វើ​លិខិត​លក់​ផ្ដាច់ ​​និង​ការ​ចុះ​បញ្ជី​ផ្ទេរ​កម្មសិទ្ធិ​​ (ចុះ​ហត្ថលេខា/​ផ្ដិត​ស្នាម​​​​​​​មេដៃ​​ដោយ​គូ​ភាគី​ទាំង​សងខាង)​ ចំពោះ​មុខ​មន្ត្រី​មូលដ្ឋាន ​ឬ​សារការី​ និង​ដោយ​មន្ត្រី​​​​​​សុរិយោដី។

​​​- បង់​ពន្ធ​ប្រថាប់​ត្រា​ ៤% ​នៃ​តម្លៃ​អចលនទ្រព្យ​សរុប

- ការ​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ក្នុង​ឈ្មោះ​អ្នក​ទិញ

 

ចំពោះ​​ចលនទ្រព្យ ​(ម៉ូតូ ​រថយន្ត)៖

- ពិនិត្យ​មើល​ប័ណ្ណ​សំគាល់​យានយន្ត ​និង​/ឬ​ឯកសារ​ពាក់ព័ន្ធ​ដើម្បី​បញ្ជាក់​ភាព​ច្បាស់លាស់ ​ នៃ​ម្ចាស់​យានយន្ត​

- ធ្វើ​កិច្ច​សន្យា​លក់-ទិញ​ជា​លាយលក្ខណ៍​អក្សរ​

- ធ្វើ​លិខិត​​​​ផ្ទេរ​កម្មសិទ្ធិ​​យានយន្ត ​(ចុះ​ហត្ថលេខា​ដោយ​គូ​ភាគី​ទាំង​សងខាង)​​ ​ជាមួយ​​​​អាជ្ញាធរ​មូលដ្ឋាន ​និង​​មន្ទីរ​សាធារណការ ​និង​ដឹកជញ្ជូន។

- បង់​ពន្ធ​ប្រថាប់​ត្រា​ ៤% ​នៃ​តម្លៃ​យានយន្ត

- ទទួល​យក​ប័ណ្ណ​សំគាល់​យានយន្ត​ក្រោម​ឈ្មោះ​អ្នក​ទិញ​ពី​មន្ទីរ​សាធារណការ ​និង​ដឹកជញ្ជូន ​​

សំគាល់៖​ សម្រាប់​ព័ត៌មាន​ពិស្ដារ​សូម​ទំនាក់ទំនង ​មន្ទីរ​សារការី​សេដ្ឋាវិទូ ។

 

ប្រសិន​បើ​​លោក​អ្នក​មាន​អត្ថបទ​ចំណេះដឹង​ចរាចរណ៍ ​ឬ​ច្បាប់​នានា​ដែល​ចង់​សរសេរ ​និង​ចែក​រំលែក​ជាមួយ​ Sabay ​​លោក​អ្នក​អាច​សរសេរ​​​​​ផ្ញើ​មក​កាន់​អាសយដ្ឋាន​ខាងក្រោម​បាន។

 

អ៊ីមែល៖ ​prak.chanseyha@cidc.com.kh ទូរសព្ទ៖ ​​០១៧ ​៥៥ ៧៦ ​៨៨

អត្ថបទ៖ ​ប្រាក់ ចាន់សីហា