ពេលវេលាធ្វើឲ្យកល្យាណមិត្តខ្ញុំ ក្លាយជាមិត្តស៊ីមិត្ត
- 2015-09-10 15:07:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលវេលាធ្វើឲ្យកល្យាណមិត្តខ្ញុំ ក្លាយជាមិត្តស៊ីមិត្ត
ចន្លោះមិនឃើញ
«លឿនបន្តិចអាហ៊ី លេងបានតែកន្លះម៉ោងទេ អញដល់ម៉ោងទៅផ្ទះហើយ»។ អង្គុយពីក្រោយកង់ថ្មីដែលម៉ាក់ទើបទិញឲ្យបានជិតមួយខែដើម្បីលើកទឹកចិត្តការឡើងថ្នាក់ទី ៨ របស់ខ្ញុំ និងបានចំណាត់ថ្នាក់ល្អ ខ្ញុំស្រែកតឿនអាសំឡាញ់អាប់របស់ខ្ញុំឲ្យប្រញាប់បន្ថែមល្បឿនឆាប់ដល់កន្លែងហ្គេម។ ចេញពីអនុវិទ្យាល័យក្រចេះក្រុង (ខូវ ប៊ុនស៊ុន) ចុះពីទួលមុខផ្សារអូរឫស្សី មកបន្តិច ដូចសព្វមួយដងខ្ញុំ និងមិត្តភ័ក្ដិចាក់ទឹកមិនលិចដែលគ្រប់គ្នាហៅវាថា «អាខ្មៅ» តែងមកប្រឡងសមត្ថភាពហ្គេមបាល់ទាត់តេឡេ PS2 រាល់ពេលទំនេរ។ កំពុងសប្បាយរីករាយ បត់ឆ្វេងបន្តិចហៀបនឹងដល់កន្លែងប្រកួតទៅហើយ "ប្រាវ!!!”។ ខ្ញុំខ្ទាតទៅម្ខាង អាខ្មៅខ្ទាតទៅម្ខាង។ ពួកយើងត្រូវម៉ូតូបុកពីចំហៀងពេញទំហឹង ពេលឆ្លងផ្លូវឆ្ពោះទៅផ្ទះហ្គេម។ អាខ្មៅមិនត្រូវរបួសអីទេ ខ្ញុំឯណេះវិញ រយៈកែងដៃ និងជង្គង់បន្តិច តែទន់ដៃទន់ជើងងើបលែងរួច។ បានបន្តិច អ្នកគ្រូខ្ញុំម្នាក់មកទាន់ជួយសម្រួលលើកខ្ញុំ ដាក់ម៉ូតូយកទៅផ្ទះ និងហៅម៉ាក់ខ្ញុំឲ្យទៅដោះស្រាយ។
រូបតំណាង (រូបភាពពី eyesopenforthenicelittlethings)
ពេលមកដល់ផ្ទះម៉ាក់មិនថា ស្អីទេ គ្រាន់តែបន្ទោសខ្ញុំថា ជិះមិនចេះប្រយ័ត្ន។ ពេលម៉ាក់សួរថា ឆ្លងផ្លូវអីកន្លែងហ្នឹង? ខ្ញុំប្រាប់គាត់ថា ខ្ញុំអែបឲ្យហើយព្រោះជូនអាខ្មៅទៅវត្ត (អាខ្មៅវានៅវត្តអូរឫស្សីព្រោះផ្ទះវានៅស្រុកឆ្ងាយពីខេត្ត ហើយផ្ទះហ្គេមហ្នឹងនៅជួរជាមួយវត្តដែរ)។ បងប្រុសខ្ញុំវិញ ដឹងរឿងខ្ញុំតែគាត់ជួយលាក់ព្រោះមិនចង់ឲ្យម៉ាក់វៃខ្ញុំថែម។ នេះសំណាងហើយ ខួរក្បាលខ្ញុំ Reflect ចេះនឹករកលេសកុហកម៉ាក់ទាន់ កុំអីវីវរហើយ។ តែនិយាយទៅខ្ញុំមានអារម្មណ៍ថា ខុសខ្លាំងចំពោះគាត់ដែរ ព្រោះកង់ថ្មីដែលជាកាដូថ្នាក់ទី ៨ របស់ខ្ញុំសឹងនឹងក្លាយទៅជាលេខ 8 ទៅហើយ។
នេះគ្រាន់ជាអនុស្សាវរីយ៍មួយរបស់ខ្ញុំនឹងអាខ្មៅប៉ុណ្ណោះ។ យើងរៀនជាមួយគ្នាតាំងពីអនុវិទ្យាល័យរហូតដល់បញ្ចប់វិទ្យាល័យ។ បើនិយាយពីភាពស្និទ្ធស្នាល យើងសឹងថា ជិតស្និទ្ធជាងបងប្អូនបង្កើតទៅទៀត។ យើងលេងហ្គេមជាមួយគ្នា លេងបាល់ជាមួយគ្នា គេចសាលាជាមួយគ្នា ហើយកាលនៅវត្តវាធូរធារជាងខ្ញុំព្រោះឲ្យតែពេលថ្ងៃសីលមានអ្នកមកស្រោចទឹកច្រើនគឺដឹងតែត្រូវប៉ាន់វាហើយ។ វាតែងទិញនំចែករំលែកឲ្យខ្ញុំញ៉ាំ ព្រោះខ្ញុំមិនសូវមានលុយក្នុងហោប៉ៅច្រើនឡើយទោះគ្រួសារខ្ញុំមានជីវភាពសមរម្យក៏ដោយ ដោយសារប៉ាម៉ាក់មិនចង់ឲ្យខ្ញុំចាយលុយធំ។ យើងដើរលេងមែន តែបើនិយាយពីចំណាត់ថ្នាក់ ពួកយើងកម្រធ្លាក់ផុតពីលេខ ១ ដល់ ៥ ណាស់។ យើងសហការគ្នាបានយ៉ាងល្អ អាខ្មៅវាពូកែខាងលេខដូចជាគណិត គីមី រូបវិទ្យាគឺខ្ញុំចម្លងវាហើយ តែវាចម្លងខ្ញុំវិញពេលដល់ម៉ោងខ្មែរ និងអង់គ្លេស។
ខែសីហា ឆ្នាំ ២០០៥ ពួកយើងប្រឡងជាប់ថ្នាក់ទី ១២ មករៀនបន្តនៅភ្នំពេញ។ ខ្ញុំបានចូលរៀនផ្នែកអក្សរសាស្ត្រអង់គ្លេសនៅសាកលវិទ្យាល័យមួយនៅភ្នំពេញព្រោះខ្ញុំខ្លាំងខាងភាសានេះស្រាប់។ កាលណោះ មិនសូវមានអ្នកមានទូរសព្ទប្រើដូចសព្វថ្ងៃទេ ហើយតាំងពីថ្ងៃប្រកាសលទ្ធផលបាក់ឌុប រហូតឡើងមករៀននៅភ្នំពេញខ្ញុំបាត់ដំណឹងអាខ្មៅឈឹង។ ខ្ញុំដឹងត្រឹមថា វាមករៀននៅភ្នំពេញស្នាក់នៅជាមួយបងវា តែមិនដឹងនៅឯណាទេ។
៤ ឆ្នាំបានកន្លងផុតទៅដូចដេកហើយភ្ញាក់វិញអីចឹង។ ក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រអង់គ្លេសខ្ញុំបានបន្តចូលរៀនថ្នាក់អនុបណ្ឌិតអង់គ្លេសនៅសាកលល្បីមួយនៅភ្នំពេញ ព្រមទាំងធ្វើការបណ្ដើរជាគ្រូបង្រៀនអង់គ្លេសនៅវិទ្យាស្ថានឯកជនមួយ។ ពេលយប់មួយ នៅបន្ទប់ជួលតែឯង សំឡេងទូរស័ព្ទខ្ញុំរោទ៍ឡើង ឃើញលេខប្លែកខលមក។ «អាឡូ! ណាគេហ្នឹង?» ខ្ញុំសួរ។ «អញអ្ហា៎! អត់ស្គាល់អញទេ»។ សំឡេងពីខ្សែម្ខាងទៀតឆ្លើយតប។
«សូមទោសខ្ញុំអត់ដែលស្គាល់លេខហ្នឹងទេ។ បងច្រឡំលេខហើយ»។ «អាមោក! អញអាហ៊ីអ្ហា៎! ភ្លេចអញមែន?»។ វាហៅខ្ញុំដាច់សាច់ជាលក្ខណៈមិត្តជិតដិត ខ្ញុំវិញលឺឈ្មោះវាភ្លាមបើកភ្នែកធំៗលាន់មាត់ខ្លាំងៗសួរនាំពីសុខទុក្ខរបស់វាត្បិតមិនដែលលឺដំណឹងវាសូម្បីបន្តិចជាង ៤ ឆ្នាំមកនេះ។ យើងបាននិយាយគ្នាតាមខ្សែទូរសព្ទជាច្រើននាទីមុននឹងបិទ ដោយវាបញ្ជាក់ថា បានលេខខ្ញុំដោយជួបសួរពួកម៉ាកខ្ញុំនៅវិទ្យាល័យម្នាក់។
បានត្រឹមនិយាយគ្នាតាមរលកសំឡេងយើងមិនទាន់បានជួបមុខគ្នាផ្ទាល់នៅឡើយ។ មិនយូរប៉ុន្មានវាខលមកទៀត ហើយសុំខ្ចីម៉ូតូថា ទៅលេងផ្ទះបងវានៅកៀនស្វាយ។ ខ្ញុំអេះអុញ ចុម! ជួបគ្នាភ្លាម ខ្ចីម៉ូតូភ្លែត ខ្ញុំមិនដឹងថា វាធ្វើអី ហើយផ្លាស់ប្ដូរយ៉ាងម៉េចទេ ព្រោះបែកគ្នាយូរដែរហើយ។ តែដោយនឹកឃើញថា យើងធ្លាប់ជាមិត្តល្អស៊ីបាយចានមួយពីរនាក់ ខ្ញុំនៅតែប្រថុយឲ្យវាខ្ញុំទៅ ព្រោះគិតថា បើវាដាច់ចិត្តយករបស់ពួកម៉ាកទៅស៊ីដាច់ក៏យកទៅ។
ម៉ោង ៥ ល្ងាចហើយ វាសន្យាថាយកមកឲ្យវិញនៅម៉ោងនេះ តែមិនទាន់ឃើញស្រមោលវាមកសោះ។ ខលទៅលេខវា ចុចចង់រេចមេដៃនៅតែមិនចូល។ ខ្ញុំចាប់ផ្ដើមបែកញើសថ្ងាស បុកពោះខ្លាំងឡើង។ ចាំវាដល់ម៉ោង៦ ជាងវានៅតែមិនយកមកឲ្យទៀត ខ្ញុំមានតែហៅម៉ូតូឌុបជិះទៅរៀនវេនយប់របស់ខ្ញុំតែប៉ុណ្ណោះ។ ខ្ញុំគិតថា អានេះសំគីសដល់ថ្នាក់ហ៊ានស៊ីដាច់របស់មិត្តភ័ក្ដិបង្កើតបាន។ នៅក្នុងថ្នាក់ខ្ញុំគ្មានអារម្មណ៍ស្តាប់គ្រូសោះ ពេលមកដល់ផ្ទះវិញពេញមួយយប់ខ្ញុំដេកមិនលក់មួយខឹងនឹងវា មួយទៀតខឹងខ្លួនឯងដែលត្រចៀកសឆាប់ជឿវាពេក។
ស្អែកឡើង ស្រាប់តែឃើញលេខវាខលមក ខ្ញុំអរភឺតពោះ។ លើកនិយាយជាមួយវា «អ្ហែង! អង្កាល់យកម៉ូតូឲ្យអញ? ក្រែងថា ល្ងាចម្សិលមិញយកឲ្យអញអ្ហេ? អ្ហែងដឹងអញត្រូវការជិះទៅបង្រៀនអីដែរអត់?» ខ្ញុំស្ដីឲ្យវាសព្វគ្រប់។ ថ្ងៃឡើងវាក៏យកមកឲ្យវិញ។ បានប្រហែលកន្លះខែ វាខលមកខ្ចីម្ដងទៀត។ ខ្ញុំទាក់ទើរមិនដឹងថា គួរឲ្យឬមិនគួរ។ មាត់ថា មិនឲ្យទេ តែចិត្តវិញនឹកថា វាខំមកខ្ចីហើយប្រហែលមានការអីសំខាន់ហើយទើបវាដាច់ចិត្តខ្ចីម្ដងទៀត។ «ខ្ចីអីទៀតហើយ! អ្ហើ!មកយកម៉ោ។ តែលើកហ្នឹងលើកចុងក្រោយហើយ»។
ដូចលើកមុនដដែល អាខ្មៅមិនចោលចរិតសោះ ដល់ម៉ោងទៅហើយ តែបាត់មិនឃើញសូម្បីស្រមោល ឯលេខខលចូលលឺតែពាក្យថា «លេខទូរស័ព្ទដែលលោកអ្នកបានហៅមិនអាចទាក់ទងបានទេនៅពេលនេះ»។ ខ្ញុំលើកនេះកាន់តែប្រហោងពោះធំជាងលើកមុនទៀត ព្រោះមុនវាយកទៅខ្ញុំបង្ហាញទឹកមុខមិនសប្បាយនឹងការខ្ចីរបស់វា និងប្រាប់វាថា នេះជាលើកចុងក្រោយដែលឲ្យវាខ្ចីទៀត។ តិចអានេះធ្វើស៊ីខ្ញុំទៅ? អ្វីដែលខ្ញុំអាចធ្វើបានមានតែបន់ព្រះសំពះទេវតាកុំឲ្យបាត់បង់ទ្រព្យសម្អប់ដែលម៉ាក់បន្សល់ទុកឲ្យតែមួយនេះផង។ ដូចមុនអញ្ចឹង មួយយប់ពេញខ្ញុំបញ្ឈរភ្នែកដេកមិនបានសោះ។
ព្រឹកឡើងរៀបចំខ្លួនទៅធ្វើការដូចគ្មានព្រលឹង ភាំងៗ ទៅបង្រៀនសិស្ស សិស្សសួរទៀតថា «Teacher ដូចអត់មានអារម្មណ៍នៅនឹងខ្លួនសោះថ្ងៃនេះ»។ មែនអារម្មណ៍ខ្ញុំហោះជិតដល់ឋានព្រះចន្ទហើយ។ ម៉ោងប្រហែល ២ រសៀលទូរសព្ទខ្ញុំរោទ៍ឡើង គ្រាន់តែដកពីហោប៉ៅឃើញលេខខ្ញុំអរមិនតិច ព្រោះនោះជាលេខអាខ្មៅកំពុងខលមក។ ខ្ញុំប្រញាប់លើក «អាឡូ! ហើយអង្កាល់បានអ្ហែងយកម៉ូតូមកឲ្យអញវិញ? អ្ហែងអត់ដឹងថា អញត្រូវជិះធ្វើការអីអត់អានេះ?» «អឺ! អ្ហែងនៅឯណា? ចាំអញយកឲ្យវិញ»។ និយាយចប់ខ្ញុំគិតតែឯង «ឆ្កួតមែនខ្ញុំ ចេះទៅគិតអាក្រក់លើអាពួកម៉ាកបង្កើតអីចឹងទៅកើត! វាណាដាច់ចិត្តធ្វើស៊ីពួកម៉ាក»។
ចាប់តាំងពីពេលនោះមកវា មិនដែលហ៊ានខ្ចីម៉ូតូខ្ញុំទៀតឡើយ ហើយយើងទាក់ទងជួបគ្នាម្ដងម្កាលផឹកកាហ្វេជជែកគ្នាលេង តែខ្ញុំនៅតែមិនដឹងថា វាមានការងារអ្វីឲ្យប្រាកដ នៅកន្លែងណាឲ្យច្បាស់។ ប្រហែលមួយឆ្នាំក្រោយមក នៅថ្ងៃមួយវាខលមកខ្ញុំ។
«អាពួកម៉ាក! អញអត់ការងារធ្វើទេអាលូវ ហើយឈ្លោះគ្នាជាមួយម៉ាក់អញទៀត។ ឥលូវអញចង់ទៅនៅជាមួយអ្ហែងម៉ាអាទិត្យ ចាំស្រួលបន្តិចអញទៅផ្ទះវិញ។ ខ្ជិលស្ដាប់គាត់ទេសនាណាស់»។ ខ្ញុំក៏មិនថា អីដែរគ្រាន់តែក្រែងចិត្តអាពួកម៉ាកម្នាក់ទៀតដែលនៅរួមបន្ទប់ ព្រោះខ្ញុំមិននៅតែឯងដូចមុនទេ។ មិត្តភ័ក្ដិរួមបន្ទប់ខ្ញុំម្នាក់នោះក៏ស្គាល់អាខ្មៅច្បាស់ដែរ តែមិនសូវចូលចិត្តវាប៉ុន្មានទេព្រោះរូបរាង និងភ្នែកអាខ្មៅក្រឡេបក្រឡាប់អត់គួរឲ្យទុកចិត្ត។
ជាងមួយខែទៅហើយ តែវាមិនទាន់ដែលនិយាយថា ចង់ទៅផ្ទះវិញសោះ។ ខ្ញុំ និងពួកម៉ាកខ្ញុំម្នាក់ទៀតតែងស្តីឲ្យវា ថាឲ្យរកការងារធ្វើ និងត្រឡប់ទៅផ្ទះសុំទោសម៉ាក់វាទៅ ព្រោះបើនៅអីចឹងតទៀតវានឹងយ៉ាប់ព្រោះវាគ្មានការងារ នៅតែលតោលអត់ប្រយោជន៍។ ខ្ញុំ និងពួកម៉ាកខ្ញុំទៅធ្វើការពេលថ្ងៃបាត់ៗ ទាល់តែព្រលប់ទើបមកដល់វិញ។ ហើយមកវិញឃើញវាមានលុយចាយរហូតឥតដាច់។ ពេលថ្ងៃខ្លះវាដាច់លុយវាសុំលុយខ្ញុំ និងអាពួកម៉ាកមួយទៀតក៏ចេះតែឲ្យតាមដែលមានទៅ។ តែអ្វីៗនៅតែបន្តបែបនេះដល់ពីរខែជាង វានៅតែមិនមានគោលដៅច្បាស់លាស់។ ខ្ញុំ និងពួកម៉ាកម្នាក់ទៀតពិភាក្សាគ្នាថា បើអាខ្មៅខ្ចីលុយទៀតឈប់ឲ្យវាហើយ (មិនមែនដោយសារពួកខ្ញុំកំណាញ់អីទេ) ព្រោះគិតថា ពេលវាលំបាកអត់អីស៊ីវានឹងត្រឡប់ទៅផ្ទះវិញមិនខាន។ គិតទៅពីរថ្ងៃចុងក្រោយអាណិតវាដែរ នៅក្នុងផ្ទះមានតែអង្ករ និងទឹកស៊ីអ៊ីវ វាស្រូបទឹកស៊ីអ៊ីវជាមួយបាយស៊ីឡើងអស់មួយដបនោះ។ ខ្ញុំលួចអាណិតវា តែមានតែខំមាត់ធ្វើតួចិត្តអាក្រក់ឲ្យវាត្រឡប់ទៅផ្ទះវាវិញ។
ខ្ញុំទៅធ្វើការតែតែងទុក Laptop ខ្ញុំឲ្យវាលេងព្រោះនៅផ្ទះអត់មានទូរទស្សន៍ អីចឹងវាអាចបើកមើលវីដេអូ ឬស្ដាប់ចម្រៀងបានកុំឲ្យធុញព្រោះនៅតែឯងផង។ ត្រឡប់មកផ្ទះវិញល្ងាច ខ្ញុំរកអាខ្មៅអត់ឃើញ Laptop ក៏បាត់ តែខ្ញុំអត់ខ្វល់ប៉ុន្មានទេ ព្រោះយប់ខ្លះវាថា ទៅដេកក្រៅជាមួយសង្សារវាអត់មកវិញដែរ។ ខ្ញុំមិនបានខលទៅសួរនាំអីដែរ ព្រោះ Laptop មិនសូវធំដុំដូចម៉ូតូអីទេ។ តែស្អែកឡើងខ្ញុំខលសួរវា លេខវាទាក់ទងមិនចូលសោះ។ ខ្ញុំចុចឡើងចង់រេចមេដៃនៅតែមិនចូល តែគិតថា វាអាចដូចលើកមុនៗ តែដល់ពេលវានឹងខលមកវិញដោយខ្លួនឯងមិនខាន។ តែដឹងអី តាំងពីពេលនោះមក ខ្ញុំបាត់លែងឃើញអាខ្មៅឲ្យឈឹងសូម្បីតែស្រមោលក៏មិនដែលឃើញដែរ។ ដំបូងៗ ខ្ញុំខឹងខ្លាំងណាស់ ថាពួកម៉ាកបង្កើតវាដាច់ចិត្តហ៊ានយក Laptop ដែលខ្ញុំទុកឲ្យវាស្ដាប់គ្រាន់កែអផ្សុកទៅបាត់កើត។
រឿងនេះមិត្តភក្ដិខ្ញុំភាគច្រើនបានដឹង ហើយសុទ្ធតែខឹង និងគុំថា ជួបអាខ្មៅកន្លែងណា ពួកវានឹងលេងឲ្យខ្មាសគេនៅកន្លែងនោះ។ មកដល់ឥលូវជិតបួនឆ្នាំហើយ ដែលខ្ញុំមិនដែលជួបវាសោះ អារម្មណ៍ខ្ញុំក៏រសាយទៅតាមពេលវេលាមិនខឹងវាដូចមុនដែរ។ គិតទៅ ពេលនោះខ្ញុំក៏ខុសខ្លះដែរ ដែលមិនជួយលុយវាខ្លះពេលវាដាច់បាយខ្លាំង អីចឹងវាលួចយករបស់ខ្ញុំទៅក៏ដើម្បីដោះទាល់ដែរ។ បើសិនជួបម្ដងទៀត ខ្ញុំក៏មិនថាអីថាវ៉ាន់ដែរ គ្រាន់តែនិយាយអប់រំវាបន្តិចបន្តួច ហើយនៅរាប់អានវាដូចមុនដដែល។ ទោះជាយ៉ាងណា ខ្ញុំសង្ឃឹមថា អាខ្មៅនឹងដើរផ្លូវត្រូវ មិនទៅធ្វើអីដែលប្រាសចាកសីលធម៌ និងល្មើសច្បាប់សង្គមទៅចុះ៕
អត្ថបទ៖ អ្នកខេត្តក្រចេះ
មានអត្ថបទពាក់ព័ន្ធនឹងមនុស្សដែលអ្នកចងចាំ ចង់ឲ្យ Sabay ចុះផ្សាយ សូមទាក់ទង៖
លេខទូរសព្ទ៖ 017 557 688 អ៊ីមែល៖ prak.chanseyha@cidc.com.kh លេខទូរសព្ទ៖ 099 588 880 អ៊ីមែល៖ bin.bunna@cidc.com.kh
ចង់ដឹងលក្ខខណ្ឌដើម្បីសរសេរផ្ញើមកកាន់ Sabay បានសូមចុចត្រង់នេះ!