ហ៊ុយ យ៉ាឡេង អតីត​បង​ធំ​ប្រចាំ​ស្រុក ក្លាយ​ជា​អ្នក​ដឹក​នាំ​រឿង

  • 2015-09-10 15:40:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ៊ុយ យ៉ាឡេង ជា​ចាងហ្វាង​ផលិតកម្ម "មាតុចក្រ​ហ្វ៊ីល៍" និង​ ជា​អ្នក​ដឹក​នាំ​រឿង​កំពុង​ទទួល​បាន​ជោគជ័យ​គួរ​កត់​សម្គាល់ ដោយ​ឆ្លង​កាត់​បទ​ពិសោធន៍​ជីវិត​ជា​ច្រើន ក្នុង​នោះ​ក៏​ធ្លាប់​ធ្វើ​ជា​បង​ធំ​ប្រចាំ​សាលា​ផង​ដែរ។ រហូត​មក​ដល់​ពេល​នេះ​ លោក​បាន​បម្រើ​វិស័យ​ភាពយន្ត​ប្រមាណ ១៥ ឆ្នាំ​ហើយ​ក្រោយ​ចាក​ចេញ​ពី​ស្រុក​កំណើត មក​រស់​នៅ​ទីក្រុង​ភ្នំពេញ។ តើ​លោក​មាន​ប្រវត្តិ​យ៉ាង​ដូច​ម្ដេច?

 

 

ស្ថានភាព​គ្រួសារ

 

លោក ហ៊ុយ យ៉ាឡេង កើត​នៅថ្ងៃ​ទី ៩ កញ្ញា ១៩៧៩ នៅ​ភូមិ​តាវង ឃុំ​ពន្លៃ ស្រុក​ភ្នំ​ស្រុក ខេត្ត​បាត់ដំបង ក្នុង​គ្រួសារ​កសិករ​ក្រីក្រ​មួយ។ លោក​ជា​កូន​ពៅ​គេ​ក្នុង​ចំណោម​បង​ប្អូន ៤ នាក់ ដែល​លោក​មាន​ឪពុក​ឈ្មោះ ឃូ ឈាង បច្ចុប្បន្ន​មាន​វ័យ ៦៨ ឆ្នាំ និង ​ម្ដាយ​ឈ្មោះ ប៊ុន យ៉ាន បច្ចុប្បន្ន​មាន​វ័យ ៦៣ ឆ្នាំ។

 

កើត​បាន ១ ខួប​ពោល​នៅ​ឆ្នាំ ១៩៨០ ម្ដាយ​បាន​សម្រេច​ចិត្ត​នាំ យ៉ាឡេង ចាក​ចេញ​ពី​ផ្ទះ​សម្បែង​ទៅ​រស់​នៅ ជំរំសាយធូ ជាយ​ដែន​ថៃ ព្រោះ​តែ​មាន​ជម្លោះ​ក្នុង​គ្រួសារ ដោយ​ទុក​ឱ្យ​បង​ប្អូន ៣ នាក់​ផ្សេងៗ​ទៀត រស់​នៅ​ជាមួយ​ឪពុក។ ប្ដី​ប្រពន្ធ​ធ្លាប់​រស់​ជុំ​គ្នា ត្រូវ​ទទួល​ខុស​ត្រូវ​ចិញ្ចឹម​កូន​ក្នុង​បន្ទុក​រៀង​ខ្លួន ពោល​ដើរ​តួ​ជា​ឪពុក​ផង​-ម្ដាយផង។ អ្នក​ស្រី ប៊ុន យ៉ាន បាន​តស៊ូ​ចិញ្ចឹម​កូន​ប្រុស​ពៅ​រូប​នេះ រហូត​ដឹង​ក្ដី និង​ បញ្ជូន​ឱ្យ​ចូលរៀន​​នៅ​សាលា​ក្នុង​ជំរំ​សម្ល​ឆ្ងាញ់​មួយ​ដដែល​ដូច​ក្មេង​ដទៃ​ទៀត​ដែរ។

 

ការ​សិក្សា​ដល់​ថ្នាក់​ទី ៥ ឪពុក​ក៏​បាន​នាំ​បង​ប្រុស​ស្រី​ផ្សេង​ទៅ​ស្វែង​រក​ដល់​ជំរំ ដើម្បី​សុំ​ជានា​គ្នា​ជាមួយ​ម្ដាយ​វិញ។ ដោយ​មិន​ចង់​ឱ្យ​កូន​រស់​បែកខ្ញែក​គ្នា​ត​ទៅ​ទៀត ម្ដាយ​ក៏​យល់​ព្រម​សម្រុះសម្រួល និង​ ធ្វើ​មាតុភូមិ​និវត្តន៍​មក​ស្រុក​កំណើត​ខាង​ម្ដាយ រស់​នៅ​ដោយ​សុខសាន្ត​គ្មាន​អំពើ​ហិង្សា​ទៀត​ឡើយ។

 

 

ប្រវត្តិ​សិក្សា​ក្រោយ​មាតុភូមិ​និវត្តន៍

 

យ៉ាឡេង ឱ្យ​ដឹង​ទៀត​ថា លោក​បាន​ចូលរៀន​នៅ​អនុវិទ្យាល័យ ជប់វារី ស្រុក​ព្រះ​នេត្រ​ព្រះ ខេត្ត​បន្ទាយ​មាន​ជ័យ កាល​នោះ​មាន​វ័យ​ទើប ១៣ ឆ្នាំ​ប៉ុណ្ណោះ។ នៅពេល​នោះ លោក​ជា​សិស្ស​ពូកែ​ម្នាក់ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ១ ក្នុង​តំណាង​កិត្តិយស​រៀងរាល់​ខែ ហើយ​លោក​គ្រូ​-អ្នក​គ្រូ​ពោល​សរសើរ​ចំពោះ​ភាព​ឈ្លាសវៃ​របស់ យ៉ាឡេង និង ​តែង​ត្រូវ​បាន​មិត្ត​រួម​ថ្នាក់​បោះឆ្នោត​គាំទ្រ​ធ្វើ​ជា​ប្រធាន​ថ្នាក់​ទាំង ៣ ឆ្នាំ​ជាប់​គ្នា។

 

ក្រោយ​ប្រលង​ជាប់​មធ្យម​សិក្សា​បឋម​ភូមិ​ក្នុង​វ័យ ១៦ ឆ្នាំ​ក៏​ជា​ពេល​វេលា ដែល​រូប​គេ​ត្រូវ​ឃ្លាត​ឆ្ងាយ​ក្រុម​គ្រួសារ​បង​ប្អូន ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ​នៅ​ទី​រួម​ខេត្ត​បន្ទាយ​មាន​ជ័យ ដោយ​ស្នាក់​នៅ​ក្នុង​វត្ត​មួយ​ក្នុង​ក្ដី​សង្ឃឹម​ថា នឹង​អាច​ចាក​ចេញ​ពី​ភាព​ក្រីក្រ​ពេល​ខាង​មុខ​មិន​ខាន។ លោក ហ៊ុយ យ៉ាងឡេង ចាត់​ទុក​ថា មាន​សំណាង​បន្តិច​ហើយ ព្រោះ​មាន​កង់​មីគី​ចាស់​មួយ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ដែរ។

 

លោក​បាន​រៀបរាប់​ទៀត​ថា មិន​យូរ​ប៉ុន្មាន​ឥទ្ធិពល​នៃ​ភាព​ស៊ីវិល័យ​របស់​អ្នក​ខេត្ត​បាន​បំផ្លាញ​ឆន្ទៈ​សិក្សា ដែល​បាន​វេច​ស្ពាយ​ពី​ស្រុក​កំណើត​បន្តិចម្ដងៗ។ ភាព​ខ្មាស​អៀន​ក្នុង​នាម​ជា​អ្នក​ស្រែ ធ្វើ​ឱ្យ​រូប​លោក​លែង​មាន​ចិត្ត​ចង់​រៀន​តទៅ​ទៀត និង​ គេច​សាលា​ហូរហែ ហើយ​ឈ្មោះ​នៅ​លើ​គេ​ក្នុង​តារាង​ចំណាត់​ថ្នាក់ បែរ​ជា​ធ្លាក់​មក​ដល់​បាត​ក្រោម​ក្នុង​រយៈ​ពេល​ដ៏​ខ្លី។

 

បរិយាកាស​បាន​រុញច្រាន ហ៊ុយ យ៉ាឡេង វិវត្តន៍​ខ្លួន​យ៉ាង​ឆាប់​រហ័ស​ពី​ប្រធាន​ថ្នាក់​ក្លាយ​ជា​បង​ធំ​ប្រចាំ​សាលា, ពី​សុភាព​រាបសា​ក្លាយ​ជា​បង​ធំ​ប្រចាំ​ស្រុក។ លោក​គ្រូ​អ្នក​គ្រូ​សម្ដែង​ភាព​អស់​សង្ឃឹម មិត្តភ័ក្ដិ​នាំ​គ្នា​ខ្លាច​រអា លួច​ពេបជ្រាយ​ក្រោយ​ខ្នង និង​ពោល​អាណិត​ឪពុក​ម្ដាយ ដែល​មាន​កូន​ប្រុស​ដូច្នេះ។

 

លោក​បន្ថែម​ថា ជីវិត​ជា​បង​ធំ​រយៈ​ពេល​ជាង ១ ឆ្នាំ ហាក់​មិន​មាន​ប្រយោជន៍​សោះ និង ​រង​ពាក្យ​សំដី​ពេបជ្រាយ​ពី​អ្នក​ជុំវិញ​ខ្លួន​គ្រប់​គ្នា រួម​ទាំង​កាយ​វិការ​រើសអើង​ទាំង​ឡាយ​ផង​នោះ ធ្វើ​ឱ្យ​រូប​លោក​ក៏​ភ្ញាក់​ខ្លួន​ឡើង​វិញ។ ម្យ៉ាង​លោក​មិន​ចង់​ទៅ​ធ្វើ​ស្រែ​ដូច​ពាក្យ​ទំនាយ​គេ​នោះ​ទេ។ យ៉ាឡេង ចាប់​ផ្ដើម​ប្រឹងប្រែង​រៀន​ឡើង​វិញ​មិន​ឱ្យ​ពេល​វេលា​រំលង​ទៅ​ដោយ​ឥត​ប្រយោជន៍​ទៀត​ឡើយ និង ​ព្យាយាម​នៅ​ឱ្យ​ឆ្ងាយ​ពី​ក្រុម​គូកន​ជា​អតីត​អ្នក​លេង​ដូច​គ្នា។ ឆ្នាំ ១៩៩៨ លោក​បាន​ប្រលង​ជាប់​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​បាក់ឌុប​ដូច​បំណង។

 

​មក​ដល់​ភ្នំពេញ​ប្រលង​ស្អី​ក៏​មិន​ជាប់ បាន​​ចូល​សិល្បៈ​ដោយ​ចៃដន្យ

 

ក្រោយ​ជាប់​បាក់​ឌុប ហ៊ុយ យ៉ាឡេង បាន​ធ្វើ​ដំណើរ​មក​ភ្នំពេញ ដើម្បី​ប្រលង​ចូល​រៀន​ជំនាញ​តាម​មហា​វិទ្យាល័យ​នានា។ ប៉ុន្តែ​ជា​អកុសល​រូប​គេ​ប្រឡង​ស្អី​ក៏​មិន​ជាប់​ដែរ បើ​ទោះ​បី​ជា​បាន​ចំណាយ​ពេល​វេលា​ជា​ច្រើន​ខែ​ជាមួយ​នឹង​កង់​ចាស់​មួយ​គ្រឿង។ ដោយ​មិន​ចង់​ត្រឡប់​ទៅ​ស្រុក​វិញ​ទាំង​បាត​ដៃ​ទទេ​នោះ ហើយ​ចៃដន្យ​ស្រប​ពេល​ដែល​ក្លឹប MSL បើក​បង្ហាត់​បង្រៀន​ក្បាច់​គុន​ដំបង លោក​ក៏​សម្រេច​ចិត្ត​រៀន​ជាមួយ​លោក​គ្រូ ហ៊ុយ សាន់ នៅ​ទៅ​នោះ​តែ​ម្ដង​ទៅ។

 

 

ការ​ពិត​ទៅ MSL ក៏​ជា​ក្លឹប​សិល្បៈ​ផង​ដែរ។ អ្នក​ដឹក​នាំ​រឿង​ខាង​លើ​រំលឹក​ថា មាន​ការ​ជ្រើសរើស​ក្រុម​ហាត់​គុន​ចូលរួម​សម្ដែង​ដោយ​ចៃដន្យ ខណៈ​ពួក​គេ​មិន​ធ្លាប់​មាន​បទ​ពិសោធន៍​សម្ដែង​លើ​ឆាក​ម្ដង​ណា​ឡើយ។ ប៉ុន្តែ​ដោយ​មាន​ការ​ចង្អុលបង្ហាញ​ពី​សាស្ត្រាចារ្យ​សាលាវិចិត្រសិល្បៈ​លោក ចិន នាគ និង​ អ្នក​គ្រូ ស៊ីណា ធ្វើ​ឱ្យ​ការ​សម្ដែង​លើក​ដំបូង​ទទួល​បាន​ជោគជ័យ។

 

ដោយ​មាន​ការ​ជំរុញ​ពី​សាស្ត្រាចារ្យ​ទាំង​ពីរ​រូប​ខាង​លើ ស្រប​ពេល​ពន្លក​សិល្បៈ​កើត​មាន​ផង​នោះ រូប​គេ​ក៏​សម្រេច​ចិត្ត​ចូល​រៀន​នៅ​សាលាវិចិត្រសិល្បៈ ដោយ​កំណត់​គោលដៅ​ជីវិត​ថា នឹង​នៅ​ក្នុង​វិស័យ​សិល្បៈ​រហូត​ឈប់​ទៅ​ណា​ទៀត​ហើយ និង​ក្លាយ​ប្រែក្លាយ​ពី​តួ​សម្ដែង​ក្រៅ​ឆាក ជំនួស​ដោយ​ពាក្យ​ថា តួ​ឯក​វិញ​ម្ដង និង​បាន​ចូលរួម​សម្ដែង​ជា​បន្តបន្ទាប់។

 

ចេះ​ដឹក​នាំ​រឿង​ដោយ​សារ​លួច​រៀន

 

ប្រកប​ដោយ​ទស្សនៈ​វិស័យ​វែង​ឆ្ងាយ ហ៊ុយ យ៉ាឡេង ចាប់​ផ្ដើម​មាន​គំនិត​ក្លាយ​ជា​អ្នក​ដឹក​នាំ​រឿង​វិញ​ម្ដង ដោយ​ព្យាយាម​សួរ​នាំ និង​ លួច​រៀន​សូត្រ​ពី​រៀមច្បង​ពេល​ទៅ​ថត​ម្ដងៗ។ ការ​ប្រឹង​ប្រែង​បន្តបន្ទាប់ និង​ការ​ស្វះស្វែង​រក​ឱកាស ទី​បំផុត​លោក​បាន​ក្លាយ​ជា​សិស្ស​ផ្នែក​ភាពយន្ត​បង្ហាត់បង្រៀន​ដោយ​ឯកឧត្ដម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​សមាគម​ទូរទស្សន៍​បច្ចុប្បន្ន។

 

ក្រោយ​មក​មិន​យូរ​ប៉ុន្មាន លោក​បាន​ក្លាយ​ជា​ជំនួយ​ការ​ដឹក​នាំ​រឿង​នៅ​ក្នុង​ផលិតកម្ម​អង្គរ​វត្ត​ក្នុង​រឿង​មួយ​ចំនួន​ដូច​ជា ខ្មោច​ប្រពន្ធ​អាទុយ, ដំបូល​រហែក, នាង​ពូន, សន្យា។ ក្រោយ​មក​ទៀត កូន​ប្រុស​កសិករ​រូប​នេះ​ក៏​មាន​ឱកាស​ក្លាយ​ជា​អ្នក​ដឹក​នាំ​រឿង​ដូច​បំណង​ប្រាថ្នា​នៅ​ក្នុង​ផលិតកម្ម ខេមប្រូ រួម​មាន​រឿង ២៤​ម៉ោង​ជួប​ខ្មោច, ម៉ៅ​ស្វិត, ល្បែង​សួរ​ខ្មោច, កំពែង​ស្នេហ៍, ភូមិគ្រឹះ​ខ្មោច។ ដោយ​ឡែក​ស្នាដៃ​លេច​ធ្លោ និង​រក​ចំណូល​បាន​ច្រើន​ជាង​គេ​គឺ​រឿង ផ្ទះ​ខ្មោច​ទិញ និង​រឿង ខ្មោច​ដើម​ចេក​ជ្វា ល្បីល្បាញ​ដល់​ប្រទេស​ថៃ​ក្នុង​ឆ្នាំ ២០០៥។

 

ជាមួយ​គ្នា​នោះ​វិស័យ​ភាពយន្ត​ចាប់​ផ្ដើម​មាន​ឱនភាព ក្នុង​ឆ្នាំ​ដដែល​លោក​បាន​ងាក​ទៅ​ធ្វើ​ការងារ​ជា​អ្នក​ដឹក​នាំ​កម្មវិធី​នៅ​ទូរទស្សន៍​បាយ័ន​វិញ​ម្ដង​ក្នុង​កម្មវិធី ស្មាតហ្គែម, វេទិកា​មហាជន, ឆាឆាឆា, ប្រដាល់, ជា​ដើម។

 

 

 

ទៅ​មិន​ឆ្ងាយ​ពី​សិល្បៈ​ភាពយន្ត

 

លុះ​មក​ដល់​ឆ្នាំ ២០១២ វិស័យ​ភាពយន្ត​ចាប់​ផ្ដើម​ងើប​ឡើង​បន្តិច ខណៈ​រោង​ភាពយន្ត​ទំនើប​ចាប់​ផ្ដើម​បើក​ជា​ហូរហែ​ផង​ដែរ។ ដោយ​មិន​ភ្លេច​ពាក្យ​សន្យា​របស់​ខ្លួន​ថា នឹង​នៅ​ជាមួយ​ភាពយន្ត​រហូត​អស់​ជីវិត អតីត​បង​ធំ​ស្រុក ព្រះ​នេត្រ​ព្រះ រូប​នេះ​ក៏​សម្រេច​ចិត្ត​បើក​ផលិតកម្ម​ផ្ទាល់​ខ្លួន​ដោយ​ដាក់​ឈ្មោះ​ថា"មាតុចក្រ​ហ្វ៊ីល៍"។

 

ដើម្បី​ស្វាគមន៍​វត្តមាន​ផលិតកម្ម​ថ្មី លោក​បាន​ផលិត​រឿង​មួយ​មាន​ចំណង​ជើង​ថា"អា​ព្រឿង​ងាប់​ហើយ" ដោយ​សហការ​ជាមួយ​ផលិតកម្ម"មហា​ហង្ស" និង​ទទួល​បាន​ជោគជ័យ​បង្គួរ​ក្រោយ​ចាក់​បញ្ចាំង​តាម​រោង​ភាពយន្ត​នានា។

 

បច្ចុប្បន្ន​លោក ហ៊ុយ យ៉ាឡេង ក៏​ត្រៀម​នឹង​ចាក់​បញ្ចាំង​ស្នាដៃ​ភាពយន្ត​សាកល្បង​ទីផ្សារ​អាស៊ាន​មាន​ចំណង​ជើង​ថា "អាកុក អាច្រវា" ដោយ​សហការ​ផលិត​ជាមួយ​នឹង​ផលិតកម្ម​ជេត។ ក្រៅ​ពី​វត្តមាន​តារា​ល្បីៗ​របស់​កម្ពុជា ភាពយន្ត​នេះ​ក៏​មាន​ការ​ចូលរួម​ពី​តួ​សម្ដែង​បរទេស​ប្រមាណ​ជាង ២០ នាក់​ផង​ដែរ។ អ្នក​ដឹក​នាំ​រឿង​វ័យ ៣៦ ឆ្នាំ​រូប​នេះ​អះអាង​ថា មាតុចក្រ​ហ្វ៊ីល៍​មួយ​ជីវិត ដើម្បី​សិល្បៈ​ភាពយន្ត​ខ្មែរ៕

 

អត្ថបទ៖ សំ ជំនាញ