អ្នក​ដឹក​នាំ​រឿង និង​តារា​ខ្មែរ​ខក​ចិត្ត​ទស្សនិកជន​មើល​រំលង​រឿង "ដុំ​ហ្វ៊ីល​ចុង​ក្រោយ"

  • 2015-09-10 18:22:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទស្សនិកជន​ចេញ​ពី​ចង្កោម​សិល្បៈ​ភាគ​ច្រើន​បាន​ពោល​សរសើរ​មិន​ដាច់​ពី​មាត់ ក្រោយ​បាន​ចូលរួម​ទស្សនា​ភាពយន្ត​រឿង "ដុំ​ហ្វ៊ីល​ចុង​ក្រោយ" ស្នាដៃ​របស់​អ្នក​ស្រី សុទ្ធោ គុល្លិកា ទើប​ចាក់​បញ្ចាំង​នៅ​ប្រទេស​កម្ពុជា​ថ្មីៗ​នេះ ក្រោយ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​​ជា​ច្រើន និង​បាន​ទទួល​ពាន​រង្វាន់​ជា​ហូរហែ។

 

 

តារា​សម្ដែង សាវិន ហ្វីលីព បាន​និយាយ​ថា លោក​សុំ​សរសើរ​ដោយ​ស្មោះ​ចំពោះ​អ្នក​ដឹក​នាំ​រឿង និង​តារា​សម្ដែង​ទាំង​អស់​ក្នុង​ស្នាដៃ​ទទួល​បាន​ពាន​រង្វាន់​មួយ​នេះ ព្រោះ​សាច់​រឿង​បាន​និយាយ​ពី​ការ​ពិត​ធ្វើ​ឱ្យ​បាញ់​ចំ​បេះ​ដូង​អ្នក​ទស្សនា។ លោក​ថា" ខ្ញុំ​សោក​ស្ដាយ​បំផុត ដែល​ខ្មែរ​យើង​នៅ​តែ​មិន​គាំទ្រ​ខ្មែរ សូម្បី​ភាពយន្ត​ជាប់​ពាន​រង្វាន់​អន្តរជាតិ​ក៏​ដោយ"។

 

មាន​មនុស្ស​តែ ៧ នាក់​ប៉ុណ្ណោះ បាន​ចូលរួម​ទស្សនា​កុន​នេះ​ជាមួយ​លោក ស្រប​ពេល​ទស្សនិកជន​ភាគ​ច្រើន​មើល​រំលង ហើយ​បែរ​ជា​ទៅ​គាំទ្រ​រឿង" តត កំលោះ​សម្បូរ​ស្នេហ៍" ទៅ​វិញ។

 

ចាងហ្វាង​ផលិតកម្ម Mega Film វ៉ន ប៊ុនស៊ីម និយាយ​ថា រឿង"ដុំ​ហ្វ៊ីល​ចុង​ក្រោយ"​ជា​ខ្សែ​ភាពយន្ត​ខ្មែរ​ដែល​ផលិត​ឡើង​ប្រកប​ដោយ​គុណភាព​ដ៏​ល្អ​លំដាប់​ជាតិ និង​អន្តរ​ជាតិ​ ទាំង​រូបភាព​ និង​សំឡេង​ពិត​ជា​មាន​អត្ថរូប និង​អត្ថន័យ។ អ្នក​ដឹក​នាំ​រឿង​រូប​នេះ​បញ្ជាក់​ថា បន្ទាប់​ពី​បាន​ទស្សនា​ហើយ មិន​សរសើរ​មិនបាន។

 

ពិធី​ករ សុខ សិរីវឌ្ឍនា ក៏​មាន​ការ​គាំទ្រ​ចំពោះ​ស្នាដៃ​របស់​អ្នក​ស្រី សុទ្ធោ គោល្លិកា ផង​ដែរ​ក្រោយ​បាន​ទៅ​ចូលរួម​ទស្សនា។ លោក​ថា៖"កំហុស​ដ៏​ធ្ងន់ធ្ងរ​របស់​អ្នក​មើល​កុន​នៅ​កម្ពុជា រឿង​ខ្លួន​ឯង​ទទួល​បាន​ពាន​មិន​មើល ទៅ​មើល​រឿង​ប្រទេស​ផ្សេង​ទៅ​វិញ"។

 

 

ចាងហ្វាង​ផលិតកម្ម មាតុចក្រ​ហ៊្វីល៍ លោក ហ៊ុយ យ៉ាឡេង ក៏​បាន​ឱ្យ​តម្លៃ​ខ្ពស់​ចំពោះ​រឿង​ខាង​លើ​នេះ​ដែរ ព្រោះ​បាន​ឆ្លុះ​បញ្ចាំង​ពី​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា និង​ផលិត​បាន​ល្អ​សម​នឹង​បាន​ពាន​ពី​បរទេស​ប្រាកដ​មែន។ លោក​បន្ត​ថា៖"ប៉ុន្តែ​យុវវ័យ​គាត់​គិត​ថា ជា​ភាពយន្ត​ឯក​សារ ហើយ​មិន​ចាប់​អារម្មណ៍ នាំ​គ្នា​ទៅ​មើល​តែ​រឿង​សប្បាយៗ កំប្លែងៗ​ទៅ​វិញ"។

 

អ្នក​ដឹក​នាំ​រឿង​វ័យ​ក្មេង វណ្ណ ស៊ីដារ៉ូ ឱ្យ​ដឹង​ថា "ដុំ​ហ្វ៊ីល​ចុង​ក្រោយ" ជា​ភាពយន្ត​ខ្មែរ​គួរ​អោយ​កោត​សរសើរ​មួយ និង​មាន​មោទនភាព បង្កប់​ដោយ​ទស្សនវិជ្ជា​អប់រំ។ "ខ្ញុំ​សង្ឃឹម​ថា ខ្មែរ​នឹង​បន្ត​មាន​ភាពយន្ត​ដ៏​ល្អ​បែប​នេះ​ជា​ច្រើន ដើម្បី​បម្រើ​សេចក្ដី​ត្រូវ​ការ​ក្នុង​រោង​ភាពយន្ត​ខ្មែរ​យើង​តទៅ​ថ្ងៃ​អនាគត"៕

 

រឿង​"ដុំ​ហ្វ៊ីល​ចុង​ក្រោយ" ក៏​ទើប​នឹង​ទទួល​បាន​ពានរង្វាន់ The Best Narrative Feature នៅ​ក្នុង​មហោស្រព​អន្តរជាតិ​ទីក្រុង​ខ្មែរ ឬ Cambodia Town Film Festival ប្រារព្ធ​ឡើង​នៅ​ទីក្រុង Long Beach  សហរដ្ឋ​អាមេរិក​ផង​ដែរ បន្ថែម​លើ​ពានរង្វាន់​មាន​ស្រាប់ ធ្វើ​ឱ្យ​អ្នក​ដឹក​នាំ​រឿង និង​តួ​សម្ដែង​ទាំង​អស់​កាន់​តែ​មាន​មោទនភាព ទោះ​បី​ជា​មហាជន​ភាគ​ច្រើន​បាន​មើល​រំលង​យ៉ាង​ណា​ក្ដី។​

 

អាន​អត្ថបទ៖  សុខ សោម៉ាវត្តី ជម្រះ​រឿង​បែក​គ្នា​ជាមួយ​ស្វាមី

អាន​អត្ថបទ៖  ហ៊ុយ យ៉ាឡេង អតីត​បង​ធំ​ប្រចាំ​ស្រុក ក្លាយ​ជា​អ្នក​ដឹក​នាំ​រឿង

 

អត្ថបទ៖ សំ ជំនាញ

អត្ថបទពេញនិយម