ចិនដូចបំបាក់មុខ Apple ពេក គ្រាន់តែចេញ iPhone ថ្មីភ្លាម លើករឿងមិនបង់ពន្ធ៧០លានដុល្លារ
- 2015-09-11 17:02:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិនដូចបំបាក់មុខ Apple ពេក គ្រាន់តែចេញ iPhone ថ្មីភ្លាម លើករឿងមិនបង់ពន្ធ៧០លានដុល្លារ
ចន្លោះមិនឃើញ
ទីស្នាក់ការរបស់ក្រុមហ៊ុន Apple ប្រចាំនៅប្រទេសចិន ត្រូវរដ្ឋាភិបាលចិនលើករឿងមិនទាន់បានបង់ពន្ធជូនខ្លួន ចំនួន៧១លានដុល្លារកាលពីឆ្នាំ២០១៣ ស្របពេលក្រុមហ៊ុននេះកំពុងបង្អូតផលិតផលបច្ចេកវិទ្យាថ្មីទៅដល់ពិភពលោក។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រទេសចិន។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រទេសចិនបានប្រទះឃើញនូវការមិនបានបង់ពន្ធនេះ ខណៈពេលដែលគេធ្វើការត្រួតទៅលើគណនីនៃក្រុមហ៊ុនចំនួន ២០៦៣៥ និងបញ្ជីចំនួន ១៣៥៨ នៅឆ្នាំ ២០១៤។
ក្រោយពីការរាយការណ៍នេះបានមួយថ្ងៃ ក្រុមហ៊ុន Apple ក៏បានបង់ជូននូវទឹកប្រាក់ចំនួន៧១លានដុល្លារនោះដោយរួចរាល់ ហើយព្រមទាំងបានបង់ទឹកប្រាក់ចំនួន១០លានដុល្លារបន្ថែមទៀត ជាការពិន័យ។ នេះបើយោងតាមភ្នាក់ងារព័ត៌មានចិន Xinhua បានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រទេសចិនបានឲ្យដឹងផងដែរថា សាខារបស់ក្រុមហ៊ុន Apple បានបិទបាំងពីប្រាក់ចំណូលរបស់ខ្លួនចំនួន ១,៣៨ពាន់លានដុល្លារ រួមទាំងការចំណាយចំនួន ០,៥៤ពាន់លានដុល្លារ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានបំភ្លៃពីប្រាក់ចំណេញរបស់ខ្លួន ដែលខុសពីការពិតចំនួន០,៨៥ពាន់លានដុល្លារផងដែរ។
គួរបញ្ជាក់ថា កាលពីចុងឆ្នាំមុន ក៏មានរឿងស្រដៀងគ្នានេះដែរ កើតឡើងលើក្រុមហ៊ុន Microsoft។ ប្រទេសចិនបានទាមទារទឹកប្រាក់ដែលក្រុមហ៊ុន Microsoft មិនបានបង់ពន្ធចំនួន ១៤០លានដុល្លារឲ្យខ្លួន៕
-ចុចអាន៖ iOS9 នឹងដាក់ឲ្យប្រើនៅថ្ងៃទីទី១៦ ខែកញ្ញា នឹងទូរសព្ទ iPhone ណាខ្លះអាច ដំឡើងបាន?
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ channelnewsasia , scmp