​​ភាព​យ៉ាប់យ៉ឺន​ ក្នុង​​គ្រួសារ​​​បាន​ប្រែ​​វាសនា​​​​ ​​​ក្លាយ​ជា​អគ្គនាយក​​ក្រុមហ៊ុន​៥​ ក្នុង​ដៃ

  • 2014-10-16 22:28:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មិត្ត​យុវវ័យ​ពិត​ជា​ស្គាល់​ហាង​កាហ្វេ  Park Cafe ប៉ុន្តែ​ប្រហែល​ជា​មិន​ទាន់​ស្គាល់ ​​​ពី​​ជីវិត​ពិត​របស់​សហគ្រិន​ម្នាក់​ ដែល​បាន​ផ្ដួចផ្ដើម​បង្កើត​​​​ក្រុមហ៊ុន​នេះ​នៅ​ឡើយ​​។ ​បុគ្គល​ម្នាក់​នោះ​គឺ​លោក ​គុយ វ៉ាត់ ដែល​មាន​ប្រវត្តិ​ជា​ក្មេង​រៀន​គេច​សាលា ដោយសារ​ការ​សេពគប់​មិត្តភ័ក្ដិ​ខុស​។ ​ប៉ុន្តែ​ ស្ថាន​ភាព​គ្រួសារ​ មាន​ការ​លំបាក​ខ្លាំង​ លោក​បាន​កែ​ខ្លួន​ខិតខំ​រៀន​សូត្រ​ និង​អភិវឌ្ឍ​ខ្លួន​រហូត​បង្កើត​បាន​​ក្រុមហ៊ុន​​ចំនួន ៥ ​ក្នុង​ដៃនា​ពេល​បច្ចុប្បន្ន​​។

 

តើ​ឆាក​របស់​លោក គុយ វ៉ាត់ ​មាន​ការ​លំបាក​យ៉ាងណា​ខ្លះ​?

 

លោក គុយ វ៉ាត់ កើត​នៅ​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​១៩៧៤ នៅ​ភូមិ​ត្រពាំង​ប្រិយ៍​ ខេត្ត​ព្រៃវែង។  មាន​លោក​ឪពុក​ឈ្មោះ ​គុយ មីន ម្ដាយ​ឈ្មោះ ​លី ម៉ូយ ​ជា​កូន​ច្បង​ ក្នុង​ចំណោម​បងប្អូន​៥​នាក់​។ ក្រោយ​ឆ្នាំ​១៩៧៩​ ដោយ​កាលៈទេសៈ​សម័យ​នោះ​សន្តិសុខ ​​មិន​ទាន់​ល្អ​​ប្រសើរ​​នៅ​ឡើយ​  គ្រួសារ​របស់​លោក​​ត្រូវ​បាន​​ចោរ​​ប្លន់​​អស់​ទ្រព្យ​សម្បត្តិគ្មាន​សល់​​ ហើយ​បាន​ផ្លាស់ប្ដូរ​ទី​លំនៅ​មក​រស់នៅ​ ស្រុក​មេមត់​ ខេត្ត​កំពង់ចាម​។

បន្ត ​មក​ទៀត​នៅ​ឆ្នាំ​១៩៨០ គ្រួសារ​របស់​លោក​ បាន​ផ្លាស់ប្ដូរ​មក​រស់នៅ​រាជធានី​ភ្នំពេញ ហើយ​លោក​ក៏​ចាប់​ផ្ដើម​ចូល​រៀន​នៅ​សាលា​សន្ធរម៉ុក ជាមួយ​​នឹង​​ជីវភាព​គ្រួសារ​ជា​អ្នក​រកស៊ី តូចតាច​ដែល​មិន​មាន​ចំណូល​ទៀងទាត់ ​ជួន​ធូរ ជួន​តឹង។ ដូច្នេះ​​ក្នុង​នាម​​ជា​កូន​ច្បង​ក្នុង​គ្រួសារ​  ​លោក​ត្រូវ​​ចែក​រំលែក​ពេល​ខ្លះ​មក​ជួយ​ការងារ​ឪពុកម្ដាយ​។

 

 

ដើរ​លេង ​ភ្លេច​ការ​រៀន​សូត្រ​

 

រៀន​ដល់​កម្រិត​វិទ្យាល័យ​ ​ដោយសារ​សេពគប់​ជាមួយ​មិត្តភ័ក្ដិ ​​មាន​ចំណូល​ចិត្ត​ដើរ ​លេង​ច្រើន​នោះ​ ធ្វើ​ឲ្យ​លោក​​មិន​សូវ​បាន​ចូល​រៀន​ជាប់​លាប់​ឡើយ​។ ទោះបី​ជា​ចូល​រៀន​ ក៏​បាន​ត្រឹម​តែ​អង្គុយ​ស្តាប់​​គ្រូ​តែ​ប៉ុណ្ណោះ ​ គឺ​លោក​គិត​តែ​ពី​ការ​ដើរ​លេង​​​សប្បាយ​​ជាមួយ​មិត្តភ័ក្ដិ​​ជា​​ជាង​ការ​ រៀនសូត្រ។

 

កែ​ខ្លួន​ ប្រឹង​រៀន​សូត្រ​ ពេល​ឃើញ​ស្ថានភាព​គ្រួសារ​នៅ​តែ​លំបាក​

 

ឆ្នាំ ​១៩៩១ លោក​បាន​បញ្ចប់​មធ្យម​សិក្សា​ទុតិយ​ភូមិ​(​បាក់ឌុប)។ ប៉ុន្តែ​លោក​ហាក់​គ្មាន​ចំណេះ​ដឹង​ពិត​ប្រាកដ​ ក្នុង​ខ្លួន​ឡើយ​ ជាមួយ​ស្ថានភាព​គ្រួសារ​នៅ​តែ​ជួន​លិច​ ជួន​អណ្ដែត​ ជួន​ធូរ ជូន​តឹង។ ពេល​នោះ​ លោក​ក៏​សម្រេច​ ខិតខំ​រៀន​សូត្រ​ឡើង​វិញ ដោយ​ចាប់​យក​ជំនាញ​ភាសា​ចិន​ នៅ​សាលា​រៀន​ទួនហ្វា ​​ម្ដុំ​ទួល​ស្វាយ​ព្រៃ ​ព្រោះ​មើល​ឃើញ​ថា ភាសា​ចិន​អាច​ជា​ជំនួយ​មួយ​ដ៏​សំខាន់​ ក្នុង​ការ​ស្វែង​រក​​ការងារ​ធ្វើ​ ។  ជា​អំណោយ​ផល​ដោយ​លោក​ជាប់​សែស្រឡាយ​ចិន​ផង​នោះ លោកអាច​​ឆាប់​ចាប់​បាន​ភាសា​ដ៏​លំបាក​រៀន​មួយ​នេះ​។

 

មិន​ពេញ​ចិត្ត​ចំពោះ​ការងារ​ដែល​ស្រណុក​ពេក​

 

រយៈ​ពេល​៦​ឆ្នាំ​ភាសា​ចិន​ របស់​លោក​​អាច​ប្រើការ​បាន។​ នៅ​ឆ្នាំ​១៩៩៧ លោក​បាន​ចេញ​រក​ការងារ​ធ្វើ​នៅ​ធនាគារ​មួយ​ឈ្មោះ ប៉ាស៊ីហ្វិក មាន​មុខ​តំណែង​ជា​អ្នក​ផ្ទេរ​លុយ ​ដែល​ទទួល​បាន​ប្រាក់​បៀវត្សរ៍​១២០​ដុល្លារ​ ក្នុង​មួយ​ខែ ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា ការងារ​ដែល​កំពុង​ធ្វើ​នេះ​ហាក់​មិន​សូវ​ស័ក្ដិសម​​សម្រាប់​លោក​សោះ​ ព្រោះ​មាន​ពេល​ទំនេរ​ច្រើន​ពេក​ មិន​សូវ​មាន​សំពាធ​ការងារ ​ដូច្នេះ​សម្រាប់​​លោក​គិត​​ថា​​ ហាក់​គ្មាន​​អ្វី​ជួយ​​​អភិវឌ្ឍ​សមត្ថភាព​ឡើយ​។

 

ផ្លាស់ប្ដូរ​បរិស្ថាន​ការងារ​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​

 

ក្រោយ ​រយៈ​៨​ខែ មាន​មិត្តភ័ក្ដិ​​ម្នាក់​បាន​ណែ​នាំ​លោក​ថា រោងចក្រ​មួយ​កំពុង​រើស​បុគ្គលិក​ដែល​ចេះ​ភាសា​ចិន។​ ពេល​នោះ​លោក​សម្រេច​ចិត្ត​លា​ឈប់​ពី​កន្លែង​ចាស់​។ ឆ្នាំ​១៩៩៨ លោក​​ចូល​បម្រើ​ការ​នៅ​រោងចក្រ​មួយ​ឈ្មោះ​ថា សាន់​លីហ្វុង នៅ​​ផ្នែក​រដ្ឋបាល​ ប៉ុន្តែ​មិន​មែន​ទទួល​ខុស​ត្រូវ​លើ​ការងារ​រដ្ឋបាល​សុទ្ធ​នោះ​ទេ  ​ព្រោះ​រោងចក្រ​ថ្មី ​មាន​តែ​មនុស្ស​៣ ​ទៅ ​៤​នាក់​ប៉ុណ្ណោះ។ ដូច្នេះ​ការងារ​ស៊ី​​ស្នូល​សំខាន់​ គឺ​​ជា​អ្នក​បកប្រែ​ឲ្យ​ថៅកែ​លោក ជាមួយ​ប្រាក់​បៀវត្សរ៍​ ១៥០​ដុល្លារ​។

 

 

កន្លែង​ការងារ​ត្រូវ​នឹង​ចំណូល​ចិត្ត​

 

ក្រោយ​រយៈ​ពេល​២​ឆ្នាំ​ ពី​តួនាទី​ជា​អ្នក​បកប្រែ​ ក្លាយ​ជា​អ្នក​សម្របសម្រួល​ ​ជា​អ្នក​រត់​ការ​ ខាង​ក្រៅ​ជាមួយ​ស្ថាប័ន​រដ្ឋ និង​ឯកជន​រហូត​ដល់​ដំណើរ​ការ​រោងចក្រ​ដោយ​រលូន​ ដូច្នេះ​តំណែង​របស់​លោក​បាន​ឡើង​​ជា​បន្ត​បន្ទាប់ តាម​រយៈ​ការ​ផ្ទេរ​ការងារ​គ្រប់​ផ្នែក​ ដល់​បុគ្គលិក​ក្រោម​ឱវាទ​របស់​លោក​ជា​អ្នក​ប្រតិបត្តិ​។ លោក​អាច​មាន​ពេល​វេលា​ច្រើន​ក្នុង​​ការ​ណាត់​ជួប​ភ្ញៀវ​ ជាមួយ​ប្រាក់​បៀវត្សរ៍​ចុង​ក្រោយ​បង្អស់​ ៦០០​ដុល្លារ​។ ​

គំនិត​នៃ​អាជីវកម្ម​លេច​ចេញ​ពី​ការងារ​

 

រយៈ​ពេល​ជិត​១០​ឆ្នាំ​ជាមួយ​រោង​ចក្រ​មួយ​នេះ លោក​ក៏​ចាប់​ផ្ដើម​មាន​គំនិត​ចង់​ក្លាយ​ជា​​ម្ចាស់​អាជីវកម្ម​ដោយ​ខ្លួន​ឯង ដូច្នេះ​ពេល​នោះ តាម​រយៈ​ការ​ណាត់​ជួប​ជាមួយ​មន្ត្រី ឬ​បណ្ដា​ក្រុមហ៊ុន​ផ្សេងៗ​​នៅ​ខាង​ក្រៅ​ច្រើន​ លោក​ក៏​មើល​ឃើញ​កង្វះ​ខាត​ហាង​កាហ្វេ​មួយ​បែប​ដែល​អាច​បង្ក​ភាព​ងាយ​ស្រួល​ ដល់​ការ​​ជជែក​គ្នា​។ ដូច្នេះ​លោក​ក៏​មាន​គំនិត​ចង់​បើក​ហាង​កាហ្វេ​បែប​ទំនើប​មួយ។

 

ហាង​កាហ្វេ​មួយ​តម្លៃ​ ៥​ ម៉ឺន​ដុល្លារ

 

ឆ្នាំ ​២០០៤ លោក​ក៏​បាន​សម្រេច​ចិត្ត​បើក​ហាង​កាហ្វេ​ទំនើប​មួយ​ឈ្មោះ​ Park Cafe ដែល​មាន​​ទីតាំង​​នៅ​​ មណ្ឌល​កម្សាន្ត​ Park Way ដោយ​ប្រើ​​ដើម​ទុន​ប្រហែល​ជា​៣​ម៉ឺន​ដុល្លារ​ ប៉ុន្តែ​ត្រូវ​បាន​បន្ត​ពង្រីក​​ទុន​បន្ថែម​រហូត​ដល់​៥​ម៉ឺន​ដុល្លារ​។ ជាមួយ​គ្នា​នេះ​ដែរ លោក​​មិន​ទាន់​​ឈប់​ធ្វើការ​ងារ​នៅ​រោង​ចក្រ​នៅ​ឡើយ​ ដោយសារ​ថៅកែ​រោងចក្រ​​គាំទ្រ និង​បើក​ផ្លូវ​ឲ្យ​លោក​រកស៊ី​។

 

ហាង​កាហ្វេ​ទំនើប​ ប៉ុន្តែ​ប្រព័ន្ធ​បម្រើ​មិន​ទាន់​ច្បាស់លាស់​

 

មិន​ខុស​ពី​ទស្សន​វិស័យ​របស់​លោក​ប៉ុន្មាន​នោះ​ទេ ហាង​កាហ្វេ​ទំនើប​នោះ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង និង​​ជា​តម្រូវការ​​របស់​មនុស្ស​សម័យ​ថ្មី​ពិត​ប្រាកដ ទោះបីជា​សេវា​មិន​ទាន់​ពេញលេញ​ក៏​ដោយ​។ ក្រោយ​មក​តាម​រយៈ​ការ​មើល​ឃើញ​នូវ​ចំណុច​ខ្វះខាត​ លោក​ក៏​ធ្វើ​ការ​កែ​ទម្រង់​បន្តិច​ម្ដង​ រហូត​ដល់​ Park Coffee ទទួល​បាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ។ ក្រោយ​រយៈ​ពេល​១​ឆ្នាំ​ លោក​ក៏​ចាប់​ផ្ដើម​គំនិត​​បង្កើត​​ក្រុមហ៊ុន​ជួល​ការិយាល័យ​មួយ​ឈ្មោះ​ថា Vtrust ។ ចាប់​ពី​ឆ្នាំ​២០០៦​ ទាំង​Park Coffee និងVtrust ​ បាន​ពង្រីក​ខ្លួន​​ជា​លំដាប់

 

បច្ចុប្បន្ន​ភាព​

 

លោក ​គុយ វ៉ាត់ ​រៀបការ​នៅ​ឆ្នាំ​២០០៦ ជាមួយ​ភរិយា​ឈ្មោះ​ ទុយ ភីន។ លោក​មាន​កូន​ចំនួន​៣​នាក់។ លោក​​មាន​ក្រុមហ៊ុន​ចំនួន​៥ ​ក្រុមហ៊ុន​អចលនទ្រព្យ ​Vtrust property, ក្រុមហ៊ុន​ហាង​កាហ្វេ ​Park Cafe មាន​៦​សាខា​, ក្រុមហ៊ុន​ព័ត៌មាន​វិទ្យា Atech, ក្រុមហ៊ុន​រោងចក្រ​កិន​ថ្ម Kampa, និង​ ក្រុមហ៊ុន​ស្តុក(ផ្សារ​ភាគហ៊ុន) ​Phnompenh Security ស្ថិត​ក្រោម​ក្រុមហ៊ុន​មេ ឈ្មោះ​Vtrust Group។ ក្រៅ​ពី​នេះ​ លោក​ក៏​មាន​​ភាគហ៊ុន​រួម (Joint Venture) ​ជាមួយ​ក្រុមហ៊ុន​​មួយ​ចំនួន​ទៀត​ផង​ដែរ​។

 

ផែនការ​អនាគត

 

លោក ​រៀបចំ​​បំបែក​​ក្រុមហ៊ុន​អចលនទ្រព្យ​Vtrust property ជា​៣​ក្រុមហ៊ុន​ដាច់​ពី​គ្នា ​ជា​ក្រុមហ៊ុន​គ្រប់គ្រង​អាគារ​ជួល (Vtrust Management Holding), ក្រុមហ៊ុន​វាយ​តម្លៃ​អចលនទ្រព្យ​ (Vtrust Appraisal), និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​វិស័យ​​ចលនទ្រព្យ (Vtrust  Property Development)។

 

បទពិសោធន៍​ជីវិត ​ធ្វើការ​សិន ចាំ​បើក​អាជីវកម្ម​ ទើប​ជា​ការ​ប្រសើរ​

 

ធ្វើការ ​ឲ្យ​គេ​សិន ចាំ​ផ្ដើម​អាជីវកម្ម​គឺ​ជា​រឿង​ល្អ​  ដូច​ដែល​បទ​ពិសោធន៍​លោក​បាន​ឆ្លង​កាត់​កន្លង​មក។ លោក​​​អាច​ដក​ស្រង់​យក​បទពិសោធន៍ និង​រៀន​ពី​ក្រុមហ៊ុន​គេ​សិន ដើម្បី​ស្វែង​យក​ពី​ចំណុច​ខ្វះ​ខាត ជៀសវាង​ការ​ចាប់​ផ្ដើម​អាជីវកម្ម​ដោយ​​ប្រញាប់​ប្រញាល់ ដោយ​បង្ខំ​ និង​មិន​មាន​ទុន​គ្រប់គ្រាន់​ និង​ខ្វះ​បទ​ពិសោធន៍​ ដែល​អាច​​​ប្រឈម​មុខ​នឹង​ហានិភ័យ​​ខ្ពស់​។

 

រៀន​សូត្រ​ពី​ឧបសគ្គ​

 

ជា​អ្នក​ដឹកនាំ​​មិន​អាច​ជៀស​ផុត​ពី​ឧបសគ្គ ដូច្នេះ​បើសិនជា​អ្នក​ប្រឡូក​ចូល​ទៅ​ក្នុង​អាជីវកម្ម​ហើយ ​ពេល​ជួប​​​បញ្ហា ​សូម​កុំ​គេចវេះ​  ព្រោះ​បញ្ហា​ទាំង​នោះ​នឹង​បង្រៀន​អ្នក​ឲ្យ​ចេះ​រក​ដំណោះ​ស្រាយ​ និង​វិធីសាស្ត្រ​នាំ​ទៅ​រក​​ភាព​ជោគជ័យ​  ហើយ​ពេល​ឆ្លង​កាត់​ផុត​ធ្វើ​ឲ្យ​មាន​អារម្មណ៍​សប្បាយ​ទៅ​វិញ​ទេ។

 

ចែក​រំលែក​អំណាច​

 

 

ស្ថាប័ន ​មួយ ​ឬ​អង្គភាព​មួយ​មិនមែន​មេដឹកនាំ​តែ​ម្នាក់​ ជា​អ្នក​អនុវត្ត​​ទើប​ដើរ​ទៅ​រលូន​នោះ​ទេ ចាំបាច់​ត្រូវ​ធ្វើការ​ជា​ក្រុម(Team Work )។ ដូច្នេះ​ដើម្បី​ឆ្ពោះ​ទៅ​រក​ជោគជ័យ ត្រូវ​ចេះ​ចែក​រំលែក​អំណាច​ ផ្ដល់​ការ​សម្រេច​ចិត្ត​ដល់​ថ្នាក់​ក្រោម​ ជៀសវាង​អំណាច​ប្រមូល​ផ្ដុំ លើ​តែ​មនុស្ស​ម្នាក់ មាន​ន័យ​ថា​មនុស្ស​ច្រើន​ចូលរួម​គិត​នោះ​ ការ​សម្រេច​ចិត្ត​របស់​យើង​​នឹង​ទទួល​បាន​លទ្ធផល​ល្អ។ រៀន​រហូត​ដើម្បី​ការ ​អភិវឌ្ឍ​​ប្រកប​ដោយ​និរន្តរភាព​ ដោយ​សារ​ពី​វ័យ​ក្មេង​រៀន​សូត្រ​មិន​សូវ​បាន​​ពេញលេញ ដូច្នេះ​ចាប់​តាំង​ពី​រៀន​ភាសា​ចិន​មក​​គឺ លោក​បាន​ខិតខំ​រៀន​ជាប់​រហូត​ ទោះបី​កំពុង​ធ្វើការ ឬ​​ក្លាយ​ជា​ថៅកែ​ហើយ​ក្ដី​ ​ព្រោះ​ការ​រៀន​សូត្រ​មិន​ចាំបាច់​ថា​ចូល​សាលា​ទាំង​អស់​នោះ​ទេ គឺ​ការ​ចូលរួម​សិក្ខាសាលា​ផ្សេង​ៗ​ ពិភាក្សា​ជាមួយ​មិត្តភ័ក្ដិ ឬពី​អ្នក​ជុំវិញ​ខ្លួន​​ ទាំង​នោះ​ជា​បទពិសោធន៍​ដ៏​ល្អ​មួយ​សម្រាប់​លោក។​ ​

ការ​ចែក​រំលែក​ដល់​យុវជន​​ជំនាន់​ក្រោយ​

 

សម្រាប់ ​​យុវជន​ដែល​មាន​គំនិត​ចង់​រកស៊ី​ ត្រូវ​ស្គាល់​ខ្លួន​ឯង​ថា ចង់​ប្រកប​រប​រក​ស៊ី​អ្វី​នា​ពេល​អនាគត។ ដូច្នេះ ពេល​យុវជន​​បញ្ចប់​ការ​សិក្សា​ សូម​ជ្រើសរើស​យក​ក្រុមហ៊ុន​ណា​មួយ​ជា​គំរូ​ ដើម្បី​ចូល​ធ្វើការ​ និង​រៀនសូត្រ​ពី​គេ។ ​ ប៉ុន្តែ​ត្រូវ​ដឹង​ថា ​អ្នក​ដឹកនាំ​​មាន​កេរ្តិ៍​ឈ្មោះ​ដែរ​ ឬ​ទេ? ឧទាហរណ៍​ថា​ ​យុវជន​ម្នាក់​​ចូល​បម្រើ​ការងារ​​ក្នុង​​ក្រុមហ៊ុន​សំណង់។​ ដូច្នេះ​ពេល​​យុវជន​រូប​នោះ​​ចូល​ទៅ​បម្រើ​ការងារ​ ដោយ​ទទួល​បាន​​បទពិសោធន៍​ត្រឹម​តែ​៥​ឆ្នាំ​ ពេល​ចាំ​ចេញ​មក​បើក​អាជីវកម្ម​ នោះ​ ភាគរយ​នៃ​ភាព​​ជោគជ័យ​អាច​មាន​ច្រើន​ជាង​បរាជ័យ​។ លោក​បាន​បន្ថែម​យ៉ាង​នេះ​ថា៖ “ខ្ញុំ​ធ្លាប់​ជួប​ប្អូន​ជា​ច្រើន​ ដែល​គាត់​ចេញ​មក​ប្រកប​ការ​រកស៊ី​តែ​ម្ដង បន្ទាប់​ពី​រៀន​ចប់​ដោយ​មិន​មាន​បទពិសោធន៍​ធ្វើការ​ងារ​។ ពេល​នោះ​​គាត់​ងាយ​នឹង​ដួល​ទៅ​វិញ​ខ្លាំង​ណាស់​ ព្រោះ​មាន​ចំណុច​ខ្វះ​ខាត​ច្រើន​ពេក ឬ​យុវជន​ជោគជ័យ​​លើ​សេវា​កម្ម​​លើក​ទី​មួយ​របស់​ខ្លួន​ ប៉ុន្តែ​ដោយ​ចិត្ត​ចង់​បាន ​បង្ខំ​បង្កើត​សេវា​កម្ម​ទី​២ ​ទៀត​ដោយ​មិន​មាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់​ ពេល​បរាជ័យ​ ​នាំ​ឲ្យ​ខូច​ឈ្មោះ​សេវាកម្ម​ទី​១​ទៀត”។

មិត្ត​យុវវ័យ​​យល់​​​ឃើញ​យ៉ាង​ណា​ដែរ?

 

អាន​អត្ថបទ៖ កាន់​​តែ​លិខិត​ឆ្លង​ដែន​ខ្មែរ​ អាច​ស្នាក់​នៅ​ប្រទេស​ទាំង​នេះ​បាន​ប៉ុន្មាន​ថ្ងៃ? ចុច​ត្រង់​នេះ

អាន​អត្ថបទ៖ ៦​រឿង​ប្លែក​ៗ ​​​ថ្ងៃ​ប្រលង​បាក់​ឌុប​លើក​​ទី​២ ចុច​ត្រង់​នេះ

អត្ថបទ​៖ កង ចាន់​បញ្ញា​

អត្ថបទពេញនិយម