កូនកំព្រាឪពុក ផល រ៉ាណន់ ចេះគូរគំនូរស្អាតៗទាំងមិនធ្លាប់ចូលសាលា រហូតបានទៅអ៊ីតាលី
- 2015-09-18 20:48:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនកំព្រាឪពុក ផល រ៉ាណន់ ចេះគូរគំនូរស្អាតៗទាំងមិនធ្លាប់ចូលសាលា រហូតបានទៅអ៊ីតាលី
ចន្លោះមិនឃើញ
អាចនិយាយថា ផ្ទុយពីជាងគំនូរ ឬវិចិត្រករដទៃ ចេះគូរគំនូរតាមរយៈការបណ្ដុះបណ្ដាលពីសាលា ប៉ុន្តែយុវជនកំព្រាឪពុក ផល រ៉ាណន់ ឯណេះវិញ អាចប្រើចុងខ្មៅដៃ និង ប៊ិចគូរវាស ចេញជារូបភាពស្អាតៗដ៏ទាក់ទាញ ទាំងខ្លួនមិនធ្លាប់ចូលសាលាពីមុនមក។
មាននិស្ស័យ ចំណង់ចំណូលចិត្ត និង ទេពកោសល្យពីកំណើត រ៉ាណន់ ចេះគូររូបតាំងពីអាយុ ៩ ឆ្នាំ ដោយដំបូងកុមាររូបនេះ បានលួចមើលគំនូរបងប្រុស «ខ្ញុំឃើញគាត់គូរ មើលទៅស្អាតមែនទែន ហើយថ្ងៃមួយខ្ញុំលួចសៀវភៅគាត់ទុក និង រៀនតាមគាត់ តែឥលូវគាត់ (បងប្រុសទី២) ឈប់គូរយូរហើយ»។ កុមារារូបនេះប្រាប់ថា កាលនោះគេគូរបានរូបភាពសាមញ្ញប៉ុណ្ណោះ ហើយមានការគាំទ្រពីមិត្តភ័ក្ដិ រហូតចូលដល់វិទ្យាល័យ រូបគេចាប់ផ្ដើមរៀនតាមអ៊ីនធឺណិត វីដេអូ បណ្ដាញ Youtube រួមនឹងឯកសារផ្សេងដោយខ្លួនឯងផ្ទាល់។
បើតាមការរៀបរាប់របស់ វ៉ាណន់ បណ្ដាញប្រភពទាំងនេះ ប្រៀបបីដូចជាគ្រូបង្រៀនដ៏ល្អ ដែលធ្វើឱ្យរូបគេក្លាយជាអ្នកគូរគំនូរ គួរឱ្យកោតសរសើរមួយរូប រហូតដល់ពេលបច្ចុប្បន្ន។ ត្រឹមតែរៀនមើលមួយមុខ មិនគ្រប់គ្រាន់ឡើយ ការអនុវត្តជាក់ស្ដែង មានចិត្តអំណត់ព្យាយាម និង មិនបោះបង់ ជាកត្តាធ្វើឱ្យទឹកដៃរបស់គេ កាន់តែទទួលការគាំទ្រ ពីក្រុមគ្រួសារ មិត្តភ័ក្ដិ និង ប្រជាជនខ្មែរ ជាពិសេសក្រុមអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក។
រ៉ាណន់ តែងខំសិក្សាស្វែងយល់ខ្លួនឯង មិនងាយបោះបង់ចោលឡើយ «មិនខុសពីរៀនគណិតវិទ្យា ឬលំហាត់ផ្សេងៗទេ យើងត្រូវអនុវត្តរាល់ថ្ងៃ ទឹកដៃយើងនឹងវិវត្តទៅមុខដោយមិនដឹងខ្លួន។ បើចង់គូររូបស្អាត យើងត្រូវមានចិត្តស្ងប់ មានឆន្ទៈ ស្វែងយល់ពីរូបនោះឱ្យច្បាស់ គូរច្រើនដង និងមានសម្ភារៈគ្រប់គ្រាន់»។
យុវជនដដែលបញ្ជាក់ទៀតថា លោកចូលចិត្តគូរគំនូរ ព្រោះវាជួយឱ្យលោកបានធូរស្រាលអារម្មណ៍ធុញថប់ បង្កើនគំនិតច្នៃប្រឌិត និង ធ្វើឱ្យលោកស្គាល់មនុស្សបានច្រើន។ បើងាកមកមើលពីផលវិបាកវិញ វ៉ាណន់ ត្រូវការការតាំងចិត្ត ភាពស្ងប់ស្ងាត់ ស្រមើស្រមៃ និងត្រូវការគំនិតឆ្នៃប្រឌិតខ្ពស់ ហើយរូបដែលពិបាកគូរ គឺរូបស្រមើស្រមៃ និងគំនូរពណ៌ទឹក។
ទោះបីស្ថិតនៅក្នុងប្រទេសអ៊ីតាលី ប៉ុន្តែ រូបភាពភាគច្រើនដែលរ៉ាណន់ឱ្យពិភពលោកបានឃើញ ជាទិដ្ឋាភពនៅប្រទេសកម្ពុជា ហើយត្រង់ចំណុចនេះដែរ រ៉ាណន់ ថា លោកចង់ឱ្យពិភពលោកស្គាល់អត្តសញ្ញាណជាតិខ្មែរ «មានរូបច្រើនជាពិសេសអង្គរវត្ត ខ្ញុំចង់ឲ្យគេស្គាល់កម្ពុជាឱ្យបានច្បាស់»។
ទោះបីជាកូនកំព្រាឪពុក (ទទួលមរណភាព ឆ្នាំ ២០០៧) មានម្ដាយជាស្ត្រីមេម៉ាយ ប៉ុន្តែ កូនប្រុសទី៣ ក្នុងចំណោមបងប្អូន ៤ នាក់នេះ មានសំណាងបានមិត្តភ័ក្ដិ និង ម្ចាស់ជំនួយជនជាតិអ៊ីតាលី ជួយនិងផ្ដល់អាហារូបករណ៍ ទៅសិក្សានៅសាកលវិទ្យាល័យ "Brera Academy of Find Art" លើជំនាញ «គំនូរ» ក្នុងទីក្រុង Milan ប្រទេសអ៊ីតាលី។ រ៉ាណន់ ប្រាប់ថាលោកស្គាល់មិត្តភ័ក្ដិជនជាតិអ៊ីតាលីនៅកម្ពុជាច្រើនឆ្នាំហើយ ហើយដោយមើលឃើញថា លោកមានទេពកោសល្យខាងគូរ បុរសនៅឯនាយសមុទ្រនោះ ក៏ជួយសុំអាហារូបករណ៍ សិក្សារយៈពេល៣ឆ្នាំតែម្ដង កាលពីឆ្នាំ២០១៣។
មុនចូលរៀននៅសាកលវិទ្យាល័យនេះ រ៉ាណន់ ត្រូវសិក្សាភាសាអ៊ីតាលីរយៈពេល៣ខែជាមុន និងត្រូវធ្វើតេស្តសមត្ថភាព ៤ ថ្ងៃ។ តេស្តដែលកូនខ្មែររូបនេះធ្វើមាន ចំណេះដឹងទូទៅ ប្រវត្តិទាក់ទងនឹងសិល្បៈ សំណួរ QCM ចំនួន ១០០ សំណួរ ប្រឡងគូររូប និងសម្ភាសន៍ផ្ទាល់មាត់។
ពេលរៀនចប់នៅអ៊ីតាលី យុវជនវ័យ២៤ឆ្នាំ ចង់បង្ហាញស្នាដៃគំនូររបស់ខ្លួន ក្នុងពិធីតាំងពិព័រណ៍នានា និង មានគោលបំណងថ្ងៃអនាគតចង់ បើសាលាបង្រៀន និងស្ទូឌីយោគូររូបជាដើម។ ជាចុង តាមរយៈ Sabay ក្រោយ រ៉ាណន់ បានអរគុណចំពោះម្ដាយ ដែលខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីគ្រួសារ អរគុណដល់បងប្អូន មិត្តភ័ក្ដិដែលបានជួយប្រឹក្សា និងជ្រោមជ្រែង ជាពិសេសអរគុណដល់មិត្តភ័ក្ដិសញ្ជាតិអ៊ីតាលី និងម្ចាស់ជំនួយ (ម្ចាស់ជំនួយបានស្លាប់ហើយ ប៉ុន្តែបុរសរូបនោះ បានទុកប្រាក់របស់ខ្លួន ដើម្បីជួយដល់និស្សិតក្រីក្រមកពីក្រៅប្រទេស)។
រ៉ាណន់ មានស្រុកកំណើតនៅខេត្តបាត់ដំបង ប៉ុន្តែដោយសារកត្តាមុខរបរ គ្រួសារលោកបានផ្លាស់ទៅនៅខេត្តបន្ទាយមានជ័យ ដោយបានបញ្ចប់នៅថ្នាក់បឋមសិក្សានៅទីនោះ។ ក្នុងឆ្នាំ ២០០៣ គ្រួសារលោកបានផ្លាស់ទៅរស់នៅខេត្តកំពង់ឆ្នាំង និងបានបញ្ចប់ថ្នាក់វិទ្យាល័យ ក្នុងខេត្តនេះឆ្នាំ២០១១៕
ចង់ស្គាល់ រ៉ាណន់ ចូលទៅកាន់ Link ទាំងនេះ
page: ranon phal's art Instagram: @ranonphal
រៀល សុធារ៉ា ៨ឆ្នាំតស៊ូនៅប្រទេសមហាអំណាច បានទាំងចំណេះទាំងភាពរឹងមាំ
អត្ថបទ៖ អ៊ុំ សុភក្តិ