ប្រពន្ធ អេ ភូថង ជាអាជ្ញាកណ្ដាលប្រដាល់ស្ត្រីទីមួយខ្មែរ ចេញពីអ្នកសិល្បៈទៅជាអ្នកកីឡា
- 2014-09-17 15:42:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រពន្ធ អេ ភូថង ជាអាជ្ញាកណ្ដាលប្រដាល់ស្ត្រីទីមួយខ្មែរ ចេញពីអ្នកសិល្បៈទៅជាអ្នកកីឡា
ចន្លោះមិនឃើញ
ជារឿងមួយដ៏កម្រមានដែលនារីជាសិល្បការិនីម្នាក់បានធ្វើការបោះបង់អាជីពសិល្បៈរបស់ខ្លួនមកចូលប្រឡូកក្នុងវិស័យកីឡាតាមស្វាមី។ អ្នកស្រី សាំង សុម៉ាលី ភរិយារបស់លោក អេ ភូថង ធ្លាប់បានចូលប្រឡូកក្នុងវិស័យសិល្បៈជាច្រើនឆ្នាំ មុនពេលលះបង់សិល្បៈមកតោងកីឡាតាមស្វាមី។
អ្នកស្រីបានអះអាងថា ក្រោយបោះបង់ការសិក្សា អ្នកស្រីបានឡើងមកភ្នំពេញ ហើយដោយសារតែមានឈាមជ័រជាអ្នកសិល្បៈផង អ្នកស្រីបានចូលថតបទចម្រៀងខារ៉ាអូខេបានជាច្រើនបទ។ ស្ត្រីបានសម្ដីរូបនេះ បានបញ្ជាក់ថា ៖«ខ្ញុំចូលថតចម្រៀងដំបូងត្រឹមជាអ្នករាំជាក្រុមប៉ុណ្ណោះ ហើយក្រោយមកក៏បានសម្ដែងជាតួរងពីរបទ និងតួឯកពីរបទ ក្រោយមកទៀតខ្ញុំបានថតខ្សែភាពយន្តរឿង«ព្រហ្មលិខិតស‑ខ្មៅ»។
ភរិយាលោក អេ ភូថង បានបន្ថែមឲ្យដឹងទៀតថា អ្នកស្រីត្រូវបានគេហៅឲ្យទៅថតរឿង «លាហើយប៉ៃលិន» និងចម្រៀងខារ៉ាអូខេជាច្រើនបទទៀត ប៉ុន្តែត្រូវស្វាមីហាមលែងឲ្យទៅថតសម្ដែងតទៅទៀត។
ស្ត្រីសម្បុរសរូបនេះរំលឹកថា ៖ «ខ្ញុំបានចូលរៀនអាជ្ញាកណ្ដាល នៅឆ្នាំ២០០៧ ជាលក្ខណៈសាកល្បង រហូតដល់ឆ្នាំ២០១១ ទើបមានស្ត្រីឡើងវ៉ៃ ហើយខ្ញុំក៏ត្រូវបានលោកគ្រូ មាស សុខគ្រី ហៅទៅរៀននៅស្តាតអូឡាំពិក»។
អ្នកស្រីបន្តថា អ្នកស្រីបានឡើងធ្វើជាអាជ្ញាកណ្តាលលើកដំបូងនៅប៉ុស្តិ៍បាយ័ន ដែលពោរពេញដោយអារម្មណ៍ភ័យញ័រ រន្ធត់ បែកញើសស្អិតជោគខ្លួន «ប៉ុន្តែខ្ញុំអាចព្យាយាមទប់អារម្មណ៍បាន រហូតអាចគ្រប់គ្រងការប្រកួតបាន៧០ភាគរយ»។
ក្រោយពីនោះមក អ្នកស្រីបានឡើងកាត់សេចក្ដីក្នុងការប្រកួតរបស់កីឡាការិនីជាញឹកញាប់ ហើយគិតទាំងការប្រកួតថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ អ្នកស្រីឡើងកាត់សេចក្ដីបានប្រហែលជា៥០លើក។ បន្ទាប់មកអ្នកស្រីបានក្លាយជាចៅក្រមផ្ដល់ពិន្ទុកាត់សេចក្ដីថែមទៀត។
រយៈពេលជាង៣០ឆ្នាំចុងក្រោយនេះ អ្នកស្រី សាំង សុម៉ាលីដែលមានកូន៤នាក់ជាស្ត្រីខ្មែរទីមួយដែលបានក្លាយអាជ្ញាកណ្តាល និងចៅក្រមនៃការប្រដាល់ក្បាច់គុនខ្មែរបុរាណ៕
អ្នកស្រី សាំង សុម៉ាលី និងស្វាមី ព្រមទាំងកូនទាំង៤នាក់
ចុចអាន៖ យល់ព្រមអត់ អេភូថង ឈប់ឲ្យកូនស្រី អេ យ៉ានុតឡើងប្រដាល់?
អត្ថបទ៖ អៀង សូទ្រី