ឃើញលុយ១៣០០ដុល្លារក្នុងប្រអប់ភីហ្សា យកសងគេវិញបានញ៉ាំភីហ្សាហ្វ្រីពេញមួយឆ្នាំ
- 2015-09-23 16:39:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញលុយ១៣០០ដុល្លារក្នុងប្រអប់ភីហ្សា យកសងគេវិញបានញ៉ាំភីហ្សាហ្វ្រីពេញមួយឆ្នាំ
ចន្លោះមិនឃើញ
បុរសម្នាក់មកពីរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក មានការភ្ញាក់ផ្អើលខ្លាំង ក្រោយបានប្រទះឃើញលុយចំនួន១៣០០ដុល្លារដែលគេច្រឡំដាក់ក្នុងប្រអប់ជាមួយនំភីហ្សាដែលបានបញ្ជាទិញឲ្យដឹកមកដល់ផ្ទះ។
តាមប្រភពព័ត៌មានរបស់ប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុក KGO-TV បានឲ្យដឹងថា លោក Mike Vegas បានកុម្ម៉ង់ទិញនំភីហ្សា និងស្លាបមាន់ពីហាងមួយ។ ក្រោយមកគេបានដឹកជញ្ជូននំភីហ្សា និងស្លាបមាន់មកដល់ផ្ទះ។ លោកMike ក៏បានហូបនំភីហ្សាខ្លះ និងមិនទាន់ស្រាយកញ្ចប់ស្លាបមាន់ញ៉ាំទេ ដោយទុកកញ្ចប់នោះក្នុងទូទឹកកក។
ប៉ុន្មានម៉ោងក្រោយមក លោក Mike ក៏បានទទួលសារ និងការខលហៅតាមទូរសព្ទជាច្រើនដង។ គឺបុគ្គលិកដឹកជញ្ជូននំភីហ្សាជាអ្នកខលហៅទៅលោកMike ពេលកំពុងនៅតាមផ្លូវទៅធនាគារ ព្រោះគាត់បានដឹងថាខ្លួនទុកលុយក្នុងកញ្ចប់ច្រឡំជាមួយកញ្ចប់ស្លាបមាន់ក្នុងប្រអប់នំភីហ្សាពេលដែលដឹកមកឲ្យលោក Mike។
ចំណែកលោក Mike ពុំទាន់បានដឹងនោះទេ គាត់បានទៅបើកទូទឹកកកស្រាយកញ្ចប់ស្លាបមាន់បម្រុងនឹងបរិភោគក៏ឃើញលុយចំនួន១៣០០ដុល្លារ។ ក្រោយមកគាត់ក៏ប្រគល់ជូនទៅខាងហាងនំភីហ្សាវិញ។ ដើម្បីជាការលើកទឹកចិត្ត និងភាពស្មោះត្រង់ លោក Mike ក៏បានទទួលសិទ្ធិញ៉ាំនំភីហ្សាហ្វ្រីពេញមួយឆ្នាំពីប្រធានគ្រប់គ្រងហាងនំភីហ្សាដែលគាត់បានកុម៉្មង់ទិញនោះ៕
ចុចអាន៖ យកក្រដាសប្រាក់១យាន់ ចំនួន២បេ សងគ្រួសាររងគ្រោះស្លាប់ដោយគ្រោះថ្នាក់ចរាចរ
ប្រែសម្រួល៖ មាន រតនា ប្រភព៖ foxnews