Beckham ​ឆ្លើយ​តប​ទៅ​នឹង​​ការ​លើក​ឡើង​របស់​ Sir Alex

  • 2015-09-25 15:25:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

David Beckham បាន​និយាយ​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក​ Sir Alex Ferguson បន្ទាប់​ពី​អតីត​អ្នកចាត់ការ​ក្រុម​ Manchester United និយាយ​​ថា លោក​ធ្លាប់​ធ្វើ​ការ​ជាមួយ​កីឡាករ​ "World Class” ​តែ​៤​នាក់​ប៉ុណ្ណោះ កាល​នៅ​ក្រុម​បិសាច​ក្រហម ហើយ​៤​នាក់​នោះ គ្មាន​ឈ្មោះ​តារា​ល្បី​រូប​នេះ​ឡើយ។

 

 

​​​អតីត​អ្នកចាត់ការ​ក្រុម​បិសាច​ក្រហម​ Sir Alex បាន​និយាយ​ថា​លោក​ធ្លាប់​ធ្វើ​ការ​ជាមួយ​​កីឡាករ​លំដាប់​ "World Class” តែ​៤​នាក់​ប៉ុណ្ណោះ​​ កាល​​​ដឹក​នាំ​នៅ​ Old Trafford ​ដែល​៤​នាក់​នោះ​មាន​ Cristiano Ronaldo, Paul Scholes, Ryan Giggs និង​ Eric Cantona។

 

ប៉ុន្តែ​ Beckham ​ដែល​ជា​កីឡាករ​ឆ្នើម​បំផុត​របស់​អង់គ្លេស ​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​របស់​ Sir Alex ទេ រួម​ទាំង​តារា​មួយ​ចំនួន​ទៀត​ដូច​ជា Roy Keane, Rio Ferdinand និង​ Wayne Rooney ផង​ដែរ។

 

​​នៅ​ពេល​អ្នក​សារព័ត៌មាន ​សួរ​ថា​ "តើ​លោក​អាក់អន់ចិត្ត ​ឬ​ខឹង​ដែរ​ទេ ដែល​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​ល្អ​របស់​ Sir Alex?” Beckham ​បាន​ឆ្លើយ​តប​ថា យ៉ាង​ណា​លោក​​យល់​ស្រប​តាម​​គំនិត​របស់​អ្នកចាត់ការ​ល្បី​រូប​នេះ។

 

 

អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស បាន​ប្រាប់​ដល់​ BBC ថា៖ "ខ្ញុំ​អត់​អន់​ចិត្ត​អ្វី​ទេ។ ខ្ញុំ​បាន​លេង​ជាមួយ​អ្នកចាត់ការ​អស្ចារ្យ​បំផុត​ម្នាក់ ហើយ​ខ្ញុំ​ពិត​ជា​មាន​សំណាង​បាន​លេង​ជាមួយ​​​កីឡាករ​ល្អ​ជា​ច្រើន​ទៀត និង​បាន​ជួយ​ក្លិប​ដែល​ខ្ញុំ​ស្រលាញ់​ឲ្យ​ជោគជ័យ។ ខ្ញុំ​យល់​ស្រប​​តាម​អ្នកចាត់ការ​ ​ហើយ​ខ្ញុំ​ក៏​សូម​អរគុណ ដែល​ខ្ញុំ​បាន​លេង​ជាមួយ​ពួកគេ​​ជា​ច្រើន​នាក់​​ដែរ"៕

 

-ចុចអាន៖ Beckham ​បង្ហោះ​សារ​សរសើរ​កុមារ​កម្ពុជា​ថា​ក្លាហាន​មិន​គួរ​ឱ្យ​ជឿ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ mirror