"ជំងឺឆ្កែឆ្កួត" សម្លាប់មនុស្ស ៥ ម៉ឺននាក់រាល់ឆ្នាំ
- 2015-09-28 21:44:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
"ជំងឺឆ្កែឆ្កួត" សម្លាប់មនុស្ស ៥ ម៉ឺននាក់រាល់ឆ្នាំ
ចន្លោះមិនឃើញ
ជារៀងរាល់ឆ្នាំ "ជំងឺឆ្កែឆ្កួត" ត្រូវបានគេប៉ាន់ប្រមាណថា បានសម្លាប់មនុស្សចាប់ពី ៣៥ ០០០ នាក់ទៅ ៥០ ០០០នាក់ ទូទាំងពិភពលោក ខណៈអង្គការសុខភាពពិភពលោក បានបញ្ចេញតួលេខឱ្យដឹងដែរថា ៤០% នៃជនរងគ្រោះដោយជំងឺឆ្កែឆ្កួត ជាក្មេងអាយុក្រោយ ១៥ ឆ្នាំ។
អង្គការដដែលបញ្ជាក់ថា មនុស្សជាង ១៥ លាននាក់លើពិភពលោក បាននាំគ្នាចាក់វ៉ាក់សាំងការពារជំងឺដ៏កាចសាហាវនេះ ជារៀងរាល់ឆ្នាំ។
បើងាកមកមើលការសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាវិញ គឺមានមនុស្សចំនួន ២១ ៧៨២ នាក់ មកមជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួតនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីចាក់វ៉ាក់សាំងការពារ នៅចន្លោះថ្ងៃទី១ ខែមករា ដល់ខែធ្នូ ឆ្នាំ២០១៤។
ជំងឺឆ្កែឆ្កួតជាអ្វី?
ឆ្កែឆ្កួតជាជំងឺដែលបណ្ដាលមកពីការឆ្លងវីរុស Lyssaviruses ហើយពេលសត្វ (ឆ្កែ ឬឆ្មា) ដែលផ្ទុកវីរុសនេះខាំ ក្រញៅ ឬលិទ្ធ មនុស្ស នោះវីរុសនេះនឹងឆ្លងតាមរយៈទឹកមាត់ ចម្លងទៅកាន់ជាលិកាក្រោមស្បែក និងសាច់ដុំ។ បន្ទាប់មកវានឹងចូលទៅប្រព័ន្ធប្រសាទបន្តទៅខួរក្បាល ជាហេតុធ្វើឱ្យអ្នកជំងឺ ផ្លាស់ប្ដូរឥរិយាបថ។ លក្ខណៈអាការៈរបស់អ្នកជំងឺមានភាពសាំញ៉ាំ ប៉ុន្តែគេអាចដឹងតាមរយៈពីរចំណុចខាងក្រោម៖
ទី១. រោគសញ្ញាខួរក្បាល៖ អ្នកជំងឺ ៧០% ទៅ ៨០ % មានអាការៈខ្លាចខ្យល់ ទឹក និងស្មារតីស្ថិតក្នុងសភាពច្របូកច្របល់។
ទី២. រោគសញ្ញាខ្វិន៖ អ្នកជំងឺឆ្កែឆ្កួត នឹងមិនអាចកម្រើកអវយវៈបាន (សាច់ដុំមិនដំណើរការ)។
តើជនរងគ្រោះធ្វើដូចម្ដេចនៅពេលត្រូវឆ្កែ ឆ្មា ខាំ ក្រញៅ ឬលិទ្ធត្រង់កន្លែងមានរបួស?
ក. ត្រូវលាងមុខរបួសជាបន្ទាន់ -ដោយប្រើសាប៊ូ និងទឹកស្អាត -លាបសារធាតុសម្លាប់មេរោគ -មិនត្រូវបិទមុខរបួស
ខ. ត្រូវពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតជាបន្ទាន់ ដើម្បីធ្វើការព្យាបាល -ធ្វើការព្យាបាលកន្លែងរបួសដោយប្រើសេរ៉ូមប្រឆាំងជំងឺឆ្កែឆ្កួត
ដើម្បីលើកកម្ពស់ការយល់ដឹង និងចូលរួមយុទ្ធនាការពិភពលោកប្រឆាំងជំងឺឆ្កែឆ្កួត ឆ្នាំ២០១៥ (World Rabies Day) នៅថ្ងៃនេះ ក្រុមហ៊ុនថែទាំសុខភាព SANOFI បានរៀបចំកម្មវិធីមួយក្រោមប្រធានបទ "រួមគ្នាបញ្ចប់ជំងឺឆ្កែឆ្កួត" ដោយមានការចូលរួមពីសំណាក់ បុគ្គលិកក្រុមហ៊ុន និងបុគ្គលិកនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយក៏មានការចុះផ្សព្វផ្សាយតាមផ្សារ សួនសាធារណៈ និងតំបន់សហគមន៍នានាក្នុងរាជធានីភ្នំពេញ។
លោកស្រី NGUYEN THI NGO Minh នាយិការក្រុមហ៊ុនខាងលើ បានថ្លែងថា ៖"យើងរីករាយខ្លាំងណាស់ ដែលបានរៀបចំព្រឹត្តិការណ៍នេះនៅកម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយ និងបង្កើនចំណេះដឹងពីជំងឺឆ្កែឆ្កួត ជូនដល់សាធារណជនទូទៅ"។
លោកស្រីបន្ថែមថា ក្រុមហ៊ុននឹងធ្វើការចុះផ្សព្វផ្សាយ ដើម្បីបង្កើនការយល់ដឹង តាមកន្លែងនានាតាមរយៈការចែកខិតប័ណ្ណព័ត៌មាន ស្ដីពីប្រភពនៃការឆ្លង របៀបការពារ និងគ្រោះថ្នាក់នៃជំងឺនេះជាដើម។
ផ្អែកតាមសេចក្ដីប្រកាសព័ត៌មាន ប្រសិនបើអ្នកណាម្នាក់ត្រូវឆ្កែ ឆ្មា ខាំ ក្រញៅ ឬលិទ្ធត្រង់មានរបួស (ជាពិសេសឆ្កែដែលគេសង្ស័យថាឆ្កួត) អ្នកនោះត្រូវប្រញាប់ប្រញាល់ទៅជួបជាមួយវេជ្ជបណ្ឌិត ដើម្បីពិគ្រោះ ព្យាបាល ឬចាក់វ៉ាក់សាំងការពារ។ បើចាក់វ៉ាក់សាំងមិនត្រឹមត្រូវ ឬរង់ចាំដល់ចេញរោគសញ្ញា ជនរងគ្រោះនឹងប្រឈមគ្រោះថ្នាក់ខ្ពស់រហូតបាត់បង់ជីវិត។
បើតាមលោកវេជ្ជបណ្ឌិត លី សុវត្ថិ ជាតំណាងនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជំងឺនេះនឹងចេញរោគសញ្ញា ក្នុងរយៈពេលមួយអាទិត្យ ១០ថ្ងៃ ឬរាប់ខែអាស្រ័យតាមរបួស។ លោកថា វាជាជំងឺគ្រោះថ្នាក់ ប៉ុន្តែយ៉ាងណាលោកថា នៅកម្ពុជាមានវ៉ាកសាំងការពារជំងឺនេះ។
World Rabies Day ជាយុទ្ធនាការអន្តរជាតិប្រឆាំងជំងឺឆ្កែឆ្កួត សម្របសម្រួលដោយអង្គការ Global Alliance for Rabies Control មានទីស្នាក់ការនៅអាមេរិក និងអង់គ្លេស។ យុទ្ធនាការរៀបចំឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី ២៨ ខែកញ្ញា៕
អត្ថបទ៖ អ៊ុំ សុភក្តិ