តារា​ចម្រៀង​ល្បី ៣ រូប​នាំ​យក​ថវិកា​ជាង ១០ ០០០ ដុល្លារ​ជួយ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា

  • 2015-09-28 23:23:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារា​ចម្រៀង មាស សុខសោភា ឆាយ វីរៈយុទ្ធ និង​ឌីជេ ក្ដឹប បាន​នាំ​យក​ថវិកា​ចំនួន ១៣ ០០០ ដុល្លារ​អាមេរិក ប្រគល់​ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ព្យាបាល​កុមារ​កំពុង​សម្រាក​ព្យាបាល​នៅ​ទី​នោះ។

 

 

ជួស​មុខ​ឱ្យ​តារា​ចម្រៀង​ផ្សេង​ទៀត ឌីជេ ក្ដឹប បាន​និយាយ​ថា ថវិកា​ទាំង​អស់​បាន​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ការ​ប្រគំ​តន្ត្រី​សប្បុរសធម៌​រៀប​ចំ​ឡើង​ដោយ​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ ដែល​ពួក​គេ​បាន​ទៅ​ចូលរួម​សម្ដែង​ច្រៀង​កាល​ពី​សប្ដាហ៍​មុន​នេះ។ ក្រៅ​ពី​នេះ ក៏​មាន​ការ​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ ពី​សប្បុរសជន​តំណាង​ក្រុមហ៊ុន នៅ​ប្រទេស​កូរ៉េ​ផង​ដែរ។

 

តារា​ចម្រៀង Rap ដដែល​រំលឹក​បន្ត​ថា នេះ​ជា​ការ​រៀបចំ​លើក​ដំបូង​របស់​ពលករ​ខ្មែរ​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ ភាគ​ច្រើន​ស្ថិត​ក្នុង​ផ្នែក​ឧស្សាហកម្ម ដែល​ទៅ​ពី​គ្រប់​ទិសទី។ “ខ្ញុំ​សោកស្ដាយ! ប្រសិន​បើ​មាន​កន្លែង​សម្រាប់​ទទួល​បង​ប្អូន​ពលករ​យើង ប្រហែល​ជា​អាច​បាន​ថវិកា​ច្រើន​ជាង​នេះ​ទៀត ដើម្បី​ជួយ​មន្ទីរ​ពេទ្យ គន្ធបុប្ផា"។ នាយ ក្ដឹប បញ្ជាក់​មក​កាន់ Sabay មុន​នេះ​បន្តិច។

 

តារា​ចម្រៀង​មាន​ប្រវត្តិ​ជា​កូន​ក្រ​ខ្សត់​រូប​នេះ បាន​អះអាង​ថា មាន​ពលករ​កូរ៉េ​ចូលរួម​ទស្សនា​ប្រមាណ ២៥% ប៉ុណ្ណោះ​បាន​ទិញ​សំបុត្រ និង​មាន​កន្លែង​ទទួល​ត្រឹមត្រូវ ខណៈ​ពលករ​ប្រមាណ​ជាង ៧០% ផ្សេង​ទៀត ​មិន​មាន​កន្លែង​សម្រាប់​ទទួល​ពួក​គេ​ទេ ហើយ​ចូលរួម​ទស្សនា​ដោយ​សេរី។ ប៉ុន្តែ​ក៏​មាន​ពលរដ្ឋ​ខ្មែរ​នៅ​ទី​នោះ​ខ្លះ​បាន​ចំណាយ​ថវិកា​ទិញ​សំបុត្រ ទោះ​បី​ជា​មិន​បាន​ចូលរួម​ទស្សនា​ដោយ​ផ្ទាល់​យ៉ាង​ណា​ក៏​ដោយ។

 

ក្ដឹប អះអាង​ថា តារា​ចម្រៀង​ទាំង​អស់​ពី​កម្ពុជា មាន​មោទនភាព ដោយ​ឃើញ​ពលករ​នៅ​ទី​នោះ មាន​ចិត្ត​ជួយ​ពលរដ្ឋ​កំពុង​រស់នៅ និង​ជួប​ការ​លំបាក​នៅ​ស្រុក​កំណើត​ដូច្នេះ។ លោក​សង្ឃឹម​ថា នឹង​មាន​​ឱកាស​សម្ដែង​នៅ​ប្រទេស​កូរ៉េ ឬ​ប្រទេស​ផ្សេង​ម្ដង​ទៀត ដើម្បី​ស្វែង​រក​ថវិកា​ជួយ​ដល់​មន្ទីរ​ពេទ្យ​មួយ​នេះ ឬ​ប្រជាពលរដ្ឋ​ក្រីក្រ​ផ្សេង​ទៀត កំពុង​ជួប​ការ​លំបាក៕

 

អាន​អត្ថបទ៖  ស្រី​ស្អាត សូ លីហ្សា ក្ដាប់​បាន​តំណែង​តួ​ឯក​លើក​ដំបូង

អាន​អត្ថបទ៖  លាង ឧត្ដម ក្លាយ​ជា​អ្នក​ចាត់​ការ​លើ​​មុខ​ជំនួញ​តម្លៃ​ជិត​១០​ម៉ឺន​ដុល្លារ

 

 

អត្ថបទ៖ សំ ជំនាញ

រូប​ថត​៖ ផ្ដល់​ឱ្យ