សំនួរមួយចំនួនអ្នកគួរសួរទៅកាន់អ្នកសម្ភាសន៍ការងារ
- 2015-09-29 21:13:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សំនួរមួយចំនួនអ្នកគួរសួរទៅកាន់អ្នកសម្ភាសន៍ការងារ
ចន្លោះមិនឃើញ
ក្នុងដំណាក់កាលសម្ភាសន៍ការងារ អ្នកមិនមែនគ្រាន់តែឆ្លើយសំនួរដែលអ្នកសម្ភាសន៍សួរនោះទេ ពោលគឺភាគច្រើនអ្នកក៏ត្រូវបានគេផ្ដល់ឱកាសឲ្យសួរវិញផងដែរ ជាពិសេសគឺផ្នែកចុងក្រោយនៃកិច្ចសម្ភាសន៍។ ដូចនេះតើសំនួរបែបណាខ្លះ ដែលអ្នកគួរសួរទៅកាន់អ្នកសម្ភាសន៍វិញ? ខាងក្រោមនេះជាសំនួរមួយចំនួន ដែលអ្នកអាចសួរ៖
១. តើនៅក្នុងក្រុមហ៊ុន វាយតម្លៃពីដំណើរការការងារយ៉ាងដូចម្ដេច?
សំនួរនេះ អាចបង្ហាញទៅកាន់អ្នកសម្ភាសន៍ថាអ្នកជាបេក្ខជនមានចំណាប់អារម្មណ៍ខ្លាំង ទៅលើមុខតំណែងដែលបានដាក់ និងចង់ធ្វើការងារនោះឲ្យបានជោគជ័យ។ វាបង្ហាញពីការយកចិត្តទុកដាក់ និងការគិតថាតើតម្លៃរបស់អ្នកនឹងស័ក្ដិសមជាមួយក្រុមហ៊ុនឬស្ថាប័ននោះឬអត់។
២. តើអ្នកចូលចិត្តបរិយាកាសការងារនៅទីនេះទេ?
សំនួរនេះជាលក្ខណៈកំប្លែងហួសចិត្តបន្តិច ប៉ុន្តែវាធ្វើឲ្យអ្នកជិតស្និទ្ធកៀកនឹងអ្នកសម្ភាសន៍ជាងមុន និងឲ្យអ្នកដឹងពីបរិស្ថានការងារក្នុងក្រុមហ៊ុនឬស្ថាប័ន និងអ្វីដែលជាការសម្របទៅនឹងទីកន្លែងថ្មីនេះទៀតផង។
៣. តើអ្នកអាចប្រាប់ខ្ញុំអំពីមនុស្សឬក្រុមការងារដែលខ្ញុំនឹងត្រូវធ្វើការជាមួយបានទេ?
វាមានសារសំខាន់នៅពេលដឹងពីមនុស្សដែលយើងនឹងធ្វើការជាមួយ។ ប្រសិនបើអ្នកនឹងត្រូវផ្ដល់ការងារទៀតនោះ គឺនឹងអាចទទួលគំនិតថ្មី និងការរួមចំណែករបស់អ្នកអាចអភិវឌ្ឍក្រុមហ៊ុនឬស្ថាប័ននោះបានប្រសើរ។ អ្នកសម្ភាសន៍នឹងមិនកំណាញ់ឬអៀននឹងឆ្លើយនោះទេ ពួកគេនឹងរីករាយក្នុងការប្រាប់អ្នកអំពីក្រុមការងារដែលនឹងអាចធ្វើការជាមួយអ្នក និងព័ត៌មានបន្ថែមអំពីក្រុមហ៊ុន។
៤. ហេតុអ្វីបានជាមុខតំណែងមួយនេះទំនេរ?
មិនបាច់ខ្លាចថាសំនួរនេះមិនត្រូវសួរនោះទេ អ្នកអាចសួរបានព្រោះវានឹងឲ្យអ្នកដឹង ថាតើវាជាតួនាទីថ្មី ឬមួយជាជំនួសតំណែងអ្នកចាស់។ វាជាសំនួរដែលឲ្យអ្នកដឹងពីស្ថានភាពក្រុមហ៊ុន និងដំណើរការតួនាទីនោះនៅក្នុងក្រុមហ៊ុនផង។
៥. តើក្រុមហ៊ុនមានផ្ដល់ជាការបណ្ដុះបណ្ដាលដើម្បីអភិវឌ្ឍបន្ថែមឬទេ?
សំណួរមួយនេះ នឹងបង្ហាញថាអ្នកចង់អភិវឌ្ឍខ្លួន និងរួមចំណែកជាមួយគ្នាដើម្បីឲ្យក្រុមហ៊ុនឬស្ថាប័នបានប្រសើរ។ តាមរយៈការចង់ដឹងពីការអភិវឌ្ឍខ្លួនដើម្បីដំណើរការងារបានល្អក្នុងក្រុមហ៊ុន វាជាសំនួរមួយទាក់ទាញចិត្តអ្នកសម្ភាសន៍ ជាពិសេសសម្រាប់អ្នកស្វែងរកការងារក្នុងវិស័យបច្ចេកវិទ្យា។
៦. តើមានឱកាសសម្រាប់អភិវឌ្ឍជាមួយក្រុមហ៊ុនឬទេ?
សួរទៅកាន់អ្នកសម្ភាសន៍បែបនេះ មានន័យថាអ្នកម៉ត់ចត់ និងជាមនុស្សឲ្យតម្លៃនឹងការងារ។ វាបង្ហាញពីការប្ដេជ្ញារបស់អ្នក។ អ្នកជ្រើសរើសបុគ្គលិកភាគច្រើន ចង់បានមនុស្សណាដែលមានសមត្ថភាព មានគោលដៅអភិវឌ្ឍច្បាស់លាស់ និងពេញរីករាយនឹងការងារ។ ដូចនេះវាជាទំនុកចិត្តមួយរបស់អ្នកទៅកាន់អ្នកជ្រើសរើសបុគ្គលិក ហើយក៏បង្ហាញពីការសម្លឹងមើលទៅមុខបានឆ្ងាយផងដែរ។
៧. តើអ្នកមានចម្ងល់អ្វីខ្លះទៀតទាក់ទងនឹងចំណេះជំនាញរបស់ខ្ញុំ?
នេះជាសំនួរសួរទៅកាន់អ្នកសម្ភាសការងារវិញក្នុងករណីមួយដែលអ្នកមិនបានបង្ហាញអស់នៅក្នុងCV ឬអ្នកចង់ប្រាប់ចំណុចសំខាន់មួយចំនួនថែមទៀត។ តែអ្នកត្រូវចងចាំថាអ្នកមានភាពច្បាស់លាស់លើអ្វីដែលបានលើកឡើងបន្ថែមទៀតនោះ។
៨. តើក្រោយដំណាក់កាលជាប់ជាបុគ្គលិកមានអ្វីត្រូវដឹងបន្ថែមទៀត?
សំណួរសំខាន់មួយនេះនឹងបង្ហាញទៅអ្នកសម្ភាសន៍ថាអ្នកចាប់អារម្មណ៍ និងរីករាយចំពោះដំណើរឆ្ពោះទៅមុខជាមួយការងារក្នុងក្រុមហ៊ុនឬស្ថាប័ន។ ជាមួយគ្នានេះអ្នកនឹងត្រៀមដើម្បីទទួលដំណឹងល្អផងដែរ៕
ចុចអាន៖ ៧សំណួរមិនគួរសួរបកទៅអ្នកសម្ភាសន៍
ចុចអាន៖ តើគួរចរចាប្រាក់ខែបែបណាពេលសម្ភាសការងារ?
ប្រែសម្រួល៖ មាន រតនា ប្រភព៖ theundercoverrecruiter , careerattraction