YG គ្មានគម្រោងចេញអាល់ប៊ុមថ្មីឲ្យ 2NE1 ខណៈកុងត្រាសល់តែមួយឆ្នាំ
- 2015-10-05 23:33:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
YG គ្មានគម្រោងចេញអាល់ប៊ុមថ្មីឲ្យ 2NE1 ខណៈកុងត្រាសល់តែមួយឆ្នាំ
ចន្លោះមិនឃើញ
នាយកប្រតិបត្តិរបស់ផលិតកម្មចម្រៀងកូរ៉េ YG Entertainment បានទទួលស្គាល់ថា ក្រុមចម្រៀង 2NE1 គ្មានគម្រោងត្រលប់មកឆាកតន្ត្រីវិញទេនៅពេលបច្ចុប្បន្ន។
កំឡុងពេលសន្និសីទកាសែត ដែលត្រូវបានធ្វើឡើងពេលចប់ការប្រគំតន្ត្រីរបស់ក្រុមចម្រៀង Ikon លោក Yang Hyun Suk បាននិយាយថា "វាពិបាកនិយាយណាស់ថា តើ 2NE1 នឹងចេញអាល់ប៊ុមថ្មីនៅពេលណា"។
សព្វថ្ងៃនេះ សមាជិកនិមួយៗរបស់ 2NE1 កំពុងតែការងាររៀងៗខ្លួន ដោយ CL កំពុងត្រៀមខ្លួនបង្ហាញខ្លួននៅលើទីផ្សារ អាមេរិក។ Dara កំពុងតែសម្ដែងរឿងនិងចូលរួមកម្មវិធីផ្សេងៗ។ Minzy ត្រូវបានគេរាយការណ៍ថាកំពុងតែផ្ដោតអារម្មណ៍លើការសិក្សា។ រីឯ Park Bom បានផ្អាកគ្រប់សកម្មភាពរបស់ខ្លួនទាំងអស់បន្ទាប់ពី បានពាក់ព័ន្ធនឹងអាស្រូវគ្រឿងញៀនកាលពីឆ្នាំទៅ។
ចំពោះបញ្ហានេះ Yang Hyun Suk បានបញ្ចេញមតិថា "វាជាបញ្ហាដ៏រសើបមួយ ប៉ុន្តែវាមានបញ្ហាចម្រូងចម្រាសពាក់ព័ន្ធនឹង Park Bom តាំងពីឆ្នាំមុន។ និយាយការពិត ខ្ញុំគិតថា នាងគួរតែចំណាយពេលដើម្បីពិចារណាទង្វើខ្លួនឡើងវិញ។ ខណៈពេលនេះពួកយើងកំពុងផ្ដោតលើការចេញបទចម្រៀងដំបូងរបស់ CL នៅអាមេរិក។ ក្រោយពីបទចម្រៀងរបស់នាងដំណើរការល្អហើយ ពួកយើងនឹងគិតពីគម្រោងថ្មីៗសម្រាប់ 2NE1។ កុងត្រាក្រុម 2NE1 នៅមានសុពលភាពរយៈពេលមួយឆ្នាំទៀត"។
ក្រៅពីក្រុម 2NE1 លោកក៏បានបង្ហើបដែរថា ក្រុមចម្រៀងស្រីថ្មីរបស់ផលិតកម្ម YG នឹងបង្ហាញខ្លួននៅពេលខាងមុខ។ "ពួកយើងកំពុងតែពិភាក្សាជាមួយផលិតករទាំងឡាយ ដោយសារតែគម្រោងបានគិតជាយូរណាស់មកហើយ។ ខ្ញុំសង្ឃឹមថាពួកគេនឹងបង្ហាញមុខនៅដើមឆ្នាំក្រោយ។ ពួកគេនៅក្មេងក៏ពិតមែន តែពួកគេបានត្រៀមខ្លួនរួចជាស្រេច" Yang Hyun Suk ប្រាប់បណ្ដាញសារព័ត៌មាន៕
ចុចអាន៖Park Bom ប្រែប្រួលមុខយ៉ាងណាខ្លះមុននិងក្រោយពេលចូលក្រុម 2NE1
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖ soompi