អូឡាំពិក​អន្តរជាតិ​សរសើរ​ពី​ការ​ផ្សព្វផ្សាយ​កីឡា​នៅ​កម្ពុជា ​

  • 2015-10-08 15:48:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មាធិការ​​អូឡាំពិក​អន្តរជាតិ​ (IOC)​បាន​អញ្ជើញ​​ឯកឧត្តម​​ វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា(NOCC)​​ឲ្យ​ធ្វើ​បទ​បង្ហាញ​ពី​របៀប​​នៃ​ការ​ផ្សព្វផ្សាយ​វិស័យ​កីឡា​​នៅ​ប្រទេស​កម្ពុជា​​​ បន្ទាប់​ពី​ស្ថាប័ន​កីឡា​អន្តរជាតិ​មួយ​នេះ​​ចាប់​អារម្មណ៍​នឹង​ការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​របស់​ថ្នាក់​ដឹក​នាំ​កីឡា​កម្ពុជា។

 

 

ឯកឧត្តម​​ វ៉ាត់ ចំរើន ​បាន​ចូល​រួម​មហា​សន្និបាត​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​លើក​ទី​៣៤​ នៅ​ទី​ក្រុង Ashgabat ប្រទេស​ទួរមេនីស្ថាន​តាំង​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា និង​ចូល​រួម​កម្មវិធី​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​ដែល​ឯកឧត្តម​អគ្គលេខាធិការ​បាន​ចំណាយ​ពេល​​ជា​ច្រើន​ថ្ងៃ​ទើប​បាន​វិល​ត្រឡប់​មក​កម្ពុជា​​វិញ​កាល​ពី​ដើម​​សប្តាហ៍​កន្លង​ទៅ​នេះ។

 

​ក្នុង​ឱកាស​​បំពេញ​ការងារ​​រយៈ​ពេល​វែង​នេះ​ ឯកឧត្តម​​​ បាន​​ឲ្យ​ដឹង​ថា​ ​កម្ពុជា​​ទទួល​បាន​លទ្ធផល​សំខាន់​ពីរ​គឺ​ទី​១​ទទួល​បាន​ការ​វាយ​តម្លៃ​កោត​សរសើរ​ខ្ពស់​អំពី​ការ​ផ្សព្វផ្សាយ​កីឡា​នៅ​​​កម្ពុជា​ និង​ទី​ពីរ​ទទួល​បាន​ចំណេះ​ដឹង​កាន់​តែ​ច្បាស់​អំពី​របៀប​នៃ​ការ​​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​ដែល​កម្ពុជា​​ត្រៀម​ខ្លួន​​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣។

 

ឯកឧត្តម​​មាន​ប្រសាសន៍​ថា ៖«ក្នុង​ឱកាស​នោះ IOC បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​​​បង្ហាញ​ពី​របៀប​ផ្សព្វផ្សាយ​កីឡា​ទៅ​កាន់​មហាជន​ គេ​ចង់​ដឹង​​​ថា​ យើង​ធ្វើ​បែប​ណា​បាន​ជា​ការ​ផ្សព្វផ្សាយ​របស់​យើង​ទូលំទូលាយ​ ហើយ​អ្នក​នៅ​ក្រៅ​ប្រទេស​​ក៏​បាន​ដឹង​ច្រើន​អំពី​កីឡា​នៅ​ស្រុក​ខ្មែរ​យើង»។

 

គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​បាន​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​សកម្ម​ភាព​កីឡា​នៅ​កម្ពុជា​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ និង​បាន​វាយ​តម្លៃ​ខ្ពស់​ថា​ កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​កំពូល​១០​លើ​គេ​នៅ​ទ្វីប​អាស៊ី​ដែល​ផ្សព្វផ្សាយ​ពី​​វិស័យ​កីឡា​បាន​ទូលំទូលាយ​។

 

«IOC បាន​វាយ​តម្លៃ​ថា​ យើង​អាច​ស្ថិត​ក្នុង​ចំណោម​ប្រទេស​លើ​គេ​១០​ប្រទេស​ក្នុង​ចំណោម​ប្រទេស​នៅ​អាស៊ី​ជាង​៤០​ប្រទេស។ គេ​បាន​ដឹង​អំពី​សកម្មភាព​កីឡា​នៅ​​កម្ពុជា​ច្រើន​»។ ឯកឧត្តម​ វ៉ាត់ ចំរើន​ បាន​ប្រសាសន៍​ និង​បញ្ជាក់​ថា​ ការ​ផ្សព្វផ្សាយ​កីឡា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ភាគ​ច្រើន​ខុស​នឹង​បណ្តា​ផ្សេង​នៅ​អាស៊ី។ ស្ថាប័ន​កីឡា​​នៅ​កម្ពុជា​ចាប់​ដៃ​គូ​នឹង​ស្ថាប័ន​ព័ត៌មាន​​ដើម្បី​ផ្សព្វផ្សាយ​អំពី​កីឡា​ ដូច្នេះ​ងាយ​ស្រួល​ក្នុង​ផ្ដល់​ព័ត៌មាន​រាល់​មាន​ព័ត៌មាន​ និង​ព្រឹត្តិការណ៍​កីឡា។ ចំពោះ​​ប្រទេស​គេ​វិញ​ភាគ​ច្រើន​ផ្ដល់​សិទ្ធិ​ឲ្យ​ទៅ​ស្ថាប័ន​ផ្សព្វផ្សាយ​ណា​មួយ​ឲ្យ​​ចែក​ចាយ​ការ​ផ្សព្វផ្សាយ​ទៅ​ស្ថាប័ន​ព័ត៌មាន​ផ្សេង​ទៀត​ ដូច្នេះ​ការ​ចែក​រំលែក​បែប​នេះ​គឺ​មិន​ទូលំទូលាយ​ទេ​ ពី​ព្រោះ​ត្រូវ​ការ​ចំណាយ​ប្រាក់​ទើប​អាច​ទទួល​បាន​សិទ្ធិ​ចែក​ចាយ​បន្ត។

 

ឯកឧត្តម​អគ្គលេខាធិការ​បាន​បញ្ជាក់​ថា ជាក់​ស្ដែង​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ីហ្គេម​រយៈ​ពេល​ពីរ​លើក​កន្លង​មក​នេះ​​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ក៏​ដូច​ជា​សហព័ន្ធ​កីឡា​នីមួយ​ៗ​បាន​សហការ​ជា​មួយ​ស្ថាប័ន​ផ្សព្វផ្សាយយ៉ាង​ល្អ​​ និង​ចែក​រំលែក​ព័ត៌មាន​យ៉ាង​ទូលំទូលាយ​ដែល​ធ្វើ​ឲ្យ​ស្ថាប័ន​កីឡា​អន្តរជាតិ​ចាប់​អារម្មណ៍​នឹង​ការ​ផ្សព្វផ្សាយ​របស់​កម្ពុជា។

 

ឯកឧត្តម​​បន្ថែម​ទៀត​ថា គោល​ការណ៍​សំខាន់​ពីរ​ដែល​ងាយ​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​គឺ​ទី​១​ រៀប​ចំ​ការ​ប្រកួត​បែប​កីឡា​ជំនាញ​​ដើម្បី​ស្វែង​រក​ជយលាភី​ពិត​ប្រាកដ​ និង​ទី​ពីរ​ការ​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​​បែប​ព្រឹត្តិការណ៍​ដូច​ជា​នៅ​ក្នុង​​​ពិធី​បុណ្យ​សមុទ្រ​ បុណ្យ​ទន្លេ ឬ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​​ជា​ដើម​​សុទ្ធ​តែ​​មាន​សកម្មភាព​កីឡា។

 

ក្រៅ​ពី​ធ្វើ​បទ​បង្ហាញ​ និង​ទទួល​បាន​ការ​វាយ​តម្លៃ​ខ្ពស់​អំពី​ការ​ផ្សព្វផ្សាយ​កីឡា​​ ថ្នាក់​ដឹក​នាំ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ក៏​​សិក្សា​ស្វែង​​យល់​កាន់​តែ​ច្បាស់​អំពី​​របៀប​នៃ​ការ​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​ដែល​កម្ពុជា​គ្រោង​ធ្វើ​ម្ចាស់​ផ្ទះ​ការ​ប្រកួត​ស៊ីហ្គេម​ឆ្នាំ​២០២៣។ លើស​ពី​នេះ​​​ស្ថាប័ន​កីឡា​អន្តរជាតិ​ថែម​ទាំង​ត្រៀម​ជួយ​ដល់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​​អំពី​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​​សម្រាប់​ស៊ីហ្គេម​ឆ្នាំ​២០២៣៕

 

 

អត្ថបទ៖ ជាន ចាន់រ៉ា​