សោកនាដកម្ម​ដំរី​​ព្រៃ១៤​ក្បាល ​ត្រូវ​​​បំពុល​ងាប់​នៅ​​ហ្ស៊ីមបាវ៉េ

  • 2015-10-08 21:19:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ដំរី​ព្រៃដល់​ទៅ​ ១៤ក្បាល ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ដាក់​ថ្នាំ​បំពុល​​ងាប់​នៅ​​កន្លែង​ ​ក្នុង​ពេល​វេលា​ខុស​ៗ​គ្នា​ចំនួន​បី​លើក​ ស្ថិត​នៅ​ភាគ​ខាងលិច​ឧទ្យាន​ជាតិ Hwange ក្នុង​​ប្រទេស​ហ្ស៊ីមបាវ៉េ ដែល​ជា​ជម្រក​នៃ​ដំរី​ព្រៃ ៥៣០០០ក្បាល។

 

 

អ្នកនាំ​ពាក្យ​អាជ្ញាធរ​គ្រប់​គ្រង​ជីវិត​សត្វព្រៃ និង​ឧទ្យាន​ជាតិ​ហ្ស៊ីមបាវ៉េ ​និយាយ​ថា ដំរី​ចំនួន ៦ក្បាល ត្រូវ​បាន​សម្លាប់​យក​ភ្លុក​កាលពី​ថ្ងៃ​ទី ២៦​កញ្ញា ក្នុង​ឧទ្យាន​នេះ។ ​​បន្ទាប់​មក​ ថ្ងៃ​ទី​២តុលា ក្រុម​អ្នក​ល្បាត​ឧទ្យាន បាន​រក​ឃើញ​សាកសព​ដំរី ៥ក្បាល​ផ្សេង​ទៀត ដែល​គេ​ជឿ​ថា ក្រុម​អ្នក​ប្រមាញ់​សត្វ​បាន​ប្រើ​ថ្នាំ​ពុល​លាប​បណ្ដូលពោត ដើម្បី​ឲ្យ​ដំរី​ស៊ី។

 

ចំណែក ៣ក្បាល​​បន្ថែម​ ត្រូវ​បាន​បំពុល​ដោយ​លាប​ថ្នាំ​ពុល​លើ​ផ្លែ​ក្រូច នៅ​ឧទ្យាន Kariba។ អ្នក​នាំ​ពាក្យ​លោក Caroline Washaya-Moyo និយាយ​ថា​មកទល់​ពេល​នេះ ​មិន​ទាន់​មាន​ចាប់​ខ្លួន​នរណា​ម្នាក់​ពាក់ព័ន្ធ​​នឹង​ករណី​នេះ​ឡើយ។

​ ​​ថ្នាំពុល​ប្រភេទ Cyanide  ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​យ៉ាង​ច្រើន​​ក្នុង​ឧស្សាហកម្ម​រ៉ែ នៅ​ហ្ស៊ីមបាវ៉េ ដែល​វា​ងាយស្រួល​នឹង​រក្សាទុក។ ក្រុម​​អ្នក​ប្រមាញ់ ​បាន​ចាប់ផ្ដើម​ប្រើប្រាស់​ថ្នាំ​ពុល​នេះ​​សម្លាប់​ដំរី​តាំង​ពី​​ឆ្នាំ ២០១៣​មកម្លេះ ​ខុស​ប្លែក​ពី​មុន​ដែល​​​គេ​​ធ្លាប់​ប្រើ​តែ​​កាំភ្លើង​វែង និង​អន្ទាក់​ផ្សេង​ៗ​ទៀត​ ដើម្បី​ចាប់​ដំរី​យក​ភ្លុក។

 

បើ​យោង​ទៅ​តាម​ក្រុម​អភិរក្ស​សត្វ​ដំរី​ ក្នុង​ឆ្នាំ​ ២០១៣ ដំរី​ជាង ៣០០ក្បាល​បាន​ងាប់ ក្នុង​ឧទ្យាន Hwange  ក្រោយ​​​ជនល្មើស​លាប​ថ្នាំ​ពុល​លើ​ដើម​ឈើ។ ប៉ុន្តែ​រដ្ឋាភិបាល​បាន​បដិសេធ​តួលេខ​នេះ ថា​មាន​ចំនួន​តែ ៣០ ឬ​៤០ ក្បាល​ប៉ុណ្ណោះ៕

 

ចុច​អាន៖ អ្នកវិទ្យាសាស្ត្រ​អាច​នឹង​ក្លូន​ដំរី​រោម​ក្រាស់​ផុត​ពូជ​ជាង៣​សហស្សវត្សមុន ប្រែ​សម្រួល៖ ឡេង​ ភារុណ ប្រភព៖ express
អត្ថបទថ្មី