លក្ខខ័ណ្ឌ​ងាយៗ ៣ ចំណុច​​ យុវវ័យ​​​ខ្មែរ​អាច​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​នៅ​ក្រៅ​ប្រទេស​​

  • 2015-10-11 12:30:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្រ្តី​គម្រោងផ្នែក​ក្រុម​របស់​អង្គការ​សកម្មភាព​យុវជន​កម្ពុជា​ហៅ​កាត់​ថា (CYA) បាន​ឲ្យ​ដឹង​ថា យុវវ័យ​ដែល​ចង់​ទៅ​ធ្វើ​ការ​ងារ​ស្ម័គ្រចិត្ត​​នៅ​ក្រៅ​ប្រទេស​ គឺ​ត្រូវ​បំពេញ​លក្ខខណ្ឌ​ងាយៗ​ ៣ ចំណុច​​ក្នុង​នោះ​រួមមាន​ ធ្លាប់​ចូលរួម​ការងារ​ណាមួយ​នៅ​ស្រុក​ខ្មែរ ចេះ​ភាសា​អង់គ្លេស និង ការ​ជម្រុញ​លើក​ទឹក​ចិត្ត​ចង់​ទៅ​ធ្វើ​ការ​ស្ម័គ្រចិត្ត។

 

លោក ហង់ សុធា បាន​និយាយ​ទៀត​ថា ប្រសិន​បើ​យុវវ័យ​​មាន​ ៣ ចំណុច​ខាង​លើ​ គឺ​អាច​មក​ដាក់​ពាក្យ​នៅ​អង្គការ​របស់​លោក ដើម្បី​បម្រើ​ការងារ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​នៅ​​ក្រៅ​ប្រទេស​ ដែល​មាន​អង្គការ​ដៃ​គូ​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន ដោយ​ប្រទេស​នៅ​តំបន់​​អាស៊ី ​រួមមាន ថៃ វៀតណាម ជប៉ុន កូរ៉េ ហុងកុង និង តៃវ៉ាន់​ ឯ​នៅ​អ៊ឺរ៉ុប មាន​ដូចជា អាល្លឺម៉ង់ បារំាង អេស្ប៉ាញ​ ជាដើម។

 

 

 

“ល័ក្ខខ័ណ្ឌ​របស់​យើង​ គឺ​ងាយ​ណាស់​គ្រាន់​តែ​​ប្អូនៗ​ ធ្លាប់​​ចូលរួម​គម្រោង​ Work Camp ណាមួយ​ក្នុង​ស្រុក​ ហើយ​ចេះ​និយាយ​ភាសា​អង់គ្លេស និង មាន​ឆន្ទៈ​គ្រប់​គ្រាន់​ចង់​ធ្វើ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ គឺ​ពួកគេ​អាច​មក​ដាក់​ពាក្យ​នៅ​អង្គការ​យើង​បាន​ហើយ។ មួយ​វិញ​ទៀត​យើង​លើក​ទឹក​ចិត្ត​ដល់​សិស្ស-និស្សិត​ដែល​កំពុង​សិក្សា​តាម​សាកល​វិទ្យាល័យ ហើយ​​ប្រសិន​បើ​បាន​ចេញ​ទៅ​ធ្វើ​ការ​ គឺ​ប្អូន​ចំណាយ​តែ​ថ្លៃ​សំបុត្រ​យន្ដ​ហោះ​ដោយ​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ ក្រៅ​ពី​នោះ​មិន​មាន​ចំណាយ​នោះទេ"។ សុធា និយាយ​បន្ថែម។

 

​អង្គការ​សកម្មភាព​យុវជន​កម្ពុជា​ហៅ​កាត់​ថា (CYA) គឺជា អង្គការ​ដែល​មិន​រក​ប្រាក់​ចំណេញ​ ហើយ​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​ការ​សម្របសម្រួល​លើ​ការងារ​ស្ម័គ្រចិត្ត​ពី​ជនបរទេស​មក​ខ្មែរ ពី​ខ្មែរ​ទៅ​បរទេស ហើយ​ផ្ដោត​សំខាន់​លើ​​ការងារ​អប់រំ បរិស្ថាន និង ការ​អភិវឌ្ឈន៍​សហគមន៍ ហើយ​កាល​ពី​​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ CYA ទើប​បញ្ជូន​អ្នក​ស្ម័គ្រចិត្ត​​ទៅ​ក្រៅ​ប្រទេស​ចំនួន​ ២ នាក់។ សុធា និយាយ៕

 

 

 

អត្ថបទ៖​ ប៊ិន ប៊ុណ្ណា រូបថត៖ ទូរសព្ទដៃ

 

 

អត្ថបទថ្មី