​រឿង​ពិត​ពី​ក្រោយ​រូប​ថត​ដ៏​សែន​ល្បី ដែល​បាន​បំផ្លាញ​អនាគត​តារា​ម៉ូដែល​ម្នាក់​

  • 2015-10-10 17:11:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​ប្រើ​អ៊ីនធឺណិត ប្រាកដ​ជា​គ្មាន​អ្នក​ណា​មិន​ធ្លាប់​ឃើញ​រូបថត​មួយ​សន្លឹក​នេះ​ឡើយ។ បង្ហាញ​ពី​​គ្រួសារ​មួយ​ដែល​មាន​ឪពុក​ម្ដាយ​ស្រស់​ស្អាត ក៏​ប៉ុន្តែ​កូន​ៗ​វិញ​មិន​ដឹង​កាត់​ទៅ​អ្នក​ណា រូប​នេះ​ត្រូវ​បាន​គេ​សរសេរ​ភ្ជាប់​​​ថា "អ្វី​ដែល​អ្នក​ត្រូវ​បារម្ភ​នោះ​គឺ​ត្រូវ​ឆ្លើយ​សំណួរ​របស់​កូន​ៗ​បែប​ណា"។

 

 

តួ​ឯក​ស្រី​ក្នុង​រូប​គឺ តារា​ម៉ូដែល​តៃវ៉ាន់ Heidi Yeh ដែល​​ធ្លាប់​ថត​ពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន​ធំ​ៗ​ជា​ច្រើន ក៏​ដូច​ជា​លេច​មុខ​ក្នុង​វីដេអូ​ចម្រៀង​មួយ​ចំនួន​កន្លង​មក បាន​និយាយ​ថា​នាង​ស្ដាយ​ក្រោយ​បំផុត​ដែល​បាន​ថត​រូប​មួយ​សន្លឹក​នេះ ដោយ​សារ​វា​បាន​ធ្វើ​ឲ្យ​ជីវិត​របស់​នាង​៣ឆ្នាំ​ចុង​ក្រោយ​នេះ ដូច​ជា​ធ្លាក់​នរក​ទាំង​រស់។

 

នៅ​ក្នុង​សន្និសីទកាសែត​មួយ​កាល​ពី​ថ្ងៃ​ពុធ Yeh បាន​និយាយ​ទាំង​ទឹក​ភ្នែក​ថា តាំង​ពី​រូប​នោះ​ល្បីល្បាញ​លើ​បណ្ដាញ​អ៊ីនធឺណិត​មក ការងារ​របស់​នាង​បាន​ដាំ​ក្បាល​ចុះ​ទាំង​នៅ​តៃវ៉ាន់ និង​នៅ​ប្រទេស​ផ្សេង​ៗ។

 

 

Yeh និយាយ​ថា​នាង​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ម៉ូដែល​មួយ​ក៏​ដូច​ជា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ J. Walter Thompson (JWT) ក្នុង​ការ​ថត​រូប​មួយ​នេះ ដើម្បី​ជា​ការ​ផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​គ្លីនិក​កែ​សម្ផស្ស​មួយ។ ក្នុង​កិច្ចសន្យា​នោះ រូប​ថត​ខាង​លើ​អាច​ប្រើប្រាស់​សម្រាប់​តែ​ការ​បោះពុម្ព​ផ្សាយ​​ដូច​ជា​កាសែត​និង​ទស្សនាវដ្ដី​ប៉ុណ្ណោះ។ ប៉ុន្តែ​មិន​បាន​ប៉ុន្មាន គ្លីនិក​កែ​សម្ផស្ស​មួយ​ទៀត​បាន​យក​រូប​ថត​នេះ​ទៅ​ប្រើប្រាស់​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​តាម​អ៊ីនធឺណិត​របស់​ខ្លួន ដែល​ធ្វើ​ឲ្យ​រូប​នេះ​ក្លាយ​ជា​រូប​ល្បី​ពេញ​ពិភពលោក​ក្នុង​រយៈ​ពេល​ដ៏​ខ្លី។

 

រឿងរ៉ាវ​ប្រឌិត​មួយ​ដែល​និយាយ​ពី​បុរស​ម្នាក់​បាន​ប្ដឹង​ភរិយា​របស់​ខ្លួន​ដោយ​សារ​កូន​ៗ​មាន​មុខ​អាក្រក់ ត្រូវ​បាន​ចេញផ្សាយ​ដោយ​គេហទំព័រ Heilongjiang និង​បាន​ក្លាយ​ជា​រឿង​ល្បី​លើ​បណ្ដាញ​អ៊ីនធឺណិត ក្រោយ​ពី​សារព័ត៌មាន​អន្តរជាតិ​នានា​បាន​យក​រូបថត​ខាង​លើ​នេះ​មក​ភ្ជាប់​ជាមួយ​នឹង​សាច់រឿង។ តាំង​ពី​ពេល​នោះ​មក រូប​នេះ​ត្រូវ​បាន​គេ​យក​មក Troll និង​បង្កើត​ជា​សាច់​រឿង​ផ្សេង​ៗ​រាប់​មិន​អស់។​

 

ជា​លទ្ធផល តារា​ម៉ូដែល Yeh បាន​និយាយ​ថា​នាង​បាន​ខាត​បង់​សរុប​ជា​ទឹក​ប្រាក់​ជាង ៤លាន​ដុល្លារ​តៃវ៉ាន់ (ជាង ១២ម៉ឺន​ដុល្លារ​អាមេរិក) ខណៈ​ដែល​ក្រុមហ៊ុន​ផ្សេង​ៗ​ឈប់​ហៅ​នាង​ថត។ អ្វី​ដែល​កាន់​តែ​ធ្វើ​ឲ្យ​នាង​ឈឺចាប់​នោះ គឺ​ព័ត៌មាន​ដែល​គេ​ប្រឌិត​ថា​នាង​ជា​មនុស្ស​ស្រី​បោកប្រាស់ និង​បាន​វះកាត់​កែ​សម្ផស្សដើម្បី​បាន​រៀបការ។​

 

បច្ចុប្បន្ន Yeh កំពុង​ប្ដឹង​ក្រុមហ៊ុន JWT និង​គ្លីនិក​ដែល​យក​រូប​នាង​ទៅ​ប្រើ​ខុស​កិច្ចសន្យា ទាមទារ​សំណង​ចំនួន ៥លាន​ដុល្លារ​តៃវ៉ាន់ (ជាង​១៥ម៉ឺន​ដុល្លារ​អាមេរិក)។

 

 

Simple Beauty ដែល​ជា​គ្លីនិក​ដែល​យក​រូប​របស់​នាង​មក​ប្រើ​តាម Online បាន​ចេញ​ការ​បក​ស្រាយ​លើ​ Facebook Page របស់​ខ្លួន​ថា ពួក​គេ​បាន​ទាក់ទង​ក្រុមហ៊ុន JWT ដើម្បី​យក​រូប​នេះ​មក​ប្រើ​ដោយ​មាន​លក្ខខណ្ឌ​ត្រឹម​ត្រូវ។ គេ​បាន​បន្ថែម​ថា រាល់​បញ្ហា​នានា​គឺ​ជា​ការ​ដោះ​ស្រាយ​រវាង​នាង​និង​ក្រុមហ៊ុន JWT តែ​ប៉ុណ្ណោះ។

 

ដោយ​ឡែក​ក្រុមហ៊ុន JWT បាន​ឲ្យ​ដឹង​ថា​គេ​កំពុង​តែ​រៀបចំ​ឲ្យ​មេធាវី​ប្ដឹង​បក​វិញ ដោយ​បាន​អះអាង​ថា ការ​ចោទ​ប្រកាន់​របស់ Yeh គឺ​ជា​រឿង​មិន​ពិត​និង​ធ្វើ​ឲ្យ​ខូចខាត​ដល់​កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុន​របស់​គេ ៕​​

 

 

ចុចអាន៖បុរស​ម្នាក់​ស្ទើរ​ក្អួត​ឈាម​ ញ៉ាំ​បង្គា​មួយ​ចាន គិត​លុយ​អស់​​២៤០​ដុល្លារ​

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖shanghaiist