អរគុណ​លោក​គ្រូ​ដែល​ជំរុញ​ឲ្យ​ខ្ញុំ​មាន​ថ្ងៃ​នេះ

  • 2015-10-16 17:44:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​កូន​កសិករ​ក្នុង​​ស្រុក​ តំបែរ ​​ខេត្ត​កំពង់ចាម​ ​ខ្ញុំ​មិន​សូវ​ទទួល​បាន​ការ​យក​ចិត្ត​ទុកដាក់​ និង​ចាប់​អារម្មណ៍​ពី​មិត្តភ័ក្ដិ ​និង​លោកគ្រូ អ្នក​គ្រូ​ប៉ុន្មាន​ឡើយ​ពេល​នៅ​រៀន​តាំង​ពី​អនុ​ដល់​វិទ្យាល័យ​​ ព្រោះ​សម្បុរ​ខ្ញុំ​ខ្មៅ ​រូបរាង​​​ក៏​មិន​សូវ​ស្អាត​​​ចូលចុះ​ចំណោម​គេ។ ​មួយ​ទៀត​ដោយសារ​រវល់​ធ្វើ​ស្រែ​ចម្ការ ​និង​មិន​មាន​លុយ​ទៅ​គួរ​ដូច​គេ​ ការ​សិក្សា​របស់​ខ្ញុំ​​បាន​ត្រឹម​មធ្យមៗ​ដូច​គេ​ដូច​ឯង​ប៉ុណ្ណោះ។ ​​វា​មិន​ចម្លែក​ទេ​ដែល​លោក​គ្រូ​អ្នក​គ្រូ​ពិសេស​ផ្នែក​វិទ្យាសាស្ត្រ​ស្រឡាញ់​ចូលចិត្ត​តែ​សិស្ស​ពូកែ ​តែ​ពេលខ្លះ​​ខ្ញុំ​មាន​អារម្មណ៍​អន់ចិត្ត​ខ្លាំង​ដែរ ​ព្រោះ​មិន​ត្រឹម​តែ​មិន​លើក​ទឹកចិត្ត​ទេ ​សម្ដី​ និង​ទង្វើ​របស់​ពួកគាត់​​ពេលខ្លះ​ហាក់​ដូច​មើល​ងាយ ​និង​បំបាក់​ទឹកចិត្ត​ខ្ញុំ​ជា​ខ្លាំង។

 

រូបតំណាង

 

​ចូល​ដល់​ទី ​១១ ​​ការ​សិក្សា​របស់​ខ្ញុំ​នៅ​ទ្រឹង​មិន​សូវ​ទៅ​មុខ​ដដែល​ ព្រោះ​ខ្ញុំ​ត្រូវ​បែងចែក​ខួរក្បាល​គិត​រឿង​ការងារ​ផ្ទះ​ផង ​និង​ការ​សិក្សា​ផង។ ​​​ខ្ញុំ​​ហាក់​បាក់​ទឹកចិត្ត​ចំពោះ​ការ​មិន​យក​ចិត្ត​ទុកដាក់​ពី​មនុស្ស​ជុំវិញ ​និង​គិត​ថា ​បើ​រៀន​ចប់​ក៏​មិន​ដឹង​មាន​លុយ​ឯណា​រៀន​បន្ត​បើ​គ្រួសារ​ក៏​ក្រ​ទៀត។ ​​មើល​ទៅ​មាន​តែ​ទៅ​រក​ស៊ីឈ្នួល​គេ​​ដើម្បី​បាន​លុយ​ខ្លះ​ជួយ​សម្រាល​បន្ទុក​គ្រួសារ។ ​​​ខ្ញុំ​គិត​ថា ​នឹង​ឈប់​រៀន​ទៅ​ហើយ ​តែ​ចៃដន្យ​​មាន​លោក​គ្រូ​ម្នាក់​​ដែល​តែង​ឈឺឆ្អាល​ខ្ញុំ​ជាង​គេ​​គឺ​លោក​គ្រូ ​សុខា​ ​បង្រៀន​មុខវិជ្ជា​ភូមិវិទ្យា ​​មាន​រូបរាង​សង្ហា​បញ្ចប់​បរិញ្ញា​មក​ពី​ភ្នំពេញ។ ​​លោក​គ្រូ​​​បាន​ប្រាប់​ខ្ញុំ​ថា ​​មាន​តែ​ការ​រៀន​ទេ ​​ដែល​អាច​ឲ្យ​ខ្ញុំ​​ចាកចេញ​ពី​របរ​ធ្វើ​ស្រែ​ចម្ការ​ ​​និង​មាន​ការ​គិត​ទូលាយ​ជាង​មុន។ ​​​​លោក​គ្រូ​ថា ​បើ​មាន​ការ​លំបាក​​គឺ​គាត់​នឹង​ជួយ​គិត​ ជួយ​ដោះស្រាយ​ខ្ញុំ។ ​​មែន! ​គ្រប់​ពេល​ដែល​មាន​បញ្ហា​មិន​ថា ​ជីវិត​ ឬ​ការ​រៀន​សូត្រ​ ខ្ញុំ​តែង​និយាយ​ប្រាប់​គាត់ ​ហើយ​គាត់​ជួយ​ឲ្យ​យោបល់​ដល់​ខ្ញុំ​រហូត។ ​​ការ​រៀន​សូត្រ​ខ្ញុំ​​បាន​ល្អ​ជាង​មុន​បន្តិចម្ដងៗ ​រហូត​អាច​ប្រឡង​ចប់​ទី ១២ ​នៅ​ឆ្នាំ ​២០១០ ​ដោយ​និទ្ទេស​បង្គួរ។

 

ក្រោយ​ចប់​ទី ​១២ ​​ការ​គិត​ដែល​ថា ​នឹង​ឈប់​រៀន ​ខ្ញុំ​បែរ​ជា​ចង់​រៀន​ ចង់​ស្គាល់​ទី​ក្រុង ​ចង់​បាន​ចំណេះដឹង​ដែល​ក្មេងៗ​នៅ​ក្នុង​ភូមិ​មិន​សូវ​បាន​ទទួល។ ​ខ្ញុំ​មិន​ដឹង​ថា ​ខ្ញុំ​បាន​កម្លាំង​ជំរុញ​ចិត្ត​នោះ​មក​ពី​ណា​ទេ ​​គ្រាន់​តែ​ដឹង​ថា ​សម្ដី​របស់​លោក​គ្រូ​សុខា ​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​នៅ​សាលា​បន្ត​ទៀត។ ​​ខ្ញុំ​បាន​សុំ​ពុក​ម៉ែ​ខ្ញុំ​ថា ​ខ្ញុំ​ចង់​រៀន​បន្ត​នៅ​ភ្នំពេញ។ ​​ពួកគាត់​ពិបាក​ចិត្ត​ខ្លាំង ​ព្រោះ​ពួកគាត់​មិន​មាន​លទ្ធភាព ​​តែ​ដោយ​ការ​ជំរុញ​ខ្ញុំ​ខ្លាំង ​គាត់​ក៏​សម្រេច​ចិត្ត​ឲ្យ​ខ្ញុំ​ឡើង​មក​រៀន​បន្ត​នៅ​ភ្នំពេញ​ដោយ​លក់​គោ​យក​លុយ​មក​បង់​សាលា​ដ៏​តូច​មួយ។

 

ខ្ញុំ​ត្រូវ​រៀន​បណ្ដើរ ​និង​ធ្វើការ​ក្រៅ​ម៉ោង​បណ្ដើរ​ដើម្បី​បាន​លុយ​​មក​​ចំណាយ​លើ​ការ​ស្នាក់នៅ​ហូបចុក។ ​ខ្ញុំ​រៀន​ជំនាញ​ទីផ្សារ​ត្បិត​មិន​សូវ​បាន​​ស្លៀកពាក់​ស្អាត​បាត​​ និង​នៅ​ក្នុង​ម៉ាស៊ីន​ត្រជាក់​ដូច​​​​​គេ​តែ​វា ជា​អ្វី​ដែល​ខ្ញុំ​ស្រឡាញ់។ ​​ខ្ញុំ​យក​ជំនាញ​នេះ​ព្រោះ​ខ្ញុំ​មិន​សូវ​ប៉ិន​ខាង​លេខ ​និង​មួយ​ទៀត​ចង់​ជម្នះ​ខ្លួន​ឯង​ដែល​មិន​សូវ​ហ៊ាន​និយាយ​ចូល​នឹង​អ្នក​ដទៃ។ ​​​រៀន​ដល់​ឆ្នាំ​ទី​បី​ខ្ញុំ​បាន​ដាក់​ពាក្យ​ធ្វើការ​នៅ​ក្រុមហ៊ុន​តូច​មួយ​ដើម្បី​យក​បទពិសោធន៍។ ​ខ្ញុំ​បាន​រៀន​ចប់​នៅ​បរិញ្ញាបត្រ​ទីផ្សារ​នៅ​ឆ្នាំ​​ ២០១៤ ​​ដូច​គេ​ដូច​ឯង​ដែរ ​តែ​ល្អ​ជាង​គេ​ត្រង់​ខ្ញុំ​មាន​ការងារ​ស្រាប់​ក្រោយ​ចប់ និង​មាន​តួនាទី​គ្រាន់​បើ​ដែរ។ ​​​ខ្ញុំ​ស្ទើរ​មិន​ជឿ​ថា ​ខ្ញុំ​ឯង​អាច​ឈរ​នៅ​ទីនេះ ​រៀន​ចប់​សញ្ញាប័ត្រ​នេះ។ ​​ឥលូវ​ខ្ញុំ​អាច​រក​លុយ​ចាយវាយ​ខ្លួន​ឯង​បាន​សម​ល្មម ​និង​អាច​ផ្ញើ​ទៅ​ផ្ទះ​រាល់​ខែ​ទៀត។ ​ពុក​ម៉ែ​គាត់​សប្បាយ​ចិត្ត​ណាស់​ដែរ​ពេល​ឃើញ​ខ្ញុំ​មាន​ការងារ​បែប​នេះ។ ​

 

ចុង​ក្រោយ​ខ្ញុំ​ចង់​អរគុណ​លោក​គ្រូ​សុខា​ដែល​ជួយ​លើក​ទឹកចិត្ត​ និង​ជួយ​ខ្ញុំ​ពេល​លំបាក​ពេល​នៅ​រៀន​វិទ្យាល័យ។ ​បើ​គ្មាន​ការ​បង្ហាញ​ទិស​របស់​លោក​គ្រូ​ ម្ល៉េះ​ពេល​នេះ​ខ្ញុំ​នៅ​ស្រុក​ធ្វើ​ស្រែ​ចម្ការ ​ឬ​រៀបការ​​មាន​កូន​ដូច​នារី​​ចម្ការ​ទូទៅ​មិន​ខាន។ ​​​​​មិន​មែន​រិះគន់​ទេ ​​តែ​ខ្ញុំ​ចង់​​ឲ្យ​លោកគ្រូ​អ្នក​គ្រូ​ផ្នែក​គណិត ​គីមី ​និង​រូបវិទ្យា​ទាំង​អស់​ដឹង​ថា ​​មិន​មែន​សិស្ស​ដែល​អន់​ផ្នែក​លេខ​សុទ្ធ​តែ​មិន​អាច​ធ្វើ​អ្វី​បាន​ទេ។ ​​​ខ្ញុំ​ចង់​ឲ្យ​លោកគ្រូ​អ្នក​គ្រូ​យក​ចិត្ត​ទុកដាក់ ​និង​ជួយ​បង្ហាត់បង្ហាញ​សិស្ស​មិន​សូវ​ពូកែ ​និង​ក្រខ្សត់​ដូច​ខ្ញុំ​ឲ្យ​មាន​កម្លាំង​ចិត្ត​ឡើង​ល្អ​ជាង​សរសើរ​សិស្ស​ពូកែ​បង្អាប់​រហូត​បាក់​ទឹកចិត្ត​ដូច​ខ្ញុំ។ ​​​​សម្រាប់​អ្នក​មាន​ជីវភាព​ដូច​ខ្ញុំ​ផ្សេង​ទៀត ​សូម​តស៊ូ​ប្រឹងប្រែង​រៀន​សូត្រ​ឲ្យ​បាន​ខ្ពស់ ​​ព្រោះ​ចំណេះវិជ្ជា​នេះ​នឹង​ធ្វើ​​ឲ្យ​អ្នក​ចេញ​ពី​ភាព​ក្រីក្រ ​និង​បើក​ខួរក្បាល​អ្នក​ឲ្យ​ទូលាយ​បាន។

 

ពី​ខ្ញុំ​ ប៉ែន វត្តី​​​​​​​​​​​​​​​​​

​​​​​

 

​​​​​​​​

មាន​អត្ថបទ​ពាក់ព័ន្ធ​នឹង​មនុស្ស​ដែល​អ្នក​ចងចាំ​ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទាក់ទង៖

 

លេខ​ទូរសព្ទ៖ ​017 557 688 អ៊ីមែល៖ ​prak.chanseyha@cidc.com.kh លេខ​ទូរសព្ទ៖ ​099 588 880 អ៊ីមែល៖​ bin.bunna@cidc.com.kh​

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!

អត្ថបទថ្មី