Maddox Jolie Piitt ត្រៀម​ខ្លួន​បន្ត​វេន​ពី​ឪពុក​ម្ដាយ

  • 2015-10-18 16:46:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ថត​មួយ​សន្លឹក​ថ្មី​សម្រាប់​ទស្សនាវដ្ដី Vogue ដែល​ត្រៀម​ចេញ​ផ្សាយ​សម្រាប់​ខែ​វិច្ឆិកា​ខាង​មុខ​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ពី​ការ​បោះ​ជំហាន​របស់​កុមារា Maddox Jolie Pitt ចូល​ក្នុង​វិស័យ​ភាពយន្ត​ហូលីវូដ។ ​រំលេច​ដោយ​ទិដ្ឋភាព​រីករាយ​នៅ​ឯ​មាត់​សមុទ្រ តារា​សម្ដែង​ Angelina Jolie ហាក់​កំពុង​តម្រង់​ផ្លូវ​កូន​ប្រុស​ច្បង​​​ក្នុង​ការងារ​ពី​ក្រោយ​កាមេរ៉ា​របស់​ខ្លួន នោះ​គឺ​ការងារ​ដឹកនាំ​ភាពយន្ត។

 

 

ស្ថិត​ក្នុង​វ័យ​ត្រឹម​តែ​១៤​ឆ្នាំ កុមារា​ជនជាតិ​ខ្មែរ​ដែល​ត្រូវ​បាន​តារា​សម្ដែង​អាមេរិក Angelina Jolie យក​ទៅ​ចិញ្ចឹម​តាំង​ពី​អាយុ​៧​ខែ បាន​ចូល​រួម​ប្រឡូក​ការងារ​ជាមួយ​ឪពុក​ម្ដាយ​​ជា​ច្រើន​ ​ទាំង​ការងារ​ផលិត​ភាពយន្ត​ និង​ការងារ​សប្បុរសធម៌។ នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ Maddox នឹង​ចូលរួម​ក្នុង​ដំណើរការ​ថត​ភាពយន្ត “ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ឪពុក​ខ្ញុំ” ឬ “First They Kill My Father” នៅ​ប្រទេស​កម្ពុជា ក្នុង​នាម​ជា​ជំនួយ​ការ​ដឹកនាំ​ផ្ទាល់​របស់​ម្ដាយ​​​ខ្លួន ខណៈ​ដែល​មាន​ប្រភព​ជិត​ស្និទ្ធ​បង្ហើប​ថា Maddox អាច​នឹង​សម្ដែង​ជា​តួ​អង្គ​មួយ​ក្នុង​ខ្សែ​ភាពយន្ត​នេះ​ទៀត​ផង។

 

តារា​ស្រី​វ័យ​៤០​ឆ្នាំ​បាន​ប្រាប់​សារព័ត៌មាន​ AP ថា “ដោយ​សារ Maddox និង​ខ្ញុំ​រៀបចំ​ផលិត​ភាពយន្ត​នេះ​ជាមួយ​គ្នា ពួក​យើង​នឹង​ស្វែងយល់​ពី​ប្រទេស​កម្ពុជា​ទាំង​អស់​គ្នា។ គេ​មាន​អាយុ ​១៤​ឆ្នាំ​ហើយ ហើយ​នេះ​ជា​ពេល​សំខាន់​សម្រាប់​គេ​ក្នុង​ការ​យល់​ដឹង​ថា​ គេ​ជា​នរណា​ពិត​ប្រាកដ។ គេ​គឺ​ជា​​កូន​ប្រុស​​ខ្ញុំ តែ​គេ​ក៏​ជា​កូន​ខ្មែរ​មួយ​រូប​ដែរ”។

 

 

នេះ​មិន​មែន​ជា​លើក​​ដំបូង​ឡើយ​សម្រាប់​ Maddox ក្នុង​ការ​​ធ្វើ​ជា​ជំនួយការ​​ដឹកនាំ​របស់​ម្ដាយ​​​គេ ដោយ​មុន​នេះ Angelina បាន​ប្រាប់​ទស្សនាវដ្ដី DuJour ថា កូន​ប្រុស​ច្បង​ម្នាក់​នេះ​ត្រូវ​បាន​ផ្ដល់​​តំណែង​​​ជា​ជំនួយ​ការ​របស់​ខ្លួន​ក្នុង​រឿង “By The Sea” ដែល Angelina និង Brad Pitt ជា​តួឯក​ផ្ទាល់។

 

ដោយ​ឡែក​តារា​សម្ដែង Brad Pitt ជា​ឪពុក​វិញ ក៏​បាន​និយាយ​ដែរ​ថា ​កូន​ប្រុស Maddox បាន​ជួយ​លោក​​ច្រើន​ ក្នុង​ការ​ថត​ខ្សែ​ភាពយន្ត “Fury” ដោយ​សារ​គេ​យល់​ច្បាស់​ជាង​លោក​ក្នុង​ការ​ជ្រើសរើស​សម្ភារៈ​ថត​ ដូច​ជា​រថក្រោះ និង​សព្វាវុធ​សម្រាប់​ខ្សែ​ភាពយន្ត​បែប​សង្គ្រាម​មួយ​នេះ។

 

ក្រៅ​ពី​ឧស្សាហកម្ម​ភាពយន្ត Maddox Jolie Pitt ក៏​បាន​ប្រឡូក​ការងារ​សប្បុរសធម៌​បណ្ដើរ​ៗ​ដែរ តាម​រយៈ​មូលនិធិ “Maddox Jolie-Pitt Foundation” នៅ​កម្ពុជា​ ដែល​ម្ដាយ​របស់​គេ​បាន​បង្កើត​ឡើង​កាល​ពី​​១២​ឆ្នាំ​មុន ដើម្បី​ជួយ​​ដោះ​ស្រាយ​បញ្ហា​​ទីទ័ល​ក្រ​របស់​ប្រជាជន​ក្នុង​តំបន់​ និង​ជួយ​អភិរក្ស​​​ព្រៃឈើ​ និង​សត្វព្រៃ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។ Angelina Jolie បាន​និយាយ​ក្នុង​​បទ​សម្ភាសន៍​ជាមួយ​ AP ថា “Maddox បាន​ចាប់​ផ្ដើម​ធ្វើ​ការងារ​មូលនិធិ​នេះ​ខ្លះ​ហើយ ហើយ​គេ​នឹង​ជំនួស​តំណែង​របស់​ខ្ញុំ​នៅ​ពេល​ដែល​គេ​ធំ​ឡើង” ៕

 

ចុចអាន៖ Maddox Jolie Pitt នឹង​ចូល​​សម្ដែង​​រឿង​ខ្មែរ​ក្រហម​របស់​ម្ដាយ

អត្ថបទ៖ វ៉ាន់ថន ប្រភព​៖ vogue

អត្ថបទពេញនិយម