គ្រូ​ចិត្ត​ល្អ សុខ ច័ន្ទ ចំណាយ​ពេល ១៧ ឆ្នាំ បង្រៀន​សិស្ស​ក្រីក្រ​​មិន​យក​ប្រាក់

  • 2015-10-21 16:08:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​តំបន់​ដាច់​ស្រយាល​ចម្ងាយ​ប្រហែល​ជា ១៣ គីឡូ​ម៉ែត្រ​ពី​ទី​រួម​ស្រុក ភូមិ​អូរ​ថ្ម ឃុំ​សន្តិភាព ស្រុក​សំពៅលូន ខេត្ត​បាត់​ដំបង​ ជាទី​ដែល​មាន​ប្រជាជន​ក្រីក្រ​ប្រមាណ​ជា ១៥ គ្រួសារ​ កាលពីជាង ២០ ឆ្នាំមុន ហើយ​ភូមិ​ដ៏​កម្សត់​មួយ​នេះ មាន​ក្មេងៗ​ជាច្រើន មិន​ចេះ​អក្សរ​ឡើយ ដោយឃើញស្ថានភាព​បែប​នេះ ​លោក សុខ ច័ន្ទ សម្រេច​ចិត្តង្រៀន​ពួកគេ​​ ដោយ​មិន​យក​ប្រាក់​កម្រៃ ​អស់រយៈពេល​ ១៧ ឆ្នាំ។

 

លោកគ្រូ សុខ ច័ន្ទ (ស្ដាំ) និង​ ចៅហ្វាយស្រុក ជា សម្បត្តិ (សិស្ស​ថ្នាក់ទី៤ ប្រភពរូបថត unicefcambodia)

 

ហេតុ​អ្វី​បាន​ជា​លោក​ជួយ?

 

ជំនួប​ជាមួយ Sabay លោក​គ្រូ​វ័យ ៦៣ ឆ្នាំ​ប្រាប់​ថា ការ​អាណិត និង ​ចង់​ឱ្យ​ក្មេង​មាន​អនាគត លោក​ក៏​ប្រាប់​ទៅ​កាន់​ឪពុកម្ដាយ​ឱ្យ​យល់​ពី​តម្លៃ​ការសិក្សា និង​​ឆ្លៀត​ពេល​ពី​ការងារ​ មកបង្រៀន​​កូន​របស់​ពួក គេ​តាម​សមត្ថភាពនៅ​ក្នុង​ចន្លោះ​ឆ្នាំ ១៩៩៥-១៩៩៦។

 

លោក​បន្ត​ថា ៖ "ក្មេងៗ​កាល​នោះ​អាយុ ១០ ឆ្នាំ​ហើយ តែ​មិន​ចេះ​អក្សរ​អី​មួយ​អង្គ​ទេ។ ចង់​ឱ្យ​ក្មេង​ចេះ​ខ្ញុំ​ក៏​និយាយ​ជាមួយ​ឪពុក​ម្ដាយ​គេ​ថា ឥលូវ​ខ្ញុំសុំ​​កន្លែង​​មួយ ​ខ្ញុំ​​បង្រៀន​អត់​យក​លុយ​​ទេ ​ពួកគាត់​ក៏​យល់​ព្រម (បង្រៀន​ក្រោម​ផ្ទះ​គេ) ដោយ​មាន​ការ​គាំទ្រ​ពី​មេភូមិ”។

 

បើ​តាម​ការ​រៀបរាប់​របស់​លោកគ្រូ​រូប​នេះ ឆ្នាំ​ទីមួយមាន​​​សិស្ស​មក​រៀន​ ១៤ នាក់ ​ឆ្នាំ​ទីពីរ​ មាន ១០ នាក់ និង​ ឆ្នាំ​ទីបី ក៏​មាន​ជាង ១០ នាក់​ ដោយ​បង្រៀន​ចូល​គ្នា​ក្នុង​ពេល​តែ​មួយ [ថ្នាក់ទី១ ដល់ ​ទី ៥]។ ទោះបីជា​យ៉ាងណា ដោយ​សិស្ស​មាន​ចំនួន​ច្រើន​ពេក លោក​បាន​បែងចែក​ជា​ពី​វេន គឺ​ព្រឹក-ល្ងាច ចំណែក​ពេល​យប់ លោក​បាន​ទៅ​​ប្រកបការងារ​ចាប់​ចង្រិត​លក់​នៅ​​ថៃ ដើម្បី​យក​ប្រាក់​​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ទិញ​សៀវភៅ និង​ សម្ភារ​សិក្សា​ជាដើម ជួយ​ដល់​ក្មេង​ក្នុង​ភូមិ​អូរ​ថ្មនេះ។ ការ​បែកចែក​ថ្នាក់​ជា​ឧបសគ្គ​មួយ​របស់​លោក​គ្រូ សុខ ច័ន្ទ ព្រោះ​ថា ​ការ​រៀន​របស់​សិស្ស មាន​ការ​ធ្លាក់​ចុះ ព្រោះ​តែ​ក្មេង​ខ្លះ​មិន​ចូលចិត្ត​​រៀន​​វេន​ល្ងាច​។

 

ដើម្បី​ដោះស្រាយ​បញ្ហា​​​លោក​គ្រូ ក៏​បាន​សម្រេច​ចិត្ត ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន​ពី​ការ​លក់​ចង្រិត (១យប់ ៦០ គីឡូ ១គីឡូ ៥០ បាត) ភោគផល​ស្រែ​ចម្ការ ​ធ្វើ​សាលា​មួយ​​​បន្ទប់ ប្រក់​ស្បូវ ជញ្ជាំង​ក្តា បាត​ក្ដា ប្រវែង ៦x៨ ម៉ែត្រ ខណៈ​អ្នក​ភូមិ ជា​អ្នក​ចេញ​កម្លាំង​ពលកម្ម​សាងសង់។

 

 

តើ​លោក​គ្រូ សុខ ច័ន្ទ មាន​ប្រភព​មក​ពី​ណា​ដែរ?

 

ក្នុង​ឆ្នាំ ១៩៨០ លោក​គ្រូ សុខ ច័ន្ទ រស់​នៅ​ក្នុង​ជំរំ​ភៀសខ្លួន​រិទ្ធិ​សែន​ប្រទេស​ថៃ ហើយ​បាន​​វិល​ត្រឡប់​មក​ស្រុក​កំណើត ភូមិ បន្ទាយ​នាង ស្រុក មង្គលបុរី ខេត្ត បន្ទាយ​មានជ័យ​វិញនៅ​ឆ្នាំ ១៩៩៣។ បន្ទាប់​រស់​នៅ​ពឹង​ផ្អែក​លើ​ការ​ចិញ្ចឹម​ទា​បាន​២​ឆ្នាំ លោក​ក៏​ផ្លាស់​ទៅ​រស់​នៅ ភូមិ អូរ​ថ្ម ឃុំ​ សន្តិភាព ស្រុក​ សំពៅ​លូន ដើម្បី​មក​ចាប់​ដី កាប់​ព្រៃ​ធ្វើ​ស្រែ​ចម្ការ ចឹញ្ចឹមមាន់ទា ហើយ​​ភាព​មិន​ចេះ​អក្សរ​របស់​ក្មេង​ៗ ជា​​កត្តា​ជំរុញ​ឱ្យ​លោកចាប់​ផ្ដើម​បង្រៀន​តាំង​ពី​ពេល​នោះ​មក។

 

លាយ​សិស្ស​​តូច-ធំ និង ច្រើន មិន​មែន​ងាយ​ស្រួលបង្រៀន​ទេ តែ​លោក​គ្រូ​ សុខ ច័ន្ទ បាន​ប្រាប់​តិចនិក​ថា លោក​គ្មាន​កម្លាំង និង​ សំឡេង​ស្រែក​​បង្ហាត់​តែ​ម្នាក់​ឯង​​ទេ គឺ​សុំ​ឱ្យ​សិស្ស​ធំៗ​ជួយ​បង្ហាញ ឬ ​កាន់​ដៃ​ក្មេង​សរសេរ​អក្សរ បើ​សិស្ស​​មិន​យល់ត្រង់​ចំណុច​ណា​មួយ លោក​​នឹង​ជួយ​ពន្យល់​បន្ថែម ដែល​ទិចនិក​​នេះ មាន​ច្រើន​នៅ​បរទេស។ ជា​លទ្ធផល​សិស្ស​របស់​លោក​រៀន​បាន​ចំណាត់​ថ្នាក់​ល្អ និង ​ទទួល​បាន​ការ​សរសើរ​ពី​អ្នក​ស្រុកភូមិ ​អង្គការ ជាពិសេស​ចៅហ្វាយ​ស្រុកសំពៅលូនលោក ជា សម្បត្តិ ពេល​សិស្ស​លោក​រៀន​នៅ​វិទ្យាល័យ ​ជាមួយ​សិស្ស​សាលារដ្ឋ​ដទៃ​ទៀត។ ​

 

នៅ​ពេល​សួរ​ពី​ចំណាប់​អារម្មណ៍​លោក​គ្រូ​មាន​ប្រសាសន៍​ថា លោក​សប្បាយ​រីករាយ​ណាស់ ដែល​សិស្ស​របស់​លោក​រៀន​ពូកែ និង​មាន​ចំណាត់​ថ្នាក់​ល្អ ពេល​រៀន​នៅ​អនុវិទ្យាល័យ និង​ វិទ្យាល័យ។ លោក​ថា ៖ "ខ្ញុំ​ត្រេកអរ​ណាស់​ ពេល​គាត់ [ចៅហ្វាយ​ស្រុក​] សរសើរ ខ្ញុំ​ចង់​ឱ្យ​សិស្ស​ចេះ មិន​ចង់​ឱ្យ​សិស្ស​ល្ងង់​ទេ …សត្រូវ​របស់​ខ្ញុំ​គឺ​​សិស្ស បើ​សិស្ស​រៀន​អត់​ចេះ​ ខ្ញុំ​អត់​សប្បាយ​ចិត្ត"។

 ប្រភពរូបថត unicefcambodia

 

តើ​ការ​បង្រៀន​ជួប​បញ្ហា​អ្វី​ខ្លះ?

 

ចំពោះ​ផល​ពិបាក លោក​គ្រូ ច័ន្ទ ស្ទើរ​រក​និយាយ​មិន​ត្រូវ តែ​លោក​ថា​ បញ្ហា​ធំៗ​នោះ​មាន​៤ គឺ​៖ ១. ខ្វះ​សំណៅ​ឯកសារ​បង្រៀន (លោក​គ្រូ​បាន​ទិញ​សៀវភៅ​នៅ​ផ្សារ​មក​បង្រៀន ដោយ​ចំណាយ​ប្រាក់​ខ្លួន​ឯង) ២. សិស្ស​ចម្រុះ​គ្នា (មក​ពី​ភូមិ​ផ្សេងៗ​គ្នា និង​មិន​ចុះ​សម្រុង​គ្នា) ធ្វើ​ឱ្យ​លោក​គ្រូ​ពិបាក​គ្រប់គ្រង ៣. ការ​ធ្វើ​ដំណើរ (ផ្ទះ​សិស្ស​នៅ​ឆ្ងាយ ដើរ​កាត់​ព្រៃ មក​រៀន​មិន​ទាន់) ៤. លោក​គ្រូ​មាន​កម្រិត​វប្បធម៌​ទាប

 

“បញ្ហា​ធំ​បំផុត គឺ​ចំណេះ​ដឹង។ ខ្ញុំ​រៀន​បាន​ត្រឹម​ថ្នាក់​ទី​៣​ប៉ុណ្ណោះ ពិបាក​ក្នុង​ការ​ពន្យល់។ ខ្ញុំ​នៅ​ចាំ​រូបមន្ត​ខ្លះ​ដែរ តែ​មិន​ដឹង​ថា​ត្រូវ​អត់ ព្រោះ​គ្មាន​សៀវភៅ​គ្រប់គ្រាន់ មក​បញ្ជាក់​"។ លោក​គ្រូ​ថ្លែង។

 

៥. ខ្លាចមាន​បញ្ហា​ជាមួយ​រដ្ឋ​៖ ត្រង់​នេះ​លោក​បញ្ជាក់​ថា សាលា​របស់​លោក​ជា​សាលា​ក្រៅ​ប្រព័ន្ធ មិន​មាន​ច្បាប់​ត្រឹមត្រូវឡើយ។

 

បើ​ទោះ​រៀន​បាន​ត្រឹម​ថ្នាក់​ទី​៣ ប៉ុន្តែ​លោក​គ្រូ​សុខ ច័ន្ទ ធ្លាប់​មាន​បទ​ពិសោធន៍​បង្រៀន​ក្មេងៗ​កាល​នៅ​ជំរំ​ភៀស​ខ្លួន ក្នុង​ប្រទេស​ថៃ ដែល​ធ្វើ​ឱ្យ​លោក​បង្រៀន​ក្មេងៗ​បាន​ដោយ​​រលូន។

 

អ្នកណា​ខ្លះ​ជា​អ្នក​ជួយ​​សាលា​របស់​លោក?

 

ក្រោយ​សាលា​មួយ​បន្ទប់​នេះ ​​លេច​ជា​រូបរាង មាន​អង្គការ​សាសនា​គ្រឹះ​មួយ​ឈ្មោះថា អង្គការ​ដំណឹង​ថ្មី បាន​ជួយ​ជា​ស័ង្កសី​ប្រក់​ដំបូល។ ក្នុង​ឆ្នាំ ២០១៤ មន្ត្រី​របស់​អង្គការ UNICEF ប្រចាំ​កម្ពុជា បាន​ចុះ​ទៅ​សាលា​បឋម​អូរ​ថ្ម និង​បាន​ផ្ដល់​​​ព័ត៌មាន​ជូន​អាជ្ញាធរ​ស្រុក ចៅហ្វាយ​ស្រុក និង ​អភិបាល (ការិយាល័យ​អប់រំ​ខេត្ត ) ខេត្ត​បាត់​ដំបង​អំពី​បញ្ហា​ខ្វះខាត នៃ​សាលា​ក្រៅព័ន្ធ​មួយ​នេះ។

 

 

ជាលទ្ធផលក្រុមមន្ត្រី​ជាន់​ខ្ពស់នៃ​ការិយាល័យ​អប់រំខេត្ត លោក​ចៅហ្វាយ​ស្រុកសំពៅលូន ជា សម្បត្តិ ក៏​បាន​ចុះ​​ពិនិត្យ​​ផ្ទាល់។ ក្រោយ​មើល​ឃើញ​ពី​ទុក​លំបាក​លោក​​បាន​ថ្លែង​ថា សាលា​នេះ​គួរ​ត្រូវបាន​ប្រែក្លាយ​ជា​សាលារដ្ឋ ទទួលជំនួយ​ផ្នែក​សិក្សា គ្រូបង្រៀន និង​ហរិញ្ញវត្ថុ ​៖ "ពេល​ខ្ញុំ​ឃើញ​ក្មេងៗ​ប្រហែល ១០០នាក់ ប្រជ្រៀត​​គ្នា​រៀន​ក្នុង​ថ្នាក់​តូច​មួយ ខ្ញុំ​ស្ទើរ​តែ​ស្រក់​ទឹកភ្នែក"។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ របស់​គេហទំព័រ​អង្គការ UNICEF Cambodia។

 

ដោយ​មាន​ការ​ជ្រោមជ្រែង​ពី​ចៅហ្វាយ​ស្រុក​ក៏​ដូចជា អភិបាល​ខេត្ត​បាត់ដំបង សាលា​ក្រៅ​ប្រព័ន្ធ​ភូមិ​អូរ​ថ្ម បាន​ក្លាយ​បឋមសិក្សា​មួយ ​ក្នុង​ប្រព័ន្ធ​អប់រំ​របស់​រដ្ឋាភិបាល ហើយ​លោក​គ្រូ សុខ ច័ន្ទ ក៏​បាន​ក្លាយ​ជា​គ្រូ​ចាប់​កិច្ច​សន្យា​ជាមួយ​ការិយាល័យ​អប់រំ​ខេត្ត​។ រីឯ​សាលា​ដែល​លោក​បង្កើត បន្ទាប់​ពី​ជាប់​កុងត្រា​ ១៥ ឆ្នាំជាមួយ​រដ្ឋ​​ហើយ​នោះ សាលា​នេះ​នឹង​ក្លាយ​ជា​កម្មសិទ្ធិ​របស់​លោក សុខ ច័ន្ទ វិញ។

 

​លោក​គ្រូ​វ័យ ៦៣ ឆ្នាំ បាន​ថ្លែង​ថា ៖ "ខ្ញុំ​អរគុណ​ណាស់​ដែល​អង្គការ ដំណឹង​ថ្មី​ជួយ​ជា​ដំបូល​សាលា អរគុណ UNICEF ដែល​បាន​ជីកកកាយ​ឱ្យ​រដ្ឋាភិបាល​បាន​ដឹង និង​អរគុណ​ដល់​ចៅហ្វាយ​ស្រុក អភិបាល​ខេត្ត ដែល​បាន​ជួយ​ឱ្យ​សាលានេះ ក្លាយ​ជា​សាលា​រដ្ឋ។ ខ្ញុំ​អត់​ខ្លាច​អស់​អី​ទេ ឱ្យ​តែ​ក្មេងៗ​បាន​រៀនសូត្រ"។

 

បច្ចុប្បន្ន​នៅ​ភូមិ​អូរ​ថ្ម ត្រូវ​បាន​រដ្ឋ​ជួយ​សាលា​មួយ​ខ្នង ៣ បន្ទប់ ប្រវែង ៦x១៨ ម៉ែត្រ​ប្រក់​ស័ង្កសី ជញ្ជាំង​ក្ដា ហើយ​សរុប​ទាំងអស់​មាន ៤ បន្ទប់ និង​មាន​សិស្ស​សរុប​ចំនួន ១៤៥ នាក់ ចាប់​ពី​ថ្នាក់​ទី ១ ដល់​ទី ៥។ ចំណែក​ក្នុង​ឆ្នាំ ២០១៥ ​នេះ​ដែរ ​នាយក​សាលា​បឋមសិក្សា​អូរ​ថ្ម លោក នាក់ សុខឃីម គ្រោង​នឹង​បើក​ថ្នាក់​ទី ៦ មួយ​ថ្នាក់​ទៀត ដើម្បី​សម្រួល​ដល់​ការ​សិក្សា​របស់​សិស្ស៕

 

 

ចុចអាន៖ គ្រូ ៣ រូប​ទទួល​​ការ​គោរព​ស្រលាញ់ខ្លាំង ពី​ប្រជាជន​ខ្មែរ​ក្នុង​វិស័យ​អប់រំ

ចុចអាន៖ លក្ខខ័ណ្ឌ​ងាយៗ ៣ ចំណុច​​ យុវវ័យ​​​ខ្មែរ​អាច​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​នៅ​ក្រៅ​ប្រទេស

 

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី