បេក្ខនារី Miss Tourism កម្ពុជាមានសមត្ថភាពមិនចាញ់គេទេ
- 2015-10-26 22:38:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បេក្ខនារី Miss Tourism កម្ពុជាមានសមត្ថភាពមិនចាញ់គេទេ
ចន្លោះមិនឃើញ
កាលពីម្សិលមិញនេះ បេក្ខនារី Miss Tourism ២០១៥ បានដំណើរទស្សនកិច្ចមកកាន់ក្រុមហ៊ុន Sabay ដែលជាដៃគូសហការក្នុងការរៀបចំកម្មវិធីនេះ។ លោក Paun អ្នកសម្របសម្រួលមួយរូបក្នុងកម្មវិធីបានប្រាប់ថា បេក្ខនារី Miss Tourism របស់កម្ពុជាមានសមត្ថភាពមិនចាញ់គេទេ។
Paun បានឲ្យដឹងទៀតថា "តាមការសង្កេតរបស់ខ្ញុំផ្ទាល់ ខ្ញុំគិតថាត្រឹមរយៈពេលបីសប្ដាហ៍ដែលពួកគាត់ហាត់សមជុំគ្នានេះ សមត្ថភាពរបស់បេក្ខភាពទាំង ២៦ រូបមានការវិវត្តច្រើន ហើយចេញពេលទៅប្រកួតនៅលើឆាកអន្តរជាតិ ខ្ញុំគិតថាពួកគាត់ គឺមិនចាញ់បេក្ខនារីបរទេសឡើយ។”
អស់រយៈពេលបីសប្ដាហ៍ក្រោយធ្វើការជម្រុះយកបេក្ខនារី ២៦ រូបក្នុងវគ្គជម្រុះផ្ដាច់ព្រ័ត្រនោះ Miss Tourism ទាំង ២៦ រូបត្រូវបានខាងអ្នករៀបចំកម្មវិធីធ្វើការបណ្ដុះបណ្ដាលជាច្រើនផ្នែកដូចជា ការដើរម៉ូដអាជីព កាច់ស្ទីលថតរូប ការរៀបចំអាកប្បកិរិយាដែលសក្ដិសមជាកញ្ញាឯក ជាដើម។
លោក Eric Lim ជនជាតិម៉ាឡេស៊ី ជាអគ្គនាយកគ្រប់គ្រងក្រុមហ៊ុន A[+] ប្រចាំប្រទេសកម្ពុជា ហើយក៏ជាអ្នកឧបត្ថម្ភធំក្នុងកម្មវិធីនោះបានបញ្ជាក់ផងដែរថា វគ្គផ្ដាច់ព្រ័ត្រដែលត្រៀមធ្វើឡើងនៅថ្ងៃ ០១ វិច្ឆិកា ២០១៥ នៅសណ្ឋាគារសុខា នោះត្រូវបានពន្យារពេលសិន។ មូលហេតុគឺដោយសារតែទីក្រុង ឡុងបេ របស់ប្រទេសវៀតណាម ដែលជាទីក្រុងទទួលរៀបចំ Miss Tourism ទូទាំងពិភពលោក បានទទួលរងនូវគ្រោះទឹកជំនន់ខ្លាំង។ ដូចនេះហើយទើបខាងវៀតណាមសុំលើកពេលប្រកួត ទៅខែមេសា ហើយវគ្គផ្ដាច់ព្រ័ត្រនៅកម្ពុជាក៏ពន្យារពេលដល់ខែ ធ្នូរ ដែរ។
កម្មវិធី Miss Tourism នេះត្រូវបានរៀបចំឡើងតាំងពីឆ្នាំ ១៩៩៤ ដែលដំបូងឡើងគឺធ្វើនៅប្រទេសម៉ាឡេស៊ី ហើយការចូលរួមរបស់កម្ពុជានេះ គឺទើបតែជាលើកទីបីប៉ុណ្ណោះ៕
អត្ថបទ៖ទ្រី រ៉ាវី