អត់ចេះអក្សរ លក់ខ្ចៅខ្យងតាមរទេះរហូតធ្វើផ្ទះតម្លៃរាប់ម៉ឺនដុល្លារ
- 2015-10-26 18:26:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត់ចេះអក្សរ លក់ខ្ចៅខ្យងតាមរទេះរហូតធ្វើផ្ទះតម្លៃរាប់ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
ខ្ចៅ អើយ ខ្ចៅ!!! នេះជាសំលេងរបស់បុរសម្នាក់វ័យ ២៨ ឆ្នាំ ដែលតែងតែស្រែកឲ្យអ្នកភូមិជួយទិញខ្ចៅរបស់ខ្លួនរាល់ល្ងាចនៅទួលសង្កែ រាជធានីភ្នំពេញ។ ភាពរស់រាយរាក់ទាក់ អមជាមួយធុងបាស់ចាក់ចម្រៀង ធ្វើឲ្យបុរសលក់ខ្ចៅរូប នេះលក់ដាច់អស់សឹងមិនលោះថ្ងៃ។ ក្នុងមួយថ្ងៃ សុភ័ក្ត លក់ខ្ចៅខ្យងបានជិត ២០០ គីឡូ ពងទាកូន ៤០០ គ្រាប់ និង ក្តាមស្រែ ១០ គីឡូ ឯណោះ។
លោក ជួប សុភ័ក្ត មានដើមកំណើតកើតចេញពីទឹកដីនាងកង្រីក្នុង ភូមិពន្លៃ ស្រុក បរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ ដើមឡើយ សុភ័ក្ត គឺជាអ្នកបើកឡាន អស់រយៈពេលបួនឆ្នាំ បន្ទាប់ពីរៀបការបានប្រពន្ធជាអ្នកលក់ខ្ចៅ ទើបឈប់ពីអ្នកបើកឡាន មកប្រកបរបរលក់ខ្ចៅខ្យងដូចប្រពន្ធវិញ។
សុភ័ក្ត បានលើកឡើងថា ” របរនេះហត់ណាស់បងអើយ រាល់ថ្ងៃខ្ញុំត្រូវងើបម៉ោង ១២ យប់ទៅទិញបន្លែ និង គ្រឿងនៅផ្សារដើមគរយកទុកផ្ទះ ហើយម៉ោង ៥ ព្រឹកទៅយកអីវ៉ានមកលក់ ធ្វើរហូតដល់ម៉ោង ៣ ម៉ោង ៤ រសៀល ទើបបាន ចេញលក់ទាំងពីរនាក់។
ដើមទុនក្នុងរបរមួយនេះ ត្រូវចំណាយលើខ្ចៅ ១៥០ គីឡូ ស្មើនឹង ១៥ម៉ឺនរៀល ខ្យង ២០ម៉ឺនរៀល ពងទាកូន ៤០០ គ្រាប់ ៣០ ម៉ឺនរៀល និង ក្តាម ១០គីឡូ ១៥ ម៉ឺនរៀល និង គ្រឿងធ្វើទឹកជ្រលក់ ៣ ថ្ងៃ អស់៨ម៉ឺនទៀត សរុបត្រូវ ចំណាយដើមពី ៧០ ទៅ ៩០ ម៉ឺនរៀល ក្នុងមួយថ្ងៃ សម្រាប់លក់ពីរនាក់ប្តី-ប្រពន្ធ។ ឯប្រាក់ចំណេញពីរបរមួយនេះវិញទទួលបានចន្លោះពី ១៥ ម៉ឺនរៀលទៅ ១៨ ម៉ឺនរៀល ហើយបើផាត់ លើចំណាយក្នុងផ្ទះ និង លុយកូនរៀននៅសល់ប្រហែល ១០ម៉ឺនរៀលក្នុងមួយថ្ងៃ។
ក្រោយរៀបការ និង រស់ដោយការប្រកបរបរនេះជិត ៦ឆ្នាំមក បុរសពូកែវោហា លក់ខ្ចៅដាច់រូបនេះទទួលបានបានកូនបីនាក់ក្នុងបន្ទុក ហើយមានពីរនាក់កំពុង រៀន និង បានធ្វើផ្ទះដែលមានទំហំ ៥ម៉ែត្រ គុណ ១២ម៉ែត្រ លើដីជាកេរ្ត៍ម្តាយ ចែកឲ្យដោយខ្ចីលុយពីធនាគារមកសាងសង់នៅម្តុំឃ្លាំងសាំងសូគីម៉ិចឬស្សីកែវ។
បន្ទាប់ពីខ្ចីលុយធនាគារ និង ខ្ចីលុយអ្នកជិតខាងជិត ២ម៉ឺនដុល្លារយកមកធ្វើផ្ទះ និង បង់រំលោះម៉ូតូមករកស៊ី សុភ័ក្ត កាន់តែមានការលំបាកកាន់តែខ្លាំង។ រាល់ថ្ងៃ សុភ័ក្ត ត្រូវសន្សំប្រាក់ដែលចំណេញពីលក់ប្រចាំថ្ងៃ និងការចាយវាយត្បិតត្បៀត ដោយនៅពេលបាយម្តងៗ សុភ័ក្ត និងប្រពន្ធទិញតែត្រីខកំប៉ុងមកធ្វើម្ហូបសឹង មិនលោះថ្ងៃ។ បើមិនធ្វើដូចនេះគេមិនមានលុយបង់រំលោះ ធនាគារ និងអ្នកជិត ខាងមួយខែ ៥០០ ដុល្លារឡើយ។
ប៉ុន្តែទោះជាមានការលំបាកដូចខាងលើក្តី សុភ័ក្ត និង ភរិយារបស់គេនៅតែ សប្បាយចិត្ត និង ខំប្រឹងដើម្បីទទួលបានផ្ទះផ្ទាល់ខ្លួន និង ធ្វើយ៉ាងណាត្រូវតែឲ្យ កូនទាំងបីនាក់របស់គេរៀនចប់ថ្នាក់ទី ១២ ដាច់ខាត ហើយបើរូបគេមានលទ្ធ ភាពគេនឹងឲ្យកូនរៀនបន្តទៅមុខទៀត ព្រោះគេមិនឲ្យកូនរបស់គេល្ងង់មិនចេះ អក្សរ ហើយធ្វើការនឿយហត់ដូចខ្លួន និង ប្រពន្ធឡើយ៕
អត្ថបទ៖ ម៉ូលី វឌ្ឍនៈ
មានអត្ថបទថ្មី និង ប្លែកៗ កើតមានគ្រប់ទីកន្លែង ប្រិយមិត្តចង់រាយការណ៍ ឬ ចង់ឲ្យ Sabay ចុះផ្សាយ សូមទំនាក់ទំនងតាម៖
-ទូរសព្ទ៖ 012 567 8 82 -អ៊ីមែល៖ Chip.chet@cidc.com.kh
-លេខទូរសព្ទ៖ 099 588 880 -អ៊ីមែល៖ bin.bunna@cidc.com.kh
ចង់ដឹងលក្ខខណ្ឌដើម្បីសរសេរផ្ញើមកកាន់ Sabay បានសូមចុចត្រង់នេះ!