លាង សុផាឡែន ថតរឿងមិនយកកម្រៃ ត្បិតចង់ជួយយុវជនខ្មែរ
- 2015-10-28 15:39:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លាង សុផាឡែន ថតរឿងមិនយកកម្រៃ ត្បិតចង់ជួយយុវជនខ្មែរ
ចន្លោះមិនឃើញ
ក្នុងនាមជាតារាចម្រៀងមួយរូបក្នុងផលិតកម្មភ្លេងរីខត ថ្មីៗនេះ លាង សុផាឡែន បានសហការជាមួយក្រុមយុវផលិតករវ័យក្មេងហៅកាត់ថា ZWAY Cambodia ថតរឿងថ្មីចំណងជើង "ផ្លូវ" ហើយនាងប្រាប់ថា ការថតនេះជាការពេញចិត្តព្រោះស្រលាញ់វិស័យភាពយន្តខ្មែរនិងមានបំណងចង់ជួយខាងក្រុមយុវជនវ័យក្មេងនេះ ដោយមិនមានការយកថវិកាអ្វីនោះទេ។
“ចាសអូន...បងពេញចិត្តនឹងសហការសម្ដែងជាមួយពួកគាត់ហើយមិនបានយកលុយកាក់អីនោះទេ។ ខាងក្រុមពួកគាត់ជាយុវជនក្មេងមែន ប៉ុន្តែមានស្នាដៃក្នុងការបង្កើតខ្សែភាពយន្ត ណាមួយបងក៏ចង់ដឹងថា សមត្ថភាពបងប៉ុណ្ណា អាចសម្ដែងបានអត់"។ សុផាឡែន ថ្លែង។
ម្ចាស់បទ "បេះដូង១០០" បានប្រាប់ Sabay ថានាងមានអារម្មណ៍រីករាយព្រោះជាលើកទីមួយក្នុងការសម្ដែងភាពយន្តត្បិតថា រឿងនេះមិនមែនជាប្រភេទរឿង ដុំ ឬភាគមានរយៈពេលយូរក៏ពិតមែន ប៉ុន្តែនៅតែសប្បាយចិត្តដែលមានឱកាសបានសម្ដែងរឿងកុន។
យ៉ាងណាមិញទាក់ទងនឹងការថតរឿងថ្មីខាងផលិតកម្ម ហង្សមាស មិនបានថាអ្វីនោះទេ សុផាឡែន បន្តប្រាប់ថា៖ " ខាងផលិតកម្មគាត់អនុញ្ញាតឲ្យថត ណាមួយរឿងនេះ ត្រឹមតែប៉ុន្មាននាទី មិនមែនជារឿងដែលយូរ របស់ផលិតកម្មណាមួយ ហើយយកទៅចាក់នៅរោងកុនដើម្បីរកប្រាក់ចំណូលអីនោះទេអូន"។
លាង សុផាឡែន(រូបលើកដៃ) ក្នុងឈុតសម្តែងនៃរឿង "ផ្លូវ"
លាង សុផាឡែន ក្នុង Poster នៃរឿង "ផ្លូវ"
ចំណែកឯអ្នកដឹកនាំនៅក្នុងរឿង " ផ្លូវ " នេះវិញលោក វណ្ណ ស៊ីដារ៉ូ បានប្រាប់ថា សុផាឡែន មិនត្រឹមតែជាតារាចម្រៀងដែលមានសមត្ថភាពប៉ុណ្ណោះទេ ថែមទាំង សម្ដែងបានល្អទៀតផង។
“ដំបូងមានបងម្នាក់ដែលណែនាំគាត់(សុផាឡែន)មកខាងក្រុមពួកខ្ញុំ ហើយប្រាប់ថា គាត់ចង់ជួយពួកយើង ខ្ញុំគិតថាគាត់ជាតារាចម្រៀង អីចឹងប្រហែលមិនអាចសម្ដែងបាននោះទេ ប៉ុន្តែអ្វីដែលខ្ញុំគិត គឺខុសស្រលះ គាត់ពូកែសម្ដែងណាស់ អ្វីដែលជាឧបសគ្គនោះខាងបច្ចេកទេសពួកខ្ញុំទៅវិញទេ"។ ដារ៉ូ បន្ថែម។
ដារ៉ូ បន្ត៖ "បង សុផាឡែន គាត់ជួយពួកខ្ញុំដោយចិត្តស្មោះ គាត់អត់បានយកលុយកាក់អីទេ ណាមួយគាត់ឃើញថាក្រុមពួកខ្ញុំក្មេងៗសុទ្ធតែមានឆន្ទៈ ក្នុងវិស័យភាពយន្តហ្នឹង"។
រឿងនេះចូលរួមសម្ដែងដោយតារាមួយចំនួនដូចជា លាង សុផាឡែន ម៉ៅ គឹមធីតា ហុងដា សារាវ័ន្ត និងមានតារាពន្លកថ្មីផ្សេងៗទៀត។
រឿង"ផ្លូវ"ទាំងមូលនិពន្ធនិងដឹកនាំសម្ដែងដោយ ក្រុមយុវផលិតករ ZWAY Cambodia ហើយអត្ថន័យនៃរឿងនេះ ចង់និយាយពី មនុស្ស ជាបញ្ហាចម្បងធំ ព្រោះមានតែមនុស្សនេះហើយដែលសាងរាល់អំពើល្អអាក្រក់ ជាពិសេសនោះគឺ ការធ្វើចរាចរណ៍លើផ្លូវសាធារណៈ។ រឿងនេះទៀតសោតពេលដែលថតចប់គឺយកទៅបញ្ចាំងដើម្បីរកថវិកាមកជួយកុមារកំព្រាផងដែរ។ នេះជាការលើកឡើងរបស់ លោក វណ្ណ ស៊ីដារ៉ូ៕
តួស្រទន់ ក្នុងរឿង “ស្រទន់មន្តស្នេហ៍” ជាអ្នកណា?
ទៅ បុប្ផាណា បានទស្សនាកុនស្នាព្រះហស្តសម្ដេចតាដោយសេរី
អត្ថបទ៖ ថា ម៉ាលីដា
រូបថត៖ ផ្តល់ឲ្យដោយ ZWAY Cambodia