៣​ចំណុច​ដ៏​ចាំ​បាច់​ត្រូវ​ធ្វើ​ ក្រោយ​សម្ភាស​​ចប់ ​ព្រោះ​អាច​ជួយ​ឲ្យ​អ្នក​ជាប់​ការងារ​បាន

  • 2015-10-27 21:56:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​សម្ភាស​ការងារ​រួច​ មុន​និង​ក្រោយ​ពេល​​​ចាក​ចេញ​ពី​កន្លែង​សម្ភាស​ អ្នក​ស្វែង​រក​ការងារ​​ធ្វើ​ក៏​គួរ​ដឹង​ពី​អ្វី​ដែល​ត្រូវ​ធ្វើ​​​ផង​ដែរ​ ដើម្បី​ឲ្យ​អ្នក​សម្ភាស​ការងារ​មិន​ភ្លេច​ និង​ចង​ចាំ​រូប​អ្នក។

 

តាម​វិបសាយ​ការងារ Live Career និង​ទស្សនាវដ្ដី Forbes បាន​ឲ្យ​ដឹង​ថា អ្នក​ស្វែង​រក​ការងារ​​ធ្វើ​​មួយ​ចំនួន​មិន​បាន​ខ្វាយ​ខ្វល់​​តាម​ដាន​នូវ​ព័ត៌មាន​ និង​រំលឹក​ពី​​ខ្លួន​ឯង​​ទៅ​ខាង​ក្រុម​ហ៊ុន ​ឬ​ស្ថាប័ន​​សម្ភាស​ឲ្យ​ដឹង​នោះ​ទេ​ ខណៈ​ដែល​អ្នក​សម្ភាស​ជា​ច្រើន​​ចង់​បាន​ទង្វើ​បែប​​នេះ។ ខាង​ក្រោម​នេះ​ជា​គន្លឹះ​មួយ​ចំនួន​​​ដែល​គួរ​រំលឹក​ និង​បង្ហាញ​ពី​ខ្លួន​អ្នក​​ទៅ​ក្រុមហ៊ុន​ដែល​អ្នក​ដាក់​ពាក្យ​ក្រោយ​ពេល​សម្ភាស​ការងារ​រួច៖

 

 

១. ស្នើ​សុំ​ព័ត៌មាន​បន្ថែម​​មួយ​ចំនួន​​ពី​ក្រុម​ហ៊ុន​ដែល​បាន​សម្ភាស​​អ្នក​រួច​

ព័ត៌មាន​បន្ថែម​ដូច​ជា ស្នើ​សុំ​​នាមប័ណ្ណ​​អ្នក​ដែល​​សម្ភាស​មុន​ពេល​​ចាក​ចេញ ​​ នេះ​ធ្វើ​ឲ្យ​ពួក​គេ​ចង​ចាំ​អ្នក ហើយ​អ្នក​អាច​ទទួល​បាន​ព័ត៌មាន​​​ច្រើន​ថែម​ទៀត ដូច​ជា​​ឈ្មោះ​​ពួក​គេ លេខ​ទូរសព្ទ​ អ៊ីម៉ែល​ជា​ដើម។ ក្រោយ​ពេល​សម្ភាស​រួច​​ ការ​ធ្វើ​សកម្មភាព​ខាង​លើ​​គឺ​​បង្ហាញ​​ចំណាប់​អារម្មណ៍​របស់​អ្នក​ក្នុង​ការងារ​ក្រុមហ៊ុន​ ឬ​ស្ថាប័ន​ដែល​អ្នក​ដាក់​ពាក្យ។ បន្ថែម​ពី​នេះ​​​មន្ត្រី​សម្ភាស​អាច​ផ្ដល់​ដំណឹង​បន្ថែម​អំពី​មុខ​ដំណែង​​ដែល​អ្នក​បាន​ដាក់​ពាក្យ។ ក្រោយ​សម្ភាស​រួច​គួរ​កត់​ត្រា​​អំពី​ចំណុច​សំខាន់​ៗ​មួយ​ចំនួន​​​ដែល​មិន​បាន​លើក​ឡើង​​អំឡុង​ពេល​សម្ភាស​​​និង​លើក​ឡើង​វិញ​តាម​រយៈ​ការ​​អ៊ីម៉ែល​​​ទៅ​ពួក​គេ​​ ឬ​សន្ទនា​តាម​ទូរសព្ទ​បន្ថែម។

 

 

​​​២. ​ទាក់​ទង​​​​ទៅ​អ្នក​សម្ភាស​អ្នក​វិញ​ក្នុង​រយៈ​ពេល​៤៨​​ម៉ោង​ ​ គួរ​ធ្វើ​ទំនាក់​ទំនង​​​​ភ្លាម​ៗ​ទៅ​អ្នក​សម្ភាស​ការងារ​ក្រោយ​សម្ភាស​អ្នក​​រួច។ អ្នក​ជំនាញ​ការងារ​ជា​ច្រើន​បាន​និយាយ​ថា​ វា​មិន​លឿន​ពេក​​ក្នុង​ន័យ​រំខាន​​គេ​ (អ្នក​សម្ភាស​) ​នោះ​ទេ។ ចំណុច​សំខាន់​ៗ​ដែល​អ្នក​ត្រូវ​លើក​ឡើង​ប្រាប់​ទៅ​អ្នក​សម្ភាស​គឺ​ធ្វើ​ឲ្យ​ពួក​គេ​ស្គាល់​ និង​ចង​ចាំ​រូប​​អ្នក​បាន​ល្អ​តាម​រយៈ​ការ​សរសេរ​សេចក្ដី​​​ថ្លែង​អំណរគុណ​ជា​ដើម។ ពេល​មាន​ជម្រើស​ណា​មួយ​រវាង​បេក្ខជន​ដទៃ​ អ្វី​​ដែល​អ្នក​បាន​រំលឹក​ទៅ​​កាន់​ពួក​គេ​នោះ​នឹង​​អាច​ជួយ​អ្នក​បាន។ ក្នុង​ករណី​​ភ្លេច​មិន​បាន​ទូរសព្ទ​​​តាម​ដាន​ព័ត៌មាន​ពី​គេ​ក្នុង​រយៈពេល​៤៨​ម៉ោង​នោះ​ អ្នក​គួរ​ចាប់​ផ្ដើម​ទាក់ទង​​សួរ​នាំ​ពី​គេ​​​​ភ្លាម​​ ទោះ​យឺត​​ពេល​ក៏​ប្រសើរ​​ជាង​មិន​បាន​​ធ្វើ​អ្វី​​ទាំង​អស់​​ដែរ។

  ​​ ៣. ផ្ញើ​សារអេឡិចត្រូនិក​​អរគុណ​​​​ទៅ​កាន់​​អ្នក​សម្ភាស​

ផ្ញើ​សារ​អេឡិចត្រូនិក​(អ៊ីម៉េល) អរគុណ​ទៅ​អ្នក​សម្ភាស​គឺ​​​មិន​ត្រឹម​តែ​ឲ្យ​ពួក​គេ​ងាយ​ចង​ចាំ​រូប​អ្នក​ទេ​​ វា​​បង្ហាញ​ថា​ អ្នក​ជា​មនុស្ស​​យក​ចិត្ត​ទុក​ដាក់​ មាន​ចំណាប់​អារម្មណ៍​​លើ​ការងារ មាន​ទំនួល​ខុស​ត្រូវ​ និង​ជា​មនុស្ស​ដើរ​ទាន់​សម័យ​កាល​បច្ចេកវិទ្យា​ផង​ដែរ។ ទោះ​បី​ការ​សម្ភាស​មិន​បាន​ល្អ​ ប៉ុន្តែ​អ្នក​សម្ភាស​អាច​ពិចារណារ​ឡើង​វិញ​នូវ​ពេល​មាន​ជម្រើស​ណា​មួយ និង​ជា​ឱ​កាស​សម្រាប់​ថ្ងៃ​ក្រោយ។ អ្វី​ដែល​គួរ​ប្រយ័ត្ន​នោះ​គឺ​ បង្ការ​កុំ​ឲ្យ​មាន​កំហុស​ វេយ្យាករណ៍ អត្ថន័យ​ចំពោះ​សារ​អំណរ​គុណ​ជា​ភាសា​អង់គ្លេស​ជា​ដើម។ ជា​ចុង​ក្រោយ​អ្នក​អាច​នឹង​រង់​ចាំ​លទ្ធផល​ល្អ​​ពី​អ្នក​សម្ភាស​ក៏​ថា​បាន៕

 

ចុចអាន៖ តើ​គួរ​​ចរចា​ប្រាក់​ខែ​​​​បែប​ណា​ពេល​សម្ភាស​ការងារ?

ចុចអាន៖  ៦​ចំណុច​ជួយ​ឲ្យ​អ្នក​​​ធ្វើ​បទ​បង្ហាញ​បាន​រលូន ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ livecareer​​

អត្ថបទថ្មី