មក​មើល​សណ្ឋាគារ​ល្បី​ខាង​ខ្មោច​លង​​ជាង​គេ​ ក្នុង​ប្រទេស​​អង់គ្លេស

  • 2015-10-28 18:01:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​ជឿ​ថា​មាន​​ព្រលឹង​ខ្មោច​ ព្រាយ​បិសាច ប្រាកដ​ជា​ខ្លាច​រអា​ខ្លាំង​​​នូវ​ទីកន្លែង​​​មួយ​ចំនួន​ដែល​ល្បី​ថា​មាន​ខ្មោច។ ទី​កន្លែង​ដូច​ជា​ទី​កប់​ខ្មោច ទី​ដែល​គេ​បោះ​បង់​ចោល ឬ​កន្លែង​ណា​មួយ​ដែល​មាន​មនុស្ស​ស្លាប់​គឺ​​ទី​តាំង​ទាំង​នោះ​​គេ​ជឿ​ថា​មាន​ព្រលឹង​ខ្មោច​មក​លង មិន​ថា​នៅ​ក្នុង​ប្រទេស​ណា​នោះ​ទេ។​

 

ចំណែក​​ប្រទេស​អង់គ្លេស​ឯ​ណេះ​វិញ​ ក៏​មាន​កន្លែង​មួយ​ចំនួន​ធ្វើ​ឲ្យ​​មនុស្ស​ខ្លាច​​ផង​ដែរ​ដោយ​គេ​ជឿ​ថា​មាន​ព្រលឹង​ខ្មោច​មក​លង។ ក្នុង​សណ្ឋាគារ​​មួយ​ចំនួន​ខាង​ក្រោម​នេះ​អាច​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​ភ័យ​ខ្លាច​ ជា​ពិសេស​សម្រាប់​ពិធី​បុណ្យ​បណ្ដា​ប្រទេស​លោក​ខាង​លិច​​ Halloween ដែល​ខិត​ជិត​មក​ដល់​ក្នុង​​ថ្ងៃ​ទី​ ៣១​ ខែ​តុលា​នេះ។

 

១. សណ្ឋាគារ​ The Langham ទី​ក្រុង​ឡុងដុង​  

តាម​ការ​ឲ្យ​​ដឹង​ពី​ភ្ញៀវ​ជា​ច្រើន​ដែល​បាន​ស្នាក់​នៅ​ទី​នោះ បាន​ឲ្យ​ដឹង​ថា​ពួក​គេ​​បាន​ឃើញ​ព្រលឹង​ខ្មោច​ជា​ច្រើន​ដើរ​​ចុះ​ដើរ​ឡើង​ នៅ​ក្នុង​សាល​រួម ជួន​កាល​ហោះ​ឆ្លង​កាត់​តាម​ជញ្ជាំង​ពី​មួយ​ទៅ​មួយ​ទៀត​ផង។ ភាគ​ច្រើន​គេ​ថា​បាន​ឃើញ​​ព្រលឹង​ខ្មោច​​​ព្រះ​អង្គ​ម្ចាស់​អាល្លឺម៉ង់​ម្នាក់​ ឬ​​បុរស​អភិជន​ម្នាក់​ដែល​បាន​លោត​ពី​បង្អួច​​ខ្ពស់​​នៅ​ទី​នោះ។ បន្ទប់​លេខ​៣៣៣ គឺ​ជា​​​បន្ទប់​ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ព្រឺ​​ខ្លួន​ជាង​គេ។

 

  ២. សណ្ឋាគារ The Savoy ទី​ក្រុង​ឡុងដុង

  មាន​ពាក្យ​ចចាមអារ៉ាម​ថា​​សណ្ឋាគារ​ The Savoy មាន​ជណ្ដើរ​យន្ត​ប្រអប់​មួយ​ដែល​​មាន​ព្រលឹង​​ខ្មោច​ក្មេង​ស្រី​តូច​ម្នាក់​ត្រូវ​បាន​គេ​សម្លាប់​ក្នុង​សណ្ឋាគារ​​នៅ​ចាំ​​និង​​វិលវល់​ក្នុង​ទី​នោះ។ ភ្ញៀវ​សណ្ឋាគារ​ជា​ច្រើន​ថា​បាន​ឃើញ​​ព្រលឹង​​ខ្មោច​ត​ៗ​គ្នា​​នៅ​ជាន់​ទី​៥។ នេះ​បើ​តាម​សារព័ត៌មាន​អង់គ្លេស Telegraph។  

  ៣. សណ្ឋាគារ​ The Mermaid ទីក្រុង​ Rye តំបន់ Sussex

  ជា​សណ្ឋាគារ​ចាស់​ជាង​គេ​តាំង​ពី​យូរ​​​ឆ្នាំ​មក​ហើយ​​ក្នុង​ភាគ​​អាគ្នេយ៍​ប្រទេស​អង់គ្លេស។ សណ្ឋាគារ​នេះ​ត្រូវ​សង់​ឡើង​វិញ​ក្នុង​​ទសវត្ស​ឆ្នាំ​ ១៤២០។ អំឡុង​ឆ្នាំ​ ១៧៣០ ដល់​ឆ្នាំ​ ១៧៤០ សណ្ឋាគារ​នេះ​​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រុម​បង​ធំ​​​នាំ​ទំនិញ​លួច​លាក់​មួយ​ឈ្មោះ​ Hawkhurst ។ តាម​គេ​និយាយ​ត​ៗ​គ្នា​ថា ​ខ្មោច​​ក្រុម​បង​ធំ​និង​ខ្មោច​ស្រីៗ​ជា​ភរិយា​ក្រុម​នោះ​លង​​ចេញ​ពី​ក្នុង​ដី​​មក។

 

  ៤. ប្រាសាទ Stuart ក្បែរ​ក្រុង​ Inverness​​​​​​​​

  ប្រាសាទ​នេះ​បាន​ប្រែ​​ក្លាយ​ជា​សណ្ឋាគារ​និង​កន្លែង​វាយ​កូន​ហ្គោល។ មាន​រឿង​​អាថ៌កំបាំង​ជា​ច្រើន​ដែល​គេ​និយាយ​ត​​ៗ​គ្នា​​អំពី​ប្រាសាទ​នេះ។ ដើម្បី​ជា​ការ​ដឹង​ច្បាស់​​ មាន​រដ្ឋមន្ត្រី​ម្នាក់​បាន​មក​ស្នាក់​នៅ​ទី​នោះ​​​មួយ​យប់ ស្រាប់​តែ​បាន​ជួប​នឹង​ព្រលឹង​ខ្មោច​​រដ្ឋ​មន្ត្រី​ពី​មុន​និង​ព្រលឹង​ខ្មោច​ស្រី​នៅ​ទី​នោះ ក្រោយ​មក​បន្ទប់​លោក​រដ្ឋមន្ត្រី​បាន​បែក​បាក់ ចំណែក​រដ្ឋមន្ត្រី​បាន​ធ្លាក់​ខ្លួន​ឈឺ​រហូត​ដល់​ស្លាប់។

 

  ៥. ប្រាសាទ Airth ជិត​ក្រុង​ Stirling ​​​​

  រហូត​មក​ដល់​ពេល​នេះ​ប្រាសាទ​នេះ​បាន​ក្លាយ​ជា​សណ្ឋាគារ​មួយ។ ភ្ញៀវ​​និង​បុគ្គលិក​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា ពួក​គេ​​បាន​លឺ​​សំឡេង​​ក្មេងៗ​លេង​រំពង​ពេញ​បន្ទប់​​លេខ​ ៣ លេខ​៩ និង​លេខ ២៣ ខណៈ​ពេល​ដែល​បន្ទប់​ទាំង​នោះ​ពុំ​មាន​នរណា​នៅ​សោះ។ មាន​គេ​និយាយ​​ត​គ្នា​ថា​មាន​ក្មេង​ៗ​និង​ម៉ែ​ដោះ​ពួក​គេ​បាន​ស្លាប់​ក្នុង​ភ្លើង​នៅ​ទី​នោះ​ធ្វើ​ឲ្យ​គ្រប់​គ្នា​នៅ​មាន​ភាព​ភ័យ​ខ្លាច។ ពេល​ខ្លះ​គេ​ថា​ឃើញ​មាន​ព្រលឹង​ខ្មោច​សត្វ​សុនខ​មក​ខាំ​​កែង​ជើង​ទៀត​ផង​ បើ​ភ្ញៀវ​ណា​សំណាង​អាក្រក់។ នេះ​បើ​តាម The Scotsman។

 

  ៦. សណ្ឋាគារ The Ettington Park ទីក្រុង​ Startford-upon-Avon

  គេ​ល្បី​ថា​នៅ​ទី​នោះ​មាន​ព្រលឹង​ខ្មោច​ស្រី​ស្លៀក​រ៉ូប​ស​ម្នាក់​ដើរ​ត្រាច់​ចរ​ពេញ​សាល​រួម​និង​បាត់​ខ្លួន​​វិញ​តាម​ជញ្ជាំង។ ខ្មោច​ស្រី​នោះ​គេ​ថា​ឈ្មោះ Lady Emma អតីត​អ្នក​មើល​ថែ​​ក្មេង​នៅ​ទី​នោះ​ បាន​ស្លាប់​នៅ​ក្បែរ​ជណ្ដើរ ហើយ​គេ​ថា​នាង​តែង​លង​ចេញ​ពី​ក្រោម​កាំ​ជណ្ដើរ​តែ​ម្ដង។ ក្រៅ​ពី​ព្រលឹង​ខ្មោច Emma គេ​ថា​មាន​ខ្មោច ទាហាន បុរស​ម្នាក់​ជា​មួយ​សុនខ និង​ក្មេង​ប្រុស​ពីរ​នាក់​ទៀត។

 

  ៧. ប្រាសាទ​ Dalhousie ជិត​​ក្រុង​ Edinburgh​

  មក​ទល់​ពេល​នេះ​ប្រាសាទ​នេះ​បាន​ក្លាយ​ជា​សណ្ឋាគារ​ហើយ។ មាន​គេ​និយាយ​ត​​គ្នា​ថា​មាន​ព្រលឹង​ខ្មោច​​ស្រី​ដែល​ជា​កូន​ស្រី​អតីត​អ្នក​គ្រប់​គ្រង​ទី​នោះ​លង​ខ្លាំង។ នាង​បាន​ស្លាប់​ដោយ​សារ​ការ​បង្អត់​អាហារ​​ខ្លួន​ឯង​ក្នុង​គុក​ងងឹត​ក្រោម​ដី​បន្ទាប់​ពី​ឪពុក​ម្ដាយ​នាង​មិន​យល់​ព្រម​ឲ្យ​ជួប​បុរស​ម្នាក់​ដែល​នាង​ស្រលាញ់។ គេ​ថា​នាង​លង​ចេញ​ពី​ក្រោម​​ដី​តែ​ម្ដង។

 

  ៨. សណ្ឋាគារ The Ragged Cot តំបន់​ Gloucestershire

  មាន​ភ្ញៀវ​ជា​ច្រើន​​ថា​បាន​លឺ​សំឡេង​​ចម្លែក​​ក្នុង​សណ្ឋាគារ​នោះ។ មាន​គេ​និយាយ​ថា​ មាន​បុរស​ស្រវឹង​ស្រា​ម្នាក់​បាន​ច្រាន​ប្រពន្ធ​និង​កូន​ខ្លួន​​ឯង​ពី​ជណ្ដើរ​​ក្រោយ​ពី​ពួក​គេ​ឃាត់​គាត់​មិន​ឲ្យ​ទៅ​ប្លន់​គ្រូ​បង្រៀន​ម្នាក់។ ក្រោយ​ត្រឡប់​មក​វិញ​បុរស​នោះ​បាន​ឃើញ​ប្រពន្ធ​និង​កូន​ខ្លួន​ស្លាប់។ ចុង​ក្រោយ​អ្នក​ទាំង​បី​បាន​ស្លាប់​​រួម​គ្នា​ក្នុង​ហិប​ធំ​មួយ ដែល​ចំណេរ​កាល​ក្រោយ​មក​​បាន​ធ្វើ​ឲ្យ​ទី​នោះ​មាន​​ល្បី​ខាង​ខ្មោច​លង​ដោយ​ព្រលឹង​គ្រួសារ​នោះ។

 

  ៩. ប្រាសាទ Chillingham តំបន់​ Northumberland​​​​​​​

  នៅ​ទី​នោះ​គឺ​ល្បី​ដោយ​​ព្រលឹង​ខ្មោច​ក្មេង​ប្រុស​ម្នាក់។ គេ​ថា​តែង​មាន​​ព្រលឹង​ខ្មោច​​ក្មេង​ប្រុស​ម្នាក់​ពណ៌​ខៀវ​មក​លង​បន្លាច​ក្បែរ​គ្រែ​ភ្ញៀវ​ដែល​កំពុង​ស្នាក់​នៅ​ជា​ពិសេស​នៅ​បន្ទប់​មួយ​ឈ្មោះ Pink Room ។ នេះ​បើ​តាម​សារព័ត៌មាន​​ Telegraph ។ ក្រៅ​ពី​ព្រលឹង​ខ្មោច​ពណ៌​ខៀវ​នៅ​មាន​ព្រលឹង​ខ្មោច​ស្រី​ម្នាក់​ទៀត​ឈ្មោះ​ Mary មក​លង។ គេ​ថា​​ព្រលឹង​ខ្មោច​ទាំង​នោះ​ជា​អតីត​មនុស្ស​ដែល​​ត្រូវ​បាន​អភិបាល​ម្នាក់​​ធ្វើ​បាប​ក្នុង​ទី​កន្លែង​ខាង​លើ។

 

  ១០. សណ្ឋាគារ​ Schooner តំបន់​ Northumberland

  តាម​សារព័ត៌មាន Express មាន​មនុស្ស​ចំនួន​៣ពាន់​នាក់​បាន​​​និយាយ​ពី​រឿង​​នៅ​ទី​នោះ មនុស្ស​៦០​នាក់​ថា​​បាន​ឃើញ​​ព្រលឹង​ខ្មោច​ស្រស់​ៗ​តែ​ម្ដង។ គេ​បាន​លឺ​សំឡេង​​ខ្សឹប​ៗ​លាយ​ឡំ​និង​សំឡេង​ទ្រហោ​យំ​ ចេញ​ពី​បន្ទប់​ ២៨ ២៩ និង​៣០។ គេ​ថា​នោះ​ជា​ព្រលឹង​ខ្មោច​អតីត​ទាហាន​ម្នាក់ ដែល​គេ​ឃើញ​​លង​តាម​ជញ្ជាំង ក៏​ដូច​ជា​ព្រលឹង​ខ្មោច​ស្រី​បម្រើ​ម្នាក់​​ដែល​លង​ចេញ​ពី​ជណ្ដើរ។

 

  ១១. សណ្ឋាគារ​ The Skirrid តំបន់​ Monmouthshire 

  មាន​​រឿង​អាថ៌កំបាំង​ជា​ច្រើន​នៅ​ពី​ក្រោយ​សណ្ឋាគារ​ចំណាស់​តាំង​ពី​ឆ្នាំ​១១១០ មួយ​នេះ។ គេ​ថា​មាន​ព្រលឹង​ខ្មោច​ចៅ​ក្រម​មួយ​ឈ្មោះ​ នាងJeffreys។ ភ្ញៀវ​ជា​ច្រើន​បាន​ស្នាក់​នៅ​ទី​នោះ​ថា​ពួក​គេ​បាន​ឃើញ​ព្រលឹង​ខ្មោច​ស្រី​​ស្លៀក​រ៉ូប​​លង​ដោយ​មាន​ចង​ក និង​មាន​កែវ​ជា​ច្រើន​ហោះ​ចេញ​ពី​ធ្នើរ៕

 

  ចុចអាន៖ អបអរ​បុណ្យ​ Halloween​ គ្រួសារ​​មួយ​ចង​ព្យួរ​សាកសព​សិប្បនិមិត្ត​មុខ​ផ្ទះ​គួរ​ឲ្យ​ខ្លាច

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ buzzfeed

អត្ថបទពេញនិយម