ដួង ម៉ានិច ទោះ​បី​ត្រូវ​ញ៉ាំ​ម្ទេស​ហឹរប៉ុណ្ណា​មិន​ខ្វល់​ សំខាន់​បាន​ជួយ​អ្នក​ក្រី​ក្រ​

  • 2015-10-29 18:23:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារ​តែ​មើល​ឃើញកុមារ​តូចៗ​និង​​មនុស្ស​ចាស់​ជរា​មួយ​ចំនួន​កំពុង​តែ​ជួប​ប្រទះ​នៅ​តាម​ដង​ផ្លូវ​​ ​បាន​ធ្វើ​ឲ្យ​តារា​សម្តែង​ ដួង ម៉ានិច កើត​មាន​ក្តី​អាណិត​អាសូរ​ជា​ពន់​ពេក ម្ល៉ោះ​ហើយ​នាង​បាន​បង្កើត​ជា​វីដេអូ​មួយ​ដោយ​ធ្វើ​ការ​ញ៉ាំ​ម្ទេស​​ក្នុង​គោល​បំណង​រក​ថវិកា​ជួយ​ដល់​ពួកគេ​ទាំង​នោះ​ទោះ​បី​ដឹង​ថា​ការ​ញ៉ាំ​​ម្ទេស​នោះ​ហឹរយ៉ាង​ណា​ក៏​ដោយ។

 

មុន​នឹង​ឈាន​ដល់​​ការ​បក​ស្រាយ​ឲ្យ​លម្អិត​ ដួង ម៉ានិច​ សុំ​ធ្វើ​ការ​ពន្យល់​​ថា​ហេតុ​អ្វី​បាន​ជា​ជ្រើសរើស​ យក​​ផ្លែ​ម្ទេស​មក​ធ្វើ​ជា​ល្បែង​ក្នុង​ការ​រៃ​អង្គាស​ថវិកា​នេះ? ចម្លើយ​ នាង​ប្រាប់​ថា​ ម្ទេស គឺ​ជា​ផ្លែ​មួយ​ដែល​មាន​រសជាតិ​ហឹរ កាល​ណា​​ទទួល​ទាន​វា​ចូល​ក្នុង​ពោះ​ វា​នឹង​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​ក្រហល់​ក្រហាយ​ពិបាក​ទ្រាំ ជាមួយ​គ្នា​នេះ​នាង​ចង់​បញ្ជាក់​បន្ថែម​គឺ​មិនមែន​ចង់​ប្រៀប​ធៀប​ពួកគេ​ទាំង​នោះ​ឲ្យ​ញ៉ាំ​ម្ទេស​ដែរ​​នោះ​ទេ គ្រាន់​តែ​ចង់​ធៀប​រឿង​ពួក​គេ​គ្មាន​អ្វី​ហូប​ចុក​ តើ​​ពិបាក​ទ្រាំ​ប៉ុណ្ណា?

 

 

“អូន​អើយ...ពេល​បង​ចេញ​ពី​ថត​ម្តង​ៗ​គឺ​យប់​ជ្រៅ​ណាស់​ហើយ ក្មេង​តូចៗ​ដែល​មក​សុំ​លុយ​បង​និង​អ្នក​ដទៃ​តាម​ផ្លូវ​ មើល​ទៅ​គួរ​ឲ្យ​សង្វែក​ណាស់។ បង​បាន​ឈប់​សួរ​ ហើយ​ពួកគេ​ប្រាប់​ថា ឃ្លាន​ណាស់ ​​អូន​ឯង​គិត​មើលម៉ោង​ ១១ ជិត​១២ ទៅ​ហើយ​ គេ​មិន​ទាន់​បាន​អី​ញ៉ាំ​ទេ​អូន។ បង​ឃើញ​បែប​នេះ​បង​បាន​គិត​ថា​ថ្ងៃ​ណា​ទំនេរ​ពី​ការ​ថត​បន្តិច​នឹង​ឆ្លៀត​ធ្វើ​វីដេអូ​រៃ​អង្គាស​ប្រាក់​ដើម្បី​ជួយ​ពួក​គេ​ ឥឡូវ​នេះ​បង​បាន​ធ្វើ​ហើយ"។ ម៉ានិច ថ្លែង​ប្រាប់​ Sabay​មុន​នេះ។​​​

 

តួ​ស្រី​ក្នុង​រឿង "ផ្កា៤ទង" បន្ត​ទៀត​ថា​ត្បិត​ការ​ធ្វើ​​រៃ​អង្គាស​ថវិកា​បែប​នេះ​មិន​បាន​ជួយ​ដល់​មនុស្ស​គ្រប់​គ្នា​ក៏​ដោយ​ ប៉ុន្តែ​ វា​ជា​ទឹក​ចិត្ត​មួយ​ដែល​ផុស​ចេញ​ពី​បេះ​ដូង​ ព្រោះនាង​​បាន​ជួប​ផ្ទាល់​ទិដ្ឋភាព​លើក​ដៃ​សុំ​លុយ​ទាំង​យប់​អាធ្រាត្រ​ រួម​ទាំង​មិន​ទាន់​បាន​ទទួល​ទាន​អ្វី​បន្តិច​សោះ។

 

 

ទន្ទឹម​នឹង​ការងារ​កំពុង​តែ​មាន​ការ​មមាញឹក​រក​ពេល​ដក​ឃ្លា​ញ៉ាំ​បាយ​មិន​បាន​ ម៉ានិច​ ប្រាប់​ថា​​​​ទោះ​យ៉ាង​ណា​ក៏​ត្រូវ​ធ្វើ​ការងារ​ជួយ​ក្មេង​ និង​មនុស្ស​ទាំង​នោះ​ឲ្យ​បាន​សម្រេច​ផង​ដែរ ។បើ​ទោះ​ជា​ Game​ ដែល​នាង​លេង​តម្រូវ​ឲ្យ​ញ៉ាំ​ម្ទេស​ ក៏​នាង​មិន​ខ្លាច​ដែរ​សំខាន់​នាង​ត្រូវ​រក​ថវិកា​ឲ្យ​បាន​ច្រើន​ដើម្បី​ជួយ​ពួកគេ​ទាំង​នោះ ​ដោយ​សារ​នាង​ធ្លាប់​ជួប​លំបាក​ អីចឹង​នាង​យល់​ពី អារម្មណ៍​នៃ​ការ​អត់​ឃ្លាន​ គ្មាន​អ្វី​ហូប​ដូច​អ្វី​ដែល​ពួក​គាត់​កំពុង​តែ​ជួប​ប្រទះ។

 

"មិន​ថា​តែ​បង​ទេ​ដែល​មិន​ចេះ​ញ៉ាំ​ម្ទេស បង​ៗ​មួយ​ចំនួន​ដែល​បង​បាន ​Tag ឲ្យ​ពួក​គាត់​​​ក៏​មិន​ចេះ​ញ៉ាំ​ដែរ ប៉ុន្តែ​ដើម្បី​ក្មេង​កំព្រា​ និង​អ្នក​លំបាក​ទាំង​នោះ​ ពួក​បង​ត្រូវ​តែ​ទ្រាំ​​ញ៉ាំ​។ អូន​អើយ​ពេល​ដែល​បង​ញ៉ាំ​ម្ទេស​ចូល​ក្នុង​ខ្លួន​ភ្លាម​ អារម្មណ៍​បង​ក្រ​ហល់​ក្រហាយ​រក​អ្វី​មក​ប្រៀប​មិន​បាន​ទេ ត្រចៀក​ក៏​ហ៊ឹង​ ពិបាក​ទ្រាំ​ក្នុង​ខ្លួន​ណាស់ ​ប៉ុន្តែ​​ដើម្បី​រក​ថវិកា​ជួយ​ពួក​គេ​បង​ត្រូវ​តែ​ទ្រាំ"។ ម៉ានិច បន្ថែម។

 

ទាក់​ទិន​នឹង​ការ​លេង​ល្បែង​ដើម្បី​រក​ថវិកា​ជួយ​អ្នក​ក្រខ្សត់​តាម​ផ្លូវ​ ម៉ានិច ប្រាប់​ថា​ ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ ទី២៥ មក​ដល់​ថ្ងៃ​នេះ​បាន​រយៈ​ពេល​៣​ថ្ងៃ​ ហើយ​ទទួល​បាន​ទឹក​ប្រាក់​ ៨០$​ផង​ដែរ។ នៅ​ថ្ងៃ​ទី​០៥ ខែ​ក្រោយ​ជា​ថ្ងៃ​ដែល​នាង​​ឈប់​ទទួល​ថវិកា​ ហើយ​ចាប់​ផ្ដើម​រៀប​ចំ​ធ្វើ​ម្ហូប​ទៅ​ចែក​ជូន​អ្នក​ក្រខ្សត់​នានា​នៅ​តាម​ដង​ផ្លូវ៕

 

លាង សុផាឡែន ​ថត​​រឿងមិន​យកកម្រៃ ត្បិត​ចង់​​ជួយ​​​យុវជន​ខ្មែរ

 

នាយ​ក្រឹម ថា៖ភាពយន្ត​ខ្មែរ​ឥឡូវ​ដូច​ភ្លើង​ចំបើង

 

អត្ថបទ៖ ថា ម៉ាលីដា​

​​