រកឃើញរតនសម្បត្តិមហាសាល ក្នុងផ្នូរស្ដេចចម្បាំងក្រិកជាង៣,៥ពាន់ឆ្នាំមុន
- 2015-10-28 21:25:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញរតនសម្បត្តិមហាសាល ក្នុងផ្នូរស្ដេចចម្បាំងក្រិកជាង៣,៥ពាន់ឆ្នាំមុន
ចន្លោះមិនឃើញ
ក្រុមបុរាណវិទូ បានគាស់កកាយរកឃើញគ្រឿងអលង្ការមានតម្លៃមហាសាល ក្នុងផ្នូរស្ដេចចម្បាំងក្រិកបុរាណនាយុគស្ពាន់ ដែលបានកប់ទុកជាង ៣៥០០ឆ្នាំមុន នៅទីក្រុង Pylos ភាគនិរតីប្រទេសក្រិក។ ក្នុងការរុករក ក្រុមអ្នកជំនាញចាត់ទុកថា គឺជាការរកឃើញដ៏អស្ចារ្យនូវទ្រព្យសម្បត្តិសម័យបុរេប្រវត្តិ នៅប្រទេសក្រិក ក្នុង រយៈពេល ៦៥ឆ្នាំចុងក្រោយនេះ។
ក្រសួងវប្បធម៌ក្រិកបានប្រកាសឲ្យដឹងថា រតនសម្បត្តិទាំងនេះមានចំនួន ១៤០០គ្រឿង ដូចជាដាវស្ពាន់ប្រវែងជិត ១ម៉ែត្រដែលមានដងធ្វើពីភ្លុកដំរី ចិញ្ចៀនមាស ៤វង់ ខ្សែមាសដ៏វែងមួយខ្សែ កែវមាសកែវស្ពាន់ គជ់ខ្យង កាំបិតស្នៀត និងគ្រឿងអលង្ការឆ្លាក់ដ៏ស្មុគស្មាញជាង ៥០គ្រឿងទៀត ដែលម៉ូដរបស់វាជាអរិយធម៌ជនជាតិ Minoan លើកោះ Crete ភាគអាគ្នេយ៍ប្រទេស។
ចំណែកគ្រោងឆ្អឹងរបស់ស្ដេចចម្បាំងក្រិកនេះ ត្រូវបានគេដាក់ឈ្មោះថា «Griffin Warrior » និងបានកប់ក្នុងផ្នូរ ដោយការពារដោយផ្ទាំងថ្មធ្ងន់មួយ។
អ្នកស្រី Sharon Stocker រួមជាមួយស្វាមីលោក Jack Davis ដឹកនាំក្រុមបុរាណវិទូមកពីសាកលវិទ្យាល័យ Cincinnati និយាយថា ពួកគេមិននឹកស្មានថា បានរកឃើញគ្រឿងអលង្ការគួរឲ្យភ្ញាក់ផ្អើលទាំងអស់នេះទេ។
ក្រុមអ្នកជំនាញបានជីកកកាយដី ចម្ងាយប្រមាណ ១៥០ម៉ែត្រពីរាជវាំង Nestor ក្នុងក្រុង Pylos បុរាណ ដែលជាមជ្ឈមណ្ឌលរុករក Mycenaean ដ៏សំខាន់ ស្ថិតនៅប្រមាណ ៩០គីឡូម៉ែត្រភាគនិរតីទីក្រុងអាតែន៕
ប្រែសម្រួល៖ ឡេង ភារុណ ប្រភព៖ CNN