តើ សៅ ឧត្តម និយាយអ្វីខ្លះក្រោយបរាជ័យក្នុងកម្មវិធី Cambodian Idol យប់មិញ?
- 2015-11-02 17:49:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើ សៅ ឧត្តម និយាយអ្វីខ្លះក្រោយបរាជ័យក្នុងកម្មវិធី Cambodian Idol យប់មិញ?
ចន្លោះមិនឃើញ
នៅទីបំផុតបេក្ខជន សៅ ឧត្ដម បានត្រឹមពោលពាក្យសោកស្ដាយ ព្រោះមិនអាចនាំយកជ័យជម្នះពីកម្មវិធី Cambodian Idol សម្រាប់អ្នកគាំទ្ររូបគេ ជាពិសេសអ្នករស់នៅខេត្តស្វាយរៀងតែម្ដង។
រូបភាព៖ FB Cambodian Idol
“ខ្ញុំស្ដាយនោះ ស្ដាយពេកហើយ ដែលធ្វើឱ្យបងប្អូនអ្នកគាំទ្រខកបំណង តែធ្វើម៉េចការប្រកួតមានឈ្នះមានចាញ់អ៊ីចឹងហើយ ខ្ញុំក៏មិនចង់ដែរ"។ សៅ ឧត្ដម ថ្លែងមកកាន់ Sabay ព្រឹកមិញ។ បេក្ខជនរូបនេះបន្តថា ដោយសាររូបគេមានកំហុសឆ្គងមួយចំនួនកាលយប់មិញ ខណៈសម្ដែងលើឆាកនៅចំពោះមុខគណៈកម្មការ និងទស្សនិកជន។ ក្នុងនោះរូបគេ ច្រៀងចូលខុសចង្វាក់ភ្លេងបទ "Rock n Roll” នៅជុំទី៣ជាដើម។
ឧត្ដម បញ្ជាក់ថា កំហុសទាំងនោះ កើតចេញពីអារម្មណ៍សប្បាយរីករាយផង លាយឡំដោយក្ដីភ័យរំភើបផង ទើបបង្កជាកំហុសឆ្គងដូច្នេះ ដែលបន្សល់ទុកនូវការសោកស្ដាយសម្រាប់ខ្លួនឯង និងការខកបំណងដល់អ្នកគាំទ្រទាំងឡាយតាំងពីវគ្គដំបូងរហូតមកដល់បញ្ចប់។
ជាមួយគ្នានោះ សៅ ឧត្ដម បន្ថែមទៀតថា រូបគេនៅមិនទាន់ដឹងត្រូវទៅណានៅឡើយ ដោយកំពុងរង់ចាំដំណឹងពីទូរទស្សន៍ហង្សមាសបន្តទៀតសិន។ ប៉ុន្តែអ្នកខេត្តស្វាយរៀងខាងលើអះអាងថា ជីវិតមានភាពផ្លាស់ប្ដូរច្រើនជាងពីមុន ក្រោយបានចូលរួមក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោកមួយនេះ រួមមានសមត្ថភាពច្រៀងជាដើម ក្រោយការហ្វឹកហាត់ជាច្រើនសប្ដាហ៍កន្លងមក ។
បេក្ខជនវ័យ ២៩ ឆ្នាំរូបនេះ សង្ឃឹមថា មហាជនទូទៅនៅតែមានការគាំទ្រដដែល ទោះបីជារូបគេបរាជ័យក្នុងការប្រកួតប្រជែងសមត្ថភាពលើកនេះក៏ដោយ។ បេក្ខជនរូបនេះសោកស្ដាយ ដែលមិនអាចឆ្លើយតបតាមការចង់បានរបស់អ្នកគាំទ្រ ជាពិសេសមិនបានលើកមុខមាត់ដល់អ្នករស់នៅខេត្តស្វាយរៀង ជាទីកន្លែងផ្ដល់កំណើតកម្សត់កម្រ៕
អានអត្ថបទ៖ ម៉ៅ ហាជី ទោះធ្លាក់ពី Cambodian Idol តែចង់បន្តអាជីពតារាចម្រៀងនៅភ្នំពេញ
អានអត្ថបទ៖ ទីបំផុត នី រតនា ឈ្នះជយលាភី Cambodian Idol រដូវកាលទី១
អត្ថបទ៖ សំ ជំនាញ
រូបថត៖ Page Cambodian Idol