បទសម្ភាសន៍ជាមួយម្ចាស់ពាន Cambodian Idol
- 2015-11-02 19:13:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បទសម្ភាសន៍ជាមួយម្ចាស់ពាន Cambodian Idol
ចន្លោះមិនឃើញ
យុវជនមកពីខេត្តកំពង់ធំ នី រតនា បានក្លាយជាម្ចាស់ជយលាភីកម្មវិធី Cambodian Idol រដូវកាលទី១ត្រឹមយប់មិញ ដោយទទួលបានប្រាក់រង្វាន់ជាច្រើន រួមទាំងក្លាយជាតារាចម្រៀងកុងត្រាជាមួយផលិតកម្មហង្សមាសទៀត។ បន្ទាប់ពីជ័យជំនះ ម្ចាស់ជយលាភីរូបនេះ បានជួបសម្ភាសន៍ខ្លីជាមួយក្រុមការងារ Sabay តាមរយៈទូរស័ព្ទមុននេះបន្តិច។ ដូច្នេះ សូមតាមដានទាំងអស់គ្នា៖
Sabay៖ គ្រប់គ្នាដឹងហើយថា យប់មិញនេះ រតនា បានក្លាយជា ជយលាភីកម្មវិធី Cambodian Idol រដូវកាលទី១។ អនុញ្ញាតអោយទស្សនិកជនដឹងបន្តិច ពីអារម្មណ៍គ្រានោះ?
នី រតនា៖ បាទបង...បើនិយាយពីអារម្មណ៍គឺរំភើបរកលេខដាក់គ្មានទេ មិនដឹងបរិយាយយ៉ាងណាឲ្យសមនឹងអារម្មណ៍បែបហ្នឹងទេបង ព្រោះវាជាក្តីស្រមៃ យូរហើយថាខ្ញុំនឹងបានក្លាយជាតារាចម្រៀងអាជីពមួយហើយមានទស្សនិកជនស្គាល់ច្រើន ឥឡូវបំណងខ្ញុំបានសម្រេចហើយ។
នី រតនា ទទួលជយលាភីលេខ១ក្នុងកម្មវិធី Cambodian Idol យប់មិញ
Sabay៖ ដំបូងឡើយមុននឹងចូលប្រឡងក្នុងកម្មវិធីលំដាប់ពិភពលោកមួយនេះ តើ រតនា មានការពិបាក និងទទួលបានការលើកទឹកចិត្តពីនរណាគេដែរ?
រតនា៖ ពិតជាពិបាកណាស់បង ព្រោះកាលពីដំបូងឡើយ ចិត្តស្រលាញ់ចង់ចូលសិល្បៈក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្មគឺប៉ងយូរហើយ ប៉ុន្តែមិនដឹងធ្វើយ៉ាងណាដើម្បីបានចូល នៅមានចិត្តស្ទាក់ស្ទើរច្រើនណាស់បង ប៉ុន្តែដោយសារឪពុកម្ដាយប្អូន និងមិត្តភក្តិដែលគេស្គាល់ពីសមត្ថភាពប្អូនគេប្រាប់ឲ្យប្អូនទៅដាក់ពាក្យប្រលងនឹងគេទៅ។
នី រតនា ច្រៀងក្នុងវគ្គ Live Show ផ្តាច់ព្រ័ត្រយប់មិញ
ប៉ុន្តែបងអើយ...អារម្មណ៍ពេលនោះគឺមានការខ្លាចរអារដែរព្រោះមានមិត្តមួយចំនួនគេថា ខ្ញុំទៅប្រលងធ្វើអី ព្រោះជាអ្នកមកពីស្រែចម្ការចឹងគ្មានខ្សែគ្មានអីចឹងមិនជាប់ទេ ប៉ុន្តែខ្ញុំគិតថានេះ ជាកម្មវិធីពិភពលោក គេមានច្បាប់វិន័យត្រឹមត្រូវអីចឹងខ្ញុំនៅតែលួចមានសង្ឃឹមក្នុងចិត្តខ្លះៗដែរបង។
Sabay៖ មានទស្សនិកជន មួយចំនួនគិតថា ការជាប់របស់រតនា ដោយសារតែមានខ្សែ តើប្អូនគិតយ៉ាងណាដែរ?
រតនា៖ ធម្មតាទេបង ទន្ទឹមនឹងការពេញចិត្តពីប្រិយមិត្ត ក៏មានអ្នកខ្លះមិនពេញចិត្តចំពោះលទ្ធផលជយលាភីនេះដែរបង មានមតិមួយចំនួនលើកឡើងថាខ្ញុំជាប់ដោយសារមានខ្សែ ប៉ុន្តែដូចខ្ញុំបានបកស្រាយខាងលើហើយថា ក្នុងនាមជាកូនអ្នកក្រមកពីស្រែចម្ការ គឺខ្ញុំមិនមានស្គាល់អ្នកណាម្នាក់នៅក្នុងកម្មវិធីទេ។ ដូច្នេះខ្ញុំ សូមអះអាងថា កម្មវិធីនេះសុក្រិតយុត្តិធម៌ណាស់ សូមបងប្អូនកុំយល់ច្រឡំ ហើយនេះក៏មិនមែនដោយសារតែខ្ញុំជាប់ហើយនិយាយបែបហ្នឹងទេបង ។ Sabay៖ តាមតែប្រាក់រង្វាន់ពីកម្មវិធី និងរង្វាន់ពីម្ចាស់ឧបត្ថម្ភផ្សេងទៀត គឺច្រើនម៉ឺនដុល្លារដែរ តើ រតនា មានគម្រោងថានឹងយកទៅធ្វើអ្វីដែរ?
រតនា៖ បាទបង ថវិកាដែលទទួលបាន ប្អូនយកទៅជួយក្រុមគ្រួសារមួយចំណែកធំ និងចូលរួមជួយសង្គមមួយផងដែរ។ ឥឡូវ ក្រុមគ្រួសារប្អូនកំពុងតែជួបការលំបាក បងប្អូនច្រើនណាស់បង ហើយខ្ញុំជាកូនបងគេ ក្នុងចំណោមបងប្អូន ៥នាក់ស្រី២។ លោកឪពុកខ្ញុំគាត់ជាឈ្មោះ អ៊ុន សំអូន ជាជាងគំនូរ ហើយអ្នកម្ដាយឈ្មោះ បាន ឡៃស៊ីម ជាមេផ្ទះ។ហើយកាលពីល្ងាចមិញ ទាំងខ្ញុំនិង ប៉ាម៉ាក់ រំភើបសឹងតែស្រក់ទឹកភ្នែកហើយបង។
ជាប់នាមជាតារាសំឡេងផ្អែមដូចស្ករខែកត្តិកតាមរយៈប្រិយមិត្តដាក់ឲ្យ នី រតនា សូមអរគុណទៅដល់ទស្សនិកជនដែលតែងតែគាំទ្ររូបលោក តាមរយៈការចំណាយថវិកាផ្ទាល់ខ្លួនដើម្បីបោះឆ្នោត ជូនដល់លោក ព្រោះថា បើមិនមានទស្សនិកជនគាំទ្រលោកទេ លោកមិនអាចទទួលបានជោគជ័យឈានមកដល់ការកាន់ពានបែបនេះទេ៕
ទីបំផុត នី រតនា ឈ្នះជយលាភី Cambodian Idol រដូវកាលទី១
តើ សៅ ឧត្តម និយាយអ្វីខ្លះក្រោយបរាជ័យក្នុងកម្មវិធី Cambodian Idol យប់មិញ?
អត្ថបទ៖ ថា ម៉ាលីដា