អ្នកនឹងធ្វើអ្វី បើឪពុកម្ដាយមិនឱ្យអ្នករៀបការ ជាមួយមនុស្សដែលអ្នកស្រលាញ់
- 2015-11-06 18:16:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកនឹងធ្វើអ្វី បើឪពុកម្ដាយមិនឱ្យអ្នករៀបការ ជាមួយមនុស្សដែលអ្នកស្រលាញ់
ចន្លោះមិនឃើញ
ការជ្រើសរើសគូស្រករមានពីរ គឺការជ្រើសដោយខ្លួនឯង និង ការរៀបចំដោយឪពុកម្ដាយ។ យ៉ាងណាថ្ងៃនេះ Sabay សូមលើកប្រធានបទមួយមានចំណងជើងថា "អ្នកនឹងធ្វើអ្វី បើឪពុកម្ដាយមិនឱ្យអ្នករៀបការ ជាមួយមនុស្សដែលអ្នកស្រលាញ់" ដោយបានសម្ភាសន៍ជាមួយយុវវ័យបីនាក់ រួមមានកញ្ញា យ៉េង ចាន់ណា កញ្ញា ស្រីល័ក្ខ និងលោក ភាព។ ដូច្នេះចង់ដឹងថា ពួកគេមានទស្សនៈយ៉ាងណានោះ សូមអានអត្ថបទខាងក្រោម៖
អតីតនិស្សិតផ្នែកអក្សរសាស្ត្រអង់គ្លេស នៃសាកលវិទ្យាល័យកម្ពុជា យ៉េង ចាន់ណា នឹងពន្យល់ទៅកាន់លោកទាំងពីរថា កញ្ញានឹងបុរសម្នាក់នោះបានស្រលាញ់គ្នា ហើយនឹងរស់នៅជាមួយគ្នាអស់មួយជីវិត ហើយបុរសនោះទៀតសោត ជាបុរសមានទំនួលខុសត្រូវខ្ពស់ និងមិនដែលបោះបង់ អ្វីដែលគេធ្វើឡើយ។
ឪពុកម្ដាយចង់ឱ្យកូនគ្រប់គ្នារស់នៅជាមួយមនុស្សល្អ ដូច្នេះពេលខ្លះពួកគាត់ខ្លាចថា បុរសនោះគ្មានសមត្ថភាពមើលថែកូនស្រីរបស់ពួកគាត់ ឬបុរសនោះមានអាកប្បកិរិយាមិនល្អ ដែលថ្ងៃណាមួយគាត់នឹងចេញពីប្រពន្ធទៅរកស្រីថ្មី។
ទោះបីជាលើកឡើងបែបនេះ ចាន់ណា និយាយថា ៖ « សុំទោសដែលនិយាយពាក្យនេះ...ពួកគាត់ជា អ្នកបង្កើតយើងមែន តែយើងត្រូវប្រាប់ហេតុផលឱ្យគាត់យល់ ហើយបើយើងពិតជាស្រលាញ់គ្នាមែននោះ យើងត្រូវប្ដេជ្ញាធ្វើជាគូនឹងគ្នា រកហេតុផលបង្ហាញ ថាពួកយើងរឹងមាំនិងឯករាជ។ បើអ្វីៗមិនដំណើរការ ផ្លូវមួយគត់គឺអាស្រ័យលើការសម្រេចចិត្តរបស់យើងទាំងពីរ។ ចំពោះខ្ញុំចចេសបន្តិច ខ្ញុំនឹងរើសយកមនុស្សដែលខ្ញុំស្រលាញ់ ហើយខ្ញុំនៅតែធ្វើជាកូនល្អ។ នៅតែគោរពស្រលាញ់ពួកគាត់ គ្រាន់តែខ្ញុំចង់ជ្រើសតាមការសម្រេចចិត្តរបស់ខ្លួនឯង សម្រាប់អនាគតប៉ុណ្ណោះ"។
លោក ភាព បុគ្គលិកក្រុមហ៊ុនឯកជនមួយក្នុងទីក្រុងភ្នំពេញ បានបញ្ចេញមតិយោបល់ថា "នំមិនធំជាងនាល" បានតែសម័យមុនទេ ម៉្លោះហើយក្នុងនាមជាកូនប្រុសស្រី ត្រូវហ៊ានសម្រេចចិត្តដោយខ្លួនឯង។
«យើងត្រូវរកហេតុផលពន្យល់ពួកគាត់ ព្រោះសម័យនេះមិនដូចមុនទៀតទេ ប៉ុន្តែបើគាត់ដាច់ខាតហើយ យើងប្រាប់ហេតុផលច្រើនមិនកើតទេ មានតែតាមគាត់។ តែមិនបានន័យថា ការសម្រេចចិត្តរបស់ពួកគាត់សុទ្ធតែខុសនិងត្រូវដែរ»។ លោក ភាព រៀបរាប់។
ចំណែកកញ្ញា ស្រីល័ក្ខ បុគ្គលិកនៅក្រុមមេធាវី កម្ពុជា អន្តរជាតិ បានថ្លែងថា កញ្ញាត្រូវយល់ពីហេតុផលរបស់ឪពុកម្ដាយសិនថា ហេតុអ្វីបានជាពួកគាត់ មិនយល់ព្រមឱ្យរៀបការជាមួយមនុស្ស ដែលខ្លួនជ្រើសរើស។
ស្រីល័ក្ខ ថា ៖ "ធម្មតាខ្ញុំគិតថា បើសិនជាមនុស្សម្នាក់ ដែលយើងស្រលាញ់នោះ មានលក្ខណៈសម្បត្តិល្អគ្រប់គ្រាន់ហើយ ពួកគាត់គ្មានហេតុផលអីនឹងជំទាស់ទេ ព្រោះឪពុកម្ដាយគ្រប់រូប រមែងចង់ឱ្យកូនរបស់ពួកគាត់មានអនាគតល្អ ម្យ៉ាងគាត់ធ្លាប់ឆ្លងកាត់អស់ហើយភាពជាយុវវ័យ ដូច្នេះហើយគាត់ដឹងថាជីវិតគូរបៀបណា"។
បើសិនជាឪពុកម្ដាយនៅតែមិនព្រម ស្រីល័ក្ខ ថា នឹងប្រឹងព្យល់ឱ្យអស់លទ្ធភាព ហើយក្នុងករណីពួកគាត់ជាអ្នករើសគូឱ្យ កញ្ញាក៏មិនបដិសេធភ្លាមដែរ ប៉ុន្តែត្រូវសុំពេលមើលចិត្តគ្នាសិន ដើម្បីឱ្យដឹងថាអាចទៅរួចដែរឬអត់។
«សេពគប់គ្នាមួយរយៈហើយ ពេលនោះយើងទាំងពីរច្បាស់ជាដឹងពីអត្តចរិតគ្នា ហើយជួនកាលយើងអាចពេញចិត្តក៏ថាបាន តែបើមិនពេញចិត្តវិញ យើងក៏ត្រូវចេះលើកហេតុផលនិយាយជាមួយគាត់វិញដែរ ថាម្នាក់នឹងចរិតមិនល្អ ឆេវឆាវ យកតែចិត្តខ្លួនឯងមិនស្ដាប់ហេតុផល...ខ្ញុំជឿជាក់ថា គាត់ នឹងស្ដាប់យើងវិញ ព្រោះយើងក៏បានស្ដាប់គាត់ដែរ ប៉ុន្តែបើគ្រាន់តែគាត់ផ្គូផ្គងគូស្រករភ្លាម យើងចាប់ផ្ដើមប្រកែកភ្លាមដែរនោះ ១០០% គាត់មិនព្រមទេ"។
តើអ្នកធ្លាប់ជួបរឿងរ៉ាវនេះទេ ហើយបើសិនជាជួប តើអ្នកជ្រើសរើសផ្លូវមួយណា? តាមគាត់ ឬមនុស្សដែលអ្នកស្រលាញ់?
ចុចអាន៖ ហេតុផល៦យ៉ាងដែលនារីៗច្រើនប្រចណ្ឌជាងមនុស្សប្រុស
ចុចអាន៖ ទៅមើលកុនជាមួយសង្សារ ស្រាប់តែដល់ឈុតអោបថើប មានអារម្មណ៍ម៉េច?
អត្ថបទ៖ អ៊ុំ សុភក្តិ