Brooklyn Beckham ប្រគល់រង្វាន់នារីឆ្នើមប្រចាំឆ្នាំឲ្យ Victoria
- 2015-11-11 16:05:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Brooklyn Beckham ប្រគល់រង្វាន់នារីឆ្នើមប្រចាំឆ្នាំឲ្យ Victoria
ចន្លោះមិនឃើញ
កូនប្រុសរបស់ Beckham បានឡើងលើឆាកប្រគល់ពានរង្វាន់នារីឆ្នើមប្រចាំឆ្នាំឲ្យទៅម្ដាយ ក្នុងកម្មវិធីដែលត្រូវបានប្រព្រឹត្តឡើងដោយទស្សនាវដ្ដី Glamour នៅទីក្រុង New York ។
កាលពីយប់ថ្ងៃទី ៩ ខែវិច្ឆិកា ទស្សនាវដ្ដីGlamour បានប្រគល់រង្វាន់ "នារីប្រចាំឆ្នាំ" ទៅ Victoria Beckham សម្រាប់ភាពជោគជ័យដែលអតីតតារាចម្រៀងរូបនេះបានធ្វើក្នុងវិស័យម៉ូដសំលៀកបំពាក់ក្នុងឆ្នាំ ២០១៥ នេះ។ មុនពេលម្ដាយកូន ៤ រូបនេះឡើងលើវេទិកា អ្នករៀបចំកម្មវិធីបានបញ្ចាំងវីដេអូខ្លីមួយ ក្នុងនោះមានអតីតកីឡាករបាល់ទាត់ David Beckham និងកូនទាំងបួននាក់រួមមាន Brooklyn, Romeo, Cruz និង Harper។
“Victoria អបអរសាទរដែលអូនទទួលបានជោគជ័យដ៏ត្រចះត្រចង់មួយនេះ។ សូមឲ្យអូនមានរាត្រីមួយដ៏អស្ចារ្យ។ មានមនុស្សប៉ុន្មាននាក់ចង់ផ្ញើពាក្យបន្តិចបន្តួចទៅកាន់អូន" David ជូនពរភរិយា។
Cruz បានបន្តសម្ដីរបស់ឪពុកថា៖ "ចំពោះកូន ម៉ាក់គឺជាអ្នកម្ដាយប្រចាំឆ្នាំ មិនមែនតែសម្រាប់ឆ្នាំនេះនោះទេ គឺគ្រប់ពេលវេលាទាំងអស់"។ Romeo បន្ថែម៖ "អបអរសាទរម៉ាក់ ម៉ាក់ពិតជាស័ក្ដិសមនឹងរង្វាន់នេះខ្លាំងណាស់។ ហើយមានរឿងមួយទៀត តើម៉ាក់អាចច្នៃខោអាវកូនក្មេងដែរទេ?”។ កូនស្រីពៅ Harper បញ្ចប់ទៅដោយពាក្យមួយឃ្លាយ៉ាងខ្លីតែមានន័យ៖ "កូនស្រលាញ់ម៉ាក់"។
ក្រោយពេលវីដេអូនោះបានបញ្ចប់ Brooklyn បានឡើងទៅលើវេទិកានិងប្រគល់ពានរង្វាន់ឲ្យម្ដាយ។ កូនប្រុសច្បងរបស់អតីតសមាជិក Spice Girls និយាយថា៖ "ពួកកូនសុទ្ធតែមានមោទនភាពចំពោះម៉ាក់ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានមានមុខនៅទីនេះជាមួយម៉ាក់យប់នេះ កូនស្រលាញ់ម៉ាក់"។
នៅក្នុងសុន្ទរកថាពេលឈ្នះពាន Victoria បានផ្ញើពាក្យអរគុណទៅកាន់ស្វាមីរបស់ខ្លួន៖ "ខ្ញុំកាន់កាប់ជំនួញរកស៊ី ធ្វើការសប្បុរសធម៌ និងលើសពីនេះទៅទៀតគឺដើរតួជាអ្នកម្ដាយម្នាក់ គ្រប់រឿងទាំងអស់នេះនឹងមិនដំណើរការទៅមុខដោយរលូននោះទេ បើសិនជាគ្មាន David។ គាត់ជាឪពុកដ៏អស្ចារ្យម្នាក់ ដែលតែងតែស្រលាញ់ និង ជំរុញខ្ញុំទៅមុខជារៀងរាល់ថ្ងៃ"៕
ចុចអាន៖Beckham និងប្រពន្ធចំណាយ៧លានដុល្លារជួសជុលផ្ទះ ខណៈមានព័ត៌មានបែកគ្នា
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖ people