បឋមសិក្សា​ស្រែព្រីង​យក​សំយាបផ្ទះ​ធ្វើជា​ថ្នាក់រៀន

  • 2015-11-16 17:48:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

 

សាលាបឋមសិក្សា ​ស្រែព្រីង​ ស្ថិត​ក្នុង​ភូមិ ត្រពាំង​ស្តៅ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត មាន​ចម្ងាយ​ ២៥ គីឡូម៉ែត្រ ពី​ទី​រួម​ស្រុក​ឈូក ដែល​សាលា​បឋម​សិក្សា​មួយ​នេះ បាន​យក​សំយាប​ផ្ទះ​ធ្វើ​ជា​ថ្នាក់​រៀន។ ដើម្បី​ទៅ​ដល់​សាលា​បឋម​សិក្សា​ខាង​លើ​នេះ គឺ​ត្រូវ​ធ្វើ​ដំណើរ​​ចុះ​ពី​ផ្លូវជាតិ​លេខ ៣ បត់​តាម​ផ្សារ​កោះ​ចន្លុះ ធ្វើដំណើរ​តាម​ផ្លូវ​ក្រាល​គ្រួស​ក្រហម ដែល​មាន​គ្រលុក​តូចៗ​ក្បែរ​គ្នា​បំពេញ​ដោយ​ទឹក​ពណ៌​ដីក្រហម​នា​រដូវវស្សា។​

 

ចង់​ដឹង​ព័ត៌មាន​លម្អិត​ចុច​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

 

 

 

លោក​ជុន វណ្ណៈ ជា​នាយក​សាលាបឋមសិក្សា​ស្រែព្រីង បាន​ប្រាប់​ភ្នាក់ងារ Sabay ប្រចាំខេត្ត​កំពត​ថា សាលាបឋមសិក្សា​ស្រែព្រីង ត្រូវបាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ ២០០៥ នៅ​លើ​ផ្ទៃដី​ប្រមាណ ១.៨៥ ហិច​តា ដោយមាន​សិស្សានុសិស្ស​ជា​កូន​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ត្រពាំង​ស្តៅ ក្នុង​ឃុំ​ត្រពាំង​ភ្លាំង និង​ភូមិ​ត្រពាំងថ្ម របស់​ឃុំ​ល្បើក។ ក្នុង​ឆ្នាំ​សិក្សា ២០១៥-២០១៦ នេះ សាលា​មាន​សិស្ស​សរុប ៣៩០ នាក់ ក្នុង​នោះ​សិស្ស​ស្រី​មាន ១៨០ នាក់ ដោយ​បែង​ចែកជា១១ថ្នាក់ ពី​ថ្នាក់​ទី ១ ដល់ ទី៦ មាន​សុទ្ធតែ​ពីរៗ​ថ្នាក់ លើកលែងតែ​ថ្នាក់​ទី ៥ដែល​មានតែ ១ថ្នាក់។

 

“ចំនួន​សិស្ស​ដែល​តិចជាងគេ​គឺ ថ្នាក់​ទី៥ មាន​ចំនួន ៣២ នាក់ ឯ​ថ្នាក់​ផ្សេងៗ​មាន​រហូតដល់ ៤៥ នាក់” នេះ​ជាការ​បញ្ជាក់ប្រាប់​ពី​លោក ជុន វណ្ណៈ ជា​នាយក​សាលា។  

 

បច្ចុប្បន្ន​សាលា​មាន​អគារសិក្សា ១ខ្នង មាន៣បន្ទប់​ធ្វើ​ពី​ស៊ីម៉ង់​ប្រក​ក្បឿង ដែល​កសាង​ដោយ​អង្គការ សន្តិ​ស្ម័គ្រចិត្ត​ក្នុង​ឆ្នាំ ២០០៥ និង​ បន្ទប់១ទៀត​ធ្វើជា​ទីចាត់ការ​ផង និង​បណ្ណាល័យ​ផង កសាង​ដោយ​អង្គការ​ពុទ្ធិក​បណ្ណាល័យ​កម្ពុជា ឆ្នាំ២០១០ ។ ដោយសារតែ​សាលា​មិន​មាន​បន្ទប់​សិក្សា​គ្រប់គ្រាន់ សាលា​ត្រូវ​បង្រៀន​ពីរ​វេន​គឺ ព្រឹក និង​ល្ងាច ហើយ​អគារ​ដែលមាន៣បន្ទប់​នេះ អាច​បង្រៀន​បានតែ៦ថ្នាក់​ប៉ុណ្ណោះ ចំណែក៥ថ្នាក់​ទៀត ត្រូវ​រៀន​នៅ​សំយាប​មជ្ឈមណ្ឌល​សហគមន៍ (ផ្ទះ​របស់​អង្គការ​យូណេស្កូ) ដែល​សាលា​បាន​ត​សំយាប​ធ្វើជា​ថ្នាក់រៀន​បាន២ថ្នាក់ និង​មួយ​ថ្នាក់​ទៀត​រៀន​នៅ​ក្រោម​ផ្ទះ​របស់​ប្រជាជន ដែល​មាន​ទីតាំង​ក្បែរ​សាលា។

 

លោកនាយក​រូប​នេះ​បាន​បន្ត​ទៀតថា ការ​ខ្វះ​ថ្នាក់រៀន​នេះ មិនមែន​ទើបតែ​ខ្វះ​នោះទេ គឺ​តាំងតែ​ពី​ការ​កកើត​សាលា​មកម្ល៉េះ តែ​ជំនាន់​នោះ​ គឺ​សាលា​សង់​ជា​រោង​សម្រាប់​ឲ្យ​សិស្ស​រៀន ២ដង​មក​ហើយ ប៉ុន្តែ​ប្រើ​បានតែ​ពីរ​បី​ឆ្នាំ​ក៏​ខូចខាត​ទៅវិញ ទើប​ចុងក្រោយ​សាលា​សម្រេច​ជួសជុល​ និង​ត​សំយាប​ថ្មី​ពី​មជ្ឈមណ្ឌល​តែ​ម្តង។

 

“ជា​តម្រូវការ​ជាក់​ស្ដែង​សាលា​ត្រូវការ​អគារសិក្សា​បន្ថែម​យ៉ាងតិច ៣ បន្ទប់​បន្ថែម​ទៀត សៀវភៅអាន​សម្រាប់​តម្កល់​ក្នុង​បណ្ណាល័យ​សម្រាប់​សិស្ស​អាន និង​ឧបករណ៍​លេង​កម្សាន្ត​សម្រាប់​សិស្ស រួម​ទាំង​សម្ភារៈ​មួយ​ចំនួន​ទៀត ព្រមទាំង​ទឹក​ស្អាត។ ក្រៅពី​តម្រូវការ​ខាងលើ សាលាបឋមសិក្សា​ស្រែព្រីង​ក៏​ខ្វះ​គ្រូបង្រៀន​ផងដែរ ដោយ​សព្វថ្ងៃ​សាលា​មាន​គ្រូ​សរុប ៧ នាក់ មាន​ស្រី១នាក់។ នេះ​ជាការ​លើកឡើង​របស់​លោក ​ជុន វណ្ណៈ​ ជានា​យក​សាលា​ស្រែព្រីង៕

 

 
 

 

អត្ថបទ៖ ឡុ​ច គីម​សាយ

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនង​តាម៖

 

-ទូរសព្ទ៖ 017 55 76 88 -អ៊ីមែល៖ prak.chanseyha@cidc.com.kh

-លេខ​ទូរសព្ទ៖ ​099 588 880 -អ៊ីមែល៖​ bin.bunna@cidc.com.kh​

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!