បង្កើតប្លុក វិបសាយមិនចេះសរសេរកូដក៏អាចបង្កើតបានដែរ
- 2015-11-27 17:12:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្កើតប្លុក វិបសាយមិនចេះសរសេរកូដក៏អាចបង្កើតបានដែរ
ចន្លោះមិនឃើញ
ការបង្កើតប្លុក ឬវិបសាយជាជំនាញមួយ ដែលនិស្សិត IT ភាគច្រើនគិតថាងាយស្រួល។ ការបង្កើតប្លុកឬវិបសាយ ក្រៅពីនិស្សិតដែលសិក្សាជំនាញ IT ក៏អាចបង្កើតបានដែរ ព្រោះវាសាមញ្ញគ្រាន់តែត្រូវការគំនិតច្នៃប្រឌិតតែប៉ុណ្ណោះ។
លោក ច័ន្ទ រក្សា ជាបុគ្គលិកការិយាល័យនៃស្ថាប័នមីក្រូហិរញ្ញវត្ថុមួយ ដែលធ្លាប់មានបទពិសោធន៍លើការបង្កើតប្លុក ឬ វិបសាយផ្ទាល់ខ្លួន លោកចែករំលែកបទពិសោធន៍និងចំណេះដឹងការបង្កើតប្លុកនិងវិបសាយដោយមិនចាំបាច់សរសេរកូដ។
Sabay៖ តើការបង្កើតប្លុក ឬវិបសាយ តម្រូវឲ្យអ្នកបង្កើតត្រូវមានចំណេះដឹងអ្វីខ្លះ? វាគ្មិន៖ ការបង្កើតប្លុក ឬវិបសាយផ្ទាល់ខ្លួនជាការងាយស្រួល និងក៏មិនចាំបាច់ត្រូវសិក្សាឲ្យស៊ីជម្រៅអីដែរ ប៉ុន្តែយើងក៏ត្រូវមានគោលការណ៍ច្បាស់លាស់ដែរថាបង្កើតវាឡើងក្នុងគោលបំណងអ្វី? តាមបទពិសោធន៍ខ្ញុំ ចំណេះដឹងដែលអ្នកបង្កើតត្រូវមាននោះគឺ ការរកឈ្មោះដាក់ឲ្យប្លុក ឬវិបសាយ និងដាក់ឲ្យច្បាស់ថា ឈ្មោះជាប្រភេទបែបណា(ឧទាហរណ៍៖ Business, Entertainment, News, Sport...) ជាដើម ចេះរៀបចំ ឬរចនា Interface ឲ្យមានភាពទាក់ទាញ ចេះដាក់រៀបចំ Layout និងដាក់ឈ្មោះឲ្យ Content។
Sabay៖ តើការបង្កើតប្លុក ឬវិបសាយ ចាំបាច់ត្រូវចេះកូដបន្ថែមដែរទេ? វាគ្មិន៖ បាទ! ពិតណាស់ ការបង្កើតប្លុក ឬវិបសាយ ត្រូវតែចេះសរសេរកូដ ប៉ុន្តែក៏មានវិធីជាច្រើនទៀតក្នុងការបង្កើតដោយមិនចាំបាច់ចេះកូដដែរដូចជា៖ វិបសាយ Wordpress.com ជាដើម ដែលអនុញ្ញាតឲ្យអ្នកដែលចង់បង្កើតប្លុកផ្ទាល់ខ្លួន បង្កើតដោយមិនចាំបាច់ចេះសរសេរកូដ គ្រាន់តែថា វាមិនដូចអ្វីដែលយើងចង់បានតែប៉ុណ្ណោះ ដោយឡែកវិបសាយ Wordpress.org វិញអាចបង្កើតបាន ប៉ុន្តែទាល់តែចេះសរសេរកូដ។
Sabay៖ តើវាមានសុវត្ថិភាព (Security) ដែរទេ ប្រសិនបើប្លុក ឬវិបសាយមិនសរសេរកូដដាក់? វាគ្មិន៖ វាមានសុវត្ថិភាពតិចតួចណាស់ បើយើងមិនសរសេរកូដដាក់ ប៉ុន្តែប្រសិនបើយើងឧស្សាហ៍ Back up ឬ Restore ទិន្នន័យហើយធ្វើតេស្ត ក្រែងលោ វាអាចខុសពីទិន្នន័យដើម ឬបាត់បង់ វាក៏មិនជាបញ្ហាដែរ។
Sabay៖ ជាចុងក្រោយ តើលោកមានចំណាប់អារម្មណ៍យ៉ាងណាដែរ ចំពោះការបង្កើតប្លុកផ្ទាល់ខ្លួន ? វាគ្មិន៖ ខ្ញុំគិតថាល្អ និងផ្ដល់ប្រយោជន៍ជាច្រើនព្រោះវាអាចជាកន្លែងសម្រាប់យើងចែករំលែក និងទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត ហើយជំរុញឲ្យការស្រាវជ្រាវកាន់តែមានប្រសិទ្ធភាព ជាពិសេសយើងអាច Promote ពីស្នាដៃ ឬសមិទ្ធផលដែលយើងមាន និងអាចទទួលបានឱកាសការងារល្អមួយ ពេលយើងយកវាទៅបង្ហាញគេ។
លោក ច័ន្ទ រក្សាបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅឆ្នាំ ២០០៩ និងធ្លាប់បានធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នផ្សេងៗជាច្រើន និងបច្ចុប្បន្នកំពុងបម្រើការនៅក្នុងស្ថាប័នមីក្រូហិរញ្ញវត្ថុមួយក្នុងទីក្រុងភ្នំពេញ។
បន្តអាន៖ Apple.com ផ្តល់ដំណោះស្រាយគ្រប់បញ្ហា អ្នកប្រើប្រាស់ Apple កម្ពុជាភាគច្រើនមើលរំលង
បន្តអាន៖ KhmerAcademy បន្ថែមមុខវិជ្ជាវិទ្យាសាស្ត្រពិត សម្រាប់សិស្សានុសិស្សកម្រិតវិទ្យាល័យ
អត្ថបទ៖ រក្សា