ផលិតកម្ម U2 បើក​វិញ​ហើយ

  • 2015-11-27 20:42:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម U2 ទិត្យ ​វិច្ឆិកា បាន​អះអាង​ថា ផលិតកម្ម​នេះ​នឹង​បើក​ទ្វា​ដំណើរ​ការ​ឡើង​វិញ​ម្ដង​ទៀត ក្រោយ​បិទ​ទ្វា​កន្លង​មក ខណៈ​រូប​លោក​មាន​ចម្រៀង​ចំនួន ៥ បទ​កំពុង​រៀប​ចំ​ហើយ។

 

 

“១០​ឆ្នាំ​មុន​គេ​ស្គាល់​ខ្ញុំ​ក៏​ដោយ​សារ​ផលិតកម្ម U2 ហើយ​បាត់​មុខ​ទៅ​វិញ​ក៏​នៅ​ទី​នេះ​ដែរ ឥឡូវ​សំណាង​បាន​ចាប់​ផ្ដើម​ម្ដង​ទៀត"។ ទិត្យ ​វិច្ឆិកា ថ្លែង​មក​កាន់ Sabay មុន​នេះ​បន្តិច។

 

ប្រភព​តារា​ចម្រៀង​ដដែល​មិន​បាន​ដឹង​ថា ទ្រនំ​ចាស់​នឹង​ប្រមូល​កៀរគរ​តារា​ចម្រៀង​ប៉ុន្មាន​នាក់ ដើម្បី​ចាប់​ផ្ដើម​ដំណើរ​ការ​ផលិត​បទ​ចម្រៀង​អាល់ប៊ុម​ដំបូង​ស្វាគមន៍​ការ​បើក​ទ្វា​ជា​ថ្មី​នេះ​ទេ។ ប៉ុន្តែ​តារា​ចម្រៀង​មាន​ងារ"សិល្បករ​ក្នុង​ឆន្ទៈ​សង្គម" រូប​នេះ​ឱ្យ​ដឹង​ថា ជា​គោលការណ៍​របស់​ចាងហ្វាង​ផលិតកម្ម តាំង​ពី​ដើម​រៀងមក គឺ​បណ្ដុះ​តារា​ចម្រៀង​ណា ដែល​មហាជន​មិន​ធ្លាប់​ស្គាល់​ពី​មុន។

 

ជាមួយ​គ្នា​នោះ​តារា​ចម្រៀង ទិត្យ វិច្ឆិកា បន្ថែម​ទៀត​ថា រូប​លោក​ក៏​បាន​ចរចា​ជាមួយ​ចាងហ្វាង​ផលិតកម្ម​រួច​ហើយ​ថា នឹង​បែងចែក​ប្រាក់​ចំណេញ​មួយ​ចំនួន ដើម្បី​យក​ទៅ​ជួយ​ដល់​ជន​ក្រីក្រ ប្រសិន​បើ​ដំណើរ​ការ​ឡើង​វិញ​ទទួល​បាន​ជោគជ័យ។

 

 

ទោះ​បី​ជា​យ៉ាង​ណា​ Sabay នៅ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​លោក ឈាង ចេនឡា ម្ចាស់​ផលិតកម្ម U2 បាន​ទេ​នៅ​ព្រឹក​នេះ ដោយ​លោក​បាន​លើក​ឡើង​ថា នៅ​មិន​ទាន់​អាច​និយាយ​បាន​ឡើយ​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ ដោយ​រង់ចាំ​មើល​រយៈពេល​ទៅ​មុខ​ទៀត​សិន។

 

បើ​គេ​ក្រឡេក​មើល​ទៅ​កាន់​អតីត​កាល​វិញ ផលិតកម្ម U2 ធ្លាប់​បាន​បណ្ដុះ​តារា​ចម្រៀង​ល្បីៗ​ជា​ច្រើន​រួច​មក​ហើយ​ដូច​ជា ខេមរៈ សិរីមន្ត, សុគន្ធ កញ្ញា, មាស សុខសោភា, ឆន សុវណ្ណរាជ, លី អ៊ីវ៉ាធីណា ជាដើម ដែល​ពួក​គេ​កំពុង​ល្បីល្បាញ​នៅ​ក្នុង​វិស័យ​ចម្រៀង និង​មាន​ជីវភាព​ធូរធារ​ទៀត​ផង។ លើកលែង​តែ​តារា​ចម្រៀង ទិត្យ វិច្ឆិកា ដែល​កំពុង​រស់​នៅ​ក្នុង​ជីវភាព​លំបាក​ជាមួយ​ម្ដាយ​ជរា ទោះ​បី​ជា​លោក​កំពុង​លេចធ្លោ​ជួយ​ជន​ក្រីក្រ​រហូត​ទទួល​ងារ​ជា"អ្នក​សិល្បៈ​ក្នុង​ឆន្ទៈ​សង្គម"យ៉ាង​ណា​ក្ដី៕

 

អាន​អត្ថបទ៖  ភរិយា ​នាយ​ក្រិន ពិបាក​​ចិត្ត​រឿង​ប្តី​នៅ​ឆ្ងាយ

អាន​អត្ថបទ៖  អ៊ាម វន្នី មិន​លាក់បាំង​រឿង​មាន​ប្រពន្ធ​កូន

 

អត្ថបទ៖ សំ ជំនាញ