រឿង "អាកុក អាច្រវា" ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្នុង​មហោស្រព​ភាពយន្ត​ជាតិ

  • 2015-12-03 13:00:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​មិន​ទាន់​ចាក់​បញ្ចាំង​តាម​រោងភាពយន្ត​ជា​ផ្លូវ​ការ​ពិត​មែន ប៉ុន្តែ​រឿង "អាកុក អាច្រវា" បាន​ធ្វើ​ដំណើរ​ឡើង​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ក្នុង​មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី៤ សម្រាប់​ឆ្នាំ ២០១៥។

 

ចាងហ្វាង​ផលិតកម្ម មាតុចក្រ​ហ្វីមល៍ ហ៊ុយ យ៉ាឡេង បាន​សម្ដែង​ក្ដី​សប្បាយ​រីករាយ​ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​រឿង​ជំនាន់​ក្រោយ ខណៈ​ស្នាដៃ​របស់​លោក​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្នុង​មហោស្រព​ភាពយន្ត​ជាតិ​ដ៏​កម្រ​នេះ។ ទោះ​បី​លទ្ធផល​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​លោក​យល់​ថា នេះ​ជា​ការ​លើក​ទឹក​ចិត្ត​ផលិតករ​ភាពយន្ត​ទាំង​អស់ ដែល​ជា​សញ្ញា​មួយ​បញ្ជាក់​ថា វិស័យ​ភាពយន្ត​បាន​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់ ហើយ​អាច​មាន​ការ​រីក​ចម្រើន។

 

“ខ្ញុំ​រំភើប! ទោះ​មិន​ទាន់​ដឹង​ថា ជាប់​លេខ​ប៉ុន្មាន​ក៏​ដោយ តែ​ទី​បំផុត​វា​ជាប់​ក្នុង​ជម្រើស ៨ រឿង​ចុង​ក្រោយ​ហើយ"។ លោក ហ៊ុយ យ៉ាងឡេង ថ្លែង​មក​កាន់ Sabay រសៀល​នេះ។ លោក​បន្ត​ថា ភាពយន្ត​ទាំង​អស់​សុទ្ធសឹងតែ​​ផលិត​ឡើង​គោរព​តាម​វេយ្យាករណ៍​ត្រឹមត្រូវ ស្រប​តាម​លក្ខខណ្ឌ​របស់​មហោស្រព​ខាង​លើ។

 

នៅ​ដើម​សប្ដាហ៍​នេះ នាយកដ្ឋាន​ភាពយន្ត​បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្រសួង​វប្បធម៌​ដោយ​បាន​ដាក់​បង្ហាញ​សមិទ្ធផល​ភាពយន្ត​ចំនួន ៨ រឿង​ដែល​ជាប់​ក្នុង​ជម្រើស​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​រួម​មាន៖

១. រឿង "អាកុក អាច្រវា" របស់​ផលិតកម្ម មាតុចក្រ​ហ្វីមល៍ ២. រឿង "ឃ្លាត​ទៅ​សែន​ឆ្ងាយ" របស់​ផលិតកម្ម ដើម​ត្នោត ៣. រឿង "ហេតុ​អ្វី" របស់​ផលិតកម្ម Rock ៤. រឿង "កំណប់​ឪ​ខ្ញុំ" របស់​ផលិតកម្ម Mega Film ៥. រឿង "ក្រមុំ​សៅកែ" របស់​ផលិតកម្ម មហាហង្ស ៦. រឿង " កុមារី ២៥ ឆ្នាំ" របស់​ផលិតកម្ម ផ្កា​ប្រាំ ៧. រឿង " គ្រាប់​ពេជ្រ" របស់​ផលិតកម្ម ៣៩១ ៨. រឿង " បាត់​ខ្លួន" របស់​ផលិតកម្ម ខ្មែរ​មេគង្គ។

 

ហើយ​ស្នាដៃ​ទាំង​អស់ នឹង​ចាក់​បញ្ចាំង​ឱ្យ​មហាជន​ទស្សនា​ដោយ​សេរី និង​បោះឆ្នោត​ចាប់​ពី​ថ្ងៃ​ទី៤ រហូត​ដល់​ថ្ងៃ​ទី៩ ខែ​ធ្នូ នៅ​សាល​មហោស្រព​ចតុមុខ។ ចំពោះ​ការ​ប្រកាស​លទ្ធផល​ជា​ផ្លូវ​ការ និង​បិទ​មហោស្រព​ភាពយន្ត​ជាតិ​ត្រូវ​ធ្វើ​ឡើង​ក្នុង​ថ្ងៃ​បន្ទាប់៕

 

អាន​អត្ថបទ៖  រឿង​រ៉ាវ ​ប៊ុត សីហា ឆ្មើង​ឆ្មៃ​មិនគោរព​ការងារ​ ប្រភព​ថា​​ទះ​ដៃ​តែ​ម្ខាង​មិន​ឮ​

អាន​អត្ថបទ៖  ការ​ស្លៀកពាក់ ឈុន វីរៈកោសល្យ សង្ហា​យ៉ាងណា​រហូត​​​ឈ្នះ​ពាន​នៅ​ម៉ាឡេស៊ី?

 

 

អត្ថបទ៖ សំ ជំនាញ

រូប​ថត៖ ផ្ដល់​ឱ្យ

អត្ថបទថ្មី