សន្តិសុខស្មោះត្រង់ រើសបានលុយជាងមួយម៉ឺនដុល្លារ យកឲ្យម្ចាស់ដើមវិញ
- 2015-12-03 15:59:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សន្តិសុខស្មោះត្រង់ រើសបានលុយជាងមួយម៉ឺនដុល្លារ យកឲ្យម្ចាស់ដើមវិញ
ចន្លោះមិនឃើញ
សន្តិសុខជនជាតិថៃវ័យក្មេងមួយរូប ត្រូវមនុស្សជាច្រើននិយាយសរសើរមិនដាច់ពីមាត់ពីភាពទៀងត្រង់ បន្ទាប់ពីបានយកកាបូបលុយដែលខ្លួនប្រទះឃើញដែលក្នុងនោះមានប្រាក់ជាង១ម៉ឺនដុល្លារ ជូនដល់ម្ចាស់ដើមវិញ។
តាមសារព័ត៌មាន The Phuket News បានឲ្យដឹងថា យុវជនវ័យ១៩ឆ្នាំ Nattapong Rittidech ទើបតែចាប់ផ្ដើមអាជីពជាសន្តិសុខក្នុងក្រុមហ៊ុន Tesco Lotus ក្នុងមជ្ឈមណ្ឌល Samkong ខេត្ត Phuket កាលពីថ្ងៃចន្ទកន្លងទៅនេះ។ នៅពេលចូលទៅក្នុងបន្ទប់ទឹក សន្តិសុខក្មេងរូបនេះ ក៏បានឃើញកាបូបលុយដែលបុរសម្នាក់ភ្លេចចោល។
Nattapong បានប្រាប់សារព័ត៌មានថា៖ "ពេលនោះបុរសវ័យកណ្ដាលម្នាក់កំពុងឈរបត់ជើងតូចក្បែរខ្ញុំ។ គាត់បានទុកកាបូបពណ៌ខ្មៅមួយនៅលើធ្នើរនៃកន្លែងបត់ជើងតូច រួចគាត់ក៏ដើរចេញទៅដោយភ្លេចយកកាបូប។ បន្ទាប់ពីខ្ញុំបត់ជើងតូចរួច ខ្ញុំក៏រត់ទៅរកគាត់ ប៉ុន្តែគាត់បានចេញទៅបាត់ហើយ ដូចនេះខ្ញុំក៏យកកាបូបនោះទៅកន្លែងតុផ្ដល់ព័ត៌មាន។ ខ្ញុំមិនបានបើកមើលអ្វីក្នុងកាបូបនោះទេ"។
រយៈពេលពីរម៉ោងក្រោយ បុរសម្ចាស់កាបូបឈ្មោះ Somkiet Jaturabandit បានមកដល់មជ្ឈមណ្ឌល Samkong វិញក្នុងបំណងស្វែងរកកាបូបដែលបានបាត់ដោយភ័យព្រួយ។ ក្នុងកាបូបនោះគឺមានលុយចំនួន ៤សែនបាត (១១១៤៤ដុល្លារ) បន្ទាប់មកខាងបុគ្គលិកតុព័ត៌មានក៏បានប្រគល់កាបូបលុយទៅឲ្យម្ចាស់ដើមវិញ។
លោក Somkiet Jaturabandit បានឲ្យដឹងទៅសារព័ត៌មានថា៖ "ខ្ញុំបានមើលក្នុងកាបូបសព្វអស់ហើយ គឺមិនបាត់អ្វីទេ អត្តសញ្ញាណប័ណ្ណ ឯកសារសំខាន់ៗនៅទាំងអស់ "។
លោក Somkiet បានឲ្យដឹងទៀតថា លោកទើបតែបានបើកលុយពីធនាគារ មុនពេលលោកបានចូលទៅក្នុងបន្ទប់ទឹកនៃមជ្ឈមណ្ឌល Samkong។
បន្ទាប់ពីដឹងដំណើរហេតុ និងដើម្បីជាការដឹងគុណចំពោះភាពស្មោះត្រង់ដល់សន្តិសុខក្មេង លោកSomkiet បានជូនលុយចំនួន៣ពាន់បាត (៨៤ដុល្លារ) ដល់ Nattapong Rittidech។ ចំណែកសន្តិសុខស្មោះត្រង់ Nattapong ក៏បានថ្លែងអំណរគុណ និងបាននិយាយផ្ដាំអរគុណទៅម្ដាយលោកដែលតែងអប់រំប្រៀនប្រដៅខ្លួនឲ្យស្មោះត្រង់ផងដែរ៕
ចុចអាន៖ ឃើញលុយ១៣០០ដុល្លារក្នុងប្រអប់ភីហ្សា យកសងគេវិញបានញ៉ាំភីហ្សាហ្វ្រីពេញមួយឆ្នាំ
ប្រែសម្រួល៖ មាន រតនា ប្រភព៖ coconuts