Manager សង្ហាផ្ដល់ឱកាសការងារលួចភ្ជាប់នឹងក្ដីស្រលាញ់
- 2015-12-07 16:55:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Manager សង្ហាផ្ដល់ឱកាសការងារលួចភ្ជាប់នឹងក្ដីស្រលាញ់
ចន្លោះមិនឃើញ
ជីវិតខ្ញុំបានជួបរឿងស្មុគស្មាញ និងស្មានមិនដល់ជាច្រើន វាផ្ដើមចេញពីស្នេហាមិនសមបំណង។ ស្នេហ៍គ្រាដំបូងរបស់ខ្ញុំមានតាំងពីរៀនវិទ្យាល័យថ្នាក់ទី១០មកម្ល៉េះ! គេបានតាមស្រលាញ់ខ្ញុំរយៈពេល២ឆ្នាំ ហើយខ្ញុំក៏ព្រមស្រលាញ់គេដែរ។ ក្រោយមកយើងទាំងពីរក៏បានបែកគ្នារហូតដល់ពេលនេះជិត៧ឆ្នាំមកហើយ។ ខ្ញុំពិតជាស្រលាញ់ សរសើរ បុរសដំបូងនេះណាស់ ចំពោះការតស៊ូដ៏វិសេសរបស់គេ ចំពោះខ្ញុំដែលពុំអាចបំភ្លេចបានសោះក្នុងជីវិតនេះ។ ទោះបីជាយ៉ាងណា យើងពុំអាចត្រលប់រកអតីតកាលបានជាដាច់ខាត។ ក៏សូមអរគុណ នឹងជូនពរបុរសម្នាក់នេះសង្ឃឹមថា នឹងអាចចូលរួមពិធីរៀបការរបស់គាត់នាពេលអនាគត និងចង់មើលមុខមនុស្សស្រីដែលគាត់ជ្រើសរើស។
សូមមិនលើកយកបុរសទី២ មកនិយាយនោះទេ។ គេជាមនុស្សដែលព្យាយាមបំផ្លាញទឹកចិត្ដខ្ញុំទៅវិញ។ នឹងគ្មានបំណងល្អសូម្បីតែបន្តិច។ ខ្ញុំក៏បានបំភ្លេច និងលែងនឹកនាអ្វីទៀតឡើយ។ គេទាំងពីរគឺសុទ្ធតែឃើញភ្លាមស្រលាញ់ភ្លែត! ទាំងដែលយើងមិនដែលបានធ្លាប់ស្គាល់គ្នាបន្តិចណាពីមុនមកឡើយ។
ចូលមកដល់សាច់រឿងចម្លែក ដែលខ្ញុំជាមនុស្សដែលសង្វាតធ្វើការតាំងពីឆ្នាំទី២ម្ល៉េះ។ ដូច្នេះការសម្ភាស ធ្វើតេស្ដក៏ដូចជាការជួបអ្នកសម្ភាសដោយឡែកពីគ្នាក៏មានច្រើនរួចមកហើយដែរ។
ត្រលប់ទៅកាលពីខែសីហានេះ ខ្ញុំបានចូលទៅសម្ភាសនឹងក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយក្នុងស្រុក។ មានបេក្ខជនពីររូប ខ្ញុំ និងបុរសម្នាក់ផ្សេងទៀត។ ខ្ញុំជាអ្នកត្រូវបានសម្ភាសមុន។ គាត់មានឋានៈជាអ្នកគ្រប់គ្រងបានសួរសំនួរនិងបំពេញទម្រង់ជាភាសាអង់គ្លេស។
គាត់មានមុខមាត់ស្លូតបូត ហើយការនិយាយស្ដីក៏សុភាព។ ក្នុងអំឡុងពេលដែលយើងជជែកគ្នាគាត់បានរៀបរាប់ និងពន្យល់ដល់ខ្ញុំយ៉ាងច្រើន ទាំងដែលខ្ញុំមិនបានសួរ។ តែរំពេចនោះខ្ញុំមានអារម្មណ៍ចម្លែកយ៉ាងខ្លាំងចំពោះការនិយាយស្ដីរបស់គាត់។ រួចក៏សួរខ្លួនឯងថា ហេតុអ្វីក៏គាត់ហាក់ដូចជាធ្វើល្អដាក់ខ្លួនម្ល៉េះ និងមានចេតនាចង់អោយខ្ញុំជាប់ទៀតផង? រយៈពេលបញ្ចប់មិនដល់២០នាទីផងធ្វើអោយខ្ញុំនេះមានអារម្មណ៍រសាប់រសល់ចម្លែក ដើរចេញទាំងមានមន្ទិលក្នុងខ្លួនយ៉ាងខ្លាំង។
អណ្ដែតអណ្ដូងលើម៉ូតូពីក្រុមហ៊ុនមកដល់ផ្ទះ រួចសួរខ្លួនឯងថាមានរឿងអីហ្នឹង? នឹកគិតពេញមួយថ្ងៃនៅតែមិនយល់ពីគាត់សោះគិតមិនចេញ។ តែដំបូងគិតថាខ្លួនឯងត្រូវជាប់តែបែរជាមិនជាប់ទៅវិញ។
រំលងបាន២ខែតែបានការងារនៅកន្លែងផ្សេង ក្នុងថ្ងៃដែលបំពេញការងារនោះក៏មានអារម្មណ៍ថាឈឺក្បាលក៏សុំត្រលប់មកផ្ទះសម្រាក។ បានប្រហែល ១ម៉ោងក៏មានអ្នកទូរសព្ទមក តែមិនបានដឹងថាជាអ្នកណាទេ លឺតែសំឡេងមនុស្សប្រុស គ្រាន់តែដឹងថាគាត់ទាក់ទងមកពីក្រុមហ៊ុនអចលនទ្រព្យ ហៅខ្ញុំទៅធ្វើការ។
(រូបតំណាង)
តែពេលនោះខ្ញុំសុំពេលសម្រេចចិត្ត ពីរថ្ងៃក្រោយក៏បានសរសេរសារប្រាប់ថា «សូមអគុណតែខ្ញុំពុំបានចង់ផ្លាស់ប្ដូរទៅធ្វើការនឹងក្រុមហ៊ុនបងទេ ព្រោះខ្ញុំកំពុងមានការងារហើយ» និងបានបញ្ចប់ដោយឃ្លាថា «រីករាយដែលបានស្គាល់អ្នក»។
ពេលនោះគាត់ក៏សុំ add What's app ខ្ញុំ តែខ្ញុំមិនបានលេងទេ គាត់ក៏ណែនាំអោយ install ហើយឆាតជាមួយគាត់។ ក្រោយមកទៀតយើងក៏បានជជែកលេងតាម Skype វិញ ។ គាត់បាននិយាយពីរឿងក្នុងចិត្ត ពេលដែលជួបមុខខ្ញុំដំបូង គាត់ប្រាប់ថាខ្ញុំគួរអោយស្រលាញ់ណាស់គាត់បានចាប់ចិត្តតាំងពីរបានឃើញរូបខ្ញុំដំបូងក្នុងថ្ងៃនោះម្ល៉េះ។ គាត់ក៏បានសួរពីរឿងមានសង្សារ នៅទំនេរ និងចិត្តខ្ញុំចំពោះគាត់វិញយ៉ាងម៉េចដែរ។ហើយគាត់បានសុំដាក់ពាក្យលើរូបខ្ញុំ និងសុំរូបថតទុកមើលក្នុងពេលដែលនឹក និងប្រាប់ថាចង់ជួបជាលើកទី២។ ពាក្យសំដីគាត់ផ្អែមល្ហែម និងសុភាពរាបសារចំពោះខ្ញុំ ហើយខ្ញុំក៏មិនបានឆ្លើយបដិសេធដែរ។
គ្រាន់តែជាសារខ្លី២ថ្ងៃ យើងក៏បានផ្អាកការសន្ទនា។ ដោយខ្ញុំមិនបានរវល់នឹងគាត់ ហើយគាត់ក៏ដូចគ្នា។ មួយខែក្រោយមកគាត់ក៏បានសរសេរសារតាមទូរស័ព្ទហៅទៅធ្វើការជាថ្មី លើកទី២ លើកទី៣ គឺសុទ្ធតែខ្ញុំបានបដិសេធទាំងអស់។ គាត់ព្យាយាមបញ្ចុះបញ្ចូល តែមិនបង្ខិតបង្ខំនោះទេ។ ខ្ញុំនៅតែសម្រេចសរសេរសារបញ្ជាក់ប្រាប់គាត់ថា «អគុណណាស់!» តែនៅតែមិនអាចផ្លាស់ប្ដូរបាន និងសូមជូនពរគាត់ជួបមនុស្សដែលគាត់ស្រលាញ់មានសុភមង្គលនឹងគ្នារហូត និងតបត្រឹមពាក្យអគុណ។
រហូតមកដល់ពេលនេះគឺយើងស្ងាត់នឹងគ្នារហូត។ ឯខ្ញុំក៏បានលុបគណនីដែលលេងចេញទាំងអស់។ បុរសដែលល្អទាំងការងារ ឋានៈមុខមាត់ អត្តចរិតបែបនេះ ម្ដេចថាគ្មានស្រីណាចាប់ចិត្តស្រឡាញ់នោះ?
ការពិតទៅខ្ញុំពិតជាពេញចិត្តនឹងគាត់ណាស់ ហើយក៏ចង់បានគាត់ជាគូដែរ។ តែការបដិសេធមិនព្រមធ្វើនោះ គឺមិនអាចប្រឈមមុខនឹងគាត់បាន សូម្បីតែជួបសម្ភាសជាលើកទីពីរ ។ តើត្រូវធ្វើការយ៉ាងណា បើប្រធាននិងបុគ្គលិកស្រឡាញ់គ្នាក្នុងការងារនោះ? ម្យ៉ាងទៀតខ្ញុំត្រូវស្ថិតក្រោមការត្រួតត្រាគាត់ថែមទៀត! ខ្ញុំមិនដែលដឹងប្រវត្តិគាត់ទាល់តែសោះ តែគាត់បានដឹងប្រវត្តិខ្ញុំយ៉ាងច្បាស់តាមប្រវត្តិរូបការងារដាក់ទៅ។
ក្រោយមកដល់ពេលនេះយើងទាំងពីរបានរក្សាភាពយ៉ាងស្ងៀមស្ងាត់រៀងៗខ្លួន ទោះបីមានលេខទូរសព្ទគ្នាក៏ដោយ។ ខ្ញុំព្យាមយាមមិនរំខានឬ រវល់នឹងគាត់ នារីម្នាក់នេះនឹកបួងសួងក្នុងចិត្តថា បើមាននិស្ស័យ សូមអោយខ្ញុំអាចជួបគាត់ផ្ទាល់ជាថ្មី ហើយនឹងក្លាយជាគូរជីវិតនឹងគ្នាពិតទៅចុះ។ ចុងក្រោយមានត្រឹមរូបថត Profile Skype ដែលខ្ញុំបាន ព្រីនស្គីន ទុកក្នុងទូរស័ព្ទប៉ុណ្ណោះ។ តែមិនថ្វីឡើយ បើគេបានគូល្អហើយ ខ្ញុំពិតជាសប្បាយចិត្តហើយនឹងជូនពរដល់គាត់។
បុរសទាំង៣នាក់នេះសុទ្ធតែបានឃើញភ្លាមស្រលាញ់ភ្លែត។ ឆ្នាំថ្មីសង្ឃឹមថានឹងបានជួបបុរសល្អទាំងកាយនិងចិត្តម្នាក់ ចូលមករួមដំណើរជីវិត។
ចុងបញ្ចប់ ស្រីតូចម្នាក់នេះសូមអរគុណនឹងជូនពរដល់ បង Manager ដែលបានព្យាយាមផ្ដល់ឱកាសការងារជាច្រើនដង បូករួមនឹងក្ដីស្រលាញ់រួមជាមួយផង៕
ចុចអាន៖ សារភាពស្នេហ៍ចាស់គំរឹល តែនៅតែខកចិត្ត
ចុចអាន៖ស្នេហាមួយនៅវិទ្យាល័យ
មានអត្ថបទពាក់ព័ន្ធនឹងមនុស្សដែលអ្នកចងចាំ ចង់ឲ្យ Sabay ចុះផ្សាយ សូមទាក់ទង៖ អ៊ីមែល៖ kong.chanvanneng@cidc.com.kh ឬ ទូរសព្ទ៖ ០១០ ៧០០ ៧២៧
ចង់ដឹងលក្ខខណ្ឌដើម្បីសរសេរផ្ញើមកកាន់ Sabay បានសូមចុចត្រង់នេះ
អត្ថបទ៖ ឈឹង អាយ ទួនហ្វាផ្សារអូរឡាំពិច!