ស្នេហាមួយនៅវិទ្យាល័យ
- 2015-11-30 18:00:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្នេហាមួយនៅវិទ្យាល័យ
ចន្លោះមិនឃើញ
វាបានកើតឡើងក្នុងអំឡុងពេលខ្ញុំ រៀនគួរត្រៀមចូលទី១២ ពេលវ៉ាកងធំ។ ស្រីស្អាតម៉ារីដាជាសិស្សសាលាផ្សេងតែនាងមករៀនគួរថ្នាក់ជាមួយខ្ញុំដែរ។
គ្រាន់តែឃើញនាងភ្លាមខ្ញុំមានអារម្មណ៍ថា ដូចឃើញស្រីសួគ៌ ព្រោះនាងស្អាតខ្លាំងណាស់ ហើយមិនមែនមានតែខ្ញុំម្នាក់ទេដែលចាប់អារម្មណ៍នាង អ្នកណាៗក៏ចាប់អារម្មណ៍ដែរ តែខ្ញុំមិនហ៊ានគិតអ្វីច្រើនទេ ព្រោះខ្ញុំមិនមានសម្ភារៈទំនើបដូចគេ។
តែមានថ្ងៃមួយខ្ញុំបាន បង្ហោះរូបក្នុង Facebook ក៏ឃើញនាងចូល comment ថា «ស្អាតប៊ីប៊ី»។ ខ្ញុំភ្ញាក់ផ្អើលជាខ្លាំងព្រោះមិនដឹងថានាងជា Friend ក្នុង Facebook តាំងពីពេលណាមកទេ។
ចាប់ពីពេលនោះមក ពួកយើងចាប់ផ្ដើមស្គាល់គ្នា ហើយតែងតែchat ជាមួយគ្នារាល់យប់ ប៉ុន្តែពេលជួបគ្នានៅខាងក្រៅមិនទាន់និយាយរកគ្នាទេ។
ពេលចេញពីរៀន ខ្ញុំសម្រេចចិត្តនិយាយរកនាងជាលើកដំបូងទាំងញ័រញាក់ តែខំធ្វើធម្មតាកុំអោយគេមើលងាយ « Hello ចេញពីហ្នឹងទៅផ្ទះមែន?» នាងក៏តប «ហ្នឹងហើយ! មានទៅណាទៀត?»។ រួចហើយក៏ជិះម៉ូតូចេញបាត់ដោយញញឹមផង។
លុះយប់ថ្ងៃដដែល ខ្ញុំសម្រេចចិត្ត chat សុំលេខទូរសព្ទនាង នាងក៏សួរថាយកធ្វើអី? ខ្ញុំថាទុកសួរមេរៀន ទើបនាងព្រមអោយ។ បានលេខនាងភ្លាមខ្ញុំក៏ទូរសព្ទទៅនាងភ្លាម បបួលនិយាយដល់ម៉ោងគេង។ ពេលទំនេរពួកយើងក៏តែងតែ និយាយជាមួយគ្នា។
(រូបតំណាង)
ថ្ងៃមួយខ្ញុំក៏ដាច់ចិត្តសួរនាងថា «លើសពីFriend បានអត់?» ។ នាងឆ្លើយថាសុំពេល ១ ឆ្នាំសិន។ ចាប់ពីថ្ងៃនោះមកនាងចាប់ផ្ដើមសួរខ្ញុំជាច្រើនទាក់ទងនឹងរឿងស្នេហា ហើយនាងក៏ប្រាប់ដែរថា នាងពេញចិត្តនូវចម្លើយរបស់ខ្ញុំ។ ការនិយាយបែបនេះធ្វើអោយខ្ញុំមានអារម្មណ៍ថា រំភើបនិងស្រឡាញ់នាងកាន់តែខ្លាំង រហូតដល់អស់ពីបេះដូង ចង់បាននាងជាគូអនាគត ព្រោះយើងនិយាយគ្នាសុទ្ធតែបង អូន ដូចជាគូសង្សារទៅហើយ។
សាលារៀនគួរក៏ផ្អាកមួយថ្ងៃ ម៉ារីដាទៅអង្គុយនៅមាត់ទន្លេជាមួយមិត្តរបស់នាង ហើយក៏ទូរសព្ទបបួលខ្ញុំទៅដែរ ខ្ញុំឯណាបដិសេធនោះ ស្រីស្អាតបបួលទៅហើយ។
ពេលដល់ពួកយើងជជែកគ្នា នាងមិនហ៊ានមើលមុខខ្ញុំទេ តែសុខចិត្តលួចមើលមុខខ្ញុំ ចំណែកខ្ញុំវិញមើលមុខនាងមិនដាក់ភ្នែកឡើយ កម្រមានឱកាសបានមកអង្គុយមើលមុខស្រីស្អាតណាស់។
ប៉ុន្មានថ្ងៃក្រោយមកគេប្រាប់ថាជិតដល់ថ្ងៃកំណើតគេហើយ គឺថ្ងៃ ៥ ខែ កញ្ញា តែអ្វីដែលធ្វើអោយខ្ញុំខកចិត្តនោះគឺគេធ្វើមុនមួយថ្ងៃ (មិនដឹងថាគេប្រាប់ខុស ឬ យ៉ាងណានោះទេ) ធ្វើអោយខ្ញុំធ្វើអីក៏មិនកើត គិតថាចង់ទិញ ប៉ោងប៉ោង surprise នាងប៉ុន្តែអ្វីៗត្រូវរលាយអស់ ដោយសារគេធ្វើចប់អស់បានគេតេប្រាប់ខ្ញុំ។
ខ្ញុំក៏ប្រញាប់ទៅជួបនាងនៅមាត់ទន្លេ ដោយបបួលលីហួមិត្តភ័ក្ដិខ្ញុំទៅដែរ នៅទីនោះមានទាំងមិត្តភ័ក្ដិនាងទៀត សរុបទាំងអស់គ្នាប្រាំបីនាក់ ស្រីប្រាំប្រុសបី។
ពួកយើងបានទិញទឹកក្រូចផឹក ហើយខ្ញុំផឹកមួយកែវពីរនាក់នាង។ វាជាថ្ងៃដែលខ្ញុំសប្បាយចិត្ត និង មានសេចក្ដីសុខជាងគេ។
មិនយូរប៉ុន្មានផង នាងដឹងថាសង្សារចាស់ខ្ញុំគឺជាមិត្តភ័ក្ដិរបស់នាង ហើយនាងក៏បានប្រាប់រឿងរ៉ាវរបស់នាងថា នាងមានសង្សាររួចហើយ ដឹងលឺដល់ចាស់ទុំអស់ហើយ គេជាអ្នកមានទៀតផង គ្រាន់តែនៅឆ្ងាយពីគ្នា ប៉ុន្តែពួកគេមិនទាន់អស់ចិត្តស្រឡាញ់ពីគ្នាទេ ដូច្នេះនាងមិនអាចទៅស្រឡាញ់ជាមួយអ្នកណាដែរ និយាយរួមគឺមិនអាចស្រឡាញ់ខ្ញុំបានទេ។
ចាប់តាំងពីថ្ងៃនោះមក ទូរសព្ទគេcall លែងចូល chat លែង តប ជួបមុខគ្នាលែងនិយាយដូចមុន។ ក្រោយមកក៏ឮដំណឹងមកថា សង្សារគេត្រឡប់មកវិញហើយ ឃើញពួកគេដើរលេងយ៉ាងសប្បាយរីករាយទៀតផង។
ចាត់ទុកថាជាសុបិន្តមួយចុះ អោយតែមនុស្សដែលយើងមានសេចក្ដីសុខយើងក៏សប្បាយចិត្តជាមួយគេដែរ ធ្វើម៉េចបើយើងមកក្រោយគេ?
ចុចអាន៖ ពេលវេលាធ្វើឲ្យកល្យាណមិត្តខ្ញុំ ក្លាយជាមិត្តស៊ីមិត្ត
ចុចអាន៖ ស្រឡាញ់ដូចគ្នា អត្ថបទ៖ រ៉ា
មានអត្ថបទពាក់ព័ន្ធនឹងមនុស្សដែលអ្នកចងចាំ ចង់ឲ្យ Sabay ចុះផ្សាយ សូមទាក់ទង៖ អ៊ីមែល៖ kong.chanvanneng@cidc.com.kh ឬ ទូរសព្ទ៖ ០១០ ៧០០ ៧២៧
ចង់ដឹងលក្ខខណ្ឌដើម្បីសរសេរផ្ញើមកកាន់ Sabay បានសូមចុចត្រង់នេះ