ស្រឡាញ់ដូចគ្នា
- 2015-11-27 15:00:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រឡាញ់ដូចគ្នា
ចន្លោះមិនឃើញ
មង្គលគឺជាឈ្មោះរបស់ខ្ញុំ។ ខ្ញុំបានស្គាល់ស្រីម្នាក់អស់រយៈពេលជិតបីឆ្នាំហើយ ស្រីម្នាក់ហ្នឹងជិះម៉ូតូ Icon នៅក្បែរផ្ទះខ្ញុំ នាងជាកូនច្បងស្អាតម្នាក់ដែលចូលចិត្តរៀនសូត្រ មិនសូវចូលចិត្តដើរលេងប៉ុន្មានទេ ហើយនាងឈ្មោះម៉ូនីកា។ ខ្ញុំស្គាល់នាងនៅថ្ងៃដែលខ្ញុំជួយដាក់ឥវ៉ាន់នៅផ្ទះ។ ខ្ញុំប្រទះឃើញស្រីម្នាក់ជិះ Icon ពណ៌ក្រហម ខ្ញុំបានឃើញគេចេញពីផ្ទះរបស់គេ ហើយគេក៏ដឹកប្អូនស្រីគេទៅរៀនបាត់ទៅ។
នៅពេលដែលបានជួបស្រីស្អាតម្នាក់ហ្នឹងហើយខ្ញុំមានអារម្មណ៍ថា ដូចជាជួបទេពអប្សរធ្លាក់ចុះពីលើមេឃមកចឹង។ ចាប់តាំងពីថ្ងៃជួបគេលើកដំបូងនោះមក ខ្ញុំចេះតែគេងស្រមៃឃើញគេរហូតមិនថាយប់ណាទេ អារម្មណ៍របស់ខ្ញុំនឹកគេខ្លាំងណាស់។ មានថ្ងៃមួយនាងបានដួលម៉ូតូពីនៅមុខផ្ទះខ្ញុំ ខណៈពេលដែលខ្ញុំកំពុងតែសរសេរកម្មវិធី (ភ្លេចប្រាប់ថាខ្ញុំជាអ្នកអាយធី) ហើយខ្ញុំងាកទៅក៏ឃើញម៉ូតូ របស់ស្រីម្នាក់ដួលដោយសារតែមេឃភ្លៀងទើបនាងដួលម៉ូតូដូច្នេះ។
មិនបង្អង់យូរក៏រត់ទៅជួយគេទាំងមិនទាន់បានបិទ Laptop បានស្រួលបួល ពេលរត់ទៅដល់ ខ្ញុំក៏ជួយគ្រាហ៍គេមកមុខផ្ទះខ្ញុំ ហើយក៏ប្រញាប់រត់ទៅយកម៉ូតូរបស់គេមកដាក់មុខផ្ទះខ្ញុំ។ ខ្ញុំក៏បានអោយមនុស្សប្រុសម្នាក់ដែលជាអ្នកជិតខាងខ្ញុំរត់ទៅប្រាប់អ្នកផ្ទះរបស់នាង ឯខ្ញុំរត់ចូលក្នុងផ្ទះយកអាល់កុលមកលាបរបួសលើជើងរបស់នាង។
បានប្រហែលដប់នាទីម្ដាយរបស់នាងក៏បានដើរមកផ្ទះខ្ញុំព្រមទាំងនាំប្អូនស្រីនាងមកដែរ ហើយគាត់ក៏បាននិយាយ អរគុណខ្ញុំនិងពឹង ឱ្យខ្ញុំ ឌុបនាងទៅផ្ទះវិញ ចាំគាត់ទៅតាមក្រោយ។
(រូបតំណាង)
មិនបង្អង់យូរខ្ញុំក៏ទាញម៉ូតូនាងរួចហើយហៅនាងឡើងម៉ូតូជិះពីក្រោយ។ ប្រហែលប្រាំនាទីខ្ញុំក៏បានមកដល់មុខផ្ទះរបស់នាង នាងចុះពីលើម៉ូតូរួចក៏ដើរបើកទ្វារផ្ទះ ខ្ញុំក៏ជិះម៉ូតូចូលដាក់ក្នុងផ្ទះ។ ខ្ញុំបម្រុងនិងលានាងទៅផ្ទះរបស់ខ្ញុំវិញហើយ តែនាងបានឃាត់ខ្ញុំកុំទាន់អាលអោយខ្ញុំទៅ ហើយនាងបានចាក់ទឹកមួយកែវអោយខ្ញុំ។
ខ្ញុំបានសរសើរពីផ្ទះរបស់នាងថាស្អាតដូចនាងអញ្ចឹង នាងបានត្រឹមតែសើច។ ពេលនោះខ្ញុំក៏ដាច់ចិត្តខ្សឹបសុំលេខទូរសព្ទនាង ម៉ូនីកាគ្រាន់តែសើច ហើយដើរទៅបន្ទប់យកប៊ិចមកសរសេរដាក់ក្រដាសហើយហុចមកអោយខ្ញុំ។
ពេលហុចរួចនាងរកនិយាយ តែម្ដាយនិងប្អូនស្រីរបស់នាងក៏បានមកដល់ល្មម ខ្ញុំងើបហើយក៏លាគាត់និងម៉ូនីកាមកផ្ទះវិញ។
លុះដល់ពេលយប់ខ្ញុំក៏បានយកក្រដាសនោះរួចយកទូរសព្ទ ផ្ញើសារទៅនាង ថា « Pong Tver Ey Ning »។ ប្រហែលដប់នាទីក្រោយមានសាររបស់នាងផ្ញើមកវិញថា « Pong Keng » រួចពួកយើងក៏ចាប់ផ្ដើមនិយាយទូរស័ព្ទជាមួយគ្នាវិញម្ដង។
ការសន្ទនាក៏បានកើតឡើង យើងក៏និយាយគ្នាពីនេះពីនោះ រហូតដល់ចំណុចមួយខ្ញុំដាច់ចិត្តសួរនាងថានាងមានសង្សារឬនៅនាង ក៏ប្រាប់ថាមិនទាន់មានទេ។ ដូច្នេះថ្ងៃនោះខ្ញុំក៏បានសុំនាងធ្វើសង្សារតែនាងបែរជានិយាយថា « អូនក៏គិតចឹងដែរ តែសុំទោសផង អូនចង់បានបងជាប្ដីរបស់អូនវិញ»។ ឮហើយខ្ញុំអរសឹងតែលោតបាក់គ្រែចោល រហូតដល់ថ្នាក់ម៉ាក់ស្រែកអោយពីក្រោមមក។ នាងបានឮម៉ាក់ខ្ញុំស្ដីអោយក៏សើច មុនពេលដាក់ទូរសព្ទចុះនាងថែមទាំងបាននិយាយថា «ចឹងអូនគេងសិនហើយណាលោកប្ដី»។ ខ្ញុំក៏តបវិញទាំងរំភើប « បាទប្រពន្ធសម្លាញ់»។
ពួកយើងទាំងពីរនិយាយឡើងផ្អែមជាងស្ករតាំងម៉ែទៅទៀត ពេញមួយយប់ខ្ញុំគេងមិនលក់នោះទេ ខ្ញុំបានទាញទូរស័ព្ទមកបើក Facebook លេងហើយ Search រកឈ្មោះនាងរហូតដល់ឃើញទើប Add ទៅ។រហូតដល់ពេលព្រឹកទើបនាង Confirm រួចខ្ញុំក៏ដាក់ Marriage ក្នុងហ្វេសប៊ុកជាមួយនាង ខ្ញុំបានប្រាប់ម៉ាក់របស់ខ្ញុំអោយគាត់ចូលស្តីម៉ូនីកា ហើយប៉ាម៉ាក់ម៉ូនីកាក៏មិនថាអ្វីដែរគាត់បានលើកកូនមកអោយខ្ញុំរួចពួកគាត់ក៏សម្រេចចិត្តរើសថ្ងៃមង្គលការអោយពួកយើងទាំងពីរ។
ហើយពួកយើងក៏បានរៀបការនឹងគ្នាខ្ញុំពិតជាអរគុណនាងខ្លាំងណាស់ដែលបានធ្វើជាប្រពន្ធដ៏ល្អរបស់ខ្ញុំរហូតមក៕
ចុចអាន៖ ការណាត់ជួប ដែលមិនអាចបំភ្លេចបានក្នុងមួយជីវិតនេះ
ចុចអាន៖ ស្រីស្អាតជួយដោយស្មោះ មិនទទួលសំណូក អត្ថបទ៖ មង្គល
មានអត្ថបទពាក់ព័ន្ធនឹងមនុស្សដែលអ្នកចងចាំ ចង់ឲ្យ Sabay ចុះផ្សាយ សូមទាក់ទង៖ អ៊ីមែល៖ kong.chanvanneng@cidc.com.kh ឬ ទូរសព្ទ៖ ០១០ ៧០០ ៧២៧
ចង់ដឹងលក្ខខណ្ឌដើម្បីសរសេរផ្ញើមកកាន់ Sabay បានសូមចុចត្រង់នេះ