ការ​ណាត់​ជួប​ ដែល​មិន​អាច​បំភ្លេច​បាន​ក្នុង​មួយ​ជីវិត​នេះ

  • 2015-11-23 15:30:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

កាល​ខ្ញុំ​នៅ​ជា​យុវវ័យ​ម្នាក់​ ឥឡូវ​ក៏​នៅ​តែ​យុវវ័យ​ដែរ​គ្រាន់​តែ​ កាល​ពី​បួន​ឆ្នាំ​មុន​ខ្ញុំ​រៀន​ថ្នាក់​ទី​១០ ជា​វ័យ​មួយ​ដែល​អាច​និយាយ​ថា​ភ្លើត​ភ្លើន​ក៏​បាន​។ ប៉ុន្តែ​មិន​មែន​ដល់​ថ្នាក់​ខូច​បង់​អ្វី​នោះ​ទេ​ តែ​ជា​ពេល​វេលា​ដែល​ចង់​ដឹង​រឿង​មួយ​ចំនួន​ដែល​ពុំ​ធ្លាប់​បាន​ជួប​ពី​មុន​មក។

 

គ្នីគ្នា​ស្និទ្ធស្នាល​របស់​ខ្ញុំ​មាន​ ៥ នាក់​បូក​រួម​ទាំង​ខ្ញុំ​​ដែល​ជា​​មិត្ត​កំពូល​ឡប់​នឹង​គ្នា។​ ខណៈ​ដែល​វលក្ខណ៍​មិត្ត​របស់​ខ្ញុំ​មាន​មិត្ត​ប្រុស​ ខ្ញុំ​ក៏​ចង់​បាន​នឹង​គេ​ដែរ​។ វិធី​ដែល​ខ្ញុំ​ស្វែង​រក​មិត្ត​ប្រុស​នោះ​គឺ​ការ​ធ្វើ​​ច្រឡំ​លេខ​​ទូរសព្ទ​។​ ពេល​នោះ​ខ្ញុំ​ក៏​បាន​ស្គាល់​គេ​ម្នាក់​នោះ ដែល​​មាន​ឈ្មោះ អិច​។ យើង​និយាយ​គ្នា​តែ​តាម​ទូរសព្ទ​ប៉ុណ្ណោះ​ សំឡេង​គេ​ពីរោះ​ សម្ដី​សំដៅ​ហ្មត់ចត់ ហើយ​មើល​ទៅ​ថែម​ទាំង​មាន​ផែន​ការ​ក្នុង​ជីវិត​ទៀត​ផង។

 

ក្រៅ​ពី​និយាយ​ទូរសព្ទ​ពួក​យើង​ក៏​ទំនាក់​ទំនង​គ្នា​តាម​ការ​ផ្ញើ​សារ​ដែរ​ ព្រោះ​កាល​នោះ​ខ្ញុំ​មិន​ទាន់​ចេះ​លេង​ហ្វេសប៊ុគ​ទេ តែ​សូម​បញ្ជាក់​ថា​ខ្ញុំ​និង​អិច​ មិន​ទាន់​ជា​សង្សារ​នឹង​គ្នា​ទេ​ គ្រាន់​តែ​ស្ថិត​នៅ​ដំណាក់​កាល​រាប់​អាន​បែប​ស្វីតៗ។

 

ខ្ញុំ​តែង​យក​រឿង​នេះ​ប្រាប់​មិត្ត​របស់​ខ្ញុំ​ ហើយ​ពួក​នាង​ថា​ អិច​ប្រហែល​ជា​ស្រឡាញ់​ខ្ញុំ​ហើយ។ ខ្ញុំ​ជា​មនុស្ស​ញៀន​ប្រលោមលោក ហើយ​ខ្ញុំ​ក៏​ស្រមៃ​ថា នាយ​អិច​នោះ​ប្រាកដ​ជា​សង្ហា​ដូច​តួប្រុស​ដែល​អ្នក​និពន្ធ​រៀប​រាប់​ដែរ បូក​រួម​នឹង​ចំណេះ​ដឹង​ខាង​ភាសា​អង់គ្លេស​ដ៏​ពូកែ គេ​អាច​និយាយ​បាន​ថា​នាយ​អិច​គួរ​អោយ​លង់។ ចំណែក​វលក្ខណ៍​ដែល​ចាត់​ទុក​ថា​ជា​មនុស្ស​ចាស់​ទុំ​ជាង​គេ​ក្នុង​ក្រុម​ ​ ខាង​រឿង​បែប​នេះ​បាន​ប្រាប់​ថា កុំ​អាល​ទុក​ចិត្ត​គេ មនុស្ស​ប្រុស​ដែល​ស្គាល់​តែ​សំឡេង​អញ្ចឹង​នោះ។ ដូច្នេះ​ពួក​យើង​ក៏​បាន​រៀប​ល្បិច​មួយ​ ដើម្បី​សាក​ចិត្ត​គេ។

 

វលក្ខណ៍​នាង​ស្អាត​ហើយ សំឡេង​ពីរោះ​ទៀត ដូច្នេះ​នាង​ក៏​ធ្វើ​ជា​ច្រឡំ​លេខ​ទៅ​នាយ​អិច​នោះ ហើយ​អូសក្រឡា​ម៉ា​ម៉ាត់​ពីរ​ម៉ាត់ នាយ​អិច​នោះ​ក៏​ញ៉ែ​វលក្ខណ៍​មែន​ទែន។ ខ្ញុំ​មិន​ឈឺ​ចាប់​អី​ណាស់​ណា​ទេ តែ​ហេតុ​អី​ក៏​គេ​ព្រាន​នារី​ម្ល៉េះ?

 

អាច​និយាយ​បាន​ថា​នាយ​អិច​ឆ្លាត​ដូច​ពួក​ខ្ញុំ​ដែរ គេ​បាន​អោយ​មិត្តភក្ដិ​គេ​ម្នាក់​ទៀត​មក​ធ្វើ​តេស្ដ​​សាក​ចិត្ត​វលក្ខណ៍​ដោយ​ប្រើ​ស្ទីល​ច្រឡំ​លេខ​ដូច​គ្នា។ វលក្ខណ៍​ចាប់​ផ្ដើម​សង្ស័យ​ ហើយ​ក៏​អោយ​ស្រីណុច​អ្នក​ពូកែ​វោហារ​សព្ទ​ ធ្វើ​ជា​ច្រឡំ​លេខ​ទៅ​មិត្តភ័ក្ដិ​នាយ​អិច​ ចង់​ដឹង​ថា​ពីរ​នាក់​ហ្នឹង​ មិត្តភ័ក្ដិ​គ្នា​ឬ​អត់? ដូច​ការ​គិត​អញ្ចឹង​នេះ​គេ​ហៅ​ថា​ល្បិច​លើ​ល្បិច​ ប៉ុន្តែ​ពួក​ខ្ញុំ​ដើរ​មុន​គេ​មួយ​ជំហាន​ ព្រោះ​ពួក​ខ្ញុំ​ដឹង​ថា​គេ​ពីរ​នាក់​ជា​មិត្តភ័ក្ដិ​គ្នា តែ​គេ​អត់​ដឹង​ថា​បី​នាក់​ខ្ញុំ​ជា​មិត្តភ័ក្ដិ​គ្នា​ទេ​។

 

ខ្ញុំ​ប្រាប់​នាយ​អិច​ថា​រៀន​នៅ​សាលា​របស់​ខ្ញុំ​ពិត​ប្រាកដ​ វលក្ខណ៍​ប្រាប់​ថា​នាង​នៅ​សាលា​ផ្សេង​ ឯ​ស្រីណុច​ប្រាប់​ថា​ នាង​រៀន​នៅ​សាលា​​ឯកជន​ដ៏​ថ្លៃ​មួយ។ ពេល​មួយ​ពេល​ចេញ​ពី​រៀន​គួរ​ មិត្ត​នាយ​អិច​ក៏​តេ​ទៅ​រក​ ស្រីណុច​ ព្រោះ​មើល​ទៅ​គេ​ដូច​ជា​សង្ស័យ​តិចៗ​ដែរ បន្ទាប់​ពី​គេ​ធ្លោយ​មាត់​ប្រាប់​ ស្រីណុច​ពី​រឿង​រ៉ាវ​ដែល​នាយ​អិច​បញ្ជា​ដើម្បី​អោយ​សាក​ចិត្ត​វលក្ខណ៍ និង​ប្រាប់​រឿង​មួយ​ទៀត​ថា​នាយ​អិច​មាន​សង្សារ​ច្រើន​ហើយ​មាន​ម្នាក់​រៀន​នៅ​សាលា​ក្បែរ​ស្រីណុច​ម្នាក់ រួច​ក៏​បញ្ចេញ​ឈ្មោះ​ខ្ញុំ។ ហ្គេម​នេះ​មិន​អាច​បញ្ចប់​ទេ ព្រោះ​ពួក​ខ្ញុំ​ចង់​ដឹង​ថា​តើ​អ្នក​ណា​ឈ្នះ​ហ្គេម​នេះ។

 

មិត្ត​នាយ​អិច​និយាយ​លេង​ជា​មួយ​ស្រីណុច​ ហើយ​ស្រីណុច​បើក​ speaker ស្ដាប់​ទាំង​អស់​គ្នា។ ចង្រៃ​អី​! ពេល​នោះ​ច្រឡំ​ទៅ​អង្គុយ​និយាយ​ទូរសព្ទ​ក្បែរ​ជួង​ បន្ទាប់​មក​លោក​គ្រូ​ក៏​ដើរ​មក​វ៉ៃ​ជួង​ចូល​រៀន​ ស្រីណុច​ដែល​ដើរ​តួ​ជា​សិស្ស​សាលា​ឯកជន​ ប្រញាប់​ខ្ទប់​ទូរសព្ទ​ខ្លាច​ឮ​ដល់​ម្ខាង​ទៀត​បែក​ការណ៍។

 

រួច​មួយ​គ្រា​នោះ​ពួក​យើង​ក៏​ បន់​ និង សង្ឃឹម​ថា​គេ​មិន​ឮ​សូរ​ស្នូរ​ជួង​ចូល​រៀន​នោះ​ទេ ព្រោះ​មិន​ដែល​សាលា​ឯកជន​ថ្លៃ​ឯណា​នៅ​វ៉ៃ​ជួង​ឱ្យ​សិស្ស​ចូល​រៀន​នោះ?

 

 

(រូបតំណាង)

 

ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ នាយ​អិច​ក៏​សុំ​ណាត់​ជួប​ខ្ញុំ​ ខ្ញុំ​ប្រាកដ​ជា​ទៅ​ហើយ​ ក្រោម​ការ​ជំរុញ​ពី​មិត្តភ័ក្ដិ ព្រោះ​ចង់​ដឹង​ថា​តើ​ មនុស្ស​សាវា​ហ្នឹង​មុខ​យ៉ាង​ម៉េច? ហើយ​គេ​ធ្វើ​មុខ​យ៉ាង​ម៉េច​ពេល​ដែល​ល្បិច​ពួក​ខ្ញុំ​តាម​ទាន់​អញ្ចឹង?

 

ថ្ងៃ​ណាត់​ជួប​បាន​មក​ដល់​...

 

ពួក​យើង​បាន​ទៅ​អង្គុយ​ចាំ​គេ​ក្បែរ​ Mart មួយ​កន្លែង​នៅ​ជិត​សាលា​រៀន​។ ទៅ​គ្នា​ប្រាំ​នាក់​ ដោយ​ស្រី​ណុច​ និង វលក្ខណ៍​ ដើរ​តួ​ជា​មិត្តភ័ក្ដិ​ខ្ញុំ អង្គុយ​តុ​មួយ​ មាន​កៅអី​ទំនេរ​ពីរ​ស្រាប់​រង់ចាំ​នាយ​អិច។ ឯ​ពីរ​នាក់​ទៀត​ មាន​វ៉ាន់ឌី និង អាណៃ​អង្គុយ​នៅ​តុ​ផ្សេង​ដើរ​តួ​ធ្វើ​ជា​អ្នក​ដទៃ​សុទ្ធសាធ​ ហើយ​គេ​ទាំង​ពីរ​អង្គុយ​អាន​កាសែត​ បើ​អ្នក​ណា​បាន​ឃើញ​ទិដ្ឋភាព​ពេល​នោះ​គឺ​ហួស​ចិត្ត​មិន​ខាន ព្រោះ​ពួក​នាង​ធ្វើ​ខ្លួន​ប្រៀប​ដូច​ជា​ បេសកកម្ម​របស់​ James Bond ក្នុង​រឿង ០០៧ អញ្ចឹង។

 

ទន្ទឹង​ចាំ​គេ​បណ្ដើរ​ខ្ញុំ​គិត​បណ្ដើរ​ថា​គេ (​នាយ​អិច) ប្រហែល​ជា​ខ្ពស់ ស សង្ហា​ ព្រោះ​បើ​ស្ដាប់​តាម​សំឡេង​ ខ្ញុំ​អាច​ស្រមៃ​បាន​ថា​មុខ​មាត់ គេ​យ៉ាង​ម៉េច តែ​ទាស់​ថា​គេ​អន់​ចរិត​ ញ៉ែ​​មិន​រើស​សំឡេង​សោះ។ ពួក​ខ្ញុំ​តាំង​ចិត្ត​ហើយ​ថា​នឹង​ទម្លាយ​រឿង​នេះ​ នៅ​ថ្ងៃ​ណាត់​ជួប​នោះ​តែ​ម្ដង។

 

រំពេច​នោះ​ម៉ូតូ​វីវ៉ា​មួយ​គ្រឿង​ក៏​ឈប់​នៅ​ពី​មុខ​ Mart ដោយ​នាំ​មក​នូវ​ជា​មួយ​បុរស​ពីរ​នាក់​ ខ្ញុំ​មិន​ដឹង​ថា​ម្នាក់​ណា​ជា​នាយ​អិច​ទេ តែ​ខ្ញុំ​ក៏​ស្ទើរ​តែ​ទន់​ជង្គង់​គ្រឹប​ស្រាប់​ទៅ​ហើយ។ ពេល​នោះ​ខ្ញុំ​ទប់​អារម្មណ៍​សឹង​មិន​បាន​ទេ ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​គេ គឺ​ខ្មៅ​ ធាត់​ ទាប​ សក់​ក្រញាញ់​ ឯ​ម្នាក់​ទៀត​ស្គម​ ទាប ស គ្រាន់​មើល​ជាង​ម្នាក់​មុន​ តែ​​មុខ​គេ​ស្រួច​​ដូច​កណ្ដុរ​ ក្បាល​គេ​អត់​សូវ​មាន​សក់​ទេ​ សុំ​ខមាទោស​ចុះ​ ក្បាល​គេ​ដូច​សត្វ​តាដក់​ចឹង! ស្លាប់​ហើយ​ខ្ញុំ! សំឡេង​ពិត​ជា​មិន​គួរ​ឱ្យ​ទុក​ចិត្ត​បាន​មែន ដែល​ស្រមៃ​ថា​នាយ​អិច​សង្ហា​នោះ រលាយ​ដូច​អំបិល​ត្រូវ​ទឹក​អញ្ចឹង។

 

ដើម្បី​បញ្ចប់​ការ​ណាត់​ជួប​អោយ​រលូន​ និង សន្តិភាព​ខ្ញុំ​ក៏​ធ្វើ​ជា​ណែនាំ​វលក្ខណ៍​និង​ស្រីណុច​ឱ្យ​ គេ​ស្គាល់​ដោយ​ប្រាប់​ថា​រៀន​នៅ​ថ្នាក់​ជាមួយ​គ្នា។ ឯ​គេ​ក៏​ណែនាំ​មិត្តភ័ក្ដិ​របស់​គេ​ អោយ​ពួក​ខ្ញុំ​ស្គាល់​ដែរ​ ។ ពេល​ដែល​ពួក​យើង​អស់​អី​និយាយ​ នាយ​អិច​ក៏​ប្រាប់​មិត្តភ័ក្ដិ​គេ​អោយ​តេ​ទៅ​ ស្រីណុច​ ដោយ​ប្រើ​ពាក្យ​អសុរោះ​ទៀត​ផង​។

 

ទូរសព្ទ​ស្រីណុច​ក៏​ញ័រ​ ទ្រឺត​ៗ ថ្វី​ត្បិត​តែ​មិន​ឮ​ភ្លេង​ តែ​ក្នុង​បរិយាកាស​ស្ងប់​ស្ងាត់​ វា​ពិត​ជា​ឮ ហើយ​ក៏​មិន​ទាន់​ដល់​ពេល​ដែល​ត្រូវ​បើក​កកាយ​ដែរ។ ចាត់​ទុក​ថា​ស្រីណុច​ឆ្លាត​ដែរ នាង​មិន​បាន​ចុច​បិទ​ទូរសព្ទ​ទេ​តែ​នាង ធ្វើ​ជា​លើក​ទូរសព្ទ​និយាយ​ជាមួយ​ម៉ាក់។ ខ្ញុំ​ជឿ​ថា​នាយ​អិច​និង​មិត្ត​គេ​ ប្រាកដ​ជា​សង្ស័យ​ហើយ​ តែ​មិន​ឃើញ​គេ​មាត់​ក​អី​ទេ គ្រាន់​តែ​ម្នាក់​ខ្មៅ​នោះ​ប្រាប់​នាយ​អិច​ថា «តេ​អត់​លើក​ទេ!»។

 

ចំណែក​វ៉ាន់ឌី និង អាណៃ​ដែល​អង្គុយ​តុ​ក្បែរ​នោះ​ដែរ ធ្វើ​ពុត​ជា​អាន​កាសែត​ យ៉ាង​ព្រងើយ​។ បន្ទាប់​មក​នាយ​អិច​ក៏​លា​ទៅ​វិញ ពេល​ពួក​គេ​ទៅ​ផុត​​បាត់​អស់​ ពួក​យើង​រត់​ស្រ​ ចូល​តុ​ជា​មួយ​គ្នា​វិញ។ ពួក​នាង​ក្រោយ​ពី​ឃើញ​មុខ​នាយ​អិច​ហើយ​ក៏​ រអ៊ូ​ថា​ចង់​ក្អួត​ ចំណែក​ខ្ញុំ​វិញ​ ដឹង​ថា​ការ​ណាត់​ជួប​នេះ​ ស៊េរ៉ូ​តាំង​ពី​ឃើញ​​គេ​ចុះ​ពី​លើ​ម៉ូតូ​ម្ល៉េះ តែ​ក៏​ប្រសើរ​ដែរ បើ​គេ​សង្ហា​គ្រាន់​នឹង​ធ្វើ​អោយ​ខ្ញុំ​ខូច​ចិត្ត​ខ្លះ ដល់​ឃើញ​មុខ​គេ​អាន​មិន​ដាច់​សោះ​អញ្ចឹង​ គ្មាន​កូន​ចិត្ត​សូម្បី​តែ​បន្តិច។

 

ទៅ​គ្នា​ប្រាំ​នាក់​មែន គ្រប់​គ្នា​សុទ្ធ​តែ​បាន​ឃើញ​មុខ​នាយ​អិច​ថា​ផ្ទុយ​ពី​សង្ហា​យ៉ាង​ណា លើក​លែង​តែ​អាណៃ​រអ៊ូ​ថា​អត់​បាន​មើល​មុខ​នាយ​អិច​ទេ។ ពេល​ពួក​ខ្ញុំ​សួរ​ថា​ហេតុ​អី? នាង​ប្រាប់​ថា​មក​ពី​ពេល​នោះ​នាង​អង្គុយ​បែរ​ខ្នង​ ដាក់​ហើយ​ធ្វើ​ពុត​ជា​អាន​កាសែត​ដូច​អ្នក​អាជីព នាង​ក៏​បាន​សួរ​វ៉ាន់ឌី​ ថា​នាយ​អិច​មុខ​យ៉ាង​ម៉េច វ៉ាន់ឌី​ក៏​ប្រាប់​ថា​អោយ​ងាក​មើល​តែ​ នាង​ថា​ខ្លាច​បែក​ការ​ណ៍ ដូច្នេះ​អាណៃ​មិន​ហ៊ាន​ងាក​មើល​ទេ​ព្រោះ​ខ្លាច​បែក​ការ​ដល់​ពួក​ខ្ញុំ​បី​នាក់។ ពួក​យើង​ស្ដាប់​នាង​រៀបរាប់​ហើយ​ក៏​ហួស​ចិត្ត​ សើច​ចង់​ជ្រុះ​ធ្មេញ ​ហួស​ចិត្ត​នឹង​មិត្ត​ម្នាក់​នេះ។

 

រហូត​មក​ដល់​ថ្ងៃ​នេះ​អាណៃ​គ្មាន​ វាសនា​បាន​ស្គាល់​ថា​មុខ​នាយ​អិច​យ៉ាង​ម៉េច​ទេ តែ​សម្រាប់​ខ្ញុំ​យល់​ថា​នេះ​ជា​សំណាង​របស់​នាង​ទៅ​វិញ​ទេ ដោយ​មិន​ចាំ​បាច់​យល់សប្ដិ​អាក្រក់​ ក្រោយ​ឃើញ​មុខ​គេ​ហើយ។

 

លុះ​ថ្ងៃ​បន្តិច​នាយ​អិច​ក៏​បាន​ទូរសព្ទ​មក​ប្រាប់​ខ្ញុំ​ថា គេ​ដឹង​អស់​ហើយ​ថា​ខ្ញុំ​ប្រើ​អោយ​វលក្ខណ៍​ទៅ​សាក​ចិត្ត​គេ​ ហើយ​ក៏​ដឹង​ដែរ​ថា​ ស្រីណុច​​មិន​មែន​ជា​សិស្ស​សាលា​ឯកជន​ទេ តាំង​ពី​ពេល​ឮ​សូរ​គេ​វ៉ៃ​ជួង​ចូល​រៀន​ម្ល៉េះ។ ខ្ញុំ​ក៏​ប្រាប់​គេ​វិញ​ថា​គេ​ដើរ​ក្រោយ​ខ្ញុំ​មួយ​ជំហាន​ ទោះ​បី​ជា​ជា​ដឹង​ល្បិច​ខ្ញុំ​គ្រប់​យ៉ាង​ទាំង​អស់​ តែ​​ខ្ញុំ​ក៏​ប្រាប់​គេ​ទៅ​ថា «ពីរ​នាក់​ដែល​អង្គុយ​តុ​ជាប់​នោះ គ៏​ជា​គ្នា​ខ្ញុំ​ដែរ!»។ រួច​​ខ្ញុំ​ក៏​ដាក់​ទូរសព្ទ​ចុះ ចាប់​តាំង​ពី​ពេល​នោះ​មក​លែង​មាន​ទំនាក់​ទំនង​ស្អី​ជាមួយ​​នាយ អិច វ៉ាយ ហ្ស៊ី​នោះ​ទៀត​ហើយ​ ចប់​ចុះ​! ខ្ញុំ​មិន​ប្រាថ្នា​ទេ​លោក​អើយ។

 

ហ្គេម​ចប់​ហើយ​ តែ​ខ្ញុំ​រក​មិន​ឃើញ​ថា​អ្នក​ណា​ឈ្នះ​ អ្នក​ណា​ចាញ់​ឡើយ។ គេ​ក៏​ដឹង​ល្បិច​ខ្ញុំ ខ្ញុំ​ក៏​ដឹង​ល្បិច​គេ​ តែ​នៅ​មាន​កំពូល​អ្នក​ស៊ើប​អង្កេត​អត់​បាន​ការណ៍​ពីរ​នាក់​ទៀត​ អង្គុយ​នៅ​ត្រង់​នោះ​ដែរ តែ​គេ​គិត​ថា​ជា​អ្នក​ដទៃ​មែន។

 

ត្រឡប់​ទៅ​កាល​ពី​៤​ឆ្នាំ​ មុន​នោះ​ខ្ញុំ​ពិត​ជា​អស់​សំណើច​​ចំពោះ​ខ្លួន​ឯង​ និង​សកម្មភាព​ឡប់ៗ​របស់​អាណៃ​ណាស់​! មិត្ត​ខ្ញុំ​តែង​តែ​បង្អាប់​ខ្ញុំ​រឿង​នេះ​រហូត​ ថា​គូ​ណាត់​របស់​ខ្ញុំ​ប្រៀប​ដូច​ជា​ទេវបុត្រ​ជិះ​សេះ​ស។ គ្រាន់​តែ​ឮ​ឈ្មោះ​ខ្ញុំ​ស្រមៃ​ឃើញ​មុខ​ លើស​ពី​ស្អាត​របស់​គេ​ ​ខ្ញុំ​ក៏​បាន​បង្កើត​ពាក្យ​សម្ងាត់​មួយ​ដែរ​ ចង់​និយាយ​ពី​ប្រុស​ម្នាក់​មុខ​មិន​ស្អាត​គួរ​តែ​ដាក់​ឈ្មោះ​អិច​ទៅ​គឺ​ គ្នា​ខ្ញុំ​យល់​ហើយ។ ហើយ​ខ្ញុំ​ក៏​ឈប់​ទទួល​មិត្ត​ដែល​ចង់​រាប់​អាន​តាម​ទូរសព្ទ​ដែរ​ ព្រោះ​បាន​ទទួល​មេរៀន​ដ៏​ល្អ​នេះ​ហើយ។

 

ខ្ញុំ​មិន​យល់​ថា​ តើ​ខ្ញុំ​ចង​ចាំ​នាយ​អិច​ ឬ​ក៏​ចង​ចាំ​មិត្ត​ឡប់ៗ​លាយ​ឆ្លាត​ទាំង​បួន​របស់​ខ្ញុំ​នោះ​ទេ តែ​អាច​និយាយ​បាន​ថា​ ការ​ណាត់​ជួប​ដែល​មិន​អាច​បំភ្លេច​បាន​ជាមួយ​នាយ​អិច​ថ្ងៃ​នោះ ជា​ផ្នែក​មួយ​នៃ​​មួយ​ម៉ឺន​សកម្មភាព​ផ្សេង​ៗ​ទៀត​ដែល​ខ្ញុំ​បាន​ធ្វើ​ជាមួយ​នឹង​កំពូល​មិត្ត​កាល​នៅ​វិទ្យាល័យ​របស់​ខ្ញុំ៕

 

ចុចអាន៖ ជួប​តែ​ម្ដង​ ចាំ​មួយ​ជីវិត

ចុចអាន៖ អរគុណ​លោក​គ្រូ​ដែល​ជំរុញ​ឲ្យ​ខ្ញុំ​មាន​ថ្ងៃ​នេះ

 

អត្ថបទ៖ អាកែវ​​​​​​​​​​

 

 

មាន​អត្ថបទ​ពាក់ព័ន្ធ​នឹង​មនុស្ស​ដែល​អ្នក​ចងចាំ​ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទាក់ទង៖ អ៊ីមែល៖ kong.chanvanneng@cidc.com.kh ឬ ទូរសព្ទ៖ ០១០ ៧០០ ៧២៧

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បានសូមចុចត្រង់នេះ

 

 

 

 

អត្ថបទថ្មី