ជួបតែម្ដង ចាំមួយជីវិត
- 2015-11-20 15:03:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជួបតែម្ដង ចាំមួយជីវិត
ចន្លោះមិនឃើញ
អាចនិយាយថាជារឿងគួរឱ្យអស់សំណើច ដែលខ្ញុំទៅជាចាំមនុស្សម្នាក់ដែលជួបគ្នាបានតែម្ដងគត់ក្នុងជីវិតនេះ។ រឿងហេតុវាកើតឡើងដោយសារច្រឡំ មនុស្ស និង លង់ទឹកពេលដែលខ្ញុំនិងមិត្តភ័ក្ដិស្រីៗខ្ញុំ ៤នាក់ទៀតទៅលេងសួនទឹកមួយកន្លែងនៅព្រែកឯង។ ពេលបាយរួចពួកយើងផ្ញើឥវ៉ាន់ហើយចុះទៅលេងទឹក ពួកយើងចូលចិត្តកាន់ដៃគ្នាដើរជាជួរព្រោះខ្លាចវង្វេងគ្នា។ ទៅលេងកន្លែងចំណោតឥន្ទធនូ ខ្ញុំស្មានថាមិត្តភ័ក្ដិខ្ញុំម្នាក់ទៀតដើរពីក្រោយខ្ញុំ ទើបឈោងទៅទាញដៃគេ ឱ្យជាប់ព្រោះចង់ដើរអោយទាន់ៗគ្នា។ ស្រាប់តែគេហៅខ្ញុំ «ចែ! ច្រឡំមនុស្សហើយ»។
ពេលងាកទៅខ្ញុំខ្មាសគេមិនស្ទើរនោះទេ គេស្លៀកតែខោខ្លីមួយទេ (ព្រោះប្រុសៗគេតម្រូវអោយស្លៀកអញ្ចឹង) ឈរមើលខ្ញុំភ្លឹះៗ ដូច្នេះខ្ញុំប្រញាប់លែងដៃគេភ្លាមហើយសុំទោសគេផង។ ជាមួយគ្នានោះប្រុសៗមួយក្រុម ឈរនៅលើប៉ម ស្រែកហ៊ោកញ្ជ្រៀវ ខ្ញុំឮទៀតថាគេហៅឈ្មោះម្នាក់ហ្នឹងថា ទ្រី។
មិត្តភ័ក្ដិខ្ញុំក៏ខ្មាសគេមិនចាញ់ខ្ញុំដែរ ដូច្នេះពួកនាងប្រញាប់អូសដៃខ្ញុំចេញទៅ ក្រោមក្រសែភ្នែកឡកលើយពីពួកប្រុសៗ។
អត់ទាន់ចប់ត្រឹមប៉ុណ្ណឹងទេ! ដោយសារខ្ញុំអត់ចេះហែលទឹកទើបរៀនហឹបទឹកម្នាក់ឯង ឯពួកនាងក៏ចូលបន្ទប់ទឹកអស់ដែរ។ ពេលដែលអត់ដង្ហើមហឹបទឹក មានអារម្មណ៍ថាខ្លួនឯងអណ្ដែត ដូច្នេះខ្ញុំក៏ហែលខ្វៃទៅមុខបានពីរបីវិនាទី ក៏លិចស្រឹមទៅបាត មិនទាន់ងើបវិញខ្លួន ឯងផង ក៏មានមនុស្សម្នាក់ចូលមកលើកខ្លួនខ្ញុំឡើង គឺម្នាក់ប្រុសដែលខ្ញុំអូសដៃអម្បាញ់មិញ។
គ្រាន់តែឃើញគេខ្ញុំនេះ ភ័យញ័រដៃញ័រជើង។ ឯគេសួរខ្ញុំដូចអត់មានរឿងអីកើតឡើង «ចែលង់ទឹកមែនចែ?»។
(រូបតំណាង)
គេហៅខ្ញុំថាចែៗ ហើយសួរខ្ញុំបែបឆោតៗ! មកលង់យ៉ាងម៉េចបានបើទឹកត្រឹមចង្កេះហ្នឹង? តែមកពីខ្ញុំមិនចេះគ្រប់គ្រងដង្ហើមទើប លិចភ្លឹបដូចដុំថ្មបែបនេះ។ ខ្ញុំក៏គ្រវីក្បាលហើយ ដើរគេចចេញពីគេ ឯប្រុសៗមួយក្រុមនោះនៅតែហ៊ោថា «អឺ! អាទ្រីហ្អែង!»។ ខ្ញុំមិនយល់ថាពួកគេចង់បានន័យថាម៉េចទេ ខ្ញុំដឹងតែត្រូវដើរគេចអោយលឿនៗ ហើយសម្រេចថាឈប់លេងទៀត ក៏នាំគ្នាផ្លាស់ខោអាវទៅផ្ទះវិញ។
ពេលដែលដើរចេញទៅជាមួយនឹងមិត្តភ័ក្ដិខ្ញុំ ម្នាក់ទ្រីហ្នឹង ក៏ស្រែកដាក់ខ្ញុំថា «ចែ! កាន់ដៃកូនប្រុសគេហើយរត់ចឹងហ្អេ?»។ ហើយមិត្តភ័ក្ដិគេ ក៏ហ៊ោឡើងដូចបានជួបតារាល្បី។ ខ្ញុំគ្មានធ្វើអីបានក្រៅពីរត់ទៅអោយកាន់តែលឿនទេ ខ្មាសគេមិនស្ទើរ មកច្រឡំមនុស្សកណ្ដាលថ្ងៃ ហើយជាប្រុសស្អាតទៀត។
តាំងពីមកពីសួនទឹកហ្នឹងវិញមក ខ្ញុំចាប់ផ្ដើមគិតដល់គេ និងនឹកឃើញដល់សម្ដីដែលគេហៅខ្ញុំថា «ចែ!» ។ អោយតែអ្នកណាហៅខ្ញុំចែ គឺខ្ញុំមិនសប្បាយចិត្តទេ និយាយទៅគឺខ្ញុំស្អប់ពាក្យហ្នឹង ប៉ុន្តែពេលនឹកឃើញដល់ពេលដែលម្នាក់ទ្រីហ្នឹងហៅខ្ញុំ បែរជាមានអារម្មណ៍ដូចជាម្យ៉ាងដែរ!
ខ្ញុំមិនយល់ទេថា រឿងបានកើតឡើងបីឆ្នាំហើយ ខ្ញុំនៅតែចាំគេបានយ៉ាងល្អ មិនដឹងថាមកពី ខ្ញុំច្រឡំកាន់ដៃគេ ឬ ក៏គេបានលើកខ្ញុំចេញពីទឹក ឬមួយក៏មកពីគេហៅខ្ញុំថាចែនោះទេ។ ខ្ញុំពិតជាមិនយល់ខ្លួនឯង គ្រាន់តែដឹងថាខ្ញុំចាំគេបាន ជាពិសេសទឹកមុខបែបឡប់ៗរបស់គេ៕
ចុចអាន៖ ហេតុអ្វីពុកទៅចោលកូន?
ចុចអាន៖ នាងឆ្នាសប៉ុន្តែគួរឱ្យស្រឡាញ់
អត្ថបទ៖ អានាថ
មានអត្ថបទពាក់ព័ន្ធនឹងមនុស្សដែលអ្នកចងចាំ ចង់ឲ្យ Sabay ចុះផ្សាយ សូមទាក់ទង៖ អ៊ីមែល៖ kong.chanvanneng@cidc.com.kh ឬ ទូរសព្ទ៖ ០១០ ៧០០ ៧២៧
ចង់ដឹងលក្ខខណ្ឌដើម្បីសរសេរផ្ញើមកកាន់ Sabay បានសូមចុចត្រង់នេះ